ចំណង់​ភេទ និង​គ្រាប់ថ្នាំ​ពន្យារ​កំណើត

នាងខ្ញុំ​រៀបការ​៣ឆ្នាំ​មកហើយ តែប្ដី​របស់នាង​ខ្ញុំ​មិនទាន់​ចង់បាន​កូន​នៅឡើយ​ទេ គាត់បាន​ឱ្យនាង​ខ្ញុំទទួល​ទានថ្នាំ​គ្រាប់​ពន្យារ​កំណើត។ នាងខ្ញុំ​យល់ថា គ្រាប់ថ្នាំ​ពន្យារ​កំណើត​នេះ នាំ​ឱ្យនាង​ខ្ញុំ​បាត់បង់​ចំណង់​ផ្លូវភេទ តើ​វាជាការ​ធម្មតា​ដែរឬទេ?
លោក​ស្រី ក. ន. ស អាយុ​២៦ឆ្នាំ ខេត្ដ​កំពង់ចាម

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អត់ទេ ជាការ​មិន​ពិតទេ និងមិន​ធម្មតា​នោះទេ ព្រោះ​ថាគ្រាប់​ថ្នាំពន្យារ​កំណើត​មិនបាន​កាត់​បន្ថយ ឬ​ធ្វើឱ្យ​បាត់បង់​ចំណង់​ផ្លូវភេទ​នោះទេ។ ផ្ទុយ​ទៅវិញ​ការ​ប្រើប្រាស់ថ្នាំ​ពន្យារ​កំណើត​អាចជួយ​ឱ្យស្ដ្រី​បាត់បង់​អារម្មណ៍​ថាអាច​មាន​ផ្ទៃពោះ ដែលមិន​ចង់បាន ជួយ​ឱ្យស្ដ្រី​ទទួលបាន​ផ្លូវភេទ​គ្មាន​បារម្ភ​ពេញចិត្ដ​និង​ត្រេក​ត្រអាល រីឯ​ចំណង់​រឹតតែ​កើនឡើង​ទៅវិញ​ទេ។ ខ្ញុំបាទ​គិតថា ករណី​របស់ប្អូន​ស្រី​ដែល​ចង់មាន​កូន តែប្ដី​របស់ប្អូន​ស្រី​បដិសេធ ហេតុនេះ​ប្អូនស្រី​កំពុង​ដាក់ទោស​ពិន័យ​ទៅលើ​ប្ដី​របស់ប្អូន​ស្រី​ដែលបាន​បដិសេធ​នឹង​សំណើ​របស់ប្អូន​ស្រី។ នេះជា​ការគួរ​ឱ្យ​សោកស្ដាយ​ណាស់ ដែលអ្នក​ទាំងពីរ​ប្រកាន់​ខឹងនឹង​គ្នា​អំពី​រឿងចង់បាន​កូននេះ ដោយមិន​ខិតខំ​ប្រើប្រាស់​ឱកាស​សប្បាយ​ខាង​ផ្លូវភេទ ដែល​ក៏អាច​ផ្ដល់ឱ្យ​ប្ដីប្រពន្ធ​របស់​ប្អូនស្រី​នូវ​សុភមង្គល​គ្រួសារ និងការ​ស្រឡាញ់​គ្នា​ក្នុងរឿង​លើគ្រែ​បាន​ប្រសើរ​ដែរ។ សូម​នាំគ្នា​គិតឡើង​វិញ ហើយ​ជជែកគ្នា​អំពីការ​សប្បាយ​ខាង​ផ្លូវភេទ និង​ការមាន​កូន ដើម្បី​រៀបចំ​កាលវិភាគ​ត្រឹមត្រូវ​ណាមួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative