សិល្បៈ​នៃការ​រស់នៅ

សិល្បៈ​នៃការ​រស់នៅ គឺជា​សិល្បៈ​វិធី​ក្នុងការ​រៀបចំ​របៀប​រស់នៅ​ទៅតាម​បំណង​ប្រាថ្នា​របស់​មនុស្ស​ម្នាក់ៗ។ ដើម្បី​ឱ្យការ​រៀបចំ​ផ្ទះ​សមតាម​បំណង​ប្រាថ្នា​នោះ វាមិនមែន​ជាការ​ងាយនោះ​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តើធ្វើ​យ៉ាងណា​ដើម្បី​ឱ្យការ​រៀបចំ​ផ្ទះ​សមតាម​បំណង​ប្រាថ្នា?

ជាដំបូង​យើង​ត្រូវរក​ឱ្យឃើញ​ថាតើ​ហេតុអ្វី​បានជា​ធ្វើ​មិនបាន គឺមាន​កត្ដា​មួយចំនួន​ដែល​បណ្ដាល​ឱ្យមិន​ជោគជ័យ​នៅក្នុង​ការ​រៀបចំ​ប្លង់ និង​សាងសង់​ផ្ទះ ដូចជា​ការមិន​ប្រាកដ​ថាខ្លួន​ជាម្ចាស់​ផ្ទះ ចង់បាន​ម៉ូតអ្វី​ប្រាកដ។ ឧទាហរណ៍ ផ្ទះ​បុរាណ ផ្ទះ​ទំនើប ឬពាក់​កណ្ដាល​ទំនើប​ពាក់​កណ្ដាល​បុរាណ។ បើនិយាយ​ដល់​ចំណុច​ត្រង់នេះ រាល់​ម្ចាស់ផ្ទះ​តែងតែ​ឆ្លើយយ៉ាង​លឿន​ថា ៖ គាត់​ដឹងថា​គាត់ ចង់បាន​អ្វីច្បាស់​ណាស់! តាមពិត​គាត់​និយាយ​មិនខុស​ទេ ប៉ុន្ដែ​មិនទាន់គ្រប់គ្រាន់​ត្រង់ថា​គាត់​ចង់បាន​ត្រឹមកម្រិត​ណា។ ឧទាហរណ៍ ៖ បើផ្ទះ​បុរាណ ទំនើប ឬ​ពាក់កណ្ដាល​ទំនើប​នោះ​ត្រឹមកម្រិត​ណា ជួនកាល​បុរាណ​ពេកឬ​ក៏ទំនើប​ពេក ហួសពី​កម្រិត​ដែលគាត់​ទទួល​យកបាន នេះគឺជា​ចំណុច​ពិបាក ពីព្រោះ​យើងគ្មាន​អ្វីវាស់វែង​នៅក្នុង​ការ​ស្រមើស្រមៃ​របស់​ម្ចាស់ផ្ទះ។

តើគួរ​ធ្វើយ៉ាង​ណាដើម្បី​រកឱ្យ​ឃើញនូវ​តម្រូវការ​របស់​ម្ចាស់ផ្ទះ?

ចម្លើយ​មួយដែល​សាមញ្ញ​គឺសួរ​ទៅម្ចាស់​ផ្ទះជាការ​ស្រេច។ ប៉ុន្ដែអ្វី​ដែលលើស​ពីនោះ គឺ​យើងត្រូវ​ចេះថ្លឹង​ថ្លែង​ឱ្យមាន​ភាពស្មើគ្នា​រវាងការ​ស្រមៃ​ចង់បាន និង​ការពិត។ ឧទាហរណ៍ ៖ ការគិត​របស់គាត់​ហួសពី​កម្រិត​លុយ​ដែល​បម្រុង​ទុក ឬ​កម្រិត​សិល្បៈ​របស់គាត់​លើសពី​កម្រិត​ស្ដង់ដារ​ស្ថាបត្យកម្ម​ដែលអាច​ធ្វើទៅ​បាន។ ដូច្នេះ​ជាទូទៅ​យើងត្រូវ​សួរទៅដល់​ម្ចាស់ផ្ទះ ៖

  • តម្រូវ​ការ
  • ការ​រៀបចំ​មុខងារ​របស់​លំហ​ខាងក្នុង​ឱ្យបាន​ត្រឹមត្រូវ
  • ប្រភេទ​ផ្ទះ ឬ​រូបរាង​របស់ផ្ទះ
  • ទំហំ​ជាក់ស្ដែង​របស់​ដី ឬ​លំហ​ដែលត្រូវ​សាងសង់
  • ថវិកា​បម្រុង​សម្រាប់​សាងសង់
  • ពេលវេលា

ចំណុច​ទាំងអស់​ខាងលើនេះ​មិនអាច​ខ្វះបាន​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផ្ទះល្អ ឬ​ផ្ទះស្អាត

បើនិយាយ​ពីផ្ទះ​ស្អាត និង​ផ្ទះល្អ​មិនដូចគ្នា​ទេ។ ពាក្យពីរ​នេះវា​ប្រហាក់​ប្រហែល​គ្នា ប៉ុន្ដែ​បើប្រើ​នៅលើ​ផ្ទះគឺ​ខុសគ្នា​ស្រឡះ។

1 . ផ្ទះ​ស្អាត ៖ គឺផ្ទះ​ដែលម្ចាស់​ផ្ទះ​ស្រឡាញ់ មាន​ន័យថា​ផ្ទះស្អាត​មិនមែន​ស្អាត​សម្រាប់​ម្ចាស់ផ្ទះ​ទូទៅទេ ពីព្រោះ​ចំណង់​ចំណូល​ចិត្ដខុសៗ​គ្នា។

2 . ផ្ទះ​ល្អ ៖ គឺជាផ្ទះ​ដែល​គ្រប់​តម្រូវការ​ប្រើប្រាស់​ស្រួល មានភាព​រឹងមាំ រូបរាងផ្ទះ​ត្រូវនឹង​ចំណង់​ចំណូល​ចិត្ដ មិន​ប៉ះពាល់​ដល់​សាធារណៈ និងការ​ប្រើប្រាស់​លំហ​ខាងក្នុង​ឱ្យសមស្រប​ទៅតាម​មុខងារ​របស់​កន្លែង​នីមួយៗ។

បណ្ដាំ​ផ្ញើអ្នក​ជំនាញ

ដើម្បី​ឱ្យការ​រៀបចំ​ផ្ទះឬក៏​ការ​សាងសង់​ផ្ទះឱ្យ​បាន​ជោគជ័យ សូម​ម្ចាស់ផ្ទះ​ទាំងឡាយ​គួរតែ​សិក្សា និង​ពិភាក្សា​ប្លង់​ឱ្យបាន​ច្រើន​នៅលើ​ក្រដាស​មុនពេល​សាងសង់ មុនកែ​ប្រែសំណង់​ឬវាយ​ចោល ដូចនេះ​គួរតែ​ពិភាក្សា​ដោយផ្អែក​លើ​ហេតុផល ឬ​ស្ដង់ដារ ស្ថាបត្យករ​ជាគោល។

សូមកុំ​ប្រើការ​ស្រមៃ​ឬសិទ្ធិ​សម្រេច​ដោយ​គ្រាន់តែ​ស្ដាប់អ្នក​ជុំវិញ​ខ្លួនដែល​មិនមែន​ជាអ្នក​ជំនាញ​ផ្នែក​សំណង់ ហើយ​គិតដល់​ពាក្យស្លោក​ចាស់​បុរាណ​ពោលថា “កាត់អាវ​តម្រូវ​អ្នកពាក់” ដូចនេះ​ទើបធ្វើ​ឱ្យការ​សម្រេច​ចិត្ដបាន​ល្អច្រើន​ទៅលើ​សំណង់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative