ជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម

ផ្លូវដង្ហើម​គឺជា​ប្រព័ន្ធ​ខ្យល់​ដកចេញ​ចូល និង​ស្រូបយក​សារជាតិ​ផ្សេង​សម្រាប់​យកទៅចិញ្ចឹម​សរីរាង្គ​កាយ ជាពិសេស​សួត តាម​បំពង់​ខ្យល់ ឬ​បំពង់​សម្លេង​របស់​មនុស្ស​ម្នាក់ៗ ដើម្បីបែងចែក​អុកស៊ីសែន​ទាំងនេះ​ទៅចិញ្ចឹម​សរីរាង្គ​ផ្សេងៗទៀត​ដែលមាន​ក្នុង​រាងកាយ​របស់​លោកអ្នក ហើយ​ក៏ជា​ចលនា​មួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើរ​របស់​សរសៃ​ឈាម​ឱ្យមាន​ការរត់​ស្រួល​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជម្ងឺ​មហារីក​ប្រព័ន្ធ​ឬផ្លូវ​ដង្ហើម​ជាជម្ងឺ​ធ្ងន់ធ្ងរ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា គ្រូពេទ្យ​ឯកទេស​មហារីក​ទូទៅ​នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត ដើម្បី​ធ្វើការ​បកស្រាយ​ជុំវិញ​ជម្ងឺនេះ។

ជម្ងឺ​មហារីក​ផ្លូវដង្ហើម​គឺជា​អ្វី?

មហារីក​ផ្លូវដង្ហើម​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតចេញ​ពីជម្ងឺ​សួត ដែល​ភាគច្រើន​កើតឡើង​ទៅលើ​បុរស ដោយសារ​តែបុរស​បាន​ទទួលទាន​បារី ស្រា ឬ​ស្រាបៀ ដែល​ជាកត្ដា​មួយ​ជំរុញ​ឱ្យកើត​ជម្ងឺ​មហារីក​សួត និងបាន​ប៉ះពាល់​ទាំងស្រុង​ទៅលើ​ប្រព័ន្ធ​ដកដង្ហើម ដែល​ហៅថា​ជម្ងឺមហារីក​ផ្លូវ​ដង្ហើម។ អត្រា​នៃអ្នក​ស្លាប់​ដោយសារ​ជម្ងឺ​មហារីក សព្វថ្ងៃ​នេះគឺជា​ចំណាត់​ថ្នាក់​ទីមួយ បើទោះ​បីជា​អ្នកស្លាប់​ដោយសារ​ជម្ងឺ​អេដស៍ គ្រុន​ចាញ់ និងជម្ងឺ​របេង បូកគ្នាក៏​មិនទាន់​ស្មើនិងការ​ស្លាប់​ដោយសារ​ជម្ងឺ​មហារីក​ផងដែរ។ ម្យ៉ាងទៀត​ជម្ងឺ​មហារីក​គឺជា​ឃាតករ​ទីមួយ ដែល​បច្ចុប្បន្ននេះ​មន្ដ្រី​ក្រសួង​សុខាភិបាល​នៅតាម​ប្រទេស​នានា​កំពុងមាន​ការយក​ចិត្ដទុក​ដាក់​ការពារ និង​អប់រំ​ដើម្បី​បញ្ចៀស​នូវជម្ងឺ​នេះ។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា ជម្ងឺ​មហារីក​ផ្លូវដង្ហើម​នេះគឺជា​ជម្ងឺ​ដែលជាប់​ចំណាត់​ថ្នាក់​ទី៥ បន្ទាប់​ពីជម្ងឺ​មហារីក​មាត់ស្បូន​ស្ដ្រី មហារីក​សុដន់​ស្ដ្រី មហារីក​ក្នុង​ច្រមុះ ឬ​បំពង់ក​បុរស មហារីក​កូនកណ្ដុរ​ទាំងពីរ​ភេទ និង​មហារីក​សួត ដែល​ហៅថា​ផ្លូវដង្ហើម​នេះ។ ចំពោះ​ជម្ងឺ​មហារីក​នេះ កើតមាន​លើ​សរីរាង្គកាយ​ផ្សេងៗ​គ្នា មាន​ភាព​សាហាវ​ខុសៗ​គ្នា ហើយ​យុទ្ធសាស្ដ្រ​នៃការ​ព្យាបាល​ក៏ខុសគ្នា​ដែរ។

រោគសញ្ញា​ជម្ងឺ​មហារីក​ផ្លូវ​ដង្ហើម

លោកអ្នក​កើតមាន​ជម្ងឺ​មហារីក​ផ្លូវដង្ហើម មុន​ដំបូង​បង្ហាញ​អាការក្អក​ស្ងួត ឬ​អាចមាន​ស្លេស្ម ក្អក​ធ្លាក់​ឈាម ស្រដៀង​នឹងជម្ងឺ​របេង។ បន្ទាប់​មកទៀត​អ្នកជម្ងឺ​មាន​អាការ​ហត់ ករណីនេះ​ក៏​អាចបង្ក​ឡើង​ដោយសារ​ជម្ងឺ​សួត មាន​ពេលខ្លះ​ទឹកពេញ​ក្នុងសួត ឬ​ដុះសាច់​ក្នុងសួត។ ក្រោយ​មកទៀត​អ្នកជម្ងឺ​មាន​អាការ​ប្រកាច់ ហើយ​សន្លប់។

រោគ​វិនិច្ឆ័យ​នៃមហារីក​ផ្លូវដង្ហើម

ប្រសិនបើ​លោកអ្នក​ជួប​ប្រទះ​នូវ​អាការ​ដែលបាន​រៀបរាប់​មកនេះ ត្រូវតែ​ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដោយ​បញ្ជាក់​ពីរោគ​សញ្ញា​ឱ្យបាន​ច្បាស់​លាស់។ មិនត្រូវ​ទទួលទាន​ថ្នាំ​ជម្ងឺរបេង ដោយ​មិនទាន់​ធ្វើការ​វិនិច្ឆ័យរោគ​ឱ្យបាន​ពិតប្រាកដ ព្រោះ​អាចធ្វើ​ឱ្យជម្ងឺ​មានការ​វិវឌ្ឍន៍ធ្ងន់ធ្ងរ។

មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​មហារីក​ផ្លូវ​ដង្ហើម

ជម្ងឺ​មហារីក​ផ្លូវដង្ហើម​កើតឡើង​ដោយសារ​ការជក់​បារី ដែល​អង្គការ​សុខភាព​ពិភពលោក​ថា បារី​ជាបញ្ហា​ចម្បង​ដែលជា​ដើមហេតុ​បង្កឱ្យ​មានជម្ងឺ​មហារីក​ផ្លូវដង្ហើម។ ដោយ​ហេតុថា នៅក្នុង​ផ្សែងបារី​វាផ្ទុក​ទៅដោយ​សារធាតុ​គីមី ហើយ​នៅពេល​ដែល​សារធាតុ​គីមី​នេះជ្រាប​ចូលដល់​ក្នុង​សួត បានធ្វើ​ឱ្យមាន​បម្រែ​បម្រួល​ហ្សែន​របស់​កោសិកា​បំពង់​សួត បន្ទាប់មក​អាច​ក្លាយទៅជា​មហារីក​សួត​តែម្ដង។ វាបាន​រីក​រាលដាល​តាម​ប្រព័ន្ធ​ដកដង្ហើម​ដែលជា​ភារកិច្ច​សំខាន់​បំផុត នៅស្និទ្ធ​ជាមួយ​នឹងសួត​ក៏ចាប់ផ្ដើម​ប្រែប្រួល​ទៅរក ជម្ងឺ​មហារីក​តែម្ដង។ បើតាមការ​សិក្សា​ស្រាវជ្រាវ​ត្រូវបាន​គេធ្វើ​ការ​ពិសោធន៍​ចំពោះ​អ្នកជក់​បារី និងអ្នក​មិនជក់​បារី។ ដោយអ្នក​ជក់បារី​ងាយនឹង​កើតជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម​ច្រើនជាង​អ្នកអត់​ជក់​២០ដង។ ចំពោះ​អ្នកអត់​ជក់បារី​មិន​ប្រាកដថា​មិនកើត​ជម្ងឺ​មហារីក​នោះទេ តែការ​កើតមាន​ជម្ងឺនេះ​គឺ​បណ្ដាល​មកពីការ​ប្រែប្រួល​របស់​ហ្សែន​នៅក្នុង​បំពង់​សួត ដែលបាន​ជំរុញ​ដល់​កោសិកា​ផ្សេងៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម

ដើម្បី​ព្យាបាល​ជម្ងឺ​នេះ ត្រូវប្រើ​វិធី​វះកាត់​អាចកាត់​សួត​មួយ​កង់ ឬ​មួយ​ចំហៀង បញ្ចាំង​កាំរស្មី​បន្ថែម​ក្រោយពេល​វះកាត់។ បន្ទាប់មក​ចាក់ថ្នាំ​គីមី​សម្លាប់​មេរោគ​មហារីក​សួត កុំឱ្យរីក​រាលដាល​ទៅលើ​សរីរាង្គ​ផ្សេងៗ។ ថ្មីៗនេះ​គេរក​ឃើញថ្នាំ​ប្រភេទ​ម្យ៉ាង​ដែលគេ​ចាក់​ប្រឆាំង​ទៅនឹង​ហ្សែន​ដែលបង្ក​ឱ្យមាន​ជម្ងឺ​មហារីក​សួត។ វិធីសាស្ដ្រ​ព្យាបាល​ម្យ៉ាងទៀត អ្នកជម្ងឺ​ទទួលបាន​ត្រឹមតែ​២០ភាគរយ​តែ​ប៉ុណ្ណោះ ប្រសិន​បើយើង​ព្យាបាល​ទាន់ពេល​វេលា​ដោយមិន​ប្រើប្រាស់​វិធី​វះកាត់។ ដោយសារ​តែជម្ងឺ​នេះមាន​ការ​វិវឌ្ឍន៍ ស្ងាត់ស្ងៀម​ហើយ​យឺតៗ ហេតុនេះ​អ្នកជម្ងឺ​៧០ភាគរយ​នៅពេល​មកដល់​មន្ទីរពេទ្យ​ហាក់​ទទួល​សម្ពាធ​ធ្ងន់ធ្ងរ​ទៅហើយ។

វិធី​ការពារ​ជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម

វិធី​ការពារ​ជម្ងឺនេះ​គឺលោកអ្នក​បញ្ឈប់ការ​ជក់បារី និង​កុំនៅ​ជិតអ្នក​ជក់បារី។ វិធីនេះ​អាចជួយ​ដល់​លោកអ្នក​ឱ្យចៀស​ផុតពី​ជម្ងឺ​មហារីក​សួតចំនួន​២០ដង។

ផល​ប៉ះពាល់​នៃជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម

អ្នកជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម​ដែលមិន​រកវិធី​ទប់ស្កាត់​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ជម្ងឺ​នេះកាន់តែ​វិវឌ្ឍន៍​ទៅមុខ​លឿន​បំផុត ហើយ​មេរោគនេះ​នឹងទៅ​បំផ្លាញ​ខួរក្បាល​មុនគេ បន្ទាប់មក​បំផ្លាញ​ថ្លើម ក្រោយ​មកទៀត​ស៊ីឆ្អឹងកង​ខ្នង ធ្វើឱ្យ​អ្នកជម្ងឺ​ស្លាប់មួយ​កំណាត់​ខ្លួន។ តែប្រសិន​បើមក​ស៊ីត្រង់​ឆ្អឹងចង្កេះ​ចុះក្រោម​វិញ អ្នកជម្ងឺ​បត់ជើង​ធំក៏​មិនដឹង​បត់ជើង​តូចក៏​មិនដឹង ហើយ​ការវិវឌ្ឍន៍​នៃជម្ងឺ​នេះ ធ្វើឱ្យ​អ្នកជម្ងឺ​ឆាប់ស្លាប់​បំផុត។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គួរតែ​ចៀសវាង​ឱ្យបាន​នូវការ​ជក់បារី និង​ផឹកជាតិ​ស្រវឹង ព្រោះ​កត្ដា​ទាំងនេះហើយ​ដែលអាច​ជំរុញ​ដល់​លោកអ្នក ឱ្យកើត​មានជម្ងឺ​មហារីក​ប្រព័ន្ធ​ដង្ហើម។ ផ្សែង​បារី និង​ជាតិស្រវឹង​មួយចំនួន​សុទ្ធសឹង​ជាសារជាតិ​គីមី​ដែលអាច​ចូលទៅ​បំផ្លាញ​ក្នុងសួត និង​បំពង់​ដង្ហើម​ហើយ​អាចបង្ក​ឱ្យមាន​ជម្ងឺ​មហារីក​តែម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative