កម្ពុជា​គ្មានខ្ទង់​ថវិការ​សម្រាប់​ប្រយុទ្ឋ​ប្រឆាំង​ជំងឺ​មិនឆ្លង

បើទោះជា​ជំងឺ​មិនឆ្លង​បាន​ក្លាយជា​បញ្ហា​សុខភាព​សាធារណៈ​ក្តី ប៉ុន្តែ​ក្រសួង​​សុខាភិបាល​មិនមាន​ខ្ទង់​ថវិការ​សម្រាប់​ចំណាយ​លើការ​អប់រំ ព្យាបាល និង​ថែរទាំ​អ្នកជំងឺដែល​​កើតជំងឺ​មិនឆ្លង​ទ្បើយ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោកស្រី ប្រាក់ ពិសិដ្ឋរង្សី ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃក្រសួង​សុខាភិបាល​មានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃសុក្រ ទី១៤ កញ្ញា​កន្លងមក​ថា យើងមាន​គោល​នយោបាយ​ទាក់ទង​នឹងការ​អប់រំ ថែរទាំ​ព្យាបាល និង​ផែនការ​យុទ្ឋសាស្រ្ត​ទប់ស្កាត់ ជំងឺ​មិនឆ្លង​តាំងពី​១០ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​យើង​មិនមាន​ថវិការ​សម្រាប់​ចំណាយ​លើផ្នែក​នេះ ទើបការ​អប់រំ​ដើម្បី​ទប់ស្កាត់ ឬ​កាត់បន្ថយ​ហានិភ័យ បណ្តាល​មកពី​ជំងឺនេះ​មិនសូវ​មាន​ច្រើន។ លោកស្រី​បន្តថា ក្រសួង​សុខាភិបាល​​មិនមាន​ខ្ទង់​ថវិការ​សម្រាប់​ចំណាយ​លើ​ការងារ​នេះទេ ការ​បោះពុម្ព​ឯកសារ​កន្លងមក​គឺ​ទទួល​បាន​ជំនួយ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មួយចំនួន​ប៉ុណ្ណោះ។

លោកស្រី​បន្តថា “ម្ចាស់​ជំនួយ​មិនផ្តល់​ជំនួយ​សម្រាប់​ជំងឺ​មិនឆ្លង​ទេ គេ​ផ្តល់សម្រាប់​​ប្រយុទ្ឋ​តែជំងឺ​ឆ្លង​ប៉ុណ្ណោះ ហេតុនេះ​យើងមាន​សមត្ថភាព​ប៉ុណ្ណា យើង​ធ្វើប៉ុណ្ណឹង ”។

អ្វីជា​ជំងឺ​មិនឆ្លង ជំងឺ​មិនឆ្លង​ជាជំងឺ​ដែល​កើតលើ​បុគ្គល ដែល​មិនឆ្លង​រោគ​ពីអ្នក​ដទៃ ជំងឺ​មិនឆ្លង​រួមមាន ជំងឺ​លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម ជំងឺ​បះដូង ជំងឺ​ខ្លាញ់ក្នុង​សសៃឈាម​ជាដើម។

យោងតាម​លទ្ឋផល​អង្កេត​ប្រជាសាស្រ្ត និង​សុខភាព​ឆ្នាំ២០១០​បានបង្ហាញ​ថាប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ​២៥ឆ្នាំ​ដល់៦៤​ឆ្នាំ មានជំងឺ​ទឹមនោម​ផ្អែម​៣០០.០០០នាក់ ប្រជាជន​ក្នុងក្រុម​អាយុ​ដដែល​នេះ មានជំងឺ​លើសសម្ពាធ​ឈាម​ចំនួន​ប្រមាណ​១.០០០.០០០​នាក់។

លោកស្រី ប្រាក់ ពិសិដ្ឋរង្សី បានបន្ត​ថា ក្នុងមួយ​ឆ្នាំៗ​មាន​ប្រជាពលរដ្ឋ​កម្ពុជាប្រមាណ​​៥ភាគរយ​កើតជំងឺ​មិនឆ្លង ដោយសារ​តែពួកគាត់​មិនសូវ​មានការ​យល់ដឹង និង​មិនគិត​គូរដល់​ខ្លួនឯង​ក្នុង​ជីវភាព​រស់នៅ ដូចជា​ពួកគេ​ផឹកស្រា ជក់បារី​ជាដើម។ ​ប្រសិន​ជាពួកគេ​ប្រ​កាន់​ឥរិយាបទ​បែបនេះ ទោះជា​ប្រើប្រាស់​ថ្នាំ​យ៉ាងណា​ក៏មិនមាន​ប្រសិទ្ឋិភាព​នោះទេ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative