វះកាត់​ធ្មេញ​ថ្គាម​ទាល់ ៖ អត្ថ​ប្រយោជន៍ និង​ផល​ប៉ះពាល់

ការ​ព្យាបាល​ជម្ងឺ​មាត់ធ្មេញ​ជាបញ្ហា​ដែល​លោកអ្នក​ឱ្យតម្លៃ​ខ្លាំង​បំផុត និង​តែងតែ​មានការ​បារម្ភចំពោះ​សុខភាព​ធ្មេញ​នៅពេល​ដែល​តម្រូវ​ឱ្យមាន​ការ​ដក ឬ​ការដាក់​ធ្មេញ ជាពិសេស​នៅពេលធ្មេញ​ថ្គាម​ទាល់​ដែលដុះ​ចេញមក។ ការ​វះកាត់​ធ្មេញ​ថ្គាមទាល់​ជាប្រធានបទ​សុខភាព​មាត់ធ្មេញ​មួយដែល​តែងតែ​បង្កើត​ជាចម្ងល់​ដល់​លោកអ្នក​ជាទូទៅ​ជុំវិញ​បញ្ហា​ផលវិបាក​នៃការ​វះកាត់ និង​ដកធ្មេញ​ថ្គាមទាល់ ជាពិសេស​សុវត្ថិភាព​ក្រោយពេល​ធ្វើការ​វះកាត់​រួចរាល់ ដែល​អាចផ្ដល់​នូវ​គុណសម្បត្ដិ និង​គុណវិបត្ដិ​ក្រោយ​ធ្វើការ​សម្អាត​ថ្គាមទាល់​រួច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យយល់​កាន់តែ​ច្បាស់ ទស្សនាវដ្ដី សុខភាព​យើង លេខនេះ​លើកយក​វិធីសាស្ដ្រ​ក្នុងការ​វះកាត់​ធ្មេញ​ថ្គាមទាល់​មកជម្រាប​ជូនតាម​រយៈការ​ជួប​សម្ភាសន៍​ជាមួយ​លោក​ទន្ដបណ្ឌិត ញ្ញាណ ភិរម្យ អ្នកឯកទេស​សុខភាព​មាត់​ធ្មេញ នៅមន្ទីរ​ព្យាបាល​ធ្មេញ បស្ចិម។

ធ្មេញ​ថ្គាមទាល់​ជាអ្វី?

ធ្មេញ​ថ្គាមទាល់​គឺជា​ធ្មេញមួយ​របស់​មនុស្ស​ដែល​ធ្វើការ​លូតលាស់​យឺត​ជាគេ​បំផុត នេះ​មានន័យ​ថាធ្មេញ​ថ្គាមទាល់​ជាធ្មេញ​មួយដែល​ដុះចេញ​មាន​រយៈពេល​យូរ​ជាងគេ ក្រោយ​ធ្មេញ​ទាំងអស់​របស់​មនុស្ស​ដុះចេញ​មក។ ជួនកាល​ការដុះ​ចេញ​របស់វា​ធ្វើឱ្យ​ធ្មេញ​ដទៃទៀត​ចង្អៀត​ផងដែរ ដោយ​សារតែ​គ្មាន​កន្លែងដុះ។ មនុស្ស​ចាប់ផ្ដើម​ដុះចេញ​នូវធ្មេញ​ចុងក្រោយ​គេបង្អស់​នៅពេល​ដែលមាន​អាយុគិត​ជាមធ្យម​ចន្លោះ​ពី១៨​ទៅ២៥ឆ្នាំ។ ករណី​ខ្លះការ​ដុះចេញ​អាចមាន​មុន ឬក៏​ក្រោយពី​ចន្លោះ​អាយុ​មធ្យម​ដែល​កំណត់​ជាទូទៅ​នេះ ជួនពេល​ខ្លះក៏​ពុំមាន​ការដុះ​ចេញជា​ធ្មេញទាល់​ក៏មាន តែក៏​មិនមែន​ជាបញ្ហា​ចោទ​នោះទេ បើសិនជា​យើង​ពុំមាន​ការដុះ​ធ្មេញនេះ​ពិតប្រាកដ​មែន។

មូលហេតុ​នៃការ​វះកាត់​ធ្មេញ​ថ្គាមទាល់

នៅក្នុង​រយៈពេល​មធ្យម​នៃការ​លូតលាស់​របស់​ធ្មេញ​ថ្គាមទាល់ ពេលខ្លះ​ក៏ពុំមាន​ការដុះ​ចេញនៃ​ថ្គាមនេះ​ដែរក្នុង​លក្ខខណ្ឌប្រភេទ​នេះវា​ពុំមាន​ជាបញ្ហា​ចោទ​សម្រាប់​សុខភាព​ធ្មេញ​នោះទេ។ ជាធម្មតា​ការដុះ​របស់​ថ្គាមទាល់​តែងតែ​បង្កជា​បញ្ហា​ទៅវិញ ការដុះ​ចេញនេះ​ត្រូវបាន​គេបែងចែក​ជាបី​ប្រភេទ ដូចជា​ការដុះ​កប់ដែល​មើល​មិនឃើញ​ដោយសារ​តែគ្មាន​កន្លែងដុះ​ចេញ ការដុះ​ចេញតែ​ពាក់​កណ្ដាល​នៃថ្គាម និងការ​ដុះចេញ​មកទាំង​ស្រុង។ ការដុះ​របស់​ធ្មេញ​ទាល់អាច​បង្កជា​បញ្ហា​ផ្សេងៗ​ដល់សុខភាព​មាត់ធ្មេញ វា​បណ្ដាល​ឱ្យ​មានការ​ឈឺចាប់​នៅពេល​ដែល​ការដុះ​ចេញមក​ស្ថិតក្នុង​ស្ថានភាព​ចង្អៀត និង​បុកសាច់​អញ្ចាញ​ធ្មេញ។ ក៏ប៉ុន្ដែ​ការដុះ​ចេញមក​ខ្លះ មិនមាន​ការ​ឈឺចាប់នោះ​ទេ តែបង្ក​ឱ្យមាន​ការពុក​ធ្មេញ​នៅតំបន់​បរិវេណ​ដែលដុះ​ចេញមក​នោះ និង​បង្កើត​ជាក្លិន​មាត់ ដោយសារ​តែការ​ពិបាក​សម្អាត​ឱ្យអស់​នូវកាក​សំណល់​នៅជាប់​ធ្មេញ ដែល​ទាមទារ​ឱ្យមាន​ការ​វះកាត់ ឬក៏ដក​ធ្មេញថ្គាម​ទាល់ចេញ ដើម្បី​បង្ក​ជាការ​ងាយស្រួល​ដល់ការ​ដុស​សម្អាត និង​ភាពទូ​លាយ​នៃធ្មេញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​វះកាត់​ធ្មេញ​ថ្គាមទាល់

ការ​វះកាត់​ធ្មេញ​ទាល់​អាច​ប្រព្រឹត្ដ​ទៅបាន​លុះត្រាតែ​យល់ពី​ស្ថានភាព និង​ទីតាំង​របស់ធ្មេញ​ទាល់ឱ្យ​ច្បាស់ជា​មុនសិន ជាពិសេស​ជាងនេះ​ទៅទៀត​ការ​វះកាត់​ត្រូវ​អាស្រ័យ​ទៅលើសុខភាព​អ្នកជម្ងឺ​និងតាម​បែប​បច្ចេកទេស​វះកាត់​ផងដែរ។ បែបផែន​នៃការ​វះកាត់​ធ្មេញ​ថ្គាមទាល់​ត្រូវធ្វើឡើ​ង​ទៅតាម​បទដ្ឋាន​នៃការ​វះកាត់​ច្បាស់លាស់ ព្រោះថា​សរសៃ​នៃការ​ដឹង​របស់​ធ្មេញ​នៅកៀក​នឹងសរសៃប្រ​សាទ​អាំងតែ​ដង់សេយើរ។ បើសិនជា​នៅផ្នែក​ខាងក្រោម​តម្រូវ​ឱ្យមាន​ការ​វះកាត់​ចំពោះ​ធ្មេញ​ថ្គាមទាល់​នៅផ្នែក​ខាងលើ ជាទូទៅ​មិនបង្ក​ជាផល​វិបាក​ច្រើននោះ​ទេ លោកអ្នក​គ្រាន់តែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បីដ​កចេញ​តែប៉ុណ្ណោះ។ តែទោះ​បីជាពេល​ខ្លះការ​ដុះធ្មេញ​ទាល់​របស់​លោកអ្នក​មាន​លក្ខណៈ​ល្អក៏​ដោយ លោកអ្នក​គប្បី​ទៅពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ព្រោះ​ធ្មេញ​ប្រភេទនេះ​ជាទូទៅ​តែងតែ​ផ្ដល់វិបាក​ជាច្រើន​ដល់​លោកអ្នក។ តែការ​ដកចោល​ធ្មេញទាល់​ភាគច្រើន​តែងផ្ដល់​នូវផល​ល្អដល់​សុខភាព​មាត់ធ្មេញ។

ផលវិបាក​នៃការ​វះកាត់​ថ្គាមទាល់

ការ​វះកាត់​ធ្មេញថ្គាម​ទាល់អាច​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់ ក៏ប៉ុន្ដែ​បើសិន​លោកអ្នក​វះកាត់​ជាមួយ​ទន្ដពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់​នោះ នឹងអាច​កាត់បន្ថយ​ការឈឺចាប់​ក្នុងពេល​ធ្វើការ​វះកាត់​បាន ជាពិសេស​នឹងមិន​បង្កជា​ផលលំបាក​ផ្សេងៗ​នៅថ្ងៃក្រោយ​នោះទេ។ ការ​វះកាត់​ធ្មេញ​ថ្គាមទាល់​មិនអាច​បង្កជា​បញ្ហា ដូចជា​ការ​ស្លាប់ ពិការ​ភ្នែក ឬ​ផលលំបាក​ផ្សេងៗ​នោះទេ។ តែអាច​កើតមាន​បាន​បើការ​វះកាត់​ប្រព្រឹត្ដ​ទៅដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ មិនបាន​ពិនិត្យ​មុនការ​វះកាត់ និង​កត្ដា​សម្ភារៈ​មិនស្អាត ដែល​ធ្វើឱ្យ​ជ្រៀតចូល​មេរោគ​ផ្សេងៗ តាមរយៈ​ការ​ប្រើប្រាស់​សម្ភារៈ​ដែល​មិនមាន​ការ​លាង​សម្អាត ឬក៏ដុត​សម្លាប់​មេរោគ​ឱ្យបាន​ល្អ បង្កភាព​ងាយស្រួល​ដល់ជម្ងឺ​ផ្សេងៗ និងជម្ងឺ​ឱកាសនិយម​ឆ្លងចូល​សារពាង្គកាយ​អ្នកជម្ងឺ​មាត់ធ្មេញ​ពីម្នាក់​ទៅម្នាក់​ទៀត។

បណ្ដាំផ្ញើ​អ្នក​ឯកទេស

ក្នុង​ករណី​ដែល​លោកអ្នក​ចង់ចៀស​ផុតពី​បញ្ហាផ្សេងៗ​ដែល​បណ្ដាល​មកពី​ការ​វះកាត់ ឬ​ដក និង​ដាក់ធ្មេញ សូម​ធ្វើការ​គិតគូរ ឱ្យ​ច្បាស់​ជាមុនសិន​ក្នុងការ​ជ្រើសរើស​ទីកន្លែង​ក្នុងការ​ធ្វើការ​វះកាត់។ ប្រការ​ដែល​ប្រសើរ​គួរតែ​ស្វែងរក​ការ​ពិភាក្សា​ជាមួយ​ទន្ដពេទ្យ ជំនាញ​ដែលមាន​ជំនាញ​ច្បាស់លាស់​ជាមុន​សិន ទើបជាការ​ប្រសើរ មុននឹង​ធ្វើការ​ព្យាបាល​ធ្មេញ ដើម្បី​ទទួលបាន​សុខភាព​មាត់ធ្មេញ​ល្អ និង​ពុំមាន​បញ្ហា​ក្នុងការ​ព្យាបាល​ជម្ងឺ​មាត់ធ្មេញ។ សុខភាព​មាត់ធ្មេញ​ល្អក៏​ជាកត្ដា​រួមចំណែក​ផ្ដល់នូវ​ភាព​ជោគជ័យ​ដល់ជីវិតផ​ងដែរ សូម​ចៀសវាង​ប្រើប្រាស់សេវាកម្ម​ព្យាបាល​មាត់ធ្មេញ​ណាដែល​គ្មាន​គុណភាព និង​ធានា​សុវត្ថិភាព​ច្បាស់លាស់។ សុខភាព​ល្អ គឺជា​ដុំពេជ្រ​ដែល​លោកអ្នក​គ្រប់រូប​ត្រូវតែ​ឱ្យតម្លៃ​មុនវត្ថុ​សំខាន់ៗ​ទាំងអស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative