បាញ់​ទឹកកាម​ចេញក្រៅ និងការ​ពន្យារ​កំណើត

សូម​ជម្រាបសួរ​លោក​វេជ្ជបណ្ឌិត! នាងខ្ញុំ​មានអាយុ​២៥ឆ្នាំ​មកហើយ នាងខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំមុន។ រយៈ ពេល​ជាងមួយ​ឆ្នាំនេះ នាងខ្ញុំ​បាន​ជ្រើសរើស​យកវិធី​ពន្យារ​កំណើត តាមរយៈ​ការ​លេបថ្នាំ​គ្រាប់​ពន្យារ​កំណើត។ ប៉ុន្ដែ​ពេលថ្មីៗ​នេះ ឪពុកម្ដាយ និងប្ដី​របស់​នាងខ្ញុំ​មិនព្រម​ឱ្យនាងខ្ញុំ​ប្រើប្រាស់​នោះទៀត​ទេ ដោយ​ពួកគាត់​ខ្លាចនាង​ខ្ញុំខូច​សុខភាព។ មិត្ដភក្ដិ​របស់​នាងខ្ញុំ​បាន ទូន្មាន​ឱ្យនាងខ្ញុំ​ជ្រើសរើស​វិធី​ចាក់ទឹក​ក្រៅពាង។ តើ​វិធីនេះ​មាន​ប្រសិទ្ធភាព​ឬទេ? សូមលោក​វេជ្ជបណ្ឌិត​មេត្ដាជួ​យឱ្យ​យោបល់​ដល់ នាងខ្ញុំ​ផង សូម​អរគុណ​ទុក​ជាមុន។

លោកស្រី វ. ល. ណ អាយុ​២៥ឆ្នាំ ភ្នំពេញ
វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ ៖ ជម្រាបសួរ​ប្អូនស្រី! ការបាញ់​ទឹកកាម​ចេញក្រៅ ឬ​ចាក់ទឹក​ក្រៅពាង​នោះ គឺជាវិធី​សាស្ដ្រ​មួយ សម្រាប់បុរស​ដែលត្រូវ​ដក​ប្រដាប់ភេទ​ឬលិង្គ​ចេញមក​ខាងក្រៅ​មុនពេល​បាញ់​ទឹកកាម​ចេញ ក្នុងគោល​បំណង​បញ្ចៀស​ការ​បាញ់ទឹកកាម​ចូល​ទៅក្នុង​ទ្វារមាស ដែល​នាំឱ្យ​មេជីវិត​បង្កកំណើត​បាន។ ប៉ុន្ដែ​នៅក្នុង​ការ​អនុវត្ដ​ជាក់ស្ដែង ការ​បាញ់ចេញ​ទឹកកាម​ខាងក្រៅ​នេះ មាន​គុណ​វិបត្ដិច្រើន ដែល​ក្នុងនោះ​អាចមាន​កង្វះ​ភាពជាក់​លាក់នៃ​ប្រសិទ្ធភាព។ ការ​បាញ់​ទឹកកាម​ចេញក្រៅ​នោះ តម្រូវ​ឱ្យបុរស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ឆន្ទៈ ជាពិសេស​ពេលបាញ់​ចេញ​ទឹកកាម ដែល​ជួនកាល​ពិបាក​នឹងអនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ។ ម្យ៉ាងទៀត​មេជីវិត​ស្ពែមម៉ាតូសូអ៊ីដ​អាចមាន​នៅក្នុង​ទឹករំអិល​ភេទ ដែល​ហៀរ​ចេញមុន​ពេលបាញ់​ទឹកកាម​ចេញ។ រីឯស្ដ្រី​ជាដៃគូ​ជួនកាល​មានការ​សង្ស័យ មិន​ទុកចិត្ដ​ទៅលើ​ភាពប៉ិន​ប្រសប់ ឬភាព​សុខស្រួល​របស់​ដៃគូ​ខ្លួន។ ព្រោះថា​នៅក្នុង​ទឹកកាម​១មីលីលីត្រ​អាចមាន​មេជីវិត​ស្ពែម ម៉ាតូសូអ៊ីដ​ដល់ទៅ​២០លាន​ឯណោះ ដែល​យើងអាច​ពិចារណា​បានថា គ្រោះមាន​ផ្ទៃពោះ​អាចកើត​មានឡើង​យ៉ាងខ្លាំង។ បើតាម​ការ​ស្រាវជ្រាវ ការបាញ់​ទឹកកាម​ចេញក្រៅ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការមាន​គភ៌​បានចំនួន​ប្រមាណ​ជា៨០%​តែប៉ុណ្ណោះ មាន​ន័យថា​អត្រាគ្រោះ​មាន​ផ្ទៃពោះ​អាចមាន​កម្រិត​ពី២០%​ទៅ២៧%។

បើនិយាយ​អំពី​គុណវិបត្ដិ​នៃការ​បាញ់ចេញ​ទឹកកាម​ខាងក្រៅ​នេះ អាច​នៅតែ​មាន​ផ្ទៃពោះ​ដដែល មាន​អត្រា​គួរឱ្យ​កត់​សម្គាល់ពី​២០%​ទៅ២៧%។ ហេតុនេះ​អត្រាប​រាជ័យ​មានកម្រិត​ធំ ដែលអាច​ឈាន​ទៅដល់​ការមាន​ផ្ទៃពោះ​បាន។ បើគិត​ពីហេតុផល​វិញ មានច្រើន​គឺ ៖

  •  បុរស​ជាដៃគូ​មិនបាន​ដកលិង្គ​មកខាង​ក្រៅ​ទាន់ពេល​វេលា និង​ជាប្រចាំ​នោះទេ ឬ​ជួនកាល​គាត់​មិនបាន​ដឹងឬ​ចាប់អារម្មណ៍ ថា​អាចបាញ់​ចេញ​ទឹកកាម​ពេលណា​នោះទេ
  • ទឹក​រំអិល​ភេទ​ដែលចេញ​មុនពេល​បាញ់ទឹកកាម​ចេញ អាចមាន​ផ្ទុក​ទៅដោយ​មេជីវិត​ស្ពែមម៉ាតូសូអ៊ីដ។
  • បើនិយាយ​អំពី​គុណ​ប្រយោជន៍ វិធី​បាញ់​ទឹកកាម​ចេញក្រៅ​នេះមាន​ផល​ប្រយោជន៍​តិចតួច​បំផុត គឺជា​មធ្យោបាយ​ងាយ មិនចំណាយ​ថវិកា មិនមាន​ផល​ប៉ះពាល់​ជាដើម លើកលែង​តែការ​អាចតាំង​គភ៌​ដោយ​ចៃដន្យ។

សរុប​សេចក្ដី​មក វិធី​បាញ់​ទឹកកាម​ចេញក្រៅ​មិនអាច​ទប់ស្កាត់​ការ​តាំងគភ៌ និងការ​ឆ្លងមេរោគ​ជម្ងឺ​កាមរោគ​បាន​នោះទេ។ ជារួម​វាមិនមែន​ជាវិធី​ពន្យារ​កំណើត​ត្រឹមត្រូវ ប្រសិទ្ធភាព​១០០%​នោះទេ។ ហេតុនេះ​ប្អូនស្រី​មិនគួរ​ទុកចិត្ដ​លើវិធី​នេះឡើយ ក្នុងការ​ពន្យារ​កំណើត។ វិធីនេះ​អាចមាន​ប្រសិទ្ធភាព​ខ្ពស់ បើសិនជា​អាច​ប្រើថ្នាំ​សម្លាប់​មេជីវិត​ដាក់​នៅក្នុង​ទ្វារមាស​បន្ថែម។ បើ​ប្អូនស្រី​នៅតែ​មានចម្ងល់ អាច​សាកសួរ​មក​ទស្សនាវដ្ដី សុខភាពយើង និងខ្ញុំ​បាទម្ដង​ទៀត ឬជួប​ជាមួយ​គ្រូពេទ្យជំ​នាញ​ខាងពន្យារ​កំណើត។ សូម​ប្អូនស្រី​ជួបសំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative