អស់​កម្លាំង និង​​ខ្សោយ​​ផ្លូវភេទ

មូល​ហេតុ​អ្វី​បានជា​​ខ្ញុំ​ចេះ​តែ​អស់​​កម្លាំង និង​ខ្សោយ​ផ្លូវភេទ? ខ្ញុំសូម​​បញ្ជាក់ថា​​ខ្ញុំ​​ចាប់ផ្ដើម​​មាន​​អាការ​​បែបនេះ​​ចាប់​តាំង​ពី​អាយុ១៧ឆ្នាំ​ម្ល៉េះ ហើយ​​ពីមុន​​មកធ្លាប់​​មានជម្ងឺ​​ទាក់ទង​​នឹង​ច្រមុះ និង​មាន​ការ​គិត​ច្រើន។ បុរស អាយុ​៣២ឆ្នាំ ខេត្ដ​​កោះកុង

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួរ​​របស់​លោក​​ហាក់​ដូចជា​​មាន​លក្ខណៈ​​ទូលំទូលាយ​​ក្នុងការ​ឆ្លើយ​​តែខ្ញុំ​​សូមធ្វើ​ការ​​សង្ខេបថា​​ប្រហែល​​ជា​លោក​ចង់​ដឹង​​អំពីការ​​ទាក់ទង​គ្នា​រវាង​​សុខភាព​​រាងកាយ​​(អស់កម្លាំង) សុខភាព​​ផ្លូវចិត្ដ​(គិតច្រើន)​​និង​​សុខភាព​​ផ្លូវភេទ​​(ខ្សោយ​ផ្លូវភេទ)។ បើតាម​​វ័យ ឬ​​អាយុ​​របស់​​លោក​ប្រុស កម្រ​មាន​​ករណី​​ខ្សោយ​​ផ្លូវភេទ​​ណាស់។ ខ្ញុំ​សន្និដ្ឋាន​ថា​​ករណី​​ខ្សោយ​​ផ្លូវភេទ​ដែល​លើក​មក​នោះ ប្រហែល​ជាការ​​ឆាប់ចេញ​​ទឹកកាម​​ហើយ មិនមែន​​ជាបញ្ហា​​លិង្គ​​មិន​ឡើងរឹង​​(លិង្គងាប់)​​នោះទេ។ ជាការ​ពិត កំសោយ​​ផ្លូវភេទ ឬ​វិបត្ដិ​​សុខភាព​​ផ្លូវភេទ​​ដទៃទៀត ពិតជា​​មិនអាច​​ខ័ណ្ឌ​ចែក​ពី​​សុខភាព​​ផ្លូវកាយ​​និង​សុខភាព​​ផ្លូវចិត្ដ​​ឡើយ ពោល​គឺ ជាប់​​ពាក់ព័ន្ធគ្នា។ ដូច្នេះ​​ករណី​លោក លោក​ត្រូវ​​ទៅធ្វើ​ការ​​ព្យាបាល​​ជម្ងឺ​​តម្កាត់​ផ្សេងៗ​​ជាចម្បង​​បន្ទាប់មក​​បើនៅ​តែ​មាន​ការ​ខ្សោយ​ផ្លូវភេទ​​ដែល​លោក​​លើក​ឡើង​​នេះទៀត ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ខាង​ផ្លូវភេទ​ដើម្បី​​ពិគ្រោះ​ និង​​ព្យាបាល​​ជាបន្ទាន់។ ព័ត៌មាន​​លម្អិត​សូម​ស្វែង​រក​អាន​​អត្ថបទ​​នៅក្នុង​​ទស្សនាវដ្ដី សុខភាព​យើង​​ដែលបាន​​ចុះផ្សាយ​​អំពី​​បញ្ហា​​ឆាប់ចេញ​​ទឹកកាម និង​លិង្គងាប់។ បើ​នៅមាន ចម្ងល់​ទៀត លោកអាច​​សរសេរ​​សំបុត្រ​​ជាថ្មី​​មកកាន់​​ស្នាក់ការ​​ទស្សនាវដ្ដី ​សុខភាព​យើង។

ឆ្លៀត​​ឱកាស​នេះ ខ្ញុំសូម​​អភ័យ​ទោស​​ផង​ដែរ​​ដល់មិត្ដ​​អ្នកអាន​​ជាច្រើន ដែលបាន​​ផ្ញើ​សំបុត្រ​​និងលើក​ជា​សំណួរ​​មកកាន់​​ខ្ញុំបាទ ដែល​​មិនទាន់​​បានឆ្លើយ សូម​មេត្ដា​រង់ចាំ​​ដោយ​​អនុគ្រោះ។ នៅលេខ​​ក្រោយទៀត​​បើជា​ករណី​ចាំបាច់​​ទស្សនាវដ្ដី សុខភាព​យើង នឹង​​បន្ថែម​​ទំព័រ​សម្រាប់​​សំណួរ​មិត្ដ​អ្នកអាន។ សូម​អរគុណ និង​សូម​ជួប​សំណាង​​ល្អ​​ទាំងអស់​គ្នា។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative