រោគ​ផ្សិត​​នៅក្នុង​​ទ្វារ​មាស

មិត្ដ​ភក្ដិ​​របស់​​នាងខ្ញុំ​​ម្នាក់​​ប្រាប់​​នាងខ្ញុំ​ថា គាត់មាន​​រោគ​ផ្សិត​​នៅក្នុង​​ទ្វារ​មាស។ នាងខ្ញុំ​​ស្រៀវ​ខ្លួន​​ណាស់ ពេលឮ​​ជម្ងឺ​នេះ។ នាង​​ខ្ញុំមិន​​ចង់កើត​​ជម្ងឺ​​ប្រភេទ​នេះទេ​​សូម​លោក​​វេជ្ជ​បណ្ឌិត​​យើង​​ជួយ​ផ្ដល់​​ជាវិធី​​បង្ការ​​ជម្ងឺ ឬ​រោគ​ផ្សិត​​នៅក្នុង​​ទ្វារ​មាស​​ដល់នាង​​ខ្ញុំផង។ សូម​អរគុណ​​ទុក​ជា​មុន។

អ្នក​នាង ស.ព.ស អាយុ​​២៥ឆ្នាំ ខេត្ដ​​កំពង់​ចាម

វេជ្ជ​បណ្ឌិត​យើង ៖ រោគ​ផ្សិត​​នៅក្នុង​​ទ្វារ​មាស​​ច្រើនតែ​​បណ្ដាល​​មកពី​​ការខ្វះ​​អនាម័យ​​មិនមាន​​ការ​​សម្អាត​​ស្អាត​ល្អ​​ត្រឹម​ត្រូវ ជួន​បណ្ដាល​​មកពី​​សំណើម​​សើម​​យូរ​ពេក។ ប៉ុន្ដែ​​ជួនកាល​​សម្អាត​​បាន​ស្អាត​​ដល់​កម្រិត​​ណាក៏​​ដោយ ក៏​នៅ​តែអាច​​កើត​រោគ​ផ្សិត​​នេះ​ដដែល​​ព្រោះ​​រោគ​ផ្សិត​​នេះអាច​​ឆ្លងតាម​​ការរួម​ភេទ​​ផងដែរ។

ចំពោះ​​ស្ដ្រីមាន​​ប្ដី​ឬ​មាន​ដៃ​គូ​រួម​ភេទ ពិតជា​​ពិបាក​​គេចផុត​​ពីជម្ងឺ​នេះ​​ណាស់។ មេរោគ​​ផ្សិត​​ដែល​បង្ក​​ជម្ងឺ​​ញឹក​ញាប់​​ជាងគេ​​មាន​ឈ្មោះ​​ថា កង់​ឌីដា អាល់​ប៊ីកង់ (Can​dida albi​cans). រោគ​ផ្សិត​​មានរោគ​​សញ្ញា ធ្លាក់ស​​យ៉ាង​ច្រើន រមាស់​​ឬ​ក្រហាយ​​នៅត្រង់​​ទ្វារ​មាស​​ជួនអាច​​មានការ​​ហើម​​ទ្វារ​មាស​​ទៀត​ផង។

ដើម្បី​​ជា​ជំនួយ​​ដល់​ប្អូន​ស្រី វេជ្ជ​បណ្ឌិត​​យើង​​សូមផ្ដល់​​វិធី​ខ្លះ​​សម្រាប់​​ជាការ​​បង្ការ​ខ្លួន​ពី​រោគ​នេះ។ សូម​​ប្អូនស្រី​​ឧស្សាហ៍​​លាង​​សម្អាត​​អវ​យវៈ​ភេទ​ឱ្យ​បាន​​ស្អាត​​ប៉ុន្ដែ​​មិនត្រូវ​​លូកលាង​​ទៅ​កន្លែង​​ខាងក្នុង​​ជ្រៅនៃ​​ទ្វារ​មាស​​ឡើយ លាង​ត្រឹម​​ផ្នែក​​ខាងក្រៅ​​ជាការ​​គ្រប់ គ្រាន់​​ហើយ។ ការ​​លាង​សម្អាត​​អាច​ប្រើ​​ត្រឹមតែ​​សាប៊ូ​​ធម្មតា​​ជាការ​​ត្រឹម​ត្រូវ​​ហើយ។ ដោយ​សារ​​ស្ដ្រី​​ពេលមក​​រដូវ​​ត្រូវ​ប្រើ​​ក្រណាត់ ឬ​​សំឡី​​ទ្រាប់ តែសូម​​ប្ដូរ​វា​ឱ្យ​បាន​២​ឬ៣​ដង​ក្នុង​១ថ្ងៃ ឬ​រៀង​រាល់​៣​ឬ​៤​ម៉ោង​ម្ដង​​ដើម្បី​​ចៀស​វាង​​សំណើម​​យូរ។ មិនគួរ​​ប្រើ​សំឡី អនាម័យ​​ត្រៀម​​មុនថ្ងៃ​​មក​រដូវ​​យូរពេក​​នោះ​ឡើយ។ ម្យ៉ាង​ទៀត​​រៀង​រាល់​ពេល​​ងូតទឹក​​សម្អាត​​ខ្លួន​ហើយ គួរ​ជូត​​បរិវេន​​ទ្វារមាស​ឱ្យស្ងួត។ ការ​​ជ្រើស​រើស​​ខោស្លៀក​​ក៏សំខាន់​​ផងដែរ គួរ​​ជ្រើស​រើស​​ខោស្លីប​​ណា​ដែល​​ផលិត​​ពី​សំឡី​​កប្បាស​​និងមិន​ត្រូវ​​ចង្អៀត​​ពេកទេ។
បើ​ប្អូន​ស្រី​​នៅតែ​​មាន​ចម្ងល់​​ទៀត អាច​​សាកសួរ​​គ្រូពេទ្យ​​ផ្នែក​​រោគ​ស្ដ្រី ដែល​​នៅជិត​​ផ្ទះ​ប្អូន​ស្រី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative