ជីវិត​កុមារ​កំព្រា

លោកអ្នក​ធ្លាប់​ជួបធ្លាប់​ឃើញក្មេង​ដែល​បាត់បង់​មាតាបិតា។ មាតាបិតា​ជាអ្នក​បង្កើតកូន​មក​មិនបាន​ចិញ្ចឹម​បីបាច់​ថែរក្សា ជាវិបត្ដិ​ដ៏ធ្ងន់ធ្ងរ​របស់​សង្គម។ អនាគត​របស់​ប្រទេសជាតិ​អាស្រ័យ​លើ​កុមារ និង​យុវជន​ជំនាន់​ក្រោយ យុវជន​ជាទំញំង​ស្នងឫស្សី។ ចុះបើ​កុមារ​កំព្រា​កាន់តែ​កើនឡើង តើ​វាសនា​របស់​ប្រទេសជាតិ​នឹងទៅ​ជាយ៉ាង​ណា? តើមាន​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​មាន​កុមារ​កំព្រា​ទាំងនេះ​រឹតតែ​កើនឡើង?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី លី សូផាត នាយិកា​កម្មវិធី​នៃអង្គការ​មិត្ដ​សម្លាញ់​បានផ្ដល់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​បកស្រាយ​ពីមូលហេតុ​ផ្សេងៗ​មួយចំនួន​របស់​កុមារ​កំព្រាទាំងឡាយ។

កុមារ​កំព្រា​ជាអ្វី?

កុមារ​កំព្រា​គឺសំដៅ​ទៅលើ​ក្មេង​ដែល​រស់នៅ មិនមាន​អ្នកផ្ដល់​កំណើត​នៅ​ជួបជុំ​រួមរស់​ជាមួយ។ ដោយខ្វះ​ឪពុក ឬ​ម្ដាយ​ម្ខាងណា ឬ​អ្នក​ទាំងពីរ​ដោយសារ​ស្លាប់​បាត់បង់​ជីវិត ឬ​ព្រាត់ប្រាស​ដោយ​ឧបទ្ទវហេតុ​ប្រការ​ណាមួយ។ តែធាតុ​ពិត​កុមារ​កំព្រា​គឺស្លាប់ ឪពុកម្ដាយ​ទាំងពីរ​បន្សល់​ទុកឱ្យ​ក្មេង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​វេទនា មិនមាន​អ្នក​បង្កើត​ផ្ដល់ភាព​រួមរស់​ដល់ក្មេង បែបនេះ​ហៅថា​កុមារ​កំព្រា។

មូលហេតុ​កើតមាន​កុមារ​កំព្រា

កុមារ​កំព្រា​កើតមាន​ឡើង​ដោយសារ​កត្ដាច្រើន​យ៉ាង​នាពេល​បច្ចុប្បន្ន​នៅក្នុង​សង្គម ដូចជា​តាម​រយៈការ​ធ្វេសប្រហែស​ខ្លួនឯង​របស់​មាតាបិតា ឧបទ្ទវហេតុ​ផ្សេងៗ​មួយចំនួន ដូចជាគ្រោះថ្នាក់​ចរាចរ ម្ដាយ​ស្លាប់​ដោយសារ​ឆ្លង​ទន្លេប្អូន ឬ​ឆ្លង​ទន្លេ​ខ្លួនឯង ស្លាប់​ដោយសារ​ជម្ងឺ និង​ស្លាប់​ដោយសារ​ប៉ះពាល់​ជម្ងឺ​អេដស៍ ហើយ​មួយទៀត​ដោយសារ​ការ​លែងលះ​គ្នា។
កុមារ​កំព្រា និង​ផលប៉ះពាល់

បើ​ប្រៀបធៀប​ទៅនឹង​កូនមួយ​ចំនួន​ដែលមាន​ឪពុកម្ដាយ ពេលខ្លះ​ស្ទើរតែ​គ្មានភាព​កក់ក្ដៅ​ផង លោភលន់ ច្រណែន​ចង់បាន​នេះចង់​បាននោះ​មិនចេះ​ស្កប់ ចុះ​ទម្រាំ​កុមារ​កំព្រា​អត់ឪពុក​ឬអត់ម្ដាយ ឬ​គ្មាន​ទាំងពីរ ទាំង​មាតា​ទាំងបិតា ភាព​កក់ក្ដៅ របស់​ពួកគេ​មិនមាន​ទេ។ បើចង់​ពិភាក្សា​ដោះស្រាយ​ពឹងពាក់​រកអ្នក​ទុកចិត្ដ ហាក់បី​ដូចជា​ហេង​ហាង​តែលតោល​តែខ្លួនឯង ដោយសារ​តែអត់​ឪពុកម្ដាយ។ ជាពិសេស​បើចង់​បានការ​គាំទ្រ​ពឹងពាក់ ដូចជា​សម្លៀក​បំពាក់ ចង់អប់រំ​បន្ដក៏​មិនមាន​អ្នកគាំទ្រ​សម្រាប់​អនាគត​ដែរ។ ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ដ ចេះតែ​គិតខ្លួនឯង​ថា​ខ្លួនឯង​ឯកោ​មិនដូច​អ្នកដែល​នៅជុំវិញ​ខ្លួន មាន​សេចក្ដី​ភ័យខ្លាច​អ្នកដទៃ ព្រួយបារម្ភ មិនហ៊ាន​ជួបគេ អៀនខ្មាស​អ្នកដទៃ ហេតុអ្វី​បានជា​គេមាន​ឪពុកម្ដាយ ខ្លួនឯង​មិនមាន។ ចេះតែ​មាន​សំណួរ​ចោទសួរ​ខ្លួនឯង ធ្វើឱ្យ​ផ្លូវចិត្ដ​មានការ​ធ្លាក់​ទឹកចិត្ដ បាក់​ស្មារតី គ្មាន​អារម្មណ៍ ទាំង​សម្ភារៈ ខ្វះការ​គាំទ្រ​ទាំង​ផ្លូវកាយ​ទាំងផ្លូវចិត្ដ ធ្វើឱ្យ​បាត់បង់​ភាព​ក្លាហាន។

វិធី​បង្ការ និង​កាត់បន្ថយ​ចំនួន​កុមារ​កំព្រា

បញ្ហានេះ​ពិបាក​នឹង​ទប់ស្កាត់​ថាមិន​ឱ្យមាន​កុមារ​កំព្រា​ណាស់ ពីព្រោះ​សេចក្ដី​ស្លាប់​គឺជាច្បាប់​ធម្មជាតិ​ដែល​មនុស្ស​គ្រប់រូប​ចៀសផុត​មិនរួច។ គ្រាន់តែ​សេចក្ដី​ស្លាប់នោះ​មានភាព​នៅវ័យក្មេង​ពេក ធ្វើឱ្យ​កូននៅ​តូចៗ​មានភាព​លំបាក។ ដូចនេះ​បើស្លាប់​ត្រូវធ្វើឱ្យ​ជីវិត​នៃការ​ស្លាប់ឬ​នៅពេល​ដែលយើង​បានផ្ដល់់​ការគាំទ្រ​ឱ្យកូន​មាន​អនាគត។ គប្បី​ឪពុកម្ដាយ​ចេះបង្ការ​ខ្លួន ការពារ​កុំឱ្យ​ឆ្លងមេរោគ កុំឱ្យ​ខ្លួនឯង​រងការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​លើ​សុខភាព។ ព្រោះឪពុកម្ដាយ​នេះហើយ ត្រូវ​រៀបចំ​ជីវិត​ដើម្បី​អនាគត​កូន។ សរុប​មកតើ​ធ្វើយ៉ាង​ណាដើម្បី​ចៀសផុត ឬ​បង្ការ​មិនឱ្យ​មានកុមារ​កំព្រា​គឺមិនអាច​ទេ ព្រោះការ​ស្លាប់​គឺជា​ច្បាប់​ធម្មជាតិ គ្រាន់តែ​មិនដឹង​ពេលណា ដូច​ព្រះពុទ្ធ​បានមាន​ពុទ្ធដីកា​ថា សង្ខារ​មិនទៀង។ តែបើ​បង្ការ​កុមារ​កំព្រា​មិនឱ្យ​ក្លាយជា​ក្មេង​អនាថា​គឺអាច​បញ្ចៀស​បាន។ ដូច្នេះ​យុវជន​យុវនារី​គួរតែ​កុំបណ្ដោយ​ខ្លួន​ធ្លាក់ចូល​ទៅក្នុង​សង្គម​ស្អប់ខ្ពើម​រើសអើង សេព​គ្រឿងញៀន ឆ្លង​កាមរោគ អេដស៍ ថ្លើម កុំឱ្យ​ធ្លាក់ខ្លួន​ក្នុងសភាព​ធ្ងន់ធ្ងរ។

ជួយ​កុមារ​កំព្រា​ឱ្យក្លាយ​ជាអ្នក​មាន​ប្រយោជន៍​ល្អ​នៅក្នុង​សង្គម

យោង​ទៅតាម​ការចោទ​ជាបញ្ហា មិនអាច​ជួយ​នរណា​ម្នាក់​ឱ្យក្លាយ​ជាអ្នក​មាន​ប្រយោជន៍​នៅក្នុង​សង្គម​បានទេ លុះ​ត្រាតែ ទាំងអស់​គ្នា ទោះបី​កូនមាន​ទាំងឪពុក​ទាំងម្ដាយ​ក្ដីក៏​មិនអាច​ឱ្យកូន​មាន​ប្រយោជន៍​នៅក្នុង​សង្គមដែរ មិន​គ្រប់គ្រាន់​ទេបើ​មានតែ​ឪពុក និង​ម្ដាយ។ មាតាបិតា​គ្រាន់តែ​បានបង្កើត​ហើយ​ជួយ​អប់រំ​ខ្លះ​ជាមូលដ្ឋាន​ចំណេះដឹង​បាន​មួយចំនួន ជាតួនាទី​របស់គាត់ ថែទាំ​ឱ្យមាន​សុខភាព​ល្អ ឆ្លើយតប​ទៅនឹង​វ័យ​ដែលកូន​ត្រូវចូល​សិក្សា​អប់រំ ត្រូវ​បញ្ជូន​កូន​ឱ្យទៅ​រៀននៅ​សាលា។ លោកគ្រូ​អ្នកគ្រូ​ត្រូវ​ចូលរួម​ធ្វើយ៉ាងណា​អប់រំ​ឱ្យក្លាយ​ជាអ្នក​មាន​ប្រយោជន៍​នៅក្នុង​សង្គមទៅ​អនាគត។ ក្រោយពេល​បញ្ចប់​ការ​អប់រំ និង​ជួយ​បម្រើ​ការងារ​ពិតប្រាកដ​ដោយ​ខ្លួនឯង​ទើបជា​ប្រយោជន៍​សង្គម​បាន។ ទាំងនេះ​មាន​ន័យថា លុះត្រាតែ​កុមារ​មានចិត្ដគំនិត​ល្អ​មារយាទ​ថ្លៃថ្នូរ ខិតខំ ព្យាយាម​អត់ធ្មត់​ហាត់​ពត់រៀន​សូត្រ​ខ្លួនឯង​ទើបអ្នក​នៅជុំវិញ​មានក្ដី​សង្ឃឹម ជួយ​ជ្រោមជ្រែង​បណ្ដុះ​បណ្ដាល​បន្ថែម​សម្រាប់​ការ​រស់នៅ ក្នុង​សង្គម​ឱ្យបាន​ប្រសើរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

យុវជន​យុវនារី​បាន​ផ្សំផ្គុំ​គ្នាកើត​ជាគ្រួសារ​មួយក្នុង​សង្គម​ដ៏ប្រសើរ សូម​លោកអ្នក​គិតថា​កុមារ​កំព្រា​គឺជា​ជនរង​គ្រោះ ដោយ​ហេតុផល​ផ្សេងៗ ជាពិសេស​គឺកើត​ពីការ​បាត់បង់​ឪពុកម្ដាយ​ដែលស្លាប់​ឬព្រាត់​ប្រាស ដែល​មនុស្ស​គ្រប់រូប​មិនចង់​ជួបប្រទះទាំ​ងនៅ​វ័យក្មេង។ សូម​ទាំងអស់​គ្នា​ដែលជា​សង្គម​ជុំវិញ តាំងពី​សហគមន៍​រហូតដល់​សង្គមជាតិ សូម​ផ្ដល់ការ​គាំទ្រ និងផ្ដល់​ឱកាស​ជូនដល់​កុមារកំព្រា​ទាំងនោះ​ផង ជួយ​ពួកគេ​ទៅតាម​លទ្ធភាព ដើម្បី​ឱ្យបាន​ក្លាយជា​ជនមាន​ប្រយោជន៍​នៅក្នុង​សង្គម។ សូម​លោកអ្នក​ធ្វើយ៉ាង​ណា​រក្សា​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​លោកអ្នក ប្រយោជន៍​កុំឱ្យ​កើតឡើង​នូវ​ចំនួន​កុមារ​កំព្រាទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative