ព្រះមហាក្សត្រ​ខ្មែរ​នឹងយាង​ចូលរួម​ការ​ប្រារព្ធខួប​លើកទី២០​នៃមន្ទីរពេទ្យ​គន្ឋបុប្ផា

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះមរមនាថន​រោត្តម​សី​ហមុនី នឹងយាង​ចូលរួម​ពិធី​ប្រារពខួប​លើកទី២០​ឆ្នាំ នៃការ​បង្កើត​មន្ទីរពេទ្យ​គន្ឋ​បុប្ផា ដែលនឹង​ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។

សកម្មភាពនានារបស់ព្រះមហាក្សត្រ និងមន្ទីរពេទ្យគន្ធបុប្ផា

លោក​សាស្រ្តាចារ្យ ប៊ីត រីចនើរ ​(Beat Richner) នាយក​មូល​និធិគន្ឋ​បុប្ផា​​​បានមាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី១១ កញ្ញា​កន្លងមក​ថា នៅថ្ងៃ​ទី២១ កញ្ញា​វេលា​ម៉ោង​៦ល្ងាច ព្រះមហាក្សត្រ​កម្ពុជា​នឹងយាង​ទត​ការ​បញ្ចាំង​ឈ្មោះ My Umbrella (ឆ័ត្រ​របស់ខ្ញុំ) ជាខ្សែ​ភាពយន្ត​ដែល​បរិយាយ​លំអិត​ពីសកម្ម​ភាព​របស់​មន្ទីរពេទ្យ​ក្នុងរយៈពេល​២០ឆ្នាំ​កន្លងមក​នេះ។ លោក​បន្តថា នៅព្រឹក​ថ្ងៃទី២២ កញ្ញា ព្រះមហាក្សត្រ​កម្ពុជា​នឹងយាង​ចូលរួម​ពិធី ព្រមទាំង​ថ្លែង​សន្ទរកថា និង​កាត់​ខ្សែបូ​ដាក់​សម្ភោធ​ម៉ាស៊ីន​MRI​នៅមន្ទីរពេទ្យ​គន្ឋបុប្ផា​ក្បែរ​វត្តភ្នំ។

មន្ទីរពេទ្យ​គន្ឋបុប្ផា​ទី១ បានបើក​សម្ភោធ​នៅថ្ងៃ​ទី២២កញ្ញា​ឆ្នាំ១៩៩២ទី២ បើក​សម្ភោធ​នៅខែ​តុលាឆ្នាំ​១៩៩៦ ទី៣ បើក​សម្ភោធ​នៅខែ​ឧសភាឆ្នាំ​១៩៩៩ ដែល​ពេលនោះ​មានការ​យាង​ចូលរួម​ពីព្រះមហាវីរក្សត្រ​នរោត្តមសីហនុ និង​ប្រធានា​ធិបតីស្វីស ទី៤ សម្ភោធ​នៅខែ​ធ្នូឆ្នាំ​២០០៥ និង​មន្ទីរពេទ្យ​គន្ឋ​បុប្ផា​ទី៥ បើក​សម្ភោធ​នៅខែធ្នូ​ឆ្នាំ២០០៧។

លោក​សាស្រ្តាចារ្យ Beat Richner បានមាន​ប្រសាសន៍​ឲ្យដឹងថា​ចាប់តាំ​ង​​ពីឆ្នាំ​១៩៩៩​រហូតមក​ទល់ពេល​នេះ មន្ទីរពេទ្យ​បាន​ពង្រីក​ធំជាងមុន​រហូត​​ដល់៦ដង ដែល​រហូតមក​ទល់ពេល​នេះ មន្ទីរពេទ្យ​មានគ្រែ​សរុប​២០០០គ្រែ​ទាំង​នៅរាជធានី​ភ្នំពេញ និងខេត្ត​សៀមរាប។ អត្រា​ប្រើប្រាស់គ្រែ​មានពី​៩០ភាគរយ​រហូតដល់​១៥០​ភាគរយ នៃចំនួន​អ្នកជំងឺ​ធៀប​ជាមួយ​ចំនួន​គ្រែ។ លោក​បន្តថា នៅពេល​បើក​ដំណើរ​ការលើក​តំបូង​មន្ទីរពេទ្យនេះ​មាន​បុគ្គលិក​​បរទេស​ចំនួន​១៦នាក់ និង​បុគ្គលិក​ខ្មែរ​ចំនួន​៦៨នាក់ ប៉ុន្តែបច្ចុប្បន្ន​មាន​បុគ្គលិក​​បរទេស​តែ២នាក់ និង​បុគ្គលិក​ខ្មែរ​២៤០០នាក់។

លោក​បន្តថា “មន្ទីរពេទ្យ​នេះបាន​ក្លាយជា​មន្ទីរពេទ្យ​ធំជាងគេ​បង្អស់ក្នុង​ពិភពលោក និង​ចំណាយ​ប្រាក់​តិចជាងគេ ប៉ុន្តែ​ការ​ព្យាបាល​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ឋិភាព​ខ្ពស់ ”។ លោក​បន្តថា “ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​តាំងពី​ឃើញ​សម្តេច ហ៊ុន សែន និង​លោកជំទាវ​គតិព្រឹទ្ឋបណ្ឌិត​បរិច្ចាក​ប្រាក់ដល់​មន្ទីរពេទ្យ​នេះ​រួចមក មាន​ព្រះសង្ឃ ប្រជាជនខ្មែរ​សិស្ស និស្សិត ក្រុមហ៊ុន​ឯកជន​​បានបន្ត​ជួយដល់​មន្ទីរពេទ្យ​នេះ ខ្ញំ​សង្ឃឹម​ពួកគេ​នឹងបន្ត​ជួយ​ជាបន្ត​ទៀត​ទោះ​តិចក្តី​ច្រើនក្តី ”។

លោក​បន្ត​សម្តែងក្តី​រំភើប​ថា “ខ្ញុំឃើញ​មានការ​ជួយ​គាំទ្រ ខ្មែរចេះ​ជួយ​ខ្មែរ ខ្ញុំ​ពិតជា​រឿងរំភើប​និង​សប្បាយ​ចិត្តណាស់ ហើយ​ខ្ញុំស្ឃឹមថា​ពួកគេនឹង​បន្ត​គាំទ្រ​សម្រាប់​រយៈពេល​២០ឆ្នាំទៀ​ត ព្រោះ​ប្រជាជនខ្មែរ​គ្មាន​លទ្ឋភាព​បង់ថ្លៃ​​នៅតាម​សេវា​ឯកជន​នោះទេ”។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative