វិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ពិការ

ពាក្យ​ថាមាន​បញ្ហា​ផ្លូវចិត្ដ ឬ​វិបត្ដិផ្លូវ​ចិត្ដ គឺជា​ផល​ប៉ះពាល់​មួយ​ទៅលើ​ផ្លូវចិត្ដ​របស់​បុគ្គល ដែល​បុគ្គល​នេះបាន​ទទួល​បញ្ហា​ផ្លូវចិត្ដ​ច្រើន​សព្វបែប​យ៉ាង​ដែលមាន​កត្ដា​សង្គម​សាស្ដ្រ កត្ដា​ចិត្ដសាស្ដ្រ និង​កត្ដា​ជីវសាស្ដ្រ។ ដោយឡែក​ចំពោះ​ភាពពិការ​គឺ​ស្ថិតនៅក្នុង​ផ្នែក​សង្គម​សាស្ដ្រ។ កាលណា​បុគ្គល​ណាមួយ​មានបញ្ហា​ក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ ដូចជា​រឿង​គ្រួសារ ភាព​ក្រីក្រ បូកជាមួយ​ពិការ ភាព​ទាក់ទង​ទៅនឹង​ផ្នែក​ពិការ​រាងកាយ វាមាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​អារម្មណ៍ និង​ផ្លូវចិត្ដ​របស់​បុគ្គលនី​មួយៗ។ កត្ដា​ទាំងនេះ​ហើយ​វាជា​ចំណុច​ដែល​ងាយ​បង្កឱ្យ​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ​បំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយលោ​ក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យានៃ​គ្លីនិក​សាន់រ៉ាយ ទទួលយក​ការ​បកស្រាយ​អំពី​វិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ពិការ​ដើម្បី​ឱ្យ​លោកអ្នក​នាង​កញ្ញា​បានជ្រាប​និងយល់​ឱ្យកាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

ទំនាក់​ទំនង​វិបត្ដិ​ផ្លូវចិត្ដ​និងមនុស្ស​ពិការ

ជាទូទៅ​លោកអ្នក​ត្រូវយល់​ដឹងថា តើ​ផ្លូវចិត្ដ​បណ្ដាល​មកពី​មូលហេតុ​អ្វីខ្លះ។ បញ្ហា​ផ្លូវចិត្ដ​ឬ​វិបត្ដិផ្លូវចិត្ដ​គឺជា​ផល​ប៉ះពាល់ មួយ​ទៅលើ​ផ្លូវចិត្ដ​បុគ្គល​ដែលបាន​ទទួលរង​នូវ​បញ្ហា​ផ្លូវចិត្ដ​ច្រើន ដូចជា​កត្ដា​សង្គម​សាស្ដ្រ កត្ដា​ចិត្ដសាស្ដ្រ និង​កត្ដា​ជីវសាស្ដ្រ។ ជាទូទៅ​លោកអ្នក​នាងកញ្ញា​តែងតែ​ប្រើពាក្យ​ថា “កែវភ្នែក​ឬក៏​រូបសម្ផស្ស​មានតម្លៃ​ស្មើនឹង​ជីវិត”។ ចុះបើ​សិនជា​រូបសម្ផស្ស ឬ​ក៏កាយ​សម្បទា ណាមួយ​បាន​បាត់បង់​ទៅ តើបុគ្គល​នេះមាន​បញ្ហា​អ្វីកើតឡើង​ទាំងផ្នែក​អារម្មណ៍និង​ផ្នែក​ផ្លូវចិត្ដ​នោះ គឺ​ប្រាកដ​ជាមាន​ផល​ប៉ះពាល់​ជាខ្លាំង។ ដោយ​ឡែក​ជម្ងឺ​ផ្លូវចិត្ដ​និង​ពិការ គឺមាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត ហើយ​វាងាយ និ​ង​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ​ណាស់ បើសិនជា​បុគ្គល​ប្រភេទ​នេះ មិន​ទទួលបាន​នូវការ​លើក​ទឹកចិត្ដ មិន​ទទួល​បានការ​ចូលរួម​អំពី​ការយល់​ដឹងផ្សេងៗ​នៅក្នុង​សង្គម​នោះ។ យុវជន​ដែលធ្វើ​សង្គ្រាម​នៅសមរភូមិ ដែលមាន​បុគ្គលខ្លះ​ជួប​គ្រោះថ្នាក់​ត្រូវ​គ្រាប់មីន ដែល​ធ្វើឱ្យ​ដាច់ដៃ ដាច់ជើង និង​ឈាន​ទៅដល់​ពិការ បុគ្គល​ទាំងនោះតែងតែ​មាន​បញ្ហា​ផ្លូវចិត្ដ ឬ​ជម្ងឺ​ផ្លូវចិត្ដ។ ប៉ុន្ដែ​មិនមែន​បុគ្គល​ដែល​ពិការ​ទាំងអស់​សុទ្ធតែ​អាចកើត​មាន​បញ្ហា​ផ្លូវចិត្ដ
និង​ជម្ងឺ​ផ្លូវចិត្ដ​នោះទេ។ ព្រោះ​បុគ្គល​ដែលមាន​ភាព​ពិការ​ប្រភេទ​ខ្លះ ទទួល​បានការ​លើក​ទឹកចិត្ដ មាន​ការងារ​ធ្វើ​ត្រឹមត្រូវ សង្គម​មិន​រើសអើង បុគ្គល​ប្រភេទ​នោះ​មិនងាយ​កើតមាន​បញ្ហា​ផ្លូវចិត្ដ​នោះទេ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមនុស្ស​ពិការ​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ

លោកអ្នក​បានដឹង​ហើយ​ថា ភាព​ពិការ​បណ្ដាល​មកពី​កត្ដា​ច្រើនយ៉ាង ៖

  • ពិការ​ដោយសារ​សង្គ្រាម ដែល​បណ្ដាល​ឱ្យកំបុត​ដៃ កំបុត​ជើង ពិការ​ភ្នែក ឬក៏មាន​ស្លាកស្នាម​ដែលនាំ​ឱ្យ​ពិការភាព​ជាដើម។
  • ពិការ​ដោយមាន​ការធ្វេស​ប្រហែស​ចំពោះ​ខ្លួនឯង ដូចជា​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​សង្កេត​ឃើញថា​កើតមាន​ច្រើន ដោយសារ​ការ​បើកប​រគ្មានភាព​ប្រុងប្រយ័ត្ន គ្មានភាព​អធ្យាស្រ័យ​គ្នា ជាហេតុ​ធ្វើឱ្យ​កើតមាន​ភាពពិការ​កើតឡើង ជាពិសេស​បញ្ហា​គ្រាប់មីន និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។
  • ការ​បរាជ័យ ឬក៏​ភាព​តក់ស្លុត​នៅក្នុង​សង្គ្រាម ដូច្នេះ​ធ្វើឱ្យ​បុគ្គល​ប្រភេទនេះ​កើតមាន​បញ្ហា​ផ្លូវចិត្ដ​អាច​ក្លាយទៅជា​ជម្ងឺ​បាក់ស្បាត។
  • កាលណា​បុគ្គល​ទាំងនេះ​កើតមាន​ភាព​ពិការ​ហើយ ពួកគេ​ត្រូវបាន​អ្នកដែល​នៅជុំវិញ​ខ្លួន​មាក់ងាយ រើសអើង សង្គម​មិនទទួល​ស្គាល់ គ្មានអ្នក​ផ្ដល់​កម្លាំង​ចិត្ដ គ្មានអ្នក​គាំទ្រ នោះ​បុគ្គល​ប្រភេទនេះ​ងាយ​ទទួលរង​នូវបញ្ហា​ផ្លូវចិត្ដ​បំផុត។ លោកអ្នក​នាងកញ្ញា​ត្រូវ​គិតថា បុគ្គល​មួយចំនួន​តូច​ដែលមាន​កាយ​សម្បទា​គ្រប់គ្រាន់​ក៏នៅតែ​មាន​វិបត្ដិ​ផ្លូវចិត្ដ ចុះ​ទម្រាំ​តែអ្នក​ដែល​ពិការ តើ​អាច មាន​បញ្ហា​ផ្លូវចិត្ដ​យ៉ាងណា​ដែរ? បើសិនជា​ពួកគេ​មិន​ទទួលបាន​ការ​គាំទ្រ និងការ​លើក​ទឹកចិត្ដនោះ។ ជួនកាល​អាច​កើតទៅជា​ជម្ងឺ​ថប់​អារម្មណ៍ ជម្ងឺ​បាក់ស្បាត ជម្ងឺ​វិកលចរិត និង​ជម្ងឺ​ធ្លាក់ទឹកចិត្ដ​ផ្សេងទៀត​ជាច្រើន​ដែល​មិនអាច​ស្មាន​ដល់។

ផល​ប៉ះពាល់​ចំពោះ​អ្នកពិការ​ដែលមាន​វិបត្ដិ​ផ្លូវចិត្ដ

បុគ្គល​ដែល​ពិការ ហើយ​កើតមាន​បញ្ហា​ផ្លូវចិត្ដ ឬក៏​ជម្ងឺ​ផ្លូវចិត្ដ​អាច​ទទួលរង​នូវផល​ប៉ះពាល់​ជាច្រើន​ដូចជា ៖

  • ប៉ះពាល់​ទៅលើ​បុគ្គល​ខ្លួនឯង ដែល​ធ្វើឱ្យ​សុខភាព​ផ្នែក​ផ្លូវចិត្ដ​មិនបាន​ល្អ កាលណា​ផ្លូវចិត្ដ​មិនល្អ​អាចធ្វើ​ឱ្យបុគ្គល​ប្រភេទនេះ​អស់សង្ឃឹម បាត់បង់​ជំនឿ​ទុកចិត្ដ​លើ​ខ្លួនឯង លែងចង់​បំពេញ​ការងារ និង​លែង​ប្រកបរបរ​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួនឯង និង​ចិញ្ចឹម​គ្រួសារ។
  • សង្គម​មិនឱ្យ​តម្លៃ សង្គម​មាក់ងាយ សង្គម​រើសអើង នៅពេល​ដែល​ឃើញ​បុគ្គល​ពិការ ហើយ​មាន​បញ្ហា​ផ្លូវចិត្ដ។ ដូចនេះ​ធ្វើឱ្យ​បុគ្គល​ប្រភេទ​នេះ​មិនមាន​ទឹកចិត្ដ​ធ្វើការងារ ព្រោះ​ថាមាន​បុគ្គល​មួយចំនួន​ដែល​ពិការ​ហើយ​ចង់ធ្វើ​ការងារ ប៉ុន្ដែ​សង្គម​រើសអើង សង្គម​មិនឱ្យ​តម្លៃ។ នេះគឺជា​ផល​ប៉ះពាល់​របស់​ជនពិការ ធ្វើឱ្យ​កើតមាន​បញ្ហា​ទាំងបញ្ហា​សេដ្ឋកិច្ច បញ្ហា​គ្រួសារ និង​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​សង្គម​ផងដែរ។
  • ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្គម ព្រោះ​សង្គម ឬ​ប្រទេស​នីមួយៗ​ត្រូវការ​មនុស្ស​ដែលមាន​សុខភាព​ល្អ មាន​កាយ​សម្បទា​គ្រប់គ្រាន់ មាន​ចំណេះដឹង​ខ្ពស់​ដើម្បី​កសាង​ប្រទេស​ទាំងមូល​ឱ្យរីកចម្រើន ចុះបើ​ប្រទេស​មួយដែល​ពោរពេញ​ទៅដោយ​ជនពិការ តើ​ប្រទេសនេះ​អាច​ជឿនលឿន​ដែរ​ឬអត់?
  • ទាក់ទង​ទៅនឹង​ផ្លូវច្បាប់​អំពើ​ហិង្សា​នៅក្នុង​សង្គម ជាធម្មតា​បុគ្គល​ដែល​ពិការភាព​មួយចំនួន​អាច​ឈានទៅ​រកការ​សេព​គ្រឿងស្រវឹង ឈានទៅ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​តូចចិត្ដ​ខ្លួនឯង អស់​ង្ឃឹម មិន​សប្បាយ​ចិត្ដ ឈឺចាប់​ដោយសារ​ពិការភាព ដោយ​យក​គ្រឿងស្រវឹង និង​គ្រឿងញៀន ដើម្បី​បំបាត់​ភាព​ឈឺចាប់​ផ្លូវចិត្ដ។ កាលណា​បុគ្គល​ប្រភេទ​នេះ​ឈានទៅដល់​ការ​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ​ហើយ អាចឈាន​ទៅដល់​ការ​ប្រើប្រាស់​អំពើហិង្សា​នៅក្នុង​គ្រួសារ និង​នៅក្នុង​សង្គម​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​អ្នក​ពិការ​ដែលមាន​វិបត្ដិ​ផ្លូវចិត្ដ

របៀប​នៃការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​គឺមាន​ច្រើនយ៉ាង ប៉ុន្ដែ​អាស្រ័យ​ទៅលើ​ការ​វិភាគ​របស់​គ្រូពេទ្យ។ មុននឹង​ចាត់ទុក​ថា បុគ្គល​ប្រភេទនេះ​កើតមាន​បញ្ហា​ផ្លូវចិត្ដ ដូច​ដែលបាន​រៀបរាប់​ខាងលើ​មកហើយ មិនមែន​មានន័យ​អ្នក​ពិការ​ទាំងអស់​អាច​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ​នោះទេ។ បុគ្គល​ខ្លះមាន​ពិការភាព​មែន ប៉ុន្ដែ​ពួកគេ​ចេះជួយ​ខ្លួនឯង និង​គ្រួសារ ចេះ​លើក​ទឹកចិត្ដ សង្គម​ចេះឱ្យ​តម្លៃ ធ្វើឱ្យ​បុគ្គល​ប្រភេទ​នេះមិន​មានបញ្ហា​ផ្លូវចិត្ដ​នោះទេ។ សម្រាប់​បុគ្គល​ពិការ​ភាព ដែល​កើតមាន​បញ្ហា​ផ្លូវចិត្ដ តើ​ត្រូវ​ព្យាបាល​ដូចម្ដេច?

  • នៅពេល​ដែល​បុគ្គល​មាន​លក្ខណៈ​ពិការភាព​ស្រាល សំខាន់​បុគ្គល​ខ្លួនឯង​ត្រូវចេះ​ជួយខ្លួនឯង ត្រូវចេះ​លួងលោម ចេះផ្ដល់​កម្លាំង​ចិត្ដ​លើ​ខ្លួនឯង ដើម្បី​ខ្លួនឯង​ស្ថិត​នៅក្នុង​ស្ថានភាព​ផ្លូវចិត្ដ​ល្អ។ ជួនកាល​មានអ្នក​ជិតខាង​មួយចំនួន​រើសអើង បុគ្គល​ប្រភេទនេះ​ត្រូវតែ​ចេះលើក​ទឹកចិត្ដ​ខ្លួនឯង ដើម្បី​កុំឱ្យ​ខ្លួនឯង​មានបញ្ហា​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ។
  • ក្រុម​គ្រួសារ​គឺជា​ចំណែក​សំខាន់​បំផុត​នៅក្នុង​ការជួយ​លើក​ទឹកចិត្ដ និង​គាំទ្រ ត្រូវ​ចេះឱ្យ​តម្លៃ ជាពិសេស​អ្នកដែល​ជិតស្និទ្ធ ជាមួយ​គាត់​ដូចជា​ប្ដីប្រពន្ធ។
  • សង្គម​ក៏មិនត្រូវ​រើសអើង​ដែរ សង្គម​គឺត្រូវ​គាំទ្រ​លើក​ទឹកចិត្ដ ផ្ដល់​ឱកាស​ឱ្យបុគ្គល​ដែល​ពិការភាព​ធ្វើ​ការងារ​បាន ត្រូវ​ជួយលើក​កម្ពស់​ជីវភាព លើក​កម្ពស់​ស្មារតី ឬក៏​ផ្លូវចិត្ដ​ទៅដល់អ្នក​ពិការភាព​ដូចជា​ជួយឱ្យ​មាន​ការងារ​ល្អៗ​ធ្វើ​ជាដើម។
  • ត្រូវផ្ដល់​ឱកាស​ឱ្យពួកគេ​បាន​ចូលរួម​នៅក្នុង​សង្គម បង្កើត​កម្ម​វិធី​កីឡា ការ​ប្រឡង​ចម្រៀង និងការ​ចូលរួម​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត។
  • រីឯការ​ព្យាបាល​តាមបែប​អ្នក​ជំនាញ បើសិនជា​អ្នកជំនាញ​បាន​វិភាគ​ឃើញថា​បុគ្គល​ប្រភេទនេះ​អាចកើត​មាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវចិត្ដ អ្នក​ជំនាញ​ធ្វើកា​ព្យាបាល​ដោយ​ថ្នាំ និង​ព្យាបាល​ដោយ​ចិត្ដសង្គម ព្យាបាល​តាមបែប​ប្រឹក្សា ឬក៏​ព្យាបាល​តាមបែប​ចិត្ដសាស្ដ្រ​នេះ គឺជា​របៀប​នៃការ​ព្យាបាល​បែបអ្នក​ជំនាញ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​អ្នក​ពិការ​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ

នេះគឺជា​វិធី​ល្អបំផុត​សម្រាប់​លោកអ្នក​ដែលជា​ឪពុកម្ដាយ បងប្អូន ប្ដីប្រពន្ធ ឬ​មិត្ដភក្ដិ ត្រូវតែ​មានការ​គាំទ្រ​ផ្លូវចិត្ដ​ចំពោះ​បុគ្គល​ដែល​ពិកា​ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ។ សង្គម​គ្រួសារ​និង​សហគម គួរតែ​ឱ្យបុគ្គល​នេះ​ចូលរួម​បញ្ចេញ​មតិ​យោបល់ ចូលរួម​នៅក្នុង​កម្មវិធីផ្សេងៗ​ទៀត​នៅក្នុង​សង្គម ដូចជា​តន្ដ្រី កីឡា ដើម្បី​ធ្វើឱ្យ​បុគ្គល​បាន​សប្បាយ​ចិត្ដ មិនមាន​ការ​រើសអើង ធ្វើឱ្យ​បុគ្គល​ប្រភេទ​នេះ​មិនអាច​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​នាងកញ្ញា​កើតមាន​ពិការភាព ហើយ​កើតមាន​បញ្ហា​ផ្លូវចិត្ដ ឬ​ក៏សង្ស័យ​ខ្លួនថា​អាចកើត​មាន​ញ្ហា​ផ្លូវចិត្ដ គួរតែ​ស្វែងរក​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ទាន់ពេល​វេលា ចៀសវាង​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ។ ព្រោះ​ជម្ងឺ​ផ្លូវចិត្ដ​មានច្រើន​ប្រភេទ ហើយ​មាន​កម្រិត​ខ្លះ​នៅពេល​ដែល​ធ្ងន់ធ្ងរ​គ្រូពេទ្យ​ក៏មិនអាច​ជួយ​សង្គ្រោះ​បាន។ ដូចនេះ​ត្រូវ​ស្វែងរក​សេវា​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា នៅពេល​ដែលបាន​ដឹងឬ​សង្ស័យថា​អាច​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ។ លោកអ្នក​នាងកញ្ញា​ត្រូវតែ​គិតថា​អ្នកដែល​កើតមាន​ពិការភាព​មិនត្រូវ​រើសអើង​នោះទេ ត្រូវតែ​ចេះជួយ​លើក​ទឹកចិត្ដ។ លោកអ្នក​ត្រូវ​ដឹងថា​គ្មានអ្នក​ណាម្នាក់​ចង់​ពិការ​នោះទេ គឺវា​កើតឡើង​ដោយសារ​បុព្វហេតុ​ជាតិ កើតឡើង​ដោយ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ដែល​មិនអាច​ព្រាងទុក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative