យុវវ័យ​ក្រៅសាលា​កំពុងតែ​ប្រឈម​មុខខ្ពស់​ទៅនឹង​ការរីក​រាលដាល​មេរោគ​អេដស៍

បើតាម​ការ​ស្រាវជ្រាវ​ក្នុងពេល​ថ្មីៗនេះ​បានឱ្យ​ដឹងថា យុវវ័យ​ដែលមាន​អាយុ​ចន្លោះ​ពី១០ទៅ​២៤ឆ្នាំ គឺជាមុខ​សញ្ញា​នៃការ​ប្រឈម​មុខខ្ពស់​ទៅនឹង​គ្រោះថ្នាក់​នៃការ​ឆ្លងមេរោគ​អេដស៍ តាមរយៈ​ការ​រួមភេទ​មិន​ប្រើស្រោម​អនាម័យ​ក្នុង​ចំណោម​បុរសស្ដ្រី​ជាដៃគូ​សង្សារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ឈា ឆវណ្ណ មន្ដ្រី​ស្រាវជ្រាវ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​អង្គការ​ខាន់ណា បាន​ប្រាប់ទស្សនាវដ្ដី សុខភាព​យើង កាលពីថ្ងៃ​ព្រហស្បតិ៍​ថា ដើម្បី​ធ្វើការ​កំណត់​រកឥរិយាបថ​ប្រកបដោយ​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​គ្រឿង​ញៀន គ្រឿង​ស្រវឹង អំពើ​ហិង្សា​ផ្លូវភេទ និង​ការរួមភេទ​ដែល​មិនបាន​ការពារ អង្គការ​ខាន់ណា​បាន​រៀបចំ​ការ​ស្រាវជ្រាវ​មួយ​ពាក់ព័ន្ធ​នឹងយុវវ័យ​នាពេល​បច្ចុប្បន្ន​នេះ

លោក​បន្ដថា នៅក្នុងការ​ស្រាវជ្រាវ​នេះ​អង្គការ​ខាន់ណា​បាន​ជ្រើសរើស​យកខេត្ដ​ចំនួន​៨នៅ​កម្ពុជា ដែលមាន​ភ្នំពេញ បាត់ដំបង បន្ទាយ​មានជ័យ សៀមរាប កំពង់ចាម កោះកុង ក្រុង​ព្រះសីហនុ និង​ខេត្ដស្វាយរៀង។ ហើយ​ខេត្ដ​ទាំងនោះ​ត្រូវ​ធ្វើការ ជ្រើសរើស​យុវវ័យ​ដែល​និយម​ចូលចិត្ដ​ជួបជុំ​គ្នា នៅតាម​ក្លឹប​កម្សាន្ដ តាម​បា ខារ៉ាអូខេ និង​កន្លែង​លេងល្បែង​ភ្នាល់​ជាដើម។ លោក​ថ្លែងថា ៖ “ការ​ស្រាវជ្រាវ​របស់​យើង មិន​ត្រឹមតែ​ចង់ដឹង​ពីគ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​យុវវ័យ​នោះទេ ប៉ុន្ដែ​យើងក៏​ចង់ដឹង​ដែរថា នៅពេល​ពួកគេ​មានបញ្ហា​កើតឡើង តើត្រូវ​ទៅរក​សេវា​ថែទាំ​សុខភាព​នៅទីណា?”។

យោងតាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ខាន់ណា នៅដើម​ឆ្នាំ​២០០៩ រហូត​ដល់ខែ​កុម្ភៈ ឆ្នាំ២០១០​បានឱ្យ​ដឹងថា ក្នុង​ចន្លោះ​អាយុ​ពី១០ទៅ​២៤ឆ្នាំ យុវតី​ប្រមាណ​៣៦ភាគរយ​ក្នុងចំណោម​យុវតី​១២៦០នាក់ បានធ្លាប់​អនុវត្ដ​ការរួមភេទ ក្នុងនោះ​មាន​ត្រឹមតែ​៣០ភាគរយ​ប៉ុណ្ណោះ​ដែល​រួមភេទ​បាន​ប្រើស្រោម​អនាម័យ​ជាមួយ​នឹងដៃគូ​សង្សារ។ រីឯយុវជន​វិញ អត្រា​រួមភេទ​មាន​រហូត​ដល់ទៅ​៦០ភាគរយ​ក្នុង​ចំណោម​យុវជន​១២៦០នាក់ រីឯការ​ប្រើប្រាស់​ស្រោមអនាម័យ​ស្ទើរតែ​៨០ភាគរយ​ជាមួយ​នឹងស្ដ្រី​បម្រើ​សេវា​កម្សាន្ដ។ លោក ឈា ឆវណ្ណ បានថ្លែង​ថា ៖ “យើងមាន​ការ​ព្រួយបារម្ភ​ចំពោះ​ភាគរយ​នៃការ​ប្រើប្រាស់​ស្រោមអនាម័យ​របស់​យុវតីនៅក្នុង​ចំណោម​ដៃគូសង្សារ​របស់​ពួកគេ ព្រោះ​យុវតី​អាចនឹង​ប្រឈម​មុខ​គ្រោះថ្នាក់​ខ្ពស់ក្នុង​ការឆ្លង​ជម្ងឺ​ការរម្លូត​កូន និង​អន់ខ្សោយ​ផ្នែកសុខភាព​ថែមទៀត​ផង។ រីឯបុរស​វិញ បើទោះ​បីជាការ​ប្រើប្រាស់​ស្រោម​មាន​កម្រិត​ខ្ពស់​ក៏ដោយ ប៉ុន្ដែ​យើងគិត​ថា វានៅ​មិនទាន់​មាន​សុវត្ថិភាព​ទេ។

លោកស្រី ទន់ សាអ៊ីម អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានមាន​ប្រសាសន៍​ថា លទ្ធផល និង​អនុសាស្ដ្រ​នៃការ​អង្កេតនេះ គឺជា​ផែនទី​បង្ហាញ​ផ្លូវឱ្យ​គ្រប់គ្នា​បានយល់​ដឹងអំពី​ឥរិយាបថ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​របស់​យុវវ័យ​ដែល​កំពុងតែ​ប្រព្រឹត្ដ​ព្រមទាំង​អនុសាសន៍​សម្រាប់​ធ្វើការ​ឆ្លើយតប​ឱ្យចំ​គោលដៅ និងមាន​ប្រសិទ្ធភាព។ លោកស្រី​ថ្លែងថា ៖ “ចំណុច​គន្លឹះ​ដែល​យើងបានដក​ស្រង់​ចេញ​ពីការ​អង្កេតនេះ​គឺជារបក​គំហើញ​នូវ​ឥរិយាបថ ដែល​ប្រឈម​គ្រោះថ្នាក់​ផ្ទួនៗគ្នា​នៅក្នុង​ចំណោម​យុវវ័យ​ដែល​ប្រឈម​គ្រោះថ្នាក់​មួយចំនួន។ លោកស្រី​ថា ៖ “យើងមាន​ការ​ទទួល​ស្គាល់នូវ​លទ្ធផល​អង្កេត​នេះ ព្រោះ​យុវវ័យ​នាពេល​បច្ចុប្បន្ននេះ បានឈាន​ទៅរក​ការ​ប្រឈម​មុខរួច​ទៅហើយ ដូច្នេះ​យើងនឹង​ធ្វើការ​ពង្រឹងនូវ​ប្រព័ន្ធ​អប់រំបន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគេ​កាន់តែ​យល់ច្បាស់​រាល់ការ​ប្រឈមមុខ​ដែល​ប្រកប​ទៅដោយ​គ្រោះថ្នាក់​នេះ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative