ប្រច័ណ្ឌ​​ច្រើន​​​ជារោគចិត្ដ

ជាការពិតណាស់ពាក្យថាប្រច័ណ្ឌគឺកើ​​តឡើងពី​​​​​​​​​​​​​​​​​​​​​សេចក្ដីស្រឡាញ់ សេចក្ដី​ស្រឡាញ់​ខ្លាំង​ទើប​ធ្វើឱ្យ​មានចិត្ដ​ប្រច័ណ្ឌ។ ប៉ុន្ដែ​បើសិន​ជាការ​ប្រច័ណ្ឌ​រហូតដល់​ការប្រើ​អំពើហិង្សា​វាមិនមែន​ជារឿង​មួយដែល​ល្អឡើយ ព្រោះករណី​នេះអាច​ទុកថា​ជា​អំពើខុសច្បាប់។​ ការប្រច័ណ្ឌ​ហួសហេតុ​អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ជាច្រើន ដូចជា​ប៉ះពាល់​ដល់​បុគ្គល​ខ្លួនឯង ដៃគូប្ដី​ឬប្រពន្ធ រួមទាំងក្រុម គ្រួសារ ជាពិសេស​អាចបណ្ដាល​ឱ្យកើត​មានបញ្ហា​ផ្លូវចិត្ដ​ឬជម្ងឺ​ផ្លូវចិត្ដ​ថែមទៀត​ផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខនេះ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ​ នឹងបក​ស្រាយអំពី​ភាពប្រច័ណ្ឌ​អាចបណ្ដាល​ឱ្យកើត​មានរោគចិត្ដ ដើម្បីលោក​អ្នកបាន​យល់នឹង​ជ្រាបឱ្យ​កាន់តែ​ច្បាស់អំពី​បញ្ហានេះ។

ទំនាក់ទំនងនៃការប្រច័ណ្ឌ និងសុខភាពផ្លូវចិត្ដ

ពាក្យថាប្រច័ណ្ឌវាជាភាសាខ្មែរមួយដ៏សាមញ្ញ ហើយវា​កើតឡើង​មកពី​សេចក្ដី​ស្រឡាញ់។ ការស្រឡាញ់​បុគ្គលណា ក៏ដូចជា​បុគ្គល​ណាដែរ ក្នុងនាម​ជាដៃ​គូស្នេហា ក្នុងនាម​ជាប្ដីប្រពន្ធ កាលណា​ដែលមាន​ចិត្ដ​ស្រឡាញ់​ហើយ គឺតែងតែ​មានលក្ខណៈ ច្រណែន ​និងប្រច័ណ្ឌ។ ដូចនេះការ​ប្រច័ណ្ឌគឺមាន​ពីរប្រភេទ៖

១ . ការប្រច័ណ្ឌធម្មតា ៖ បើសិនជាមានលក្ខណៈ​មួយផ្ដល់​សញ្ញាឱ្យ​ដៃគូ ឬក៏​រូបភាព​ណាមួយ​ឱ្យប្ដីប្រពន្ធ ឬក៏ដៃ​គូឃើញ​ នូវលក្ខណៈ​សមហេតុ​សមផល ការប្រច័ណ្ឌ​គឺត្រឹមត្រូវ។ នេះគឺជា​ចិត្ដឬ​ជាអារម្មណ៍​របស់មនុស្ស​ម្នាក់ៗ ដែលតែងតែ​កើតមាន​ការប្រច័ណ្ឌ​ ពេលវា​ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌ​មានន័យ​ថាធម្មតា។ ហេតុអ្វី​បានជា​យើង​និយាយ​ថាធម្មតា? ព្រោះដោយ​សារតែ​រូបភាព​ឬក៏សញ្ញា​ដែលបង្ហាញ​ឱ្យដៃគូបាន​ដឹងឮ​ឬក៏ឃើញ​សញ្ញាណាមួយ ដែល​សមស្រប​ធ្វើឱ្យ​អារម្មណ៍ផ្លូវ​ចិត្ដប្រច័ណ្ឌ ភាពប្រច័ណ្ឌ​នេះវា​នឹងបាត់​ ទៅវិញ​នៅថ្ងៃ​ស្អែក​ឬក៏ខាន​ស្អែកភ្លាមៗ។ ការប្រច័ណ្ឌ​នេះមិន​បានបន្ដ​យូរនោះទេ នេះជា​អារម្មណ៍​ធម្មតា​របស់មនុស្ស​ចំពោះការ​ប្រច័ណ្ឌ។

២ . ការប្រច័ណ្ឌខុសពីធម្មតា ៖ ការប្រច័ណ្ឌមួយនេះ​គឺជា​បញ្ហា​ផ្លូវចិត្ដ​ឬក៏​ជម្ងឺផ្លូវចិត្ដ ព្រោះមាន​ជម្ងឺមួយ​ដែលធ្វើ​ឱ្យបុគ្គល​ ដែលមាន​បញ្ហាផ្លូវ​ចិត្ដឬក៏​ជម្ងឺផ្លូវចិត្ដ​ទៅកើត​ការប្រច័ណ្ឌ​ខុសពី​ធម្មតា ខុសពី​ប្រក្រតី ហើយជម្ងឺ​នេះអាច​ជាជម្ងឺ​ធ្ងន់ធ្ងរ។ ការ​ប្រច័ណ្ឌ​ខុសពី​ធម្មតា​ដែលនៅ​តែបន្ដ​ច្រើនខែ អមជាមួយ​នឹងសញ្ញា​ផ្សេងៗ​ជាច្រើនទៀត ដូចជា​ទទួលទាន​ដំណេក​មិនបាន អាកប្ប​កិរិយា​ចម្លែក​ ពាក្យសម្ដី​ប្លែកៗ នេះគឺជា​ការប្រច័ណ្ឌ​ដែលអាច​បណ្ដាលឱ្យ​មានបញ្ហា​ផ្លូវចិត្ដ។ ក៏ប៉ុន្ដែ​មានបុគ្គល​មួយចំនួន​ដោយសារ​ចរិត និង អាកប្ប​កិរិយា​របស់បុគ្គល​ប្រភេទនេះ ការប្រច័ណ្ឌ​ហាក់​ដូចជា​ជ្រុលខុស​ពីធម្មតា​ពីបុគ្គល​មួយ​ផ្សេងទៀត បើសិន​ជាប្រៀបធៀប​ទៅនឹង​ បុគ្គលដែល​ប្រច័ណ្ឌ​ធម្មតា។ យើងមិន​អាចចាត់​ទុកថា​ការប្រច័ណ្ឌ​អាចកើត​ទៅជា​ជម្ងឺផ្លូវចិត្ដ ឬបញ្ហា​ផ្លូវចិត្ដ​ទាំងអស់​នោះទេ។ ដូចនេះ​ វាមាន​លក្ខណៈ​ចែកដាច់​ពីគ្នា ដោយមាន​ការប្រច័ណ្ឌ​ធម្មតា​ហើយបាត់​ទៅវិញ។ ការប្រច័ណ្ឌ​ហួសហេតុពេក ថ្ងៃណាមួយ​ភាពខឹង​ ភាពក្រេវក្រោធ ច្រណែន នឹងអាចមាន​ជម្ងឺផ្លូវចិត្ដ អាចបង្ក​ឱ្យមាន​បញ្ហា​ផ្លូវចិត្ដ​ឬជម្ងឺ​ផ្លូវចិត្ដ ធ្វើឱ្យ​អារម្មណ៍​ទៅជា​តានតឹង ឈឺចាប់​ ទទួលទាន​ដំណេក​មិនបាន ទទួលទាន​បាយមិន​ឆ្ងាញ់។ បើមាន​បញ្ហា​ណាមួយ​ឬសម្ពាធណា​មួយមក​ចូលរួម​ទៀតក្នុង​ពេលដែល​ប្រច័ណ្ឌ​ ហួសហេតុ​ទៀត អាចធ្វើ​ឱ្យបុគ្គល​ប្រភេទនេះ​កើតមាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវចិត្ដ។

ផលប៉ះពាល់នៃការប្រច័ណ្ឌចំពោះអ្នកមានវិបត្ដិផ្លូវចិត្ដ

ករណីអ្នកដែលប្រច័ណ្ឌជ្រុលហួសហេតុពេក និងចិញ្ចឹម​ចិត្ដនៅតែ​គិតប្រច័ណ្ឌ​ហួងហែង​ដោយមិន​យកហេតុ​ផលមក​ ពិចារ​ណា​ឱ្យបាន​ត្រឹមត្រូវ ឧទាហរណ៍ ប្រច័ណ្ឌ​រហូតទៅ​ដល់ថ្នាក់​ប្ដីឬប្រពន្ធ​ចេញពី​ធ្វើការ​ហើយមិន​ទាន់មក​ដល់ផ្ទះ ដោយសារ​ មានការ​រវល់​ជាមួយ​នឹង​ការងារ​ច្រើន ហើយបែរ​ជាប្រច័ណ្ឌ​ខុសរឿង​ខុស​ទំនង។ នោះអាច​និយាយបាន​ថាបុគ្គល​ប្រភេទ​នេះងាយ​នឹងមានការ​ប៉ះពាល់​បញ្ហា​ផ្លូវចិត្ដ​ច្រើនចំពោះ​បុគ្គល​ខ្លួនឯង ជាពិសេស​ប៉ះពាល់​ប្ដីឬប្រពន្ធ​ឬក៏ដៃគូ។ ព្រោះកាលណា​បើសិន​ជាមួយ​ថ្ងៃៗគិត តែពី​ប្រច័ណ្ឌ​ គិតតែ​ពីខឹង​នឹងអ្នក​ដទៃ គឺអាចឈាន​ទៅដល់​ការបែក​បាក់គ្នា រស់នៅ​ផ្សេងគ្នា ហើយបើ​អ្នកមាន​កូនហើយ​នោះក៏អាច​ ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់កូន នៅពេល​ដែលឪពុក​ឬម្ដាយ​ដែល​ប្រច័ណ្ឌ​ខ្លាំងពេក​បង្កើតឱ្យ​មានបញ្ហា​ក្នុងគ្រួសារ បែកបាក់​គ្រួសារ។​ ហើយវា​នឹងផ្ទុះ​ឡើងនូវ​ជម្ងឺផ្លូវ​ចិត្ដពិតៗ នៅពេល​ក្រោយដែល​កើតមាន​បញ្ហាបែក​បាក់គ្នា។ នេះគឺ​ជារូបភាព​នៃការ​ប្រច័ណ្ឌ គឺវាអាចបង្កឱ្យ​មានបញ្ហា​បែបនេះ។​ ក៏ប៉ុន្ដែ​ការប្រច័ណ្ឌ​ខ្លះគឺ​វា​សមហេតុ​សមផល ដោយមាន​ការ​ពិចារណា​បាន​ត្រឹមត្រូវ។ ចំណែកឯ​ផលប៉ះពាល់​មួយទៀត​នោះ គឺអាច​ឈានទៅ​ដល់ការ​ប្រើប្រាស់​អំពើហិង្សា​នៅក្នុង​គ្រួសារ ប៉ះពាល់​ដល់បញ្ហា​សេដ្ឋកិច្ច ឈានទៅដល់ ការបែកបាក់​ ឈានទៅ​ដល់បញ្ហា​ផ្លូវចិត្ដ។ ព្រោះកាលណា​បើសិន​ជាការ​ប្រច័ណ្ឌ​មិនសម​ហេតុផល មានបុគ្គល​មួយចំនួន​នោះ​ប្រច័ណ្ឌ​ រហូតទៅ​ដល់យក​ខោក្នុង​មកហិត​មើលឬ​ពិនិត្យ​មើលក្រែង​មានក្លិន​អ្វីឬស្លាក​ស្នាម​ផ្សេងៗទៀត។ នេះគឺជា​អាការៈ​នៃជម្ងឺ​ពិតប្រាកដ ថ្វី​ ត្បិតតែ​យើងពិនិត្យ​មើលពី​ខាងក្រៅ​ហើយ​ក៏ដោយ នៅតែ​អ្នកមាន​ជម្ងឺមាន​ការសង្ស័យ​តាមដាន​មើល​ហួសហេតុ ដែលសង្គម​មិនទទួល ស្គាល់ នេះអាច​និយាយបាន​ថាបុគ្គល​ប្រភេទនេះ​អាចមាន​ជម្ងឺផ្លូវ​ចិត្ដធ្ងន់ធ្ងរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាលភាពប្រច័ណ្ឌ និងរោគចិត្ដ

ភាពប្រច័ណ្ឌរបស់បុគ្គលខ្លះអាចនឹងមានកម្រិត អ្នកខ្លះ​មានការ​ប្រច័ណ្ឌ​នៅក្នុង​កម្រិតមួយ​ដែល​មិន​ឈាន​ទៅដល់​វិកល​ចរិត​ នោះទេ តែអាច​នឹងកើត​មានជម្ងឺ​ធ្លាក់​ទឹកចិត្ដ​អស់សង្ឃឹម។ ដូចនេះ​វិធីសាស្ដ្រ​ដែលជួយ​ខ្លួនឯង លោកអ្នក​នាងកញ្ញា​គួរតែ​ជជែក​ជាមួយ​ ដៃគូ ថាតើ​ហេតុផល​អ្វីបាន​ជាឱ្យ​កើតមាន​ការប្រច័ណ្ឌ? តើរឿង​រ៉ាវនេះ​វាកើត​មានមែនទេ? ត្រូវតែ​ពិភាក្សា​ជាមួយ​ប្ដីប្រពន្ធឬ​ក៏ដៃគូ។​ បើសិន​ជាការ​ប្រច័ណ្ឌ​មិនមែន​កើតឡើង​ដោយការ​ប្រច័ណ្ឌខុស ត្រូវតែ​រក​ដំណោះស្រាយ ហើយត្រូវ​តែបង្កើត​ការទប់​ចិត្ដទុក​ចិត្ដលើគ្នា​ ឡើងវិញ។ បើសិន​ជាដល់​ថ្នាក់កម្រិត​ណាមួយ​បូកនឹង​ការប្រច័ណ្ឌ​នឹងបញ្ហា​ផ្សេងៗទៀត ដូចជា​ទទួលទាន​ដំណេក​មិនលក់ អស់សង្ឃឹម​ តូចចិត្ដ អារម្មណ៍​ឆេវឆាវ​ខុសពីធម្មតា ដែលប៉ះពាល់​ទៅនឹង​ការងារ​ប្រចាំថ្ងៃ នោះប្រាកដ​ជាមាន​បញ្ហាផ្លូវចិត្ដ​ធ្ងន់ធ្ងរហើយ។ ករណីនេះ​ អ្នកជម្ងឺ​មិនអាច​ជួយខ្លួន​ឯងបាន​ទៀតនោះ ត្រូវតែ​មកជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ព្យាបាល​តាមរយៈថ្នាំ និងព្យាបាល​តាមរយៈ​ចិត្ដ សាស្ដ្រ។

វិធីការពារដើម្បីចៀសវាងបង្កឱ្យមាន​​​វិបត្ដិផ្លូវចិត្ដនៅពេលប្រច័ណ្ឌ

ការស្មោះត្រង់ជាមួយគ្នា ចេះយល់​ពីហេតុផល ពីពេល​វេលា​ច្បាស់លាស់ លោកអ្នក​ត្រូវយល់ថា​អ្នកនេះ​កំពុង​ធ្វើអ្វី​ ចិត្ដថ្លើម​របស់អ្នក​នោះ​យ៉ាងម៉េច អ្នកនេះ​ត្រូវការ​អ្វីខ្លះ ការយោគយល់​គ្នាសំខាន់​ណាស់ ដែលការពារ​កុំឱ្យមាន​ការប្រច័ណ្ឌ ការពារ​កុំឱ្យ​​មាន​វិបត្ដិ​​ផ្លូវចិត្ដ។ កាលណា​មានការ​សង្ស័យថា​បុគ្គល​ណាម្នាក់​អាចមាន​វិបត្ដិ​ផ្លូវចិត្ដ​ដែលកើត​ឡើងដោយ​សារការ​ប្រច័ណ្ឌ​នោះ​ លោកអ្នក​នាងកញ្ញា​ត្រូវតែ​មកពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ផ្លូវចិត្ដ។

ដំបូន្មានអ្នកជំនាញ

បើសិនជាលោកអ្នកនាងកញ្ញាដែល​មាន​ចរិត​លក្ខណៈ​ប្រច័ណ្ឌច្រើន ចង្អៀត​ចង្អល់ច្រើន ចូរក្រឡេក​មើលខ្លួន​ឯងឡើង​វិញ ចូរក្រឡេក​មើលដៃគូ​ខ្លួនឯង​ឡើងវិញ ហើយត្រូវ​សិក្សា​អំពីគ្នា​ឡើងវិញ ថាកើត​មានលក្ខណៈ​ខុសឆ្គង​ត្រង់ណាខ្លះ ដែលធ្វើឱ្យ​ លោកអ្នក​ទទួលយក​មិនបាន ធ្វើឱ្យ​លោកអ្នក​មិន​ពេញចិត្ដ។ កាលដែល​លោកអ្នក​រក​ដំណោះស្រាយ​បែបនេះបាន អាចធ្វើ​ឱ្យ​អារម្មណ៍​ បានធូរ​ស្រាលឡើងវិញ ព្រោះការ​ប្រច័ណ្ឌអាច​ធ្វើឱ្យ​អារម្មណ៍​ខ្លួនឯង​ប៉ះពាល់ ដូចជាឈឺចាប់​ខ្លួនឯង គ្រួសារ​អាចនឹង​មានបញ្ហា ហើយ​ប៉ះពាល់​ទៅដល់​​កូនចៅ​ថែម​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative