ជម្ងឺ​ទឹកនោម​សាប

លោកអ្នក​ដែល​តែងតែ​នោមច្រើន​លើសពី​ធម្មតា​ដោយ​មានទៅ​ដល់៣​លីត្រ ឬ​៨លីត្រ​នៅក្នុង​២៤ម៉ោង នេះគឺជា​បញ្ហាសម្រាប់​លោកអ្នក។ ប្រសិន​បើមាន​បញ្ហានេះ​កើតឡើង សូម​លោកអ្នក​នាងកញ្ញា​គិតទៅ​ដល់បញ្ហា​ជម្ងឺ​ទឹកនោម​សាប។ ជម្ងឺ​ទឹកនោម​សាប​គឺជា​ជម្ងឺក​ម្រមួយ ហើយ​វាក៏​មិនមែន​ជាជម្ងឺ​ដែល​ធ្ងន់ធ្ងរ​នោះដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​ជម្ងឺ​ទូទៅ​នៃមន្ទីរពេទ្យ​កាល់ម៉ែត និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​អ៊ិលស៊ីស៊ី នឹង​ពន្យល់​អំពី​ជម្ងឺ​ទឹកនោម​សាប ដើម្បី​ឱ្យ​លោកអ្នក​បានយល់ និង​ជ្រាប​កាន់តែ​ច្បាស់អំពី​បញ្ហានេះ។

ជម្ងឺ​ទឹកនោម​សាប

ជម្ងឺ​ទឹកនោម​សាប​គឺជា​ជម្ងឺមួយ​ដែល​ស្ដែងចេញ​ជាអាការ ដូចជា​នោមច្រើន​លើសពី​៣លីត្រ​ក្នុង២៤​ម៉ោង ហើយ​ពេលខ្លះ​អាចមាន​ទៅដល់​៨ទៅ១០​លីត្រ។ ជាធម្មតា​នៅពេល​ដែល​លោកអ្នក​ទទួលទាន​ទឹកច្រើន នោះ​លោកអ្នក​នឹង​បត់ជើង​តូចច្រើន​ទៅតាម​នោះដែរ។ ជម្ងឺ​ទឹកនោម​សាប​នេះ​មិនទាក់​ទងទៅ​នឹងបរិមាណ​ទឹក​ដែល​លោកអ្នក​ទទួលទាន​នោះទេ បើទោះ​បីជា​លោកអ្នក​មិន​ទទួលទាន​ទឹកក្ដី​ក៏ទឹកនោម​នៅតែ​ច្រើនដែរ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើតមាន​ជម្ងឺ​ទឹកនោម​សាប

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មានជម្ងឺ​ទឹកនោម​សាប​រួមមាន ៖

1 . ក្រពេញ​អីប៉ូហ្វីស​នៅក្នុង​ខួរក្បាល​បញ្ចេញ​អ័ម៉ូន​ទប់កុំ​ឱ្យមាន​ទឹកនោម​ច្រើនខ្វះ

2 . តម្រងនោម​មិនស្ដាប់​បញ្ជា របស់​អ័រម៉ូន​ដែល​ទប់កុំ​ឱ្យមាន​ទឹកនោម​ច្រើន

3 . ខូចក្រពេញ​អ៊ីប៉ូតាឡាមុស​នៅក្នុង​ខួរក្បាល ដែលជា​កន្លែង​គ្រប់គ្រង​ត្រួតពិនិត្យ​ការ​ស្រេកទឹក។ ពេលនោះ​ទោះបី​ជាមាន​អ័រម៉ូន​ទប់កុំ​ឱ្យមាន​ទឹកនោម​ច្រើនក៏​អ្នកជម្ងឺ​នៅតែ​នោមច្រើន​ដែរ ព្រោះ​លោកអ្នក​ស្រេកទឹក​រហូត​ដែលធ្វើ​ឱ្យ​លោកអ្នក​ទទួលទាន​ទឹក​រហូត។ ករណីនេះ​ក៏មិនខុស​អំពី​អ្នកដែល​មាន​រោគចិត្ដ ដែល​ចូលចិត្ដ​ទទួលទាន​ទឹកច្រើន ព្រោះ​អ្នកមាន​រោគចិត្ដ​មិនមានខូច​ក្រពេញ​ឬប្រព័ន្ធ​ត្រួតពិនិត្យ​ការ​ស្រេកទឹក​ក្នុងខ្លួន​នោះទេ។

4 . អ័រម៉ូន​ដែល​ទប់កុំ​ឱ្យមាន​ទឹកនោម​ច្រើន​ត្រូវបាន​កម្ទេច​ចោល ដូចជា​ក្នុង​ករណី​ស្ដ្រីមាន​ផ្ទៃពោះ​ខ្លះ។

រោគសញ្ញា​ជម្ងឺ​ទឹកនោម​សាប

ជាទូទៅ​ជម្ងឺ​ទឹកនោម​សាបនេះ​បណ្ដាល​ឱ្យមាន​រោគសញ្ញា​ភ្លាមៗ ហើយ​អាការ​ទាំងនេះ​រួមមាន ៖

1 . នោមច្រើន​(អាចដល់​៨ទៅ១០លីត្រ​ក្នុងមួយ​ថ្ងៃ)។ ទឹកនោម​ឡើងពណ៌​ថ្លាមិន​លឿងខ្ចី​ដូចទឹក​នោមធម្មតា​ទេ។ បើសិន​ជាយក​ទឹកនោម​នេះទៅ​វិភាគមើល​កំហាប់ នោះឃើញ​ថាកំហាប់​ទឹកនោម​របស់​អ្នកជម្ងឺ​ថយចុះ បើ​ប្រៀបធៀប​ទៅនឹង​អ្នកគ្មានជម្ងឺ​ទឹកនោម​សាប។

2 . ទទួលទាន​ទឹកច្រើន ដោយសារ​បាត់បង់​ទឹកច្រើន។ សារពាង្គកាយ​មនុស្ស​យើង​តម្រូវឱ្យ​ខ្លួនយើង​ទទួលទាន​ទឹកឱ្យ​បានច្រើន ដើម្បី​ការពារ​កុំឱ្យ​ខ្វះជាតិទឹក​នៅក្នុង​ខ្លួន ដែលខុស​អំពីការ​ដែលនោម​ច្រើន ដោយសារ​លោកអ្នក​ទទួលទាន​ទឹកច្រើន។

3 . ក្រៅពី​អាការ​រៀបរាប់​ខាងលើ​នេះ អ្នកជម្ងឺ​ច្រើនតែ​មាន​អាការ​ធម្មតា។

4 . ទោះបីជា​យ៉ាងណា​លោកអ្នក​ត្រូវតែ​ទាត់ចោល​មូលហេតុ​ដទៃទៀត ដែលអាច​បណ្ដាល​ឱ្យមាន​អាការ​នោមច្រើន​ផងដែរ ហើយ​ក្នុងនោះ​មាន ៖

  • ជម្ងឺ​ទឹកនោម​ផ្អែម
  • ការ​ប្រើថ្នាំ​បញ្ចុះ​ទឹកនោម​លើស​កម្រិត
  • លើសជាតិ​កាល់ស្យូម​ច្រើន​នៅក្នុង​ឈាម
  • ជាតិ​ប៉ូតាស្យូម​ចុះច្រើន​ពេកក្នុង​ឈាម
  • អ្នកជម្ងឺ​រោគចិត្ដ​ដែល​ទម្លាប់​ទទួលទាន​ច្រើនលើស​ពីធម្មតា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តើធ្វើ​ដូចម្ដេច​ទើបដឹង​ថាមាន​ជម្ងឺ​ទឹកនោម​សាប?

បើសិនជា​លោកអ្នក​មានអាការ​សង្ស័យ លោកអ្នក​គួរតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ជាបឋម​គ្រូពេទ្យ​ព្យាបាល​ពិនិត្យ និង​សាកសួរ​រកកត្ដា​មួយចំនួន​ដែលអាច​ធ្វើឱ្យ​មាន​ទឹកនោម​ច្រើន ដែលអាច​ច្រឡំ​ទៅនឹង​ជម្ងឺ​ទឹកនោមសាប​នេះ។ ក្រៅពីនេះ​គ្រូពេទ្យត្រូវ​ធ្វើតេស្ដ ៖

  • តេស្ដតម​ទទួលទាន​ទឹក ៖ គួរធ្វើ​នៅមន្ទីរពេទ្យ​ក្រោមការ​តាមដាន។ បើ​អ្នកជម្ងឺ​ក្រោយពី​មិនទទួល​ទានទឹក​ហើយ លោកអ្នក​នៅតែ​នោមច្រើន​ទៀតនោះ អាច​បញ្ជាក់ថា​កាល​ដែល​លោកអ្នក​នោមច្រើន​នេះ​មិនមែន​មកពី​ការទទួលទាន​ច្រើននោះ​ទេ គឺ​លោកអ្នក​អាចមាន​ជម្ងឺ​ទឹកនោម​សាប។
  • តេស្ដ​ដោយ​ប្រើថ្នាំ ៖ ថ្នាំឈ្មោះ​មីនីរ៉ាំង​ជាអ័រម៉ូន​ដែល​បញ្ចេញ​ដោយ​ក្រពេញ​អ៊ីប៉ូហ្វីស​នៅក្នុង​ខួរក្បាល ហើយ​វាមាន​តួនាទីទប់​កុំឱ្យ​បញ្ចេញ​ទឹកនោម​ច្រើនពេក។ នៅក្រោយ​ពេលដែល​ទទួលទាន​ថ្នាំនេះ​ហើយ អ្នកជម្ងឺ​មិននោម​មានន័យ​ថាអ្នក​ជម្ងឺខ្វះ​អ័រម៉ូន​ទប់កុំ​ឱ្យមាន​ទឹកនោម​ដែល​បញ្ចេញ​ដោយ​អ៊ីប៉ូហ្វីស។

ផល​ប៉ះពាល់​នៃជម្ងឺ​ទឹកនោម​សាប

ជម្ងឺនេះ​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់ បើសិនជា​អ្នកជម្ងឺ​មិនបាន​ទទួលការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ។ ហើយ​កត្ដា​គ្រោះថ្នាក់អាច​បណ្ដាល​មកពី​អ្នកជម្ងឺ​នោមច្រើន​ដែលធ្វើ​ឱ្យខ្សោះ​ជាតិទឹក​នៅក្នុង​ខ្លួន។

វិធី​ព្យាបាល​ជម្ងឺ​ទឹកនោម​សាប

ចំពោះ​វិធី​ព្យាបាល​តម្រូវឱ្យ​អ្នកជម្ងឺ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ឬមាន​បទពិសោធន៍​លើជម្ងឺ​ទឹកនោម​សាប​នេះ។ ការព្យាបាល​ជាទូទៅ​គឺប្រើ​ថ្នាំមីនីរ៉ាំង ក្នុង​ករណី​ដែលខ្វះ​អ័រម៉ូន​ទប់កុំ​ឱ្យបញ្ចេញ​ទឹកនោម​ច្រើន ដែល​បញ្ចេញ​ដោយ​ក្រពេញ​អ៊ីប៉ូហ្វីស។ អ្វីដែល​ល្អជាង​នេះ លោកអ្នក​គួរតែ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទើបជាការ​ប្រសើរ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​ទឹកនោម​សាប

ពុំមាន​វិធី​ការពារ​ណាកុំ​ឱ្យកើតមាន​ជម្ងឺនេះ​បានទេ តែទោះ​បីជាយ៉ាង​ណាក៏ដោយ​ក៏ជម្ងឺ​ទឹកនោម​សាបនេះ​វាជាជម្ងឺ​កម្រមួយ ហើយ​វាមិនមែន​ជាជម្ងឺ​ធ្ងន់ទេ។

ដំបូន្នាន​អ្នក​ជំនាញ

ជម្ងឺ​ទឹកនោម​សាប​ជាមូលហេតុ​មួយក្នុង​ចំណោម​មូលហេតុ​ជាច្រើន​នៃអាការ​នោមច្រើន។ ថ្វីបើវា​ជាជម្ងឺ​កម្រ តែបើសិន​ជាលោកអ្នក​នាងកញ្ញា​មិនបាន​យកចិត្ដ​ទុកដាក់​ព្យាបាល​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative