ទិវា​សិទ្ធិ​មនុស្ស

សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​គ្រប់រូប​មិនអាច​ដកហូត​ឬសាបសូន្យ​បានឡើយ ព្រោះថា​សេចក្ដី​ថ្លៃថ្នូរ​គឺជា​តម្លៃខ្លួន​របស់​មនុស្ស ហើយ​មនុស្ស​កើតមក​ជាមួយ​នឹង​សេចក្ដី​ថ្លៃថ្នូរ​នេះដូចៗ​គ្នា និង​ស្មើៗគ្នា។ សេចក្ដី​ថ្លៃថ្នូរ​មិនត្រូវ​បាន​នរណា​ម្នាក់​បែងចែក ឬ​កាត់ផ្ដាច់​ចេញពី​សិទ្ធិ​ណាមួយ​នៃប្រភេទ​សិទ្ធិ​ពលរដ្ឋ នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​បានឡើយ។ គ្រប់រូប​វន្ដបុគ្គល និង​នីតិបុគ្គល ត្រូវ​ទទួលបាន​នូវ​សេរីភាព​រួចចាក់​ផុតពី​ការ​យាយី បំភិត​បំភ័យ ទារុណ​កម្មគ្រប់​រូបភាព និង​ត្រូវតែ​មាន​សេរីភាព​ទទួលបាន​នូវ​សេចក្ដី​ត្រូវការ​ជាមូលដ្ឋាន។ និយាយ​រួមមក ការ​ធានា​រ៉ាប់រង និងការ​គោរព​ចំពោះ​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​ម្នាក់ៗ ត្រូវតែ​មាន​គ្រប់​កាលៈទេសៈ ​ទោះជា​បុគ្គលនោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏​ដោយ ឬ​ប្រទេស​ស្ថិតនៅក្នុង​សភាព​អាសន្ន​ក៏ដោយ​ក៏សិទ្ធិ​របស់​មនុស្ស​នៅតែមាន​ជានិច្ច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី លឹម មុនី ជាអនុ​ប្រធាន​ផ្នែកស្ដ្រី​នៃសមាគម​អាដហុក លោកស្រី​នឹង​បកស្រាយ​អំពី​ប្រវត្ដិខ្លះៗ​ដែល​និយាយ​អំពី​ទិវា​សិទ្ធិមនុស្ស ដើម្បី​ឱ្យលោកអ្នក​នាងកញ្ញា​បានយល់​កាន់តែ​ច្បាស់​ចំពោះ​បញ្ហានេះ។

ប្រវត្ដិ​នៃទិវា​សិទ្ធិមនុស្ស

ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​នេះ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​បានជ្រួត​ជ្រាបច្រើន ស្ដី​អំពី​ទិវា​សិទ្ធិមនុស្ស។ ក៏ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​ឬក៏មន្ដ្រី​រាជការ​មួយចំនួន​មិនទាន់បាន​ជ្រាប​ច្បាស់ថា តើ​សិទ្ធិមនុស្ស​មាន​ប្រវត្ដិ​យ៉ាងដូចម្ដេច​ខ្លះនោះ​ទេ។ គ្រាន់តែ​ដឹងថា​នៅថ្ងៃទី១០​ខែធ្នូ​គឺជាថ្ងៃ​នៃទិវាសិទ្ធិ​មនុស្ស។ ដូចនេះ​ដើម្បី​ឱ្យជ្រាប​កាន់តែ​ច្បាស់ យើងខ្ញុំ​សូមលើក​យកនូវ​ប្រវត្ដិខ្លះៗ​ស្ដីអំពី​ទិវា​សិទ្ធិមនុស្ស​ដែលមាន​ដូចតទៅ ៖

នៅក្នុង​សម័យ​សង្គ្រាម​លោកលើក​ទីពីរ​ឃើញថា​មាន​ប្រទេស និង​ប្រជាពលរដ្ឋ​នីមួយៗ​បាន​បែងចែក​វណ្ណៈ និង​អំណាច។ ឱ្យតែ​ប្រទេស​ណាជា​ប្រទេស​ដែល​ខ្លាំង មាន​អំណាច​ខ្លាំង​គឺជា​អ្នកឈ្នះ សូម្បីតែ​ក្នុងកុល​សម្ព័ន្ធ អ្នកណា​ដែលខ្លាំង​មានកម្លាំង​អាចប្រយុទ្ធ​ឈ្នះ អ្នកនោះ​គឺជា​អ្នកឈ្នះ ជាអ្នក​ត្រួតត្រា ជាអ្នក​គ្រប់គ្រង និង​ជាអ្នក​ដឹកនាំ​ជាដើម។ លើកឡើង​ពីប្រទេស​សហរដ្ឋអាមេរិច គឺជា​ប្រទេស​ដែលមាន​អំណាច​ជាង​ប្រទេស​អាហ្វ្រិច ក៏មានការ​ទិញប្រជាពលរដ្ឋ​របស់​ជនជាតិ​អាហ្វ្រិច​ដែល​ជាជនជាតិ​ស្បែកខ្មៅ យកមក​ធ្វើជាទាសករ​ដាច់ថ្លៃ។ ស្របពេល​ជាមួយ​នឹងការ​មើលឃើញ​ទៅនឹង​ការគាប​សង្កត់ និងការ​ប្រទូសរ៉ាយ​គ្នាផ្នែក​សង្គ្រាមនេះ​នៅក្នុង​ឆ្នាំ១៩៤៥។ នៅពេល​ដែល​សង្គ្រាម​លោកលើក​ទីពីរ​ត្រូវបាន​បញ្ចប់​គ្រប់​បណ្ដា​ប្រទេស​នានា​ដែលជា​អ្នកមើល​ឃើញនូវ​ទុក្ខវេទនា ដែល​ជាអ្នក​មានស្មារតី​យល់ដឹង​ក៏បាន​រួបរួមគ្នា​ប្រជុំ​ដើម្បី​រកដំណោះ​ស្រាយ ដើម្បី​កុំឱ្យ​អ្នកដែល​មានកម្លាំង​ដែលមាន​អំណាច​ធ្វើបាប​អ្នកដែល​គ្មាន​កម្លាំង ក៏បាន​បង្កើត​ទិវាសិទ្ធិ​មនុស្ស​នេះឡើង គឺ​នៅក្នុង​ថ្ងៃទី១០​ខែធ្នូ ឆ្នាំ១៩៤៨ រហូត​មកដល់​សព្វថ្ងៃ​នេះតែម្ដង។

សិទ្ធិ​មនុស្ស

សិទ្ធិ​មនុស្ស​ត្រូវបាន​គេឱ្យ​និយមន័យ​ផ្សេងៗ​គ្នាទៅតាម​កម្រិត​នៃការ​ស្រាយ​បំភ្លឺ​របស់មនុស្ស​ម្នាក់ៗ ដើម្បី​តម្រូវ​តាមការ​យល់ដឹង​របស់​ក្រុម​គោលដៅ​ផ្សេងៗគ្នា​ក្នុង​បរិបទ​សង្គមមួយ​ជាក់លាក់។ យ៉ាងណា​ក៏ដោយ​ក៏សកម្មជន​ខាងសិទ្ធិមនុស្ស​នៅពេល​នេះ បាន​មូលមតិ​ឱ្យនិយម​ន័យ​សិទ្ធិមនុស្ស​យ៉ាង​សាមញ្ញ​ថា“សិទ្ធិមនុស្ស​គឺជាអ្វីៗ​ដែល​សំខាន់ ចាំបាច់​សម្រាប់​ការ​រស់រាន​មានជីវិត​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ក្នុងភាព​ជាមនុស្ស”។ លោកអ្នក​អាចអង្គុយ​សមាធិ ពិចារណា និង​សួរ​ខ្លួនឯង​ថា ការ​កើតមក​ជាមនុស្ស តើ​ត្រូវមាន​អ្វីខ្លះ ដែល​មនុស្ស​បានកើតមក​ជាមួយ និង​មាន​សេចក្ដី​ត្រូវការ​អ្វីខ្លះ​ជាមួយ​នឹងអ្វី​ដែលមនុស្ស​បាន​កើតមក​ជាមួយ​នេះ។ នោះលោកអ្នក​នឹងយល់​ថាតើ​សិទ្ធិ​របស់​មនុស្សម្នាក់ៗ​មាន​អ្វីខ្លះ និង​ត្រូវ​ប្រើប្រាស់ និង​ការពារ​សិទ្ធិមនុស្ស​របស់ខ្លួន​យ៉ាង​ដូចម្ដេច។
ខាងក្រោម​នេះជា​ឧទាហរណ៍​ខ្លះៗ​ទាក់ទង​ទៅនឹង​ជំពូក​ធំពីរ​នៃសិទ្ធិមនុស្ស ដែលបាន​មកពី​ការ​សមាធិ និងការ​ពិចារណា​លើ​ចលនា​កម្រើក​ទាំងអស់​នៃខ្លួន​មនុស្ស ដែលបាន​ប្រាប់លោកអ្នក​នាងកញ្ញា​ថា តើ​មនុស្ស​មានសិទ្ធិ​មនុស្ស​អ្វីខ្លះ។

 

សិទ្ធិ​ពលរដ្ឋ និង​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌

  • សិទ្ធិ​រស់រាន​មានជីវិត
  • សិទ្ធិ​គ្មានការ​រើសអើង
  • សិទ្ធិ​មិន​ទទួលបាន​ការចាប់​ខ្លួន ឃុំខ្លួន​តាមអំពើ​ចិត្ដ
  • សិទ្ធិ​សេរីភាព​ក្នុងការ​ដើរហើរ
  • សិទ្ធិ​មិនទទួល​រងការ​ធ្វើ​ទារុណកម្ម
  • សិទ្ធិ​មានការ​ប្រជុំ​ដោយ​សន្ដិវិធី
  • សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ
  • សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ
  • សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ជាបេក្ខជន
  • សេរីភាព​នៅក្នុង​ការតាំងទី​លំនៅ – សិទ្ធិមាន​ចំណី​អាហារ​ហូប​គ្រប់គ្រាន់
  • សិទ្ធិ​ទទួលបាន​នូវ​លក្ខខណ្ឌ​រស់នៅ​សមរម្យ
  • សិទ្ធិ​មានការ​គាំពារ​ខាង​សុខភាព
  • សិទ្ធិ​មានផ្ទះ​សម្បែង និង​កម្មសិទ្ធិ​ដីធ្លី
  • សិទ្ធិ​ទទួលបាន​ការអប់រំ
  • សិទ្ធិ​មាន​ការងារ​ធ្វើ
  • សិទ្ធិមាន​ប្រាក់​កម្រៃ​ស្មើគ្នា​ចំពោះ​ការងារ​ដូចគ្នា
  • សិទ្ធិ​មិនរង​នូវការ​បង្ខំឱ្យ​ធ្វើការ​ហួសកម្លាំង
  • សិទ្ធិ​បង្កើត​សហជីព
  • សិទ្ធិ​សម្រាក​លំហែ​វិស្សមកាល ឬ​មាតុភាព
  • សិទ្ធិ​សម្ដែង​សិល្បៈ​វប្បធម៌

ការដាក់​ជាជំពូកធំ​ទាំងពីរ​ខាងលើ​នេះ ពុំមាន​ន័យថា​មានការ​បែងចែក​ដាច់ដោយ​ឡែក​ពីគ្នា​នៃសិទ្ធិមនុស្ស​ទេ ព្រោះថា​ជំពូកនេះ​មានការ​អាស្រ័យ​គ្នាទៅ​វិញទៅមក។ សិទ្ធិ​ទាំងអស់នេះ​មានការ​ទាក់ទង​នឹង​ចលនា​កម្រើក​របស់​មនុស្ស ហើយ​ការ​កាត់ផ្ដាច់ ឬ​ការគាប​សង្កត់​ទៅលើ​ចលនា​ណាមួយ​អាចជា​ផល​ប៉ះពាល់​ទៅដល់​ចលនា​មួយទៀត។ ដូច្នេះ​មនុស្ស​ត្រូវតែ​តភ្ជាប់​ការកាត់ផ្ដាច់​នោះ​មកវិញ ឬត្រូវ​រើពីការ​គាប​សង្កត់ ដោយការ​ហ៊ាន​តស៊ូ​ពុះពារ ដើម្បី​កុំឱ្យ​មាន​ការ​កាត់ផ្ដាច់​ឬការ​គាបសង្កត់ និង​ដើម្បី​ឱ្យមាន​កិច្ច​ការពារ​ជាស្ថិរភាព។ ការធ្វើ​កូដកម្ម បាតុកម្ម និង​ក្រោក​តស៊ូ​ប្រឆាំង​ទាំងឡាយ មិន​ទាំងអស់​ទេ អាច​​​​​​​​មក​ពីការ​គាបសង្កត់​ជិះជាន់​ដែល​មិនអាច​ស៊ូទ្រាំ​បាន។ មាន​ទ្រឹស្ដី​មួយបាន​និយាយ​ថា រដ្ឋាភិបាល​នឹងត្រូវ​ទទួលរង​នូវការ​ក្រោក​ប្រឆាំងពី​គ្រប់ស្រទាប់​នៃ​ប្រជាពលរដ្ឋ ដែល​រដ្ឋាភិបាល​មិន​បម្រើ​ដល់​ពួកគេ ឬ​គាបសង្កត់​លើ​ចលនាអ្វីមួយ​របស់​មនុស្ស​ដែលជា​ប្រជាពលរដ្ឋ​របស់​ខ្លួន។

យោបល់​អ្នក​ជំនាញ

ភាពជា​មនុស្ស​មិនមែន​ជារបស់​នោះទេ មនុស្ស​មិនអាច​លក់ដូរ​បាន មិនអាច​កាប់​សម្លាប់​បាន​នោះទេ។ មនុស្ស​គ្រប់រូប​ត្រូវតែ​យល់ដឹង​អំពី​សិទ្ធិ​ខ្លួនឯង ហើយ​ត្រូវតែ​ចេះថែរក្សា​សិទ្ធិ​ខ្លួនឯង និង​ត្រូវចេះ​គោរពសិទ្ធិ​អ្នកដទៃ។ កាលណា​បើ​លោកអ្នក​ស្គាល់​សិទ្ធិ ខ្លួនឯង តែ​លោកអ្នក​មិនបាន​អនុវត្ដ្ដ មិនបាន​យកមក​ប្រើប្រាស់ ដោយ​បណ្ដោយ​ឱ្យអ្នក​ដទៃ​បំពាន​លើខ្លួន​លោកអ្នក​បាន ហើយ​បែរជា​យក​គំនុំ​គុំកួន ឬ​ក៏មាន​អំពើ​ហិង្សា​យកមក​តបតវិញ នោះ​មិនមែន​ជាការ​គោរពសិទ្ធិ​មនុស្ស​ឬក៏ការ​ស្គាល់​អំពី​សិទ្ធិមនុស្ស​នោះទេ។ មនុស្ស​គ្រប់រូប​ត្រូវតែស្គាល់​អំពី​សិទ្ធិខ្លួន ហើយ​ត្រូវយក​សិទ្ធិ​ទាំងនេះ​មក​ប្រើប្រាស់ ​ជាពិសេស​ត្រូវតែ​ចេះគោរព​សិទ្ធិអ្នកដទៃ និង​សិទ្ធិ​ប្រទេសជាតិ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative