ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ(ត)

លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពីការ​វិវត្ដន៍​នៃទារក​ចាប់ពី​ពេលបង្ក​កំណើត​រហូតដល់​អាយុ៤ខែ។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង បន្ដ​ជម្រាប​ជូនដល់​លោកអ្នក​អំពីការ​វិវត្ដន៍របស់​ទារក​ក្នុងផ្ទៃ​ចាប់ពី​៥ខែ​រហូតដល់​ប្រសូត។ សូម​លោកស្រី​អ្នកនាង​តាមដាន​នូវព័ត៌មាន​របស់​ទារក​លោកអ្នក ដើម្បី​អនាគត​របស់​ពួកគេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទារក​អាយុ​៥ខែ ៖ ទារក​ចាប់ទទួល​យកការ​បបោស​អង្អែល​របស់​លោកអ្នក

ពិតជាមាន​សេចក្ដីសុខ​ខ្លាំង​ណាស់ នៅពេល​ដែល​លោកស្រី​អ្នកនាង​ចាប់​ទទួល​អារម្មណ៍​ថាទារក​ក្នុងផ្ទៃ​ទធាក់ជើង។ ទារក ដែល​នៅក្នុង​ផ្ទៃនោះ​ក៏អាច​ទទួលបាន​នូវការ​ស្ទាប​អង្អែល​ដោយភាព​ទន់ភ្លន់​របស់​លោកស្រីអ្ន​កនាង​ផងដែរ។ ការ​ប៉ះ ឬ​កាយវិញ្ញាណ​ជាវិញ្ញាណ​ដំបូង​គេ ដែល​ទទួលបាន​រកឃើញ និង​ស្គាល់​មុនគេ។

ទារក​ចាប់មាន​កម្លាំងខ្លះ​ហើយ

នៅ​អាយុកាល​ប៉ុណ្ណេះ​ទារក​អាចឆ្លៀត​ឱកាស​ជួយលោ​កស្រី​អ្នកនាង​បាន ជាពិសេស​ពេល​លោកស្រី​អ្នកនាង​សម្រាក​កាយ។ ទារក​ពត់ពេន​ខ្លួន និង​រមួលខ្លួន​នៅគ្រប់​ទិស​ទាំងអស់ ទារក​គឺ​ចូលចិត្ដ​បែបនេះ​ឯង។ នៅក្នុង​ស្បោងសម្បុក​ដែល​ពោរពេញ​ទៅដោយ​ទឹកភ្លោះ អ្នក​ហែលទឹក​ដ៏តូច​មួយនេះ​មាន​ទីតាំង​យ៉ាង​ទូលំទូលាយ​នៅជុំវិញ​ខ្លួន។ នៅប្រទេស​កម្ពុជា​យើងមាន​ជំនឿ​ថា កូន​ដែល​ទធាក់ ឬ​ពង្រាក់​ខ្លាំង​ថា រំខាន​ម្ដាយ ឬជា​កូនកាច រីឯ​កូនដែល​មិនមាន​ចលនាជាកូន​ស្លូត​ជាដើម។ បើតាម​លក្ខណៈ​វិទ្យាសាស្ដ្រ​បានបង្ហាញ​ថា ជីវិត​របស់​ទារក​នៅក្នុង​ស្បូនដែល​ធ្វើ​ចលនា មិន​ពាក់ព័ន្ធ​ទៅនឹង​អនាគត​អត្ដចរិត​របស់​ទារក​ឬកូន​នោះឡើយ។

ទារក​ចេះឆ្លុះ​កញ្ចក់​មើល​ខ្លួនឯង

ពេលនេះ​ទារក​ហាក់ដូចជា​ពេញចិត្ដ​ពេញថ្លើម ដោយ​ស្បែក​របស់ខ្លួន​ឡើង​រលោង មិន​សូវស្ដើង និង​មិនសូវ​ក្រហម​ដូចមុន។ ម្រាមដៃ​របស់គេ​ចាប់ផ្ដើម​មាន​រូបរាង និង​ក្រយៅ​ដៃ រីឯ​សក់ក៏ចាប់ដុះ​បានល្អ​ផងដែរ។ តើទារក​អាចត្អើក​ម្ដងម្កាល​ដែរទេ? នេះជា​រោគសញ្ញា​ដ៏ល្អ​ប្រពៃ​មួយ ដែល​ប្រាប់ថា ប្រអប់​ទ្រូង​របស់ទារក​ចាប់មាន​ចលនា​ដកដង្ហើម​បាន​ហើយ។ នៅអាយុ​៥ខែនេះ ទារក​មានកម្ពស់​កម្ព និង​ទំហំខ្លួន​ស្មើនឹង​ពាក់កណ្ដាល​នៃ​ទម្ងន់​ខ្លួន​នៅពេល​ដែលកើត​ហើយ។ បើតាម​ការប៉ាន់​ប្រមាណ ទារក​មាន​ទម្ងន់​ខ្លួន ប្រហាក់​ប្រហែល​ជា១គីឡូក្រាម​ហើយ។

ទារក​អាយុ៦ខែ ៖ ខែដែល​ទារក​ភ្ញាក់ពី​ដំណេក

នៅខែ​ទី៦​នៃគភ៌នេះ ទារក​អាចកម្រើក​បាន​២០ដង​ក្នុង​១ម៉ោង ជួនកាល​អាចលើស​ពីនេះ ជាពិសេស​នៅពេល​វាខឹង។ ស្ថិត​នៅក្នុង​ស្ថានភាព​ដៃទាំងពី​របត់​ឱបលើ​ដើមទ្រូង រីឯ​ក្បាលជង្គង់​ទាំងពីរ​បត់ផ្ទឹម​នឹងក្បាល​ពោះ ទារក​អាចមាន​ឥរិយាបថ​ឬកាយ​វិការ ទៅតាម​ចំណង់​របស់​ខ្លួន។ ទារក​ក៏អាច​ដេកដូច​មនុស្ស​ធំដែរ ជាមធ្យម​វាអាច​ដេកពី១៦​ទៅ២០ម៉ោង​ក្នុង១ថ្ងៃ។

ទារក​ស្ដាប់ឮ​សម្លេង

ទារកមាន​ក្បាល​ដែលមាន​ខួរក្បាល​អាច​ដំណើរ​ការបាន។ នៅពេល​ជាមួយ​គ្នានេះ វិញ្ញាណ​ទាំងឡាយ​របស់គេ​ចាប់ផ្ដើម​កើតមាន និង​វិវឌ្ឍន៍​លូតលាស់។ ជាពិសេស​សោតវិញ្ញាណ​របស់​ទារក​ចាប់ផ្ដើម​ប្រតិកម្ម​តបត​ទៅនឹង​សម្លេង​ដែលនៅ​ជុំវិញខ្លួន។ តើទារក​ឮសម្លេង​អ្វីខ្លះ​ទៅ? គាត់អាច​ស្ដាប់ឮ​សម្លេង​ម្ដាយ និង​សម្លេង​របស់​ឪពុក​ដែលនិយាយ​គ្នា ទាំង​សម្លេង​ខ្លាំង ទាំង​សម្លេង​ឆ្ងាយ​ពីគេ។ ត្រចៀក​ទាំងពីរ​របស់គេ​ដែលថ្មី​ស្រឡាង​ចាប់យក​សម្លេង​ភ្លេងតូរ្យ​តន្ដ្រី និង​សម្លេងចម្រៀង​យ៉ាងល្អ ទោះបីជា​គេមិនអាច​ស្ដាប់ឮ​សម្លេង ដើមទាំង​ស្រុងក្ដី។ ព្រោះថា​សម្លេង​ទាំងឡាយ​មុនឮ​ទៅដល់​ទារក​ត្រូវឆ្លង​ស្បែកពោះ​របស់​ម្ដាយ និង​ស្បូន ជាហេតុ​នាំឱ្យ​សម្លេង ត្រូវកាត់​បន្ថយ​ដោយ​ជញ្ជាំង​ស្បូន និង​រលក​សម្លេង​ផ្សេងៗ​ទៀត។ នៅក្នុង​ពោះ​របស់ម្ដាយ​មានរលក​សម្លេង​ផ្សេងៗ​ជាច្រើន ដូចជា​សម្លេង​រំលាយ​អាហារ​ក្រូកក្រាក​ជាដើម សម្លេង​ដកដង្ហើម និង​សម្លេង​ចង្វាក់​បេះដូង។

សរុប​មកទោះ​បីជា​ទារក​មិនទាន់​កើតមក​ក្ដី ក៏គេ​អាចមាន​សមត្ថភាព​សម្ដែង​កាយវិការ និង​អារម្មណ៍​បានដែរ។ ទារក​អាចបញ្ជូន​ចេញជា​សារ និងអាច​ទទួលយក​នូវការ​ភ្ញោច​ឬបបោស​អង្អែលពី​ឪពុកម្ដាយ​ឬអ្នក​ដែលនៅ​ជុំវិញខ្លួន។ បើសិនជា​មានការ​រៀបចំ​ផ្លូវចិត្ដ​ឬចិត្ដ​សាស្ដ្រ​បានល្អ ឪពុកម្ដាយ​អាចបង្កើត​កិច្ច​ទំនាក់ទំនង​ជាមួយ​កូនតូច​ក្នុងផ្ទៃនេះ​យ៉ាងល្អ​បាន ព្រោះថា​គេអាចជា​សភាវៈ​មនុស្ស​មួយរូប​បានដែរ​ហើយ។

ទារកចេះ​ទទួល​អារម្មណ៍

នៅអាយុ​៦ខែ ទារក​ក្លាយ​ទៅជា​មនុស្សម្នាក់​តូច​ដែលមាន​សមត្ថភាព​ទទួល​អារម្មណ៍។ ទៅតាម​របៀប​ផ្ទាល់ខ្លួន ទារក​ចាប់ផ្ដើម​ទំនាក់​ទំនង​ជាមួយ​ឪពុកម្ដាយ​និង​បរិស្ថាន​ខាងក្រៅ។ នៅអាយុ​ប៉ុណ្ណេះ​ប្រសិន​បើកើត​ប្រសូត​ចេញមក ទារក​អាច​រស់រាន​មានជីវិត ដូចគេ​ដូចឯង​បាន។ ទារក​អាចមាន​កម្ពស់​ដល់ទៅ​៣១សង់ទីម៉ែត្រ និង​ឡើង​ទម្ងន់​យ៉ាង​រហ័ស​លើសពី​១គីឡូក្រាម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទារក​អាយុ​៧ខែ ៖ ជីវិត​គឺជា​ទស្សនីយភាព

ព័ត៌មាន​សំខាន់​នៅខែនេះ​គឺទារក​ចាប់ផ្ដើម​ចេះបើក​ភ្នែក។ ទារក​អាចឃើញ​ទម្រង់​រូបភាព​ជាស្រមោលៗ ភ្លើងពន្លឺ​ពណ៌ជា​ក្រហម តាមរយៈ​ជាលិកាស្បូន​របស់​លោកស្រី​អ្នកនាង។ សន្ទះត្រចៀក​ឬក្រដាស​ត្រចៀក​បានដុះ​ពេញ​រូបរាង។ នៅពេល​នេះទារក មាន​ទម្ងន់​ដល់ទៅ​១៨០០ក្រាម​(១គីឡូ​៨ខាំ) និងមាន​កម្ពស់​ដល់ទៅ​៤០សង់ទីម៉ែត្រ។ ដោយសារ​ការរីក​លូតលាស់​លឿន​ទារក​ហាក់​ដូចជា​មាន​ទីតាំង​ចង្អៀត​ជាងមុន។ ការ​ហាត់ប្រាណ​របស់គាត់​ហាក់ដូច​ត្រូវកាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង​នៅពេល​នេះ។ ទោះបីជា​យ៉ាងនេះ​ក្ដី ទារក​នៅតែ​អាច​សម្រប​សម្រួល​ចលនា​របស់ខ្លួន​បានយ៉ាង​ប្រសើរ និង​បង្ហាត់​បង្រៀន​ប្រព័ន្ធ​ប្រសាទ​របស់​ខ្លួន។ នៅពេល​នេះ ទារក​ចាប់ផ្ដើម​មាន​ស្រោមស្រទាប់​ពណ៌ស ដែលជួយ​ការពារ​ស្បែក​ពីទឹកភ្លោះ។

ទារក​អាយុ​៨ខែ

ពេលដែល​លោកស្រី​អ្នកនាង​ទទួលទាន​សារជាតិ​ផ្អែម​ឬជាតិស្ករ​ច្រើន ទារក​ចាប់ភ្លក់​យ៉ាងលឿន។ ជាភស្ដុតាង ទារក​ក៏ផ្ដល់​តម្លៃ​ទៅលើ​ភាពផ្អែម​ល្ហែម និងការ​ថ្នាក់ថ្នម​ផងដែរ។ ពេលនេះ​ទារក​ក៏ចាប់​ស្គាល់នូវ​ក្លិន និង​រសជាតិ​នៃចំណី​អាហារ​របស់​លោកស្រី​អ្នកនាង​ផងដែរ ដែលជា​លទ្ធផល​គឺជាអ្នក​ស្នងពូជ​ធាត់ ឬ​ពូជស្គម។ ស្បែក​របស់​ទារក​ចាប់បំពេញ​ទៅដោយ​ជាតិខ្លាញ់ លែងមាន​សភាព ទក់ និង​ចាប់មាន​ពណ៌​ផ្កាកូលាប​យ៉ាង​ស្អាត។

សរីរៈ​សំខាន់​ឈានដល់​ដំណាក់​កាល​ពេញលេញ​ល្អ។ ដោយឡែក​បេះដូង​មានរឿង​តិចតួច​ដែលត្រូវ​បំពេញ​បន្ថែម។ ផ្នែក​ខាងឆ្វេង និង​ខាងស្ដាំ អាច​បិទជិត​នៅពេល​កើត​ប្រសូត​មកខាងក្រៅ​ខ្លួនម្ដាយ។ ទោះបីជា​ទារក​កើតមក​មុនខែ​ក្ដី ក៏កូន​របស់​លោកស្រី​អ្នកនាង​អាចមាន​សមត្ថភាព​ក្នុងការ​ដកដង្ហើម​ដោយ​ខ្យល់​ធម្មតា​រួចស្រេច​ទៅហើយ។ សារធាតុ​ខ្លាញ់​ជួយពង្រឹង​សមត្ថភាព​របស់​សួត។ ពេលនេះ​ទារក​បានត្រៀម​ខ្លួន​សម្រាប់​ការ​ប្រសូត​រួចជាស្រេច​ទៅហើយ ដោយ​រៀបចំ​ខ្លួនយ៉ាង​ល្អ ក្បាល​សំយ៉ុង​ចុះក្រោម​ទៅរក​មាត់ស្បូន។

ទារក​អាយុ​៩ខែ ៖ ត្រៀម​ប្រសូត

ពេលនេះ​រោមកែវ​របស់​ទារក​ជាស្រោម​ស្រទាប់​ពណ៌ស​បានជ្រុះ​បាត់ស្ទើរតែ​ទាំងអស់ ជាហេតុ​នាំឱ្យ​ទារក​កើតចេញមក​មាន​រូបរាង​ស្អាតបាត។ ទារក​បន្ដពង្រីក​ខ្លួនយ៉ាង​ខ្លាំង អាចមាន​ទម្ងន់​ពី២០​ទៅ៣០​ក្រាមឯណោះ​ក្នុង១ថ្ងៃ គឺជាការ​ត្រៀមខ្លួន​ពេល​ប្រសូត។ នៅអាយុ​៣៨​សប្ដាហ៍នេះ​ទារក​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ផ្សងព្រេង​ពេល​ប្រសូត។

បណ្ដាំ​ផ្ញើ ៖ លោកស្រី​អ្នកនាង​បានជ្រាប​អស់ហើយ​អំពីការ​វិវត្ដន៍​របស់ទា​រក ចាប់តាំង​ពីពេល​បង្កកំណើត​រហូត​ដល់​ប្រសូត គឺ​ពិតជា​ការ​លូតលាស់​ដ៏អស្ចារ្យ​មួយ។ ទាំងនេះ​ជាដើម​ទុន​សម្រាប់​ការ​ថែរក្សាគភ៌​ដែល​មិនអាច​មើល​រំលងបាន។ នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាព​យើង លេខ​បន្ដបន្ទាប់​ទៅនេះ លោកអ្នក​នឹងបាន​បន្ដជ្រាប​ជាមួយ​ការវិវត្ដន៍​របស់​ម្ដាយ និងការ​ថែទាំសុខភាព​ពេលមាន​គភ៌។ (សូម​បន្ដអាន​នៅលេខ​ក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative