ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ(ត)

ការវិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ គឺជា​រឿងមួយ​ដែលគួរ​ឱ្យចង់ដឹង​ខ្លាំង​បំផុត​ពីសំណាក់​គូស្វាមី​ភរិយា​ថ្មីថ្មោង ដែល​ទើបតែ​ចាប់ផ្ដើម​មានកូន​ដំបូង។ លោកអ្នក​បានជ្រាប​អំពីការ​កកើត​កំណើត​របស់​ទារក​ខ្លះ​រួចមក​ហើយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ។ នៅពេល​នេះសូមបន្ដ​ជ្រាប​អំពីការ​វិវត្ដន៍​នៃទារក​ដែលមាន​អាយុ​កាល៣ខែ និង​៤ខែ​ជាបន្ដ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទារក​អាយុ​៣ខែ ៖ អំប្រ៊ីយ៉ុង​មាន​រូបរាង​ជាទារក​ហើយ

ពងដ៏ធំ​​ឬអំប្រ៊ីយ៉ុង​បាន​បំពេញ​រូបរាង​របស់ខ្លួន​ហើយ សរីរៈ​ទាំងឡាយ​បាន​បំបែក​លេចជា​រូបរាង​រៀងៗខ្លួន អ្វីៗ​ទាំងអស់​ចាប់​លូតលាស់។ សាច់ដុំ​ចាប់ផ្ដើម​ធ្វើការ​រីក​លូតលាស់ ឆ្អឹង​មាន​លក្ខណៈ​រឹងប៉ឹង​ខ្លាំង ទម្រង់​រាងកាយ​ចាប់លេច​ជារាង​រ៉ូវច្បាស់ ខួរក្បាល​និង​ប្រព័ន្ធ​រ៉េផ្លិច​ក៏ចាប់​ចាត់ចែង​ឡើង​ផងដែរ។ នៅខែ​ទី៣​នេះ ទារក​របស់​លោកស្រី​អ្នកនាង​ចាប់មាន​កម្ពស់​១០​សង់ទីម៉ែត្រ (១តឹក) និងមាន​ទម្ងន់​៤៥ក្រាម​(ជិត​កន្លះខាំ)​រួចស្រេច​ទៅហើយ។ ពេលនេះ​ពងឬ​អំប្រ៊ីយ៉ុង​របស់​លោកស្រី​អ្នកនាង​ក្លាយជា​ទារក ឬ​ហ្វឺទីស​ហើយ។ ពោលគឺ​ជីវិត​ចាប់ផ្ដើម​មាន​ហើយ និង​ដំណើរ​ការ​របស់​សរីរាង្គ​ទាំងឡាយ​ក៏ចាប់​បំពេញ​រូបរាង និង​តួនាទី​របស់​ខ្លួន​ផងដែរ។ ធ្មេញ​ដែល​ត្រូវដុះ​នៅពេល​ទារក​កើតមក​ក៏ចាប់ផ្ដើម​មានជា​លំអាន​ហើយ​ដែរ ក្រចក​ដៃជើង និង​រោម​ចាប់ផ្ដើម​ដុះ​ផងដែរ។ល។ ប៉ុន្ដែការ​លូតលាស់មិ​នទាន់​ចប់​សព្វគ្រប់​នៅឡើយ​ទេ។

ទារក​រស់ក្នុង​ថង់ទឹក

ទារក​រស់ក្នុង​ថង់​ឬស្បោង​មួយដែល​បំពេញ​ទៅដោយ​សារធាតុ​រាវ ដែល​ហៅ​ទឹកភ្លោះ​ឬទឹក​អាម៉ូនីញ៉ាក។ បែបនេះ​អាចជួយ​ឱ្យទារក​ស្ថិត​នៅក្នុង​ស្ថានភាព​ក្ដៅ​ឬមាន​កម្ដៅ និង​ជួយ​ការពារ​ទារក​ពីការ​ប៉ះទង្គិច និង​មេរោគ​បាក់តេរី​នានា​បាន។ សារធាតុរាវ​ស្អាត បរិសុទ្ធ​ប្រៀប​ដូចទឹក​ទទួលទាន​ផងដែរ ដែលមាន​លក្ខណៈ​បន្សុត​ជាប្រចាំ។ ទារក​អាច​ផឹកទឹក​នេះបាន​ផងដែរ ដោយគ្មាន​គ្រោះថ្នាក់។ តម្រងនោម​របស់​ទារក​ចាប់ផ្ដើម​ដំណើរការ​រួចមក​ហើយ បំពេញ​តួនាទីច្រោះ និង​បញ្ចេញ​ចោល​ទឹកនោម និង​សារធាតុ​នានា​បានដែរ​ហើយ។

ទារក​ចាប់​កម្រើក

នៅអាយុ​ប៉ុណ្ណេះ ទារក​ចាប់​កម្រើក​ដៃកម្រើក​ជើងបាន បើ​គេចង់​កម្រើក។ វាអាច​ងាកក្បាល​វេចុះ​វេឡើង​បាន ព្រមទាំង​អាច​ជញ្ជក់​មាត់បាន រហូត​ដល់​ជញ្ជក់​មេដៃ​បានទៀត​ផង។ ក្នុង​ខណៈនេះ ទារក​គឺជា​ជើងឯក​ខាង​សម្រាក។ លោកស្រី​អ្នកនាង​ពិបាក នឹង​ដឹងថា​ទារកនេះ​កម្រើក​ខ្លួន ឬ​ធ្វើ​កាយវិការ​ណាមួយ​នោះទេ។

ទារក​ត្រូវការ​ចំណី​អាហារ

មនុស្សធំ​ឬពេញ​វ័យ​រស់បាន​ដោយ​ពឹងផ្អែក​ទៅលើ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​បំប៉ន ដែលមាន​សារជាតិ​ស្ករ ជាតិ​ប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន សារធាតុរ៉ែ​ជាដើម។ រីឯ​ទារក​ក្នុងផ្ទៃ​ដែលមាន​អាយុ​៣ខែនេះ​ក៏​ចាប់ផ្ដើម​ត្រូវការ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​បំប៉ន ទាំងនេះ​ផងដែរ។ ជាអាទិ​វាត្រូវការ​ជាតិ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម ជាតិ​អ៊ីយ៉ូដ ជាតិ​ដែក ជាតិ​វីតាមីន និង​អុកស៊ីហ្សែន។ សារធាតុ​ទាំងអស់​នេះអាច​ទៅដល់​ទារក​បាន​តាមរយៈ​បណ្ដាញ​សរសៃ​ឈាម​ពិសេស​មួយដែល​មានឈ្មោះ​ថា សុក។

តើសុក​គឺជា​អ្វី?

សុកអាច​ប្រៀបបាន​នឹង​រោងចក្រ​ដ៏អស្ចារ្យ​មួយ ដែល​ទទួល​បន្ទុក​សម្រប​តម្រូវ​ការផ្លាស់​ប្ដូរ​រវាង​សព៌ាង្គកាយ​របស់​លោកស្រី​អ្នកនាង​ជាមួយ​ទារក​នៅក្នុង​ផ្ទៃ​របស់​លោកស្រី​អ្នកនាង។ សុក​បានរីក​ធំធាត់​នៅក្នុង​ស្បូន​របស់​ស្ដ្រី​ជាម្ដាយ។ ទារក​ដែល​ប្រៀបបាន​នឹងអ្នក​ងូតទឹក​ក្នុង​សមុទ្រ​តូចល្អិត​ម្នាក់ភ្ជាប់​ខ្លួន​ទៅនឹង​សុក​ឬស្បូន តាមរយៈ​ទងផ្ចិត ដែល​ប្រៀបបាន​នឹងខ្សែ​ពួរ​ដែល​ចងភ្ជាប់​ច្រាំងទន្លេ និង​កប៉ាល់។

សុក​ដើរតួនាទី​ជាច្រើន ជួនកាល​អាច​ជាសួត ជាក្រពះ ពោះវៀន និងជា​តម្រងនោម​សិប្បនិម្មិត។ សុក​តភ្ជាប់​ទៅឈាម​របស់​លោកស្រី​អ្នកនាង​ដោយ​ស្រូបយក​អុកស៊ីហ្សែន និង​សារធាតុចិញ្ចឹម​ចាំបាច់ ដើម្បីការ​លូតលាស់​របស់​ទារក។ បន្ទាប់មក​សុក​បាន​បញ្ចេញ​ចោល​ទៅក្នុង​បណ្ដាញ​ចរន្ដឈាម​របស់​ស្ដ្រី​ជាម្ដាយ​ដោយ​ផ្ទាល់នូវ​កាកសំណល់​ទាំងឡាយ​របស់​ទារក។ អ្វីៗ​ទាំងអស់​ត្រូវផ្ទេរ​ចុះឡើង​ពីម្ដាយ​ទៅកូន​តាមរយៈ​ពួរទង​ផ្ចិតនេះ បូករួម​ទាំងការ​ស្រឡាញ់​ដ៏អស្ចារ្យរ​វាងទារក និង​ម្ដាយ រវាង​លោកស្រី​អ្នកនាង​ជាមួយ​កូន​របស់ខ្លួន​ផងដែរ។

តួនាទី​សំខាន់​មួយទៀត សុក​ដើរតួនាទី​ជាអ្នក​ច្រោះដ៏​សំខាន់​ផងដែរ។ ជញ្ជាំង​សុក​អាចមាន​សមត្ថភាព​បន្ទុច​បង្អាក់​ពពួក មេរោគ វីរុស និង​បាក់តេរី​ដែលអាច​បង្កជា​បញ្ហា​ឬជម្ងឺ​ដល់​ទារក។ ប៉ុន្ដែវា​មិនអាច​ទប់ស្កាត់​នូវ​សារធាតុ​អាក្រក់​មួយចំនួន។ ហេតុ​ដូចនេះ​ហើយ​បានជា​គ្រូពេទ្យ​តែងតែ​ណែនាំ​ឱ្យលុប​បំបាត់​ចោលការ​ទទួលទាន​សុរា ឬ​ជាតិអាល់កុល និង​បារី បូករួម​ទាំង​ឱសថ​ឬថ្នាំ​ពេទ្យ​មួយចំនួន ដែលអាច​បង្កផល​ប៉ះពាល់​ដល់​ទារក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទារកអាយុ​៤ខែ ៖ ទារក​ចាប់ពេញ​រូបរាង

ពេលនេះ​អ្វីៗ​ទាំងអស់​បាន​ស្រេចអស់​ហើយ។ រាល់​សរីរៈ​ទាំងអស់​បានដាក់​ឱ្យ​ដំណើរការ និង​ធ្វើការ​ហើយ។ ការ​រីកលូតលាស់​ដ៏អស្ចារ្យ​សម្បើម​នេះនៅតែ​ត្រូវការ​ការ​សម្រប​តម្រូវ​មួយចំនួន។ ក្នុង​កំឡុង​ពេលនេះ បេះដូង​ទារក​របស់​លោកស្រី​អ្នកនាង ច្របាច់​ជាមធ្យម​ប្រមាណ​ជា១៤០ដង​ក្នុង​១នាទី។ រីឯ​លលាដ៍ក្បាល​លែងសូវ​ចំហ ឬ​ខ័ណ្ឌ​ជាផ្នែក​ទៀត​ហើយ សរសៃសក់​ចាប់ផ្ដើម​ដុះ ហើយ​ឆ្អឹងខ្ចី​ក៏ចាប់ដុះ​ជាប់គ្នា។

សរសៃ​ឈាម​ល្អិតចាប់​រាយខ្វាត់​ខ្វែង​នៅលើ​ស្បែកដែល​ស្ដើង និង​រលោង។ វាហាក់​ដូចជា​មានពណ៌​ក្រហម​ពាលលើ​ខ្លួន ប៉ុន្ដែ​គាត់មាន​សុខភាព​ល្អទេ។ ខ្លួនប្រាណ​របស់​គាត់​គ្របដណ្ដប់ទៅដោយ​រោមខ្ចី​ទន់ៗ។ យើង​ឃើញមាន​រោម ឬ​សំណល់​រោម​ទាំងនេះ​ជាប់​នៅលើ​ខ្លួន​ទារក ពេលដែល​កើត​ឬប្រសូត​ចេញមក​ក្រៅ។

កូន​ប្រុស ឬ​កូនស្រី?

ការ​កំណត់​ភេទ​បាន​ចាប់ផ្ដើម​លេចចេញ​ជារូបរាង​ហើយ ក្រោយ​ពីមាន​ការផ្សំ​ផ្គុំគ្នា​រវាង​មេជីវិត​បុរស​(ស្ពែមម៉ាតូសូអ៊ីដ) និង​មេជីវិត​ស្ដ្រី​(អូវុល) រយៈពេល​បួនខែ​មកនេះ។ នៅខែ​ទីបួន​នេះ ទារក​អាចមាន​លេចចេញ​ជាភេទ​ប្រុស​ឬស្រី​ច្បាស់​តាមរយៈ​ការឆ្លុះ​អេកូសាស្ដ្រ ប៉ុន្ដែ​ទៅតាម​ទីតាំង​របស់​ទារក​ផងដែរ។ លោកអ្នក​ពិតជា​សប្បាយ​ចិត្ដ​បើសិនជា​បានឃើញ​កូនប្រុស​ឬស្រី តាម​ចំណង់​បាន​របស់ខ្លួន។

(សូមបន្ដ​អាន​នៅលេខ​ក្រោយ)

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative