វិធី​ហាត់ប្រាណ​បំបាត់​អាការ​រោយក

រោយក​ជាបញ្ហា​ចោទ​ជាសំខាន់​ចំពោះ​លោកអ្នក ពិសេស​សម្រាប់​លោកអ្នក​ដែល​ធ្វើការ​ក្នុងការិយាល័យ​ច្រើន​មិនសូវ​បាន​ចេញក្រៅ និង​ចំពោះ​ស្ដ្រី​មេផ្ទះ​ដែល​នឿយហត់​ច្រើន​ផងដែរ។ ដើម្បី​ចង់​បំបាត់​អាការ​រោយក លោកអ្នក​អាច​ស្វែងយល់​ជាមួយ​វិធី​ហាត់ប្រាណ​ដែលអាច​ជួយ​ដោះស្រាយ​បញ្ហា​នេះបាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់ សូម​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ស្វែងយល់​ពីវិធី​ហាត់ប្រាណ​បំបាត់​អាការ​រោយក​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​លោកគ្រូ ខាត់ សុខទី គ្រូបង្ហាត់​កីឡា​នៅក្លឹប​វីអាយភី។

វិធី​ហាត់ប្រាណ​បំបាត់​អាការ​រោយក

ដើម្បី​ធ្វើ​វិធី​ហាត់ប្រាណ​បំបាត់​បញ្ហារោយក​នេះ មុនដំបូង​លោកអ្នក​ត្រូវ​អង្គុយ​សមាធិ​ពែនភ្នែន​ឱ្យស្រួល អង្គុយ​ខ្នងឱ្យ​ត្រង់ ដៃដាក់​លើភ្លៅ ឱនក្បាល​ទៅខាង​មុខចុះក្រោម​បន្ដិច បន្ទាប់មក​ងើយ​ទៅខាង​ក្រោយវិញ​បន្ដិចម្ដងៗ។ បន្ទាប់មក​ទៀត​ត្រូវងាកមក​ស្ដាំ រួចងាក​មកខាងឆ្វេង​វិញម្ដង។ សូមធ្វើ​ចលនា​បែបនេះ​ដដែលៗ រហូត​លោកអ្នក​មាន​អារម្មណ៍​ថាធូរស្រាល​ជាងមុន។ ការធ្វើ​វិធី​បែបនេះ​គឺអាច​ជួយ​សម្រួល​សរសៃ​ឱ្យវិលមក​សភាព​ដូចដើម​វិញបាន។

សារៈ​ប្រយោជន៍​នៃការ​ហាត់ប្រាណ​បំបាត់​ការ​រោយក

វិធី​ហាត់ប្រាណ​បែបនេះ​គឺមិនអាច​បំបាត់​អាការ​រោយក​ទាំងស្រុង​នោះទេ គ្រាន់តែ​ជួយ​កាត់បន្ថយ​អាការ​រោយក​តែប៉ុណ្ណោះ តែវិធី​នេះនឹង​អាចមាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ភាព​ញឹកញយ​ក្នុងការ​កើតមាន​អាការ​រោយក​នេះបាន។ វិធីនេះ​គ្រាន់តែ​ជាវិធី​ហាត់​ប្រាណ​មួយក្នុង​ចំណោម​សកម្មភាព​ហាត់ប្រាណ​ជាច្រើន​ទៀត​ដែលបាន​ផ្ដល់អត្ថ​ប្រយោជន៍​ដល់​លោកអ្នក។ ការ​ប្រើវិធី​នេះមិន​ត្រឹមតែ ជួយ​សម្រួល​អាការ​រោយក​នោះទេ ក៏អាច​ជួយ​សម្រួល​អារម្មណ៍ហ​ត់នឿយ​បានមួយ​កម្រិត​ផងដែរ នៅពេល​ដែលមាន​បញ្ហាគិ​តច្រើន និង​ស្មុគស្មាញ​ច្រើន​ពីការងារ​ទាំងឡាយ។ ហាត់ប្រាណ​បែបនេះ​មិន​ត្រឹមតែ​ជួយ​បំបាត់​អាការ​រោយក​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​កាត់បន្ថយ​នូវអារម្មណ៍​តានតឹង​បាន​ទៀតផង។

ប្រការ​គួរចៀស​វាងពេល​ប្រើ​វិធីនេះ

សូម​លោកអ្នក​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​ហាត់ប្រាណ​បំបាត់​អាការ​រោយក​ឱ្យបាន​សមស្រប ងាយស្រួល​ពេលហាត់ ដូចជា​នៅតាម​ក្លឹបកីឡា​នានា ឬ​នៅផ្ទះ​ក្នុងបន្ទប់​មានភាព​ទូលាយ​ល្មម​ងាយស្រួល​ក្នុងការ​ហាត់​ក៏បានដែរ។ លោកអ្នក​គប្បី​ធ្វើវិធី​នេះនៅទីតាំង​ដែល​រាបស្មើ ចៀសវាង​កន្លែង​មានទួល​បង្កការ​លំបាក​នៅពេល​អង្គុយ​ហាត់។ នៅពេល​ដែលលោក​អ្នក​ចាប់ផ្ដើម​ប្រើវិធី​ហាត់ប្រាណ​នេះ សូម​អង្គុយ​ឱ្យបាន​ស្រួល និង​ចៀសវាង​មិនត្រង់​ខ្នង ដាក់ដៃ​ឱ្យស្រួល សូម​កុំធ្វើ​ចលនា​កខ្លាំងៗ​ពេក ព្រោះអាច​បណ្ដាល​ឱ្យជាប់​សរសៃ ឬមាន​អាការ​រោយក​កាន់តែ​ខ្លាំង។ លោកអ្នក​គប្បី​សម្រាក​រាល់​រយៈពេល​បីទៅបួន​នាទីម្ដង ចៀសវាង​កុំឱ្យក​មាន​សកម្មភាព​ហាត់ច្រើន​ពេក​ក្នុងពេល​តែមួយ។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ហាត់ប្រាណ​គ្រប់វិធី​សុទ្ធតែ​បានផ្ដល់​អត្ថ​ប្រយោជន៍​ចំពោះ​លោកអ្នក មិនថា​លោកអ្នក​មានជម្ងឺ​ប្រចាំ​កាយ ឬមាន​សុខភាព​មិនសូវ​ល្អ​នោះទេ។ ការ​ហាត់ប្រាណ​ប្រៀប​ដូចជាឱសថ​សម្រាប់​ជួយដល់​សុខភាព​លោកអ្នក។ ការ​ហាត់ប្រាណ​នឹងជួយ​លោកអ្នក​ឱ្យ​ចៀសផុត​ពីបញ្ហា​នានា​ចំពោះ​សុខភាព​ផ្លូវកាយ ជាពិសេស​ក៏អាច​ជួយ​ទៅដល់​សុខភាព​ផ្លូវចិត្ដ ធ្វើឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា កាត់បន្ថយ​ការ​ស្មុគស្មាញ និងភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ក៏អាច​ជួយ​បំបាត់​រោគស្ដ្រេស​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative