បទពិសោធន៍​អ្នកជម្ងឺ​ក្រពះ

ជម្ងឺ​ក្រពះ​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែល​មនុស្ស​សម័យ​បច្ចុប្បន្ន​ជួប​ប្រទះ​ជាញឹក​ញាប់ ហើយ​ជម្ងឺនេះ​អាចកើត​មាន​នៅលើ​មនុស្ស​គ្រប់វ័យ។ ជម្ងឺ​នេះអាច​បង្កឱ្យ​លោកអ្នក​ជួបនឹង​ផលវិបាក​ជាច្រើន ជាពិសេស​គឺ​ទាក់ទង​ទៅនឹង​អាយុ​ជីវិត ប្រសិនបើ​លោកអ្នក​នាងកញ្ញា​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ។ នៅលើ​ពិភពលោក​យើង​នេះ ជម្ងឺ​ក្រពះ​គឺជាជម្ងឺ​ដែល​តែងតែ​ជួប​ប្រទះ ស្ទើរតែ​រៀងរាល់​ថ្ងៃ នៅក្នុង​ចំណោម​ជម្ងឺ​ថ្លើម និង​ពោះវៀន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​នាងកញ្ញា​បានជ្រាប​អំពី​បទពិសោធន៍​របស់​អ្នកជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមក​ហើយ។ ជាមួយ​គ្នានេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក ល.ហ អាយុ​២៨ឆ្នាំ រស់នៅ​ខេត្ដ​កណ្ដាល មុខរបរ​ជាកម្មករ​រោងចក្រ​កាត់ដេរ មួយ​នៅទីក្រុង​ភ្នំពេញ។ លោកបាន​រៀបរាប់​អំពី​ផលលំបាក​នៃជម្ងឺ​ក្រពះ ដើម្បី​ឱ្យមិត្ដ​អ្នកអាន​បានជ្រាប​កាន់តែច្បាស់​អំពី​បញ្ហា​នេះ។

លោក ល.ហ បាន​រៀបរាប់​ឱ្យដឹង​ថា នៅដើម​ឆ្នាំ២០០៧ លោកបាន​មក​ភ្នំពេញ​ដើម្បីរក​ការងារ​ធ្វើ ដោយ​លោកបាន​ធ្វើជា​កម្មករ​រោងចក្រ​កាត់ដេរ។ ហេតុតែ​ប្រាក់ខែ​តិច លោក​ខំប្រឹង​ធ្វើការ​ថែមម៉ោង​ដល់យប់​ជ្រៅ ជួនកាល​មួយយល់​ទល់ភ្លឺ​ក៏មាន​ដែរ។ ដោយ​សារតែ​ការងារ​មមាញឹក​ពេក ការ​ទទួលទាន​អាហារ​ក៏មិនសូវ​ជាទៀង​ទាត់ដែរ។ លោក ល.ហ ធ្វើ​ការងារ​បាន​ប្រហែល​ជាមួយ​ឆ្នាំ មាន​ថ្ងៃមួយ​នៅពេល​ដែលលោក​ទទួលទាន​បាយ​ថ្ងៃត្រង់​ជាមួយ​មិត្ដភក្ដិ​ឆ្អែតមួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​មានអារម្មណ៍​ថាឆ្អល់​ពោះ ហើយ​ក្រហាយ​នៅក្នុង​ពោះ ហើយ​លោកក៏​បានទៅ​ទិញថ្នាំ​នៅតាម​ឱសថស្ថាន​យកមក​លេប អាការ​បានធូរ​ជាងមុន។ លោក ល.ហ បាន​បន្ថែមទៀត​ថា ចាប់តាំង​ពីថ្ងៃ​នោះមក​លោក​តែងតែ​មាន​អារម្មណ៍​ថាចង់​ក្អួតចង្អោរ​នៅពេល​ព្រឹក​ព្រលឹម ហើយ​នៅពេល​ដែល​លោក​មិនបាន​ទទួលទាន​អាហារ​តែងតែ​ចុកពោះ ជាពិសេស​នៅចុង​ដង្ហើម និង​មានភើ​ជូរ​ជារៀងរាល់​ថ្ងៃ​ផងដែរ។ ព្រោះតែ​អាការ​បែបនេះ​លោក​ក៏បាន​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែល​លក់ថ្នាំ​នៅតាម​ឱសថស្ថាន ហើយ​គ្រូពេទ្យ​បានប្រាប់​លោកថា ប្រហែល​ជាលោក​មានជម្ងឺ​ក្រពះ ហើយក៏​ផ្សំថ្នាំ​ឱ្យលោក​ទទួលទាន​តាម​ធម្មតា។ ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃអាការ​ក្រពះនេះ​នៅតែ​ដដែល មានពេល​​ខ្លះ​លោក បានទិញ​ថ្នាំខ្មែរ​មួយចំនួន​មកដាំ​ទឹកផឹក តែ​មិនសូវ​ជាមាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះទេ តែក៏​អាចបង្ការ​បានខ្លះ​ដែរ។

លោក ល.ហ បាន​រម្លឹកបន្ថែម​ទៀតថា នៅចុង​ឆ្នាំ២០០៩ ជម្ងឺនេះ​បានធ្វើ​ឱ្យលោក​កាន់តែ​មានផល​លំបាក​កាន់តែ​ខ្លាំងឡើង មាន​ពេលខ្លះ​ចុកពោះ​រហូត​ធ្វើឱ្យ​លោក​ធ្វើការងារ​អ្វីមិន​កើតទេ។ ជួនកាល​នៅពេល​ដែលលោក​ទទួលទាន​ស្រាតែ​បន្ដិច​ជម្ងឺ​ក៏រើឡើង​ភ្លាម។ ព្រោះតែ​សភាពនៃ​ជម្ងឺ​បែបនេះ​ហើយ​ធ្វើឱ្យ​លោក​ស្រកទម្ងន់ លោកក៏​បាន​សម្រេចចិត្ដ​បោះបង់​ការងារ​ចោល ដើម្បី​ថែរក្សា ជម្ងឺ​របស់​លោក ដោយលោក​បានទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត។ មកដល់​ពេលនេះ​អាការ​របស់លោក​បានធូរ​គ្រាន់បើ​ជាងមុន​ហើយ ដោយ​លោកបាន​អនុវត្ដ​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ ទាំងការ​ទទួលទាន​អាហារ និងការ​តមអាហារ​ជាដើម។

យោបល់​របស់​អ្នកជំនាញ

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេស​ផ្នែកវះកាត់​ទ្រូងពោះ នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា ចំពោះ​អ្នកជម្ងឺ​ដែលមាន​ការ​សង្ស័យថា​ខ្លួនអាច​កើតមាន​ជម្ងឺ​ក្រពះ ដូចជា​មានអាការ​ក្អួតចង្អោរ ឈឺ​ចុកចាប់​នៅផ្នែក​ខាងឆ្វេង​នៃពោះ លោកអ្នក​ត្រូវតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ហើយ​មិនត្រូវ​ជឿ​ទៅលើ​អបិយ​ជំនឿ​ដែល​មិនសម​ហេតុផល​នោះទេ។ លោកអ្នក​នាងកញ្ញា​ត្រូវដឹង​ថា ជម្ងឺ​ក្រពះ​កើតឡើង​ដោយសារ​លោកអ្នក​ទទួលទាន​អាហារ​មិនទៀង​ទាត់ ទទួលទាន​ដំណេក​មិនបាន​គ្រប់គ្រាន់។ ចំពោះ​លោកអ្នក​ដែលគិត​ច្រើន​ក៏អាច​កើតមាន​ជម្ងឺក្រពះ​បានដែរ។ ដូចនេះ​ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​នេះ លោកអ្នក​ត្រូវតែ​ទទួលទាន​ឱ្យបាន​ទៀងទាត់ ត្រូវតែ​គេងឱ្យ​បានទៀង​ពេលវេលា ទើបអាច​ចៀស​ផុតពីការ​កើតមាន​ជម្ងឺនេះ។ អ្នកជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំឱ្យ​បាន​ទៀងទាត់​ទៅតាម​វេជ្ជបញ្ជារបស់​គ្រូពេទ្យ។ ជម្ងឺ​ក្រពះនេះ​មិនអាច​ព្យាបាល​នៅក្នុង​រយៈពេល​ខ្លី​នោះទេ ហើយ​ការ​ព្យាបាលនោះ​គឺមាន​រយៈពេល​ពី៤២​ថ្ងៃឡើង​ទៅ ទើប​ជម្ងឺនេះ​អាចជា​សះស្បើយ។ ផ្ទុយ​ទៅវិញ​បើសិនជា​លោកអ្នក មិនខ្វល់​អំពី​ជម្ងឺនេះ ឬក៏​មិនបាន​អនុវត្ដ​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​នោះ ជម្ងឺ​នេះអាច​វិវត្ដ​ទៅរក​ភាព​ធ្ងន់ធ្ងរ ដូចជា​មហារីក ជម្ងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ដែល​ធ្វើឱ្យ​ហូរឈាម​នៅក្នុង​ក្រពះ ឬក៏​ក្អួតមក​មាន​ឈាម។ បើសិនជា​មាន​ដំណាក់​កាលនេះ​គឺត្រូវតែ​ធ្វើការ​វះកាត់ដែល​ធ្វើឱ្យ​ខាតបង់​ថវិកា​ជាច្រើន ហើយ​ក៏អាច​ប្រថុយ​ទៅនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផងដែរ។ អ្នកជម្ងឺ​ក្រពះ​គួរតែ​តម​ចំពោះ​ចំណី​អាហារ​មួយចំនួន ដូចជា​អាហារ​ហឹរ អាហារ​ផ្អូមៗ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative