កម្ពុជាមាន​កន្លែង​ដាក់​បំរាម​ជក់បារី​ជាង​៦០០​កន្លែង​នៅទូទាំង​ប្រទេស

ប្រទេស​កម្ពុជា​មានកន្លែង ដែលមាន​ដាក់​បំរាម​ហាមឃាត់​ការជក់​បារីជាង​៦០០កន្លែង​នៅទូទាំង​ប្រទេស ដែលជា​វិធានការណ៍​មួយ​ចូលរួម​កាត់បន្ថយ​ការជក់​បារី និង​ផល​ប៉ះពាល់​ដោយសារ​ផ្សែងបារី​ទៅលើ​សុខភាព។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោកបណ្ឌិត ឃុន សូគ្រីន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពីព្រឹកថ្ងៃ​ច័ន្ទទី១៧ កញ្ញា​កន្លងមក​ថា ការដាក់​ស្លាក​បំរាម​ហាមឃាត់​ការជក់​បារី​ទាំងនោះ​មាន​នៅ​តាម​មន្ទីរពេទ្យ​ និង​សាលារៀន ដែល​វិធានការណ៍​នេះមាន​ប្រសិទ្ឋិភាព​ណាស់​​ក្នុងការ​កាត់បន្ថយ​ផល​ប៉ះពាល់​ដោយសារ​ផ្សែងបារី និង​បញ្ឈប់​ការជក់​បារី​នៅ​កម្ពុជា។ លោក​បន្តថា គ្រាន់តែ​ក្នុងឆ្នាំ​២០១១ និង​២០១២​នេះយើង​បានដាក់​បំរាម​ជក់បារី​ជាង​១០០​កន្លែង​នៅទូទាំង​ប្រទេស។ រយៈពេល​៥ឆ្នាំ​គិតចាប់​តាំងពី​ឆ្នាំ២០០៥ ២០១០​យើងបាន​កាត់បន្ថយ​ការជក់បារី ក្នុង​ចំណោម​បុរស​បាន៦ភាគរយ និង​ស្រ្តី​បាន២​ភាគរយ។

លោក​បន្តថា“ការដាក់​បំរាម​ជក់បារី គឺផ្តោត​សំខាន់​លើការ​អប់រំ​ពីផល​វិបា​ក​​នៃការ​ប្រើប្រា់ស់​ថ្នាំជក់ និងផល​ប៉ះពាល់​នៃការស្រូ​បផ្សែង​បារី​ពីគេ ហើយយើង​នឹងពង្រីក​សកម្មភាព​នេះជា​​បន្តឥត​​ឈប់ឈរ ”។
លោក​បណ្ឌិត ឃុន សូគ្រីន បានបន្ត​ថា តាម​ធម្មតា​មុនពេល​ដាក់​បំរាម​ជក់បារី​​នៅកន្លែង​ណាមួយ​ដូចជា​នៅសាលារៀន យើង​តែងធ្វើ​ការ​បណ្តុះបណ្តាល និង​អប់រំ​សិស្ស គ្រូបង្រៀន ឲ្យ​យល់ដឹង​ពីការ​ស្រូបផ្សែង​បារី​ពីគេ និងផល​វិបាក​នៃការ​ប្រើប្រាស់​ថ្នាំជក់​មកលើ​សុខភាព និង​ជំរុញឲ្យ​អ្នកជក់​បារីកាត់​បន្ថយការ​ជក់បារី និង​លះ​បង់​​​ទម្លាប់​ជក់បារី។ លោកបន្ត​ថា មជ្ឈមណ្ឌល​ជាតិ​គ្រោង​ជ្រើសរើស​យក​ទីរួមខេត្ត​ណា​មួយ ដើម្បី​សាកល្បង​ដាក់​ជាកន្លែង​គ្មានផ្សែង​បារី ប្រសិនជា​ទទួលបាន​ជោគជ័យ​យើងនឹង​អនុវត្តន៍​នៅតាម​បណ្តាខេត្ត​ដទៃទៀត។

លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គកា​ចលនា​ដើម្បី​សុខភាព​បានមាន​ប្រសា​សន៍​ថា ក្រសួង​ចំនួន​១៤​រួចមក​ហើយ បានចេញ​សារាចរ​ណែនាំ​ពីការ​ហាមឃាត់​ការជក់​បារី​នៅកន្លែង​ធ្វើការ​របស់​ខ្លួន ប៉ុន្តែ​ការ​ហាមឃាត់​ការជក់បារី​នៅតាម​សេវា​ធ្វើដំណើរ​សាធារណៈ និង​តាម​ភោជនីយដ្ឋាន និង​កន្លែង​ដទៃទៀត​មិនទាន់​បាន​អនុវត្តន៍​នៅទ្បើយ។ លោកបន្ត​ថា បច្ចុប្បន្ន​នៅកម្ពុជា​បុរស​មានអាយុ១៥​ឆ្នាំទ្បើង​​ចំនួន​៤២ភាគរយ​ជក់បារី និង​ស្រ្តី​៣.៥​ភាគរយ​ជក់​បារីផងដែរ។ ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់ជិ​ត​១០០​លានដុល្លារ​សម្រាប់ទិ​ញ​បារី​ក្នុងមួយ​ឆ្នាំ។

លោកបន្ត​ថា “ការដាក់​បំរាម​ហាមជក់​បារី​នៅកន្លែង​សាធារណៈ ឬ​កន្លែង​ធ្វើ​​ការ​ជាវិធានការណ៍​មួយដ៏​មាន​ប្រសិទ្ឋិភាព ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់ដោយ​សារ​ថ្នាំជក់​មកលើសុ​ខភាព និង​ជាផ្នែក​មួយ​នៃការ​លើក​កំពស់​សុខភាព​សាធារណៈ ”។

អត្ថដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative