គុណសម្បត្ដិ​ចំពោះការ​បរិច្ចាគ​ឈាម…

លោកអ្នក​ជាច្រើន​តែងតែ​មាន​អារម្មណ៍​ខ្លាចរអា​អំពីការ​បរិច្ចាគ​ឈាម ឬធ្វើ​សម្បទាន​ឈាម​ទៅឱ្យ​អ្នកដទៃ ឬ​ក្រុមគ្រួសារ ដោយ​មិនបាន​គិតពី​ផល​ប្រយោជន៍​នៃការ​ផ្ដល់ឈាម​នោះឡើយ។ ហើយ​ពួកគេ​តែងតែ​មាន​អារម្មណ៍​ថាការ​ផ្ដល់ឈាម​គឺធ្វើ​ឱ្យរាងកាយ​ចុះថមថយ​ខ្សោយ​មិនអាច​បំពេញ​ការងារ​ធ្ងន់ៗបាន។ លើសពី​នេះវា​ជាកត្ដា​មួយទៀត​ជំរុញ​សរីរាង្គ​ផ្សេងៗ​ឱ្យមាន​ផល​ប៉ះពាល់​ផងដែរ។ ប៉ុន្ដែ​បញ្ហា​ទាំងនេះ​វាផ្ទុយ​ស្រឡះ​ទាំងអស់ តាមការ​ពិសោធន៍​របស់វេជ្ជបណ្ឌិត​រកឃើញ​ថា អ្នកដែល​ផ្ដល់ឈាម​ញឹកញាប់​ជាមនុស្ស​ដែលមាន​សុខភាពល្អ​បរិបូរណ៍​ទៅវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​យល់ច្បាស់​អំពី​គុណសម្បត្ដិ​នៃការ​បរិច្ចាគ​ឈាម​នេះ លោក​វេជ្ជបណ្ឌិត ហុក គឹមចេង អនុ​ប្រធាន​មជ្ឈមណ្ឌល​ផ្ដល់ឈាម នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង បាន​ធ្វើការ​បកស្រាយ​ដូចតទៅ។

ការ​បរិច្ចាគឈាម​គឺជា​អ្វី?

ការ​បរិច្ចាគឈាម​គឺជាការ​ផ្ដល់ឈាម​ឱ្យទៅ​អ្នកដទៃ​ឬក្រុម​គ្រួសារ​ខ្លួនឯង​ដោយ​ស្ម័គ្រចិត្ដ ដោយ​មិនមាន​ការទិញ​ ឬ​លក់ឡើយ។ ឈាម​ដែលត្រូវ​ទទួលយក​បាននោះ​ជាឈាម​អាចជួយ​សង្គ្រោះ​ជីវិតមនុស្ស ឬ​អ្នកជម្ងឺ​ដែល​រងគ្រោះ​ដោយសារ​ជម្ងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ ជម្ងឺ​គ្រុនឈាម ជម្ងឺ​ស្លេកស្លាំង ជម្ងឺ​មហារីក និង​ជន​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ផ្សេងៗ។ ម្យ៉ាងទៀត​អ្នក​វិទ្យាសាស្ដ្រ​មិនទាន់​រកឃើញ​ឈាម​សិប្បនិម្មិត​ណាដែល​អាច​ជំនួស​ឈាម​របស់​មនុស្សបាន​នៅឡើយ។ ដូច្នេះ​មានតែ​ឈាម​មនុស្សតែ​ប៉ុណ្ណោះ​ដែលអាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្សបាន ហើយ​អ្នកដែល​មាន​សុខភាពល្អ​គឺជា​ប្រភព​ឈាម​ប្រកប​ដោយ​សុវត្ថិភាព។ ទោះបីការ​ផ្គត់ផ្គង់​ឈាម​ក្នុង ប្រទេសកម្ពុជា​ត្រូវការ​ចាក់បញ្ចូល​ឈាម​នៅរៀងរាល់​១៥នាទី​ក៏ដោយ។

ផល​ប្រយោជន៍​ដែល​ទទួលបាន​ក្រោយពេល​ធ្វើការ​បរិច្ចាគ​ឈាម

  •  អាចដឹង​អំពី​ប្រភេទ​ក្រុមឈាម
  • អាច​ដឹងថា យើង​មាន ឬ​គ្មានមេរោគ​អេដស៍
  • អាចដឹង​ថាយើង​មាន ឬ​គ្មានផ្ទុក​វីរុស​រលាកថ្លើម​ប្រភេទបេ​(ព) និង​សេ(ជ)
  • អាចដឹង​ថា យើង​មាន ឬ​គ្មានផ្ទុក​មេរោគ​ស្វាយ។

ដំណើរ​ការក្នុង​ការបរិច្ចាគ​ឈាម

មុននឹង​សម្រេចចិត្ដ​ធ្វើការ​បរិច្ចាគឈាម​ប្រកបដោយ​គុណភាព​នោះ គ្រូពេទ្យ​ឯកទេស​ធ្វើការ​ពិនិត្យ​លោកអ្នក​ទៅលើ​សុខភាព និង​ឈាម​យ៉ាង​យកចិត្ដ​ទុកដាក់​ជាមុនសិន ទើប​អនុញ្ញាត​ធ្វើការ​ផ្ដល់ឈាម។ តែបើការ​ពិនិត្យនោះ​ឃើញថា​មានស្ថានភាព​ប្រឈមមុខ​ក្នុងការ​ចម្លងរោគ គឺ​អ្នកនោះ​មិនត្រូវ​អនុញ្ញាត​ឡើយ ព្រោះ​អាចបង្ក​គ្រោះថ្នាក់​ទៅដល់​អ្នក​ទទួល​ឈាម។ ការពិនិត្យ​ពិគ្រោះ​សុខភាព​នេះត្រូវ​បានគេ​ធ្វើឡើង ដូចជា​ការថ្លឹង​ទម្ងន់ ការ​វាស់សម្ពាធ​ឈាម ចង្វាក់​បេះដូង ក្រុម​ឈាម និង​អេម៉ាតូគ្រីត ដែលអាច​ជួយ​ប្រាប់ថា អ្នកផ្ដល់​ឈាម​មាន​សុខភាពល្អ​អាច​បរិច្ចាគ​ឈាមបាន។

  •  ដំណាក់​កាល​បរិច្ចាគ​ឈាម ៖ ត្រូវការ​ពេលតែ​ប្រមាណ​៨ទៅ១០នាទី​ប៉ុណ្ណោះ​ក្នុងការ​បរិច្ចាគ​ឈាម ដែលមាន​ចំណុះ​៣៥០​មីលីលីត្រ ដោយ​មិនមាន​ការ​បារម្ភ​អ្វីឡើយ។ ក្រោយពេល​បរិច្ចាគឈាម​ហើយ អ្នកនឹង​ទទួលទាន​ភេសជ្ជៈ​ដែលបាន​រៀបចំទុក​ជាស្រេច។

លក្ខខណ្ឌ​ក្នុងការ​បរិច្ចាគ​ឈាម

អ្នកដែល​ត្រូវ​ជ្រើសរើស​ធ្វើការ​បរិច្ចាគ​ឈាម​គឺជា​មនុស្ស​ប្រុស ឬ​ស្រី​ដែលមាន​អាយុ​ចាប់ពី​១៧ដល់​៦០ឆ្នាំ ទើបអនុញ្ញាត​ឱ្យធ្វើ​ការ​បរិច្ចាគ​ឈាម។ មិនតែ​ប៉ុណ្ណោះ​មនុស្ស​ទាំងឡាយ​ត្រូវមាន​ទម្ងន់​ចាប់ពី​៤៥គីឡូក្រាម​ឡើងទៅ។ ចំពោះ​គ្រាប់ឈាម​អេមូគ្លូប៊ីន ត្រូវមាន​១២.៥ក្រ/១០០ម.ល។ ដោយឡែក​សម្ពាធ​ឈាម​ត្រូវមាន​អតិបរិមា ៖ ១០០-១៦​៥មីលីម៉ែត្រ​បារ៉ត ហើយ​អប្បបរិមា ៖ ៦០-៩៥​មីលីម៉ែត្រ​បារ៉ត។ តែចន្លោះ​ពេលនៃ​ការផ្ដល់​ឈាម​គឺចាប់ពី​៣ខែ ឬ​៤ខែ​ទើបអាច​ផ្ដល់បាន​ម្ដងទៀត។

ចំណុច​ដែល​គួរដឹងមុន និង​ក្រោយពេល​បរិច្ចាគ​ឈាម

 

  • មុនពេល​បរិច្ចាគ ៖ មិនត្រូវ​ធ្វើការ​ហួស​កម្លាំង មិនញ៉ាំ​គ្រឿង​ស្រវឹង ត្រូវ​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់។ ៣ថ្ងៃ​មុន ផ្ដល់ឈាម​អ្នកមិន​គួរ​ទទួលទាន​ថ្នាំ ជាពិសេស​ថ្នាំ​អាស្ពីរីន​នោះឡើយ។
  • ក្រោយពេល​បរិច្ចាគ ៖ ចូរកុំ​ត្រដុស​ដៃ​របស់អ្នក ហើយ​កុំយក​សំឡី​ចេញ ដោយ​សង្កត់ដៃ​របស់លោកអ្នក​រហូតដល់​ឈាម​ឈប់ហូរ។ ចូរកុំ​ធ្វើអ្វី​ធ្ងន់ដោយ​ដៃរបស់​លោកអ្នក​បន្ទាប់ពី​បានផ្ដល់ឈាម​ក្នុង​រយៈពេល​៣០នាទី។ ត្រូវ​ពិសាទឹក និង​ភេសជ្ជៈ​ផ្សេងៗទៀត​ឱ្យបាន​ច្រើន​ក្រោយពេល​ផ្ដល់​ឈាម ព្រមទាំង​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់។

គុណសម្បត្ដិ​ក្នុងការ​បរិច្ចាគ​ឈាម

1 . ជួយជំរុញ​ការ​បង្កើត​គ្រាប់ឈាម​ជាថ្មី តាមរយៈ​មុខងារ​នៃការ​ផលិត​គ្រាប់ឈាម​ជំនាន់​ក្រោយ​ឡើងវិញ។ សរីរាង្គ​មានការ​សម្រប​សម្រួល​ជាស្វ័យ​ប្រវត្ដិ។ ចលនា​ឈាមរត់ និង​ចំណុះ​ឈាមបាន​បំពេញ​មកវិញ រវាងពី​១ទៅ២ម៉ោង បន្ទាប់​ពីបាន​ផ្ដល់ឈាម​ហើយ​គ្រាប់ឈាម​ថ្មីក៏បាន​ជួយជំរុញ​ជីវៈយន្ដការ តាមរយៈ​ការ​ជំនួស​ឈាម​ដែលបាន​ផ្ដល់។ មានន័យ​ថា បានផ្ដល់​សុខភាព​ល្អដល់​អ្នកផ្ដល់​ឈាម។

2 . ជាការ​ផ្ដល់​ឱកាស​សម្រាប់​ការពិនិត្យ​សុខភាព​របស់​លោកអ្នក និង​ប្រវត្ដិ​នៃជម្ងឺ​ផ្សេងៗ ដូចជា​ការឡើង​ឈាម ជម្ងឺ​ហឺត ជម្ងឺ​ទឹកនោម​ផ្អែម និងជម្ងឺ​របេង​ជាដើម ដើម្បី​អះអាង​ថា លោកអ្នក​មានសុខភាព​ល្អ។

3 . លោកអ្នក​នឹងធ្វើ​តេស្ដឈាម​ដោយ​សម្ងាត់ និង​ឥតបង់​ថ្លៃ ហើយអាច​ត្រួតពិនិត្យ​រកឃើញ​ប្រភេទ​ក្រុម​ឈាម មេរោគ រលាកថ្លើម​ប្រភេទបេ​(ព) និង​សេ(ជ) មេរោគ​ស្វាយ និង​មេរោគ​អេដស៍​(HIV) ពេល​លោកអ្នក​បានផ្ដល់​ឈាម។ ប៉ុន្ដែ​លោកអ្នក មិនគួរ​ផ្ដល់ឈាម​ដើម្បី​គ្រាន់តែចង់​ដឹងពី​លទ្ធផល​ឈាម​នោះទេ ប្រសិនបើ​លោកអ្នក​ប្រឈម​មុខនឹង​ជម្ងឺ​ឆ្លងផ្សេងៗ។

4 . ជួយកាត់​បន្ថយ​ភាពងាយ​កើតជម្ងឺ​បេះដូង។ ការ​ផ្ដល់ឈាម​ជួយ​ការពារ​ដល់​ភាពងាយ​កើត​ជម្ងឺ​មហារីក​ថ្លើម ពោះវៀនធំ និង​ផ្លូវដង្ហើម តាមរយៈ​ការ​បញ្ចេញ​ចោល​ជាតិកាល់​ស្យូម​នូវចំនួន​យ៉ាងច្រើន​ពីក្នុងខ្លួន។ ជាតិ​កាល់ស្យូម​នេះជាដើម​ហេតុ ដែល​បណ្ដាល​ឱ្យកើត​ជម្ងឺ​បេះដូង។

5 . ទទួល​ព័ត៌មាន​ទូទៅ​ស្ដីពីឈាម​របស់​លោកអ្នក។ ការ​ផ្ដល់ឈាម​ផ្ដល់​ឱកាស​ដ៏ល្អ​ដល់លោកអ្នក​ក្នុងការ​យល់ដឹង​អំពី​គ្រាប់ឈាម។

6 . លោកអ្នក​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ដ​ពីការ​ផ្ដល់ឈាម ដូចជា​អាហារ​សម្រន់​ពីការផ្ដល់​ឈាម។

7 . លោកអ្នក​នឹង​រីករាយ​ក្នុងការ​ផ្ដល់រង្វាន់​នៃជីវិត។ ស្ថិត​នៅក្នុង​ខណៈនេះ ស្ដ្រីមាន​ផ្ទៃពោះ និង​ជនរងគ្រោះ​ដោយសារ​ជម្ងឺ​គ្រុនចាញ់ គ្រុនឈាម និង​គ្រាប់មីន កំពុង​រងចាំ​ការជួយ​ពីលោកអ្នក។ ការផ្ដល់​ឈាម​ផ្ដល់ដល់​លោកអ្នក​នូវ​បទពិសោធន៍ នៃការ​ជួយ​សង្គ្រោះ​ជីវិត​ដ៏មាន​តម្លៃ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ត្រូវគិត​ថា ការ​បរិច្ចាគឈាម​មិនមែន​បណ្ដាល​ឱ្យមាន​ការថមថយ​កម្លាំង​ពលកម្ម​នោះទេ។ ផ្ទុយ​ទៅវិញ​វាអាច​ជាឱកាស​មួយ​សម្រាប់​ការត្រួតពិនិត្យ​ទៅលើ​គ្រាប់ឈាម ឬ​ការស្វែងរក​មេរោគ​នៅក្នុង​ខ្លួន​លោកអ្នក​វិញទេ។ ម្យ៉ាងទៀត​ការ​បរិច្ចាគ ឈាម​ក៏ជាអត្ថប្រយោជន៍​មួយដ៏​ល្អផងដែរ ទៅលើ​ការ​ផ្លាស់ប្ដូរ​ឈាម ធ្វើឱ្យ​គោលិកា​ក្រហម និង​គោលិកាស​មានភាព​ប្រែប្រួល​ចំពោះ​ការ​រីកលូតលាស់​ជាថ្មី​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative