ឌីជេ ឡាយអិន បុរស​ក៏ត្រូវ​ឆ្លៀតពេល​ថែរក្សា​សម្រស់​ដែរ

ឌីជេ ឡាយអិន គ្រាន់តែ​ជាឈ្មោះ​ដែល​ប្រិយមិត្ដ​តែងតែ​ហៅ ប៉ុន្ដែ​ឈ្មោះ​ពិត​របស់លោក​នោះគឺ ហែម បូរិទ្ធ។ បូរិទ្ធ​ ជាពិធីករ​មានភាព​ល្បីល្បាញ​មួយរូប​ដែរ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​យើងនេះ។ បូរិទ្ធ​បាន​ប្រឡូក​ចូលសិល្បៈ​ជាង១០ឆ្នាំ​មកហើយ។ សព្វថ្ងៃ​នេះ​បូរិទ្ធ​បាន​ទទួលការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​មហាជន ទាំង​នៅក្រៅ​ស្រុក និង​នៅក្នុង​ស្រុក ជាពិសេស​គឺយុវវ័យ​តែម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ហែម បូរិទ្ធ បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​លោកផ្ទាល់​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាស​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ប្រវត្ដិ​មុនចូល​សិល្បៈ

មុនពេល​ចូលសិល្បៈ បូរិទ្ធ​បានទៅ​សិក្សា​ជាមួយ​ឌីជេ ខេត រយៈពេល​មួយឆ្នាំ។ បន្ទាប់មក​បូរិទ្ធ​ក៏បាន​ធ្វើជា​ពិធីករ​នៅ​ស្ថានីយ​វិទ្យុប៉ុស្ដិ៍​១០៧ នៅក្នុង​កម្មវិធី Music Talk Show ជាកម្មវិធី​ដំបូង​បង្អស់​នៅក្នុង​ជីវិត​របស់​បូរិទ្ធ​នៅក្នុង​ឆ្នាំ២០០០។ នៅក្នុង​ឆ្នាំ២០០៣​បូរិទ្ធ​ក៏បាន​ធ្វើជាអ្នក​សម្ដែង​ខារ៉ាអូខេ​ឱ្យផលិតកម្ម SSB ផលិតកម្ម​សាន់ដេ និង​ផលិតកម្ម​ជាច្រើន​ទៀត។ ក្រៅពី​ធ្វើជាពិធីករ និង​តារា​សម្ដែង បូរិទ្ធ​ក៏បាន​សម្ដែង​រឿង​អប់រំ​ជាច្រើន ដូចជា​ការប្រើ​អំពើ​ហិង្សា ស្រោម​អនាម័យ និង​រឿងអប់រំ​ផ្សេងៗ​ទៀត ដូចជា​រឿង​មុនអ្វីៗ​កន្លង​ហួស​ជាដើម។ ក្រៅពីនេះ​បូរិទ្ធ​ក៏បាន​បម្រើ​ការងារ​នៅក្រុមហ៊ុន​មួយចំនួន​ដែរ។ សម្រាប់​ការងារ​ដែលមាន​ភាព​ជោគជ័យ​មកដល់​ពេលនេះ​គឺដោយ​សារ​សមត្ថភាព ការ​បង្ហាត់​បង្រៀន និងការ​ចង្អុល​បង្ហាញ​ពីកញ្ញា យុគ ចិន្ដា។ សព្វថ្ងៃនេះ​បូរិទ្ធ កំពុង​តែមាន​ការ​មមាញឹក និង​ការងារ​ជាច្រើន ទាំង​ការងារ​ប្រចាំថ្ងៃ ការ​សិក្សា និង​មុខជំនួញ​ជាដើម។

ការ​ថែរក្សា​សម្រស់

សព្វថ្ងៃ​បូរិទ្ធ​កំពុងតែ​មានការ​មមាញឹក​នឹង​ការងារ​ជាច្រើន។ ប៉ុន្ដែ​ទោះបី​ជាមានការ​មមាញឹក​យ៉ាងណា​ក៏ដោយ បូរិទ្ធ​មិនភ្លេច​ពីការ​ថែទាំ​សុខភាព​របស់ខ្លួន​នោះទេ។ ខាងក្រោម​ជាវិធីនៃ​ការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​ពិធីករ ហែម បូរិទ្ធ។

  •  ការ​ថែរក្សា​សក់ ៖ សក់​គឺជាផ្នែក​មួយដ៏​សំខាន់​សម្រាប់​បូរិទ្ធ ដូចនេះ​នៅក្នុង​មួយថ្ងៃ​បូរិទ្ធ​កក់សក់​២ដង និង​អប់សក់​ម្ដង នៅក្នុង​មួយ​សប្ដាហ៍ ជាមួយ​នឹង​ផលិតផល​មាន​គុណភាព​ល្អ ដែល​ភរិយា​របស់​បូរិទ្ធ​ជាអ្នក​ជ្រើសរើស​ឱ្យ​ប្រើប្រាស់។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ជារៀង​រាល់ពេល​ក្រោកពី​គេង និងពេល​ចូលគេង បូរិទ្ធ​បានធ្វើ​ការ​សម្អាត​ស្បែកមុខ​ជាមួយ​ផលិតផល​ដែលល្អ និងជួយ​ការពារ​ស្បែកមុខ។ នៅពេល​ចេញទៅណា​មកណា​ម្ដងៗ បូរិទ្ធ​តែងតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ជាប្រចាំ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ បូរិទ្ធ​មិនមាន​អ្វីប្លែក​នោះទេ គឺ​គ្រាន់តែ​សម្អាត​បាក់តេរី​នៅដងខ្លួន​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ និង​ស្បៃដុសខ្លួន​ជារៀង​រាល់ពេល​ដែល​ងូតទឹក។ នៅពេល​ចេញក្រៅ​ម្ដងៗ បូរិទ្ធ​តែងតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ និង​ពាក់អាវ​ដៃវែង​ជានិច្ច។
  • ការ​ថែរក្សា​ភ្នែក ៖ បូរិទ្ធ​មិនសូវ​ជាយកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សាភ្នែក​ប៉ុន្មាន​នោះទេ។ នៅពេល​ដែលធ្វើ​ដំណើរ ទៅណា​មកណា​ម្ដងៗ បូរិទ្ធ​តែងតែ​ពាក់វ៉ែនតា​ការពារ​ពន្លឺថ្ងៃ។ ហើយ​នៅពេល​ដែលមាន​អារម្មណ៍​ថាភ្នែកមាន​បញ្ហា បូរិទ្ធ​បានប្រើ​ទឹកថ្នាំ​សម្រាប់​លាងសម្អាត​ធូលីដី​ដែលមាន​នៅក្នុង​ភ្នែកតែ​ប៉ុណ្ណោះ។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជារឿង​ដ៏សំខាន់។ បូរិទ្ធ​តែងតែ​ធ្វើការ​សម្អាតធ្មេញ​នៅក្នុង​មួយថ្ងៃ​បីដង និង​ទៅជួប​ជាមួយ​ទន្ដពេទ្យ​ធ្មេញ​រាល់ពេល​៦ខែម្ដង ដើម្បី​ធ្វើការ​សម្អាតធ្មេញ។ នៅក្រោយ​ពេលដែល​ទទួលទាន​អាហារ​ហើយ បូរិទ្ធ​តែងតែ​ប្រើសរសៃ​អំបោះ​សម្រាប់សម្អាត​ធ្មេញ និងមាន​ទឹកសម្រាប់​ខ្ពុរមាត់​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែទាំ​សុខភាព​រាងកាយ

  •  ការ​ទទួលទាន​ដំណេក ៖ បូរិទ្ធ​ទទួលទាន​ដំណេក​មិនបាន​គ្រប់គ្រាន់​នោះទេ ព្រោះដោយ​សារតែ​ការងារ។ ប៉ុន្ដែ​នៅពេល​ទំនេរ​ពីការងារ​បូរិទ្ធ​តែងតែ​ឆ្លៀតពេល​សម្រាក​ជានិច្ច។
  • ការ​ទទួលទាន​អាហារ ៖ បូរិទ្ធ​មិនដែល​ធ្វេស​ប្រហែស​នោះទេ ចំពោះ​ការទទួលទាន​អាហារ។ បូរិទ្ធ​តែងតែ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ច្រើន ដើម្បី​សុខភាព​រឹងមាំ និង​មានជីវជាតិ​បំប៉ន​ដល់រាងកាយ។
  • លំហាត់​ប្រាណ ៖ ចំពោះ​ការ​ហាត់ប្រាណ បូរិទ្ធ​តែងតែ​ធ្វើជាប្រចាំ​នៅពេល​ល្ងាច ដោយ​ចំណាយ​ពេលពី​មួយម៉ោង ទៅពីរ​ម៉ោង ដូចជា​លើកអាល់ទែរ លេងបាល់​ជាដើម។ បន្ទាប់​ពីហាត់​កីឡា បូរិទ្ធ​តែងតែ​ទៅស្ទីម​ដើម្បី​សុខភាព និង​សម្រស់។

បំណង​ទៅថ្ងៃ​អនាគត

ការងារ​ជាអ្នក​សិល្បៈ​សព្វថ្ងៃ​នេះ បូរិទ្ធ​បាន​ទទួល​ជោគជ័យ​ច្រើន ហើយ​ក៏ជា​ការងារ​ដែល​បូរិទ្ធស្រឡាញ់​ផងដែរ។ ក្រៅពីនេះ​បូរិទ្ធ​មិនមាន​បំណង​អ្វីនោះ​ទេ ដោយ​បូរិទ្ធ​គ្រាន់តែ​ចង់ឱ្យ​ការងារ និង​មុខរបរ​មានការ​រីកចម្រើន​ទៅមុខ​តែប៉ុណ្ណោះ។

បណ្ដាំ​ផ្ញើ​របស់ ហែម បូរិទ្ធ

សម្រាប់​យុវជន​និងយុវតី​ទាំងអស់ នៅពេល​ទំនេរ​មិនត្រូវ​ដើរលេង​ច្រើនពេក​នោះទេ គួរតែ​ឆ្លៀតពេល​សិក្សា​ឱ្យបាន​ច្រើន។ ជាពិសេស​ត្រូវនៅ​ឱ្យឆ្ងាយ​ពីគ្រឿង​ញៀន ព្រោះ​គ្រឿងញៀន​អាច​បំផ្លាញ​អនាគត​របស់​មនុស្សយើង​គ្រប់គ្នា។ បើមាន​ពេលទំនេរ​ច្រើន គួរតែ​ចេះប្រើពេលវេលា​ឱ្យមាន​តម្លៃ និង​គួរតែ​ឆ្លៀតពេល​លេងកីឡា​ឱ្យបាន​ច្រើន ដូចជា​លើក​អាល់ទ័រ ឬ​លេងបាល់ ដើម្បី​សុខភាព​ល្អ និងអាច​រក្សា​សម្រស់​បាន។

ប្រវត្ដិរូប​សង្ខេប

  •  ឈ្មោះ ៖ ហែម បូរិទ្ធ
  • អាយុ ៖ ២៧ឆ្នាំ
  • ថ្ងៃខែឆ្នាំ​កំណើត ៖ ០៣ សីហា ១៩៨៣
  • ទីកន្លែង​កំណើត ៖ កំពង់ចាម
  • កម្ពស់ ៖ ១,៧៥ម៉ែត្រ
  • ទម្ងន់ ៖ ៧០គីឡូក្រាម
  • បងប្អូន ៖ ៣នាក់ ប្រុស២ ស្រី១(ជាកូនច្បង)
  • អាជីពនា​ពេលបច្ចុប្បន្ន ៖ ជាពិធីករ
  • ស្ថានភាព​គ្រួសារ ៖ មានគ្រួសារ​ហើយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative