រលាក​ប្រព័ន្ធ​ទឹកភ្នែក

ការ​ហៀរទឹកភ្នែក​ជាប់​ជាប្រចាំ​គឺអាច​បណ្ដាល​មកពី​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក។ ជម្ងឺរលាក​ប្រព័ន្ធ​ទឹកភ្នែក​មានផល​ប៉ះពាល់​ជាខ្លាំង​ចំពោះ​ភ្នែក​របស់​លោកអ្នក។ ភ្នែក​គឺជា​ផ្នែកមួយ​ដ៏សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប ដូចនេះ​បើសិន​ជាភ្នែក​របស់​លោកអ្នក កើតមាន​ជម្ងឺរលាក​ប្រព័ន្ធ​ទឹកភ្នែក អាចធ្វើ​ឱ្យភ្នែក​របស់​លោកអ្នក​ពិបាក​មើល ដែលជា​ហេតុធ្វើ​ឱ្យលោកអ្នក​ព្រួយបារម្ភ​ជាខ្លាំង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ងី ម៉េង អនុប្រធាន​នៃកម្មវិធី​ជាតិសម្រាប់​សុខភាព​ភ្នែក ធ្វើការ​ពន្យល់​អំពីជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក ដើម្បីឱ្យ​លោកអ្នក​បាន​យល់ និង​ជ្រាប​កាន់តែ​ច្បាស់​អំពីជម្ងឺ​នេះ។

អ្វីទៅជា​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក?

ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក​គឺជាការ​រលាក​ប្រព័ន្ធ​សម្រាប់​បង្ហូរ​ទឹកភ្នែក។ ទឹកភ្នែក​ដែលចេញ​មកពី​ក្រពេញ​ទឹកភ្នែក​គឺត្រូវ​ហូរចូល​ទៅវិញ​តាមរយៈ​ប្រព័ន្ធ​ទឹកភ្នែក។ ដូចនេះ​ជាប្រចាំ​ភ្នែកត្រូវ​ព្រិចពី​១០ទៅ១៥ដង​នៅក្នុង​មួយនាទី ដើម្បី​ជួយឱ្យ​ទឹកភ្នែក​ចេញមក ហើយឱ្យ​ទឹកភ្នែក​ហូរចូល​ទៅក្នុង​ប្រព័ន្ធ​ទឹកភ្នែក​វិញ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក
ប្រព័ន្ធ​ទឹកភ្នែក​ត្រូវបាន​ចែកជា​ផ្នែកដាច់​ដោយឡែក​ពីគ្នា។

  • ក្រពេញ​ទឹកភ្នែក ៖ ក្រពេញ​ទឹកភ្នែក​គឺជា​កន្លែង​ដែល​ផលិត​ទឹកភ្នែក ដើម្បី​ឱ្យភ្នែក​មាន​សំណើម និង​ជួយ​រំអិល​គ្រាប់ភ្នែក របស់​លោកអ្នក​ឱ្យមាន​ចលនា​ចុះឡើង ហើយ​ថែមទាំង​ជួយលាង​សម្អាត​ធូលី​ដែល​នៅក្នុង​ភ្នែកបាន​ថែមទៀត​ផង។
  • ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក​ត្រូវបាន​ចែកចេញ​ជាបី​ផ្នែកគឺ ៖ ផ្នែក​បំពង់​បង្ហូរ​ទឹកភ្នែក​ច្រមុះ ស្បោងទឹកភ្នែក និង​ផ្នែកនៅ​ក្នុងច្រមុះ។
  • បើកាល​ណាមាន​ការស្ទះ​នៅផ្នែក​ខាងចុង​ដែល​នៅចន្លោះ​ពីភ្នែក​មកច្រមុះ ទឹកភ្នែក​ដែល​ហូរចេញ​ពីក្រពេញ​ទឹកភ្នែក ហើយ​ហូរចូល​ទៅក្នុង​ស្បោង​ទឹកភ្នែក​ដែល​មិនអាច​ហូរចូល​ទៅក្នុង​ច្រមុះបាន ជាហេតុ​ធ្វើឱ្យ​មានការ​រលាក​ប្រព័ន្ធ​ទឹកភ្នែក គឺ​បណ្ដាល​មកពី​ការស្ទះ​ទឹកភ្នែក​នៅក្នុង​ស្បោង​ទឹកភ្នែក ដែល​បង្កឡើង​ដោយមេ​រោគ ដូចជា​ស្ដាធីឡូកូក ឬ​ស្រិបតូកូក ធូលីដី ឬ​កង្វះសារជាតិ​អ្វីមួយ ដែល​រួមមាន​ជាតិទឹក ជាតិ​ខ្លាញ់ ជាតិ​ប្រូតេអ៊ីន​ជាដើម។

រោគ​សញ្ញា​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក

អ្នកជម្ងឺ​ដែល​រលាក​ប្រព័ន្ធ​ទឹកភ្នែក​មាន​អាការ​ដូចជា​ហៀរទឹកភ្នែក​ជាប់​ជាប្រចាំ ភ្នែកឡើង​ក្រហម ភ្នែកហើម​នៅលើ​ត្របកភ្នែក​កៀន​ច្រមុះ​នៅនឹង​ស្បោង​ទឹកភ្នែក និង​ធ្វើឱ្យមា​នការ​ឈឺចាប់​ចំពោះ​ភ្នែក ហើយ​ជួនកាល​អាចមាន​ខ្ទុះហូរ​ជាប់​ជាប្រចាំ។

វិធី​ព្យាបាល​ចំពោះ​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក

លោកអ្នក​ដែលមាន​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក​ស្រួចស្រាវ ក្រហម​ខ្លាំង ការ​ព្យាបាល​គឺ​ត្រូវការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​សម្លាប់​មេរោគ។ ចំពោះ​អ្នកជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក កាលណា​មានការ​ស្ទះរន្ធ​ទឹកភ្នែក​យូរទៅ​គឺអាច​បណ្ដាល​ឱ្យមាន​ខ្ទុះ មានហៀរ​ទឹកភ្នែក​ជាប់​ជាប្រចាំ ដែល​ធ្វើឱ្យ​រំខាន។ ដូចនេះការ​ព្យាបាល​គឺតម្រូវ​ឱ្យអ្នក​ជម្ងឺ​ទទួលការ​វះកាត់​ភ្នែក ដើម្បី​ចោះប្រហោង​សម្រាប់បង្ហូរ​ទឹកភ្នែក​ពីរន្ធ​ទឹកភ្នែក​រហូត​មកច្រមុះ​តែម្ដង ដោយ​មិនបាច់​ឆ្លងកាត់​ស្បោងទឹកភ្នែក​មកច្រមុះ​នោះទេ។ ការ​វះកាត់​នេះ​មិនមាន​ផល​ប៉ះពាល់​អ្វីធ្ងន់ធ្ងរ​នោះទេ។ ជម្ងឺ​រលាក​និងស្ទះ​រន្ធទឹកភ្នែក ក៏អាច​កើតមាន​នៅលើ​កូនក្មេង​ទើបតែ​កើតហើយ​ភ្លាមបាន​ដែរ ដោយ​ឪពុកម្ដាយ​អាច​សម្គាល់​កូនបាន​ដោយ​ក្មេង​ហូរទឹកភ្នែក​ជាប់​ជាប្រចាំ មាន​ប្រហែល​ជា២០ភាគរយ​តែប៉ុណ្ណោះ។ ក្នុង​ករណី​នេះឪពុកម្ដាយ​ត្រូវនាំកូន​មកជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ និង​ឱ្យសេចក្ដី​ណែនាំ​អំពីការ​ប្រើប្រាស់​ថ្នាំដើម្បី​សម្លាប់​មេរោគ និង​បង្រៀន​ឱ្យ​ឪពុកម្ដាយ​ជួយដល់​កូន ដូចជា​ជួយ​ម៉ាស្សាភ្នែក​ឱ្យកូន ដើម្បី​ឱ្យរន្ធ​ទឹកភ្នែក​បើកមក​វិញបាន​ដូច​ធម្មតា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក

ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក​ធ្វើឱ្យ​មានផល​ប៉ះពាល់​ចំពោះ​ភ្នែក ដូចជា​ធ្វើឱ្យ​ហៀរ​ទឹកភ្នែក​ជាប់ជាប្រចាំ ហើយ​អាចក​ទៅជាខ្ទុះ​នៅក្នុង​ស្បោង​ទឹកភ្នែក មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាច​បណ្ដាល​ឱ្យ​បាត់បង់​នូវ​សម្រស់​ភ្នែក​ថែមទៀត​ផង ដូចជា​ធ្វើឱ្យ​ភ្នែក​ពិការ​ក៏មាន​ដែរ បើសិនជា​លោកអ្នក​មិនបាន​ទទួលការ​ព្យាបាល​ពីគ្រូពេទ្យ​ឱ្យបាន​ទាន់​ពេលវេលា​ទេនោះ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​រលាក​ប្រព័ន្ធ​ទឹកភ្នែក
ការ​ថែរក្សា​ភ្នែក​ជារឿង​មួយដែល​សំខាន់ នៅពេល​ដែល​លោកអ្នក​ធ្វើដំណើរ​ទៅណា​មកណាម្ដងៗ លោកអ្នក​គួរតែ​លាងមុខ​ឱ្យស្អាត​នៅពេល​មកដ​ល់​ផ្ទះវិញ ឬទៅ​ដល់​គោលដៅ។ លោកអ្នក​គួរតែ​មានអ្វី​មួយ​សម្រាប់​ការពារ​ចំពោះភ្នែក​របស់​លោកអ្នក ទើប​ជាការ​ប្រសើរ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​បញ្ហា​ណាមួយ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្នែក គួរតែ​ទៅពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ពិនិត្យ​មើលភ្នែក និង​ធ្វើការ​ព្យាបាល ចៀសវាង​ការ​កើតមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់ភ្នែក​របស់​លោកអ្នក។ ត្រូវតែ​ឧស្សាហ៍​សម្អាត​ភ្នែកឱ្យ​បានញឹកញាប់ និង​ត្រឹមត្រូវ​ទៅតាមការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative