ទម្ងន់ខ្លួនត្រឺមត្រូវ និងសម្រកទម្ងន់

សូម​ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ! ខ្ញុំបាទ​គឺជា​មិត្ដអ្នក​អានម្នាក់​របស់​ទស្សនាវដ្ដី សុខភាព​យើង របស់​លោក​វេជ្ជបណ្ឌិត។ ខ្ញុំមាន​សំណួរ​មួយចំនួន​ដើម្បី​សាកសួរ​ដល់លោក​វេជ្ជបណ្ឌិត។ សំណួរ​មាន​ដូចខាង​ក្រោម ៖

1 .  ខ្ញុំមាន​កម្ពស់​១.៧៣​សង់ទីម៉ែត្រ ហើយ​មាន​ទម្ងន់​៨២​គីឡូក្រាម តើ​តួលេខ​ទាំងពីរ​នេះ​សមាមាត្រ​គ្នាទេ?

2 .  ខ្ញុំចង់​ទទួលបាន​ដំបូន្មាន​ពីលោក​វេជ្ជបណ្ឌិត ព្រោះថា​ខ្ញុំចង់​បាន​វិធី​សម្រក​ទម្ងន់​ដែល​ងាយៗ ហើយ​មាន​ប្រសិទ្ធភាព។

3 .  ខ្ញុំមាន​អាការ​ឆាប់បែក​ញើស​នៅ​បរិវេណ​ក្លៀក តែ​មិនមាន​ក្លិនទេ តែញើស​ច្រើន​រហូត​សើមអាវ​គ្រប់ពេល តើ​វាជា​ជម្ងឺដែរ​ឬទេ ហើយ​មាន​វិធីណា​ដើម្បី​ការពារ​កុំឱ្យ​វាកើត​ឡើង​ទៀត?

សូម​លោក​វេជ្ជបណ្ឌិត​មេត្ដា​ជួយ​ណែនាំ។ សូម​ឱ្យ​ទេវតា​រក្សាលោក​នេះតាម​ថែរក្សា​ការពារ​លោក​វេជ្ជបណ្ឌិត ឱ្យមាន​សុខភាព​មាំមួន និង​ជួបតែ​ពុទ្ធពរ​បួនប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ។ សូម​អរគុណ។     លោក. ស .អ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជម្រាប​សួរប្អូន​ប្រុស សូម​អរគុណ​ដែលបាន​គាំទ្រ​ទស្សនាវដ្ដី សុខភាព​យើង និង​សរសេ​សំបុត្រ​សួរជា​សំណួរ​មកខ្ញុំ​បាទ។ ខ្ញុំបាទ​សូមធ្វើ​ការឆ្លើយ​នឹង​សំណួរ​ប្អូន​ប្រុស​ទាំង៣​ដូចតទៅ ៖

1 . តាម​តួលេខ​កម្ពស់ និង​ទម្ងន់ខ្លួន​ដែលប្អូន​ប្រាប់មក​នេះ យើងអាច​ធ្វើការ​គណនា​ទម្ងន់​ខ្លួន​ត្រឹមត្រូវ ឬមិន​ត្រឹមត្រូវ គឺជា​សមាមាត្រ​ដែល​ប្រាប់ពី​កម្រិត​ម៉ាសខ្លួន។ ៨២ចែក​(១,៧៣ X ១,៧៣)​ស្មើ២៧,៤ គឺជា​កម្រិត​ម៉ាសខ្លួន​ឬសមាមាត្រ​ដែល​ប្រាប់ថា​ប្អូនប្រុស​លើសទម្ងន់​ឬធាត់។ បើ​តាម​កម្ពស់​របស់ប្អូន​ប្រុស​១,៧៣ម៉ែត្រ ប្អូនប្រុស​ត្រូវមាន​ទម្ងន់​ខ្លួន​ត្រឹមត្រូវ​មួយ​ចន្លោះពី​៦០ទៅ ៧១,៥​គីឡូក្រាម ដែលជា​ទម្ងន់​មួយ​ធ្វើឱ្យ​ប្អូនប្រុស​មាន​សុខភាព​ល្អ និងមាន​សម្រស់​រាងកាយ​សង្ហា​ឬ​សមសួន។

2 . បើនិយាយ​អំពី​វិធី​សម្រក​ទម្ងន់ គឺមាន​ច្រើនបែប​ច្រើនយ៉ាង។ វិធី​ដែលល្អ​គឺត្រូវ​អនុវត្ដ​តាមបែប​ធម្មជាតិ គឺ​របប​នៃការ​ទទួលទាន​ចំណី​អាហារ និង​ការហាត់​ប្រាណ​ត្រឹមត្រូវ។ ប្អូនប្រុស​ត្រូវ​កាត់បន្ថយ​ការ​ទទួលទាន បើ​ករណី​ប្អូនប្រុស​ធាត់​ដោយសារ​ទទួលទាន​ច្រើន​ជ្រុល។ ប្អូនប្រុស​អាចបន្ដ​ទទួល​ទាន​៣ពេល​ក្នុងមួយ​ថ្ងៃដដែល ដោយ​គ្រាន់តែ​បន្ថយ​បរិមាណ​ពីច្រើន​ជ្រុលមក​នៅត្រឹម​ល្មម។ ព្រោះ​ដោយសារ​បរិមាណ​អាហារ​ដែលលើស​នោះ​ហើយ បាន​ជាខ្លួន​ប្រាណប្អូន​ប្រុស​សម្បូរ​ទៅដោយ​ខ្លាញ់ ដែលជា​ស្ថានភាព​លើស​ទម្ងន់ខ្លួន​ឬធាត់។ ម្យ៉ាងទៀត​ការហាត់​ប្រាណ ឬ​ការលេង​កីឡា​ជាជំនួយ​អាចជួយ​ប្អូនប្រុស​ឱ្យជម្រុះ​ចោលនូវ​កាឡូរី​ដែល​លើស មិនផ្ដល់​ឱកាស​ឱ្យកាឡូរី​ដែល​សេសសល់​ទាំងនោះ​បង្កើត​ជាជាតិ​ខ្លាញ់ ដើម្បី​ស្ដុកទុក​នៅក្នុង​ខ្លួននោះ​ឡើយ។ បែបនេះ​ជាវិធី​សម្រក​ទម្ងន់​ធម្មតា​ដែលប្អូន​ត្រូវធ្វើ បើ​នៅតែ​គ្មាន​ប្រសិទ្ធភាព​គឺត្រូវ​ឈានទៅ​រកការ​វាយតម្លៃ​ដើម្បី​រកវិធី​ផ្សេងទៀត​បែប​វេជ្ជសាស្ដ្រ ដែល​មានតែ​គ្រូពេទ្យ​ជំនាញ​ទេដែល​អាចជួយ​ប្អូនប្រុស​បាន​ត្រឹមត្រូវ និង​ផ្ដល់​ជាការ​សម្រេចចិត្ដ​មួយល្អ​ក្នុងការ​សម្រក​ទម្ងន់។

3 . ការ​ចេញញើស​គឺជាការ​ឆ្លើយតប​ជាធម្មជាតិ​របស់​មនុស្ស ជាពិសេស​គឺស្ថិត​នៅពេល​ដែល​នៅក្នុង​ស្ថានភាព​អាកាស​ធាតុក្ដៅ សម្លៀក​បំពាក់​ក្រាស់ ឬ​ប្រតិកម្ម​ទៅនឹង​ស្បែក​របស់​ប្អូនប្រុស​ជាដើម។ វិធី​បំបាត់​ញើស​ដ៏មាន​ប្រសិទ្ធភាព​គឺត្រូវ​រកឱ្យ​ឃើញ​ពីមូលហេតុ​ពិតប្រាកដ។ ករណី​ប្អូនប្រុស​អាចមក​ពីប្អូន​ប្រុស​លើសទម្ងន់​ដែល​នាំឱ្យ​ជាតិខ្លាញ់​នៅក្នុង​ខ្លួនច្រើន នាំឱ្យ​មាន​ក្រពេញ​ញើស បញ្ចេញ​ជាតិទឹក និង​ជាតិខ្លាញ់​សេប៊ុម​មកក្រៅ​ច្រើន ការ​ក្ដៅស្អុយ ឬ​ស្ថានភាព​ប្រតិកម្ម​ណាមួយ។ នៅមាន​កត្ដា​ផ្សេងទៀត ដូចជា​វិបត្ដិ​មេតាបូលីស​ក្នុងខ្លួន និង​កត្ដា​ចំណីអាហារ​ដែលអាច​ធ្វើឱ្យ​មានវិបត្ដិ​បែកញើស​ទាំងនេះ​កើតឡើង​ផងដែរ។ ជាដំបូន្មាន​សម្រាប់ព្យាបាល​គឺត្រូវ​រកឱ្យ​ឃើញពី​មូលហេតុ និង​កម្ចាត់​មូលហេតុ​ទាំងនោះ​ចោល។ ហេតុនេះ​សូមប្អូន​ប្រុស​ទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ដោះស្រាយ​ទើបជាការ​ប្រសើរ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative