វីតាមីន​ (ត) ៖ វីតាមីន​អឺ

វីតាមីន​ជាច្រើន​មុខមក​ហើយ បានបង្ហាញខ្លួ​នជា​សាធារណៈ​នៅលើ​ទំព័រ​ទស្សនា​វដ្ដី សុខភាព​យើង នៅក្នុង​ឆ្នាំ២០១០​នេះ។ វីតាមីន​នីមួយៗ​មាន​តួនាទី និង​លក្ខណៈ​សម្បត្ដិ​រៀងៗ​ខ្លួន។ ពេលនេះ​វីតាមីន​ដែលល្បី​ឈ្មោះ​ខាងការ​ប្រើប្រាស់​ដើម្បី​ថែ​សម្រស់​ស្បែក និងវ័យ​ឱ្យនៅ​ក្មេង បាន​ចូលខ្លួន​មកបង្ហាញ​ហើយ គឺ​វីតាមីន​អឺ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​អឺ

វីតាមីនអឺ​ឬវីតាមីន​អ៊ី9បែ ឬហៅ​ជាភាសា​គីមី​សាស្ដ្រ​ថា តូកូផេរ៉ុល ឬ​តូកូទ្រី​អេណុល។ អ្នកខ្លះ​បានដាក់​ឈ្មោះ​វីតាមីនអឺ​ថា ជាវីតាមីន​បង្កើន​អាយុ។

ប្រឆាំង​អុកស៊ីដកម្ម ៖ ជារួម​វីតាមីនអឺ​ត្រូវបាន​ចាត់ទុក​ជាក្រុម​វីតាមីន​ប្រឆាំង​អុកស៊ីដកម្ម។ អំណាច​ប្រឆាំង​នឹង​អុកស៊ីដកម្ម​របស់​វីតាមីនអឺ​មាន​កម្រិត​ធំធេង​ជាងវីតាមីន​សេ​ដល់ទៅ​៣ដង​ឯណោះ រីឯ​សកម្មភាព​ជាចម្បង​របស់​វាកើត​ឡើង​តាមរយៈ​ការ​ការពារ​សារធាតុ​ខ្លាញ់។

  • ជួយ​បង្កើន​អាយុ ៖ វីតាមីនអឺ​ជួយប​ង្ការ ឬ​ទប់ស្កាត់​នូវអ្វី​ដែល​កើតមាន​ឡើង​ទាក់ទង​នឹង​ការវិវត្ដន៍​នៃវ័យ និង​អុកស៊ីដកម្ម​នៃ​សារធាតុ​ចិញ្ចឹម​ឬបំប៉ន​ជាច្រើន​ដទៃទៀត។ វាក៏​ប្រឆាំង​ផងដែរ​នឹងការ​បង្កើត​រ៉ាឌីកាល់​សេរី ដែល​បណ្ដាល​មកពី​ចំណី​អាហារ ដែល​សម្បូរ​ទៅដោយ​សារធាតុខ្លាញ់ឆ្អែត​ភ្ជាប់​ជាមួយ​អុកស៊ីសែន។ តាមរយៈ​សកម្មភាព​ដ៏ទូលំ​ទូលាយ​នេះ វីតាមីនអឺ​ពន្យារការ​ឆាប់ចាស់​នៃសព៌ាង្គកាយ និង​ការពារ​ខ្លួន​មនុស្ស​ពីឥទ្ធិពល​អាក្រក់​នៃការ​បំពុល​បរិស្ថាន។
  • ជួយ​ប្រឆាំង​ជម្ងឺ​មហារីក ៖ វីតាមីនអឺ​ពង្រឹង​សកម្មភាព​របស់​វីតាមីនសេ​ប្រឆាំង​នឹង​សារធាតុ​នីត្រូសាមីន ដែល​សារធាតុ​បង្កបង្កើត​ឱ្យមាន​ជម្ងឺ​មហារីក។
  • ជួយ​បេះដូង​សរសៃ​ឈាម ៖ វីតាមីនអឺ​ដែលជា​មិត្ដ​របស់​បេះដូង​ទប់ស្កាត់​ការបង្ក​បង្កើត​ជាកំណក​ឈាម ជាពិសេស​ទប់ស្កាត់​ជម្ងឺ​ខ្សោយ​សរសៃឈាម​វ៉ែន​នៅជើង។ ម្យ៉ាងទៀត​វាក៏ជួយ​កាត់​បន្ថយ​ផងដែរ​នូវវិបត្ដិ​បេះដូង ដោយ​បញ្ចៀស​បាននូវ​ការឡើង​រឹង នៃ​សរសៃ​ឈាម។
  • តួនាទី​ផ្សេងៗ​ទៀត ៖ ក្រៅពី​តួនាទី​សំខាន់ៗ​ខាងលើ វីតាមីនអឺ​មាន​តួនាទី​សំខាន់​ផ្សេងទៀត​គួរឱ្យ​កត់​សម្គាល់ ជាអាទិ​វាជួយ​កាត់បន្ថយ​ការ​ហត់នឿយ​អស់​កម្លាំង បង្ការការ​ចុះខ្សោយ​លិង្គ ទប់ស្កាត់​វិបត្ដិ​លិង្គ​មិនសូវ​ឡើងរឹង​(ឬងាប់) ធ្វើឱ្យ​ការមាន​កូនរឹតតែ​ប្រសើរ​ឡើង​(ឆាប់មាន​កូន) និង​វីតាមីនអឺ​ជួយ​ជម្រុះ​ចេញនូវ​ជាលិកា​ដំបៅរលួយ។

របប​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីនអឺ

ខ្លួនប្រាណ​មនុស្សយើង​ត្រូវការ​ទទួលទាន​ចូល​ទៅក្នុង​ខ្លួន​ជាប្រចាំ​នូវ​វីតាមីនអឺ​ក្នុង​បរិមាណ​ចំនួន​ប្រមាណ​១២ឯកតា តូកូផេរ៉ុល ដែលជា​តួលេខ​ផ្លូវការណ៍​សម្រាប់​មនុស្ស​ពេញវ័យ​ទូទៅ។ តាមពិត​តម្រូវការ​ដែលអាច​បង្ការ ឬ​ការពារ​ប្រកប​ទៅដោយ​ប្រសិទ្ធភាព គឺ​ត្រូវមាន​បរិមាណ​ពី៥០​ទៅ៨០​ឯកតា​តូកូផេរ៉ុល​(១ឯកតា​តូកូផេរ៉ុល=​១មីលីក្រាម)។

កង្វះ​វីតាមីន​អឺ នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​មនុស្សយើ​ង​ទទួលទាន​វីតាមីនអឺ​មិនបាន​គ្រប់គ្រាន់​នោះទេ អាច​នាំឱ្យ​ប៉ះពាល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនេះ​រួមមាន​ភាព​អាកើត​មាននៅលើ​មនុស្ស​ប្រុសស្រី​ដែលកំពុង​ពេញវ័យ ឆាប់ចាស់​មុនអាយុ កើតរោគ​ខូចគ្រាប់​ឈាម ក្រហម​នៅលើ​ទារក ការ​កើតមាន​ឡើងនូវ​ជម្ងឺ​ចាស់​មួយចំនួន​(ជម្ងឺវង្វេង​ចាស់​អាល់ហ្សែមម៊រ ជម្ងឺ​ប៉ាកគីន​សុនជាដើម) ព្រមទាំង​ភាពចាស់​យ៉ីយ៉ាក​នៃសាច់ដុំ។

ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីនអឺ

វីតាមីនអឺ​មាន​នៅលើ​ចំណីអាហារ​មួយចំនួន ជាពិសេស​នៅក្នុង​ចំណី​អាហារ ដូចជា​ប្រេងរុក្ខជាតិ ស្លឹក​ដើមគ្រាប់​ធញ្ញជាតិ បន្លែ​បៃតង និង​ផ្លែឈើ​មួយចំនួន ព្រមទាំង​សណ្ដែក​សៀង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេល​ដែលគួរ​ប្រើប្រាស់​ថ្នាំវីតាមីនអឺ

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​ថ្នាំវីតាមីនអឺ​បន្ថែម​មាន​ដូចតទៅ ៖

  • អ្នកកីឡា​(ប្រើ​កម្រិតពី​២០០​ទៅ១០០០​ឯកតា​តូកូផេរ៉ុល ឬ​មីលីក្រាម​ក្នុង​១ថ្ងៃ នាំឱ្យ​កម្លាំង​នៃការ​ខំប្រឹងប្រែង​អាចមាន​រយៈពេល​យូរ និង​ទ្រាំទ្របាន​ប្រសើរ​ជាងមុន ពីព្រោះ​ថាវីតាមីន​នេះអាច​ជួយធ្វើ​ឱ្យការ​ដកដង្ហើម​របស់​កោសិកា​រឹតតែ​ប្រសើរឡើង)
  • មនុស្ស​វ័យចំណាស់​(៥០មីលីក្រាម​ក្នុង១ថ្ងៃ)
  • អ្នកដែល​ទទួលទាន​ជាតិខ្លាញ់​ច្រើន ករណី​ចង់​កាត់បន្ថយ​អាស៊ីដ​ជាតិខ្លាញ់​ឆ្អែត​(ប្រេងរុក្ខជាតិ ត្រីខ្លាញ់) នោះ​លោកអ្នក អាច​បង្កើនការ​ប្រើ​វីតាមីនអឺ
  • ករណី​ស្ដ្រីដែល​ប្រើប្រាស់​គ្រាប់ថ្នាំ​ពន្យារ​កំណើត
  • ស្ដ្រីមាន​ផ្ទៃពោះ ឬស្ដ្រី​បំបៅដោះ​កូន
  • អ្នកមាន​វិបត្ដិ​ផ្លូវភេទ
  • អ្នក​ទទួលទាន​បារី ឬ​ថ្នាំជក់
  • អ្នក​រស់នៅ​តំបន់​បំពុល​ដោយ​បរិស្ថាន និង​ខ្យល់អាកាស​ពុល
  • ករណី​ព្យាបាល ឬ​ប្រើប្រាស់​អ័រម៉ូន អឺត្រូសែន​គីមី។

តម្រូវការ​ថ្នាំ​វីតាមីនអឺ​ជាប្រចាំ​ថ្ងៃ

តម្រូវការ​របស់យើង​ជាប្រចាំថ្ងៃ​នៃ​វីតាមីនអឺ ដែលជា​តួលេខ​ជាផ្លូវការ​គឺពី១២​ទៅ១៥​ឯកតាតូកូផេរ៉ុល ប៉ុន្ដែ​តាមការ​ប្រើប្រាស់​ជាក់ស្ដែង​គឺមាន​តម្រូវការ​ម្ដុំ៥០ឯកតា។ ជួនកាល​តម្រូវការ​នេះអាច​កើនឡើង​ដល់ទៅ​១០០០​ឯកតា​ទៅតាម​អាយុ ភេទ និង​ជីវភាព​រស់នៅ។ល។ ជាឧទាហរណ៍ បរិមាណ​ដូសប្រើ​ប្រាស់​ត្រូវមាន​ពី២០០​ទៅ៤០០​ឯកតា​ក្នុង១ថ្ងៃ ក្នុង​ករណី​ខ្សោយលិង្គ ឬ​ពិបាក​មានកូន​(ភាពអា) ទាំង​នៅលើ​មនុស្សស្រី ទាំង​នៅលើ​បុរសភេទ។

សូមកត់​ចំណាំ និង​ចងចាំ​ថា ដើម្បីការ​ប្រើប្រាស់​វីតាមីនអឺ​ប្រកប​ទៅដោយ​គុណ​ប្រយោជន៍​ខ្ពស់ ឬ​សកម្មភាព​ជាក់ស្ដែង វីតាមីនអឺ​គួរតែ​ប្រើប្រាស់​ជាមួយ​វីតាមីនសេ បែតតាការ៉ូទែន និង​សារធាតុ​សេឡេនីយ៉ូម។ ការ​ប្រើប្រាស់​បែបនេះ មិនមាន​ការពុល​នោះទេ។ ផ្ទុយ​ទៅវិញ ត្រូវ​ធ្វើការ​ប្រុងប្រយ័ត្ន​ក្នុង​ករណី​លោកអ្នក​ដែល​កំពុង​ព្យាបាល​ដោយថ្នាំ​ឃាត់ឈាម ព្រោះ​វីតាមីនអឺ​អាច​ធ្វើឱ្យហូរ​ឈាម​ឬហូរឈាម​រឹតតែ​ខ្លាំង ក្នុង​ករណី​ប្រើប្រាស់​វាក្នុង​បរិមាណ​ដូស​ប្រើប្រាស់​ខ្ពស់។

អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative