ពិធី​បុណ្យ​អុំទូក

ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះខែ ត្រូវបាន​ប្រារឰ​ធ្វើឡើង​ជារៀង​រាល់ឆ្នាំ នៅក្នុង​កំឡុង​ថ្ងៃ១៤-​១៥កើត និងថ្ងៃ​១រោច​ខែកត្ដិ​កពុទ្ធសករាជ។ ឆ្នាំនេះ​ព្រះរាជ​ពិធីនេះ​ត្រូវបាន​ប្រារឰ​ឡើង​នៅក្នុង​ថ្ងៃទី២០ ទី២១ និងទី២២ ខែវិច្ឆិកា នៃ​គ្រឹស្ដ​សករាជ។ នេះជា​ពិធី​បុណ្យ​ប្រពៃណីជាតិ​មួយ​ដែលមាន​ការ​រៀបចំ​ជាលក្ខណៈ​ជាតិ ជាព្រឹត្ដិការណ៍​ដ៏ធំ​សម្បើម និង​មាន​ការ សប្បាយ​រីករាយ​ជាច្រើន​ជាមួយ​ផ្ទាំង​ទស្សនីយភាព​ក្នុងការ​ប្រណាំង​ទូក បណ្ដែត​ប្រទីប និង​មានការ​បាញ់កាំជ្រួច​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​មាន​អាយុ​កាល​ជាច្រើន​ឆ្នាំ

ព្រះរាជ​ពិធី​បុណ្យនេះ​ជាបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដែលមាន​អាយុ​តាំងពី​បុរាណ​កាលមក​ម្ល៉េះ ហើយ​ព្រះរាជពិធី​ត្រូវបាន​ចែងទុក​ក្នុង​ឯកសារ​ជាតិ និង​អន្ដរជាតិ ព្រមទាំង​តាមសិលា​ចារឹក​នៃប្រាសាទ​ខ្មែរ​ផងដែរ។ ពិធី​បុណ្យ​អុំទូក​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រម្លឹកដល់​បុព្វបុរស​ខ្មែរ​ជំនាន់ដើម​ដែល​ទទួលបាន​ជ័យជំនះ​លើ​កងទ័ព​ចាម​ក្នុង​យុទ្ធសាស្ដ្រ​សង្គ្រាម​ជើងទឹក។ ពិធីនេះ​បានចម្រើន​ខ្លាំង​នាសម័យ​អង្គរ​ក្នុងរាជ​ព្រះបាទ​ជ័យវរ្ម័នទី៧ សតវត្សរ៍ទី​១២ និង​សម័យ​លង្វែក​នាព.ស២០៧១ គ.ស​១៥២៨។ នាពេល​បច្ចុប្បន្ន​ព្រះរាជ​ពិធីនេះ​កាន់តែមានការ​ប្រារឰ​ពិធី​ដោយ​សេចក្ដី​សោមនស្ស សប្បាយ​រីករាយ និង​កាន់តែ​មានភាព​អធិកអធម​ពី​ប្រជាពលរដ្ឋ និងថ្នាក់​ដឹកនាំ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​អន្ដរជាតិ​ផងដែរ។ កម្មវិធី​នៃការ​ប្រកួត​ប្រណាំង​ទូក​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ និង​មានការ​ប្រែប្រួល​ពីចំនួន​សមាជិក​ដែល​ចូលរួម​ក្នុងការ​ប្រកួត​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ។

ការ​ចូលរួម​ប្រកួត​ប្រណាំង​ទូក

កាលពី​ឆ្នាំមុន​ការ​ចូលរួម​ប្រណាំង​ទូក​មានចំនួន​៣៨៤ទូក​ដែលបាន​ប្រកួត​ក្នុង​ព្រះរាជពិធី​ដ៏មហោឡារិក​នេះ ហើយ​នៅក្នុង​ឆ្នាំនេះ​វិញ​គឺមាន​ចំនួន​ប្រហែល​ជា៣៨៦​ទូក សរុប​ចំនួន​១៩៣​គូ និងមាន​អ្នក​ចូលរួម​ប្រហែល​ជា២៣០២០​នាក់។ ទូក​ទាំងអស់​ដែលបាន​ចូលរួម​ក្នុងការ​ប្រកួត​គឺមកពី​គ្រប់​បណ្ដា​ខេត្ដក្រុង​ក្នុង​ប្រទេស ពិសេស​គឺតាម​បណ្ដា​ខេត្ដ​នៅជាប់​ដងទន្លេមេគង្គ និង​ដងទន្លេសាប។ ហើយ​ខេត្ដក្រុង​ដែលមាន​ទូកច្រើន​ជាងគេ គឺ​ខេត្ដកណ្ដាល កំពង់ចាម ព្រៃវែង និង​ខេត្ដ​កំពង់ឆ្នាំង​ជាដើម ដែល​មានការ​ចូលរួម​រាប់រយ​ទូក​ក្នុងមួយ​ឆ្នាំៗ។ ចំពោះ​ពានរង្វាន់​ឆ្នាំនេះ​ក៏មិនខុស​ប្លែកពី​ឆ្នាំមុន​ដែរ សម្រាប់​ទូកដែល​ទទួលជ័យ​លាភី។

ការ​ប្រែប្រួល​សម្រាប់​ការប្រកួត

ចំពោះ​បទបញ្ជា​នៃការ​ប្រកួត​នៅក្នុង​ឆ្នាំនេះ​គឺ​មិនមាន​អ្វី​ប្រែប្រួល​ច្រើន​នោះទេ។ ការ​ប្រណាំង​គូពិសេស​សម្រាប់​ឆ្នាំនេះ គឺនៅ​ប្រហែល​ត្រឹមតែ​១៥គូ​ប៉ុណ្ណោះ​ដូចឆ្នាំ​មុន។ គូពិសេស​ទាំងនោះ​គឺជាគូ​ដែល​ជ្រើសរើស​ដោយមាន​ការ​រៀបចំ​របស់​សម្ដេច​អគ្គសេនា មហាបតី​តេជោ ហ៊ុន សែន។ មួយ​វិញទៀត​គឺមាន​ការ​ពង្រឹង​វិន័យ​នៃការ​ចូលរួម​ប្រកួត​ចូលរួម​អុំ និង​បទបញ្ជាផ្ទៃក្នុង​ដែលធ្លាប់​មានមក​ផងដែរ ហើយ​ការ​ពង្រឹងនេះ​ក៏បាន​ធ្វើជា​រៀងរាល់​ឆ្នាំ​ផងដែរ។

ទឹកទន្លេ​មានភាព​តូចជាង​ឆ្នាំមុន

ក្នុង​ឆ្នាំនេះ​ទឹកទន្លេ​មាន​កម្រិត​តូចជាង​ឆ្នាំមុនៗ ដោយសារ​ភ្លៀង​ចុងវស្សា​តិចតួច​ទើប​ធ្វើឱ្យ​ទឹកស្រក​មានទំហំ​ឬសភាព​តូច។ ឆ្នាំមុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បានប្រារឰ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី២០​ដល់ថ្ងៃទី២២​ខែវិច្ឆិកា តែឆ្នាំនេះ​នៅពេល​ដែលបាន​ដូរចន្ទគតិ​គឺត្រូវ​នឹងចុងខែ​វិច្ឆិកា​វិញម្ដង ដូចនេះ​ធ្វើឱ្យ​ទឹកមាន​សភាព​តូចជាង​ឆ្នាំមុន។ បើទោះ​ជាកម្រិត​ទឹកមាន​សភាព​តូចបន្ដិច​ជាងឆ្នាំ​មុន តែ​កម្រិតទឹក​ទន្លេសាប​មាន​កម្រិត​ប្រហាក់​ប្រហែល​នឹង​ទឹកទន្លេ​មេគង្គ ដូចនេះចរន្ដ​ទឹកហូរ​មិនអាច​ធ្វើឱ្យ​ទឹកហូរ​ខ្លាំង​នោះទេ។ ផ្ទុយ​ទៅវិញបើសិនជា​ទឹកទន្លេ​មេគង្គ​ស្រកលឿន​ជាងទឹក​ទន្លេសាប ទឹកអាច​ហូរខ្លាំង​ដែលអាច​បង្កការ​លំបាក​ដល់ការ​អុំទូក។ សរុប​សេចក្ដីមក ទោះបីជា​ឆ្នាំនេះ​ទឹក​មានសភាព​តូច តែ​មិនអាច​បង្កភាព​រាំងស្ទះ​អ្វីដល់ការ​អុំទូក។ សរុប​សេចក្ដីមក​ទោះបីជា​ឆ្នាំនេះ​ទឹកមាន​សភាព​តូច តែ​មិនអាច​បង្កភាព​រាំងស្ទះ​អ្វីដល់​ការ​រៀបចំបច្ចេកទេស​នោះទេ ហើយ​ថែមទាំង​មិនអាច​ធ្វើឱ្យ​មានបញ្ហា​ក្នុងការ​ប្រារឰ​ព្រះរាជពិធី​បុណ្យ​អុំទូក​នោះឡើយ។ ទោះបីជា​ឆ្នាំនេះ​ទឹកតិច ឬមាន​សភាព​ជន់ខ្លាំង​ក៏ដោយ ក៏ខាង​គណៈកម្មាធិការ​បច្ចេកទេស​នៅតែ​រៀបចំ ជំនួយ​ជារៀងរាល់​ឆ្នាំ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែលបាន​ចូលរួម​ក្នុងការ​ប្រកួត។ ហើយ​នៅឆ្នាំ​នេះដោយ​សារតែ​ទឹក​នៅតូច ដូចនេះ​ក៏ដោយ ក៏ត្រូវបាន​ពង្រឹង​នាវា​សង្គ្រោះ និង​កម្លាំង​សង្គ្រោះ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ប្រណាំង​ទូក​ជាកីឡា​ប្រពៃណី

បុណ្យ​អុំទូក​បានបង្ហាញ​យ៉ាងច្បាស់​នូវកីឡា​បែប​ប្រពៃណី​ជាតិ​មិនមែន​ជាកីឡា​សុទ្ធសាធ ដែលមាន​ការ​ប្រកួត​ប្រជែងរកទូក​ដែល​អុំលឿន​ជាងគេ​ក្នុង​ប្រទេស​នោះទេ។ ការ​ប្រណាំងទូក​ត្រូវបាន​រៀបចំ​បែងចែក​ប្រកួត​តាមផែន ដែលមាន​ចាត់ចំណាត់​ថ្នាក់​ទៅតាម​ផែននីមួយៗ។ តែអ្វីដែល​ពិសេស​នោះគឺ​សម្រាប់​តែគូ​ពិសេស​ប៉ុណ្ណោះ​ដែលត្រូវ​ប្រើប្រាស់​ក្រូណូម៉ែត្រដើម្បី​ចុច​កំណត់​ពេល ហើយ​ធ្វើ​ចំំណាត់​ថ្នាក់​ថេរវេលា​នៃការ​អុំទូក​ពិសេស​នីមួយៗ។ ការ​ប្រណាំងទូក​នេះ​មិនមែន​ជាការ​ប្រកួត​ដើម្បី​ចាញ់ឈ្នះ​នោះទេ នេះគឺជា​ពិធីបុណ្យ​កម្សាន្ដ​បែបប្រពៃណី និង​វប្បធម៌​របស់​ជាតិខ្មែរ។ ដូចនេះ​សូម​លោក​ដែលជា​កីឡាករ​ប្រណាំង​ទូក​ទាំងអស់ នៅតែ​បន្ដការ​ប្រណាំង​ទូក​ទាំងអស់ នៅតែ​បន្ដការ​គោរព​នូវវិន័យ​ដែលផ្ដល់​ដោយ​គណៈកម្មាធិការ ធ្វើ​យ៉ាងណា​ឱ្យពិធី​បុណ្យជាតិ​កាន់តែ​មានភាព​សប្បាយ​រីករាយ។

ការ​ប្រណាំង​គូពិសេស

ទូក​ពិសេស​ដែលបាន​ចាត់ទុកថា​ជាទូក​លឿន​ជាងគេ​នោះគឺ​រៀបចំ​ជាផែន​ពិសេស​ដោយឡែក​សម្រាប់​ធ្វើការ​ប្រកួត​គ្នា ដូចជា​រៀងរាល់​ឆ្នាំដែរ។ ទូក​ផែន​ធម្មតា​នៅថ្ងៃ​ទីមួយ និង​ថ្ងៃទីពីរ​អុំពីរ​ជើង ដោយ​ផ្លាស់ប្ដូរ​ខ្សែរទឹក ឯថ្ងៃ​ទីបី​គឺអុំតែមួយ​ជើងតែ​ប៉ុណ្ណោះ ដោយ​ធ្វើការ​ចាប់ឆ្នោត​ជ្រើសរើស​ខ្សែទឹក។ រីឯទូក​ដែល​ស្ថិតក្នុង​ផែនពិសេស​នោះគឺ​អុំពីពីរ​ទៅបីថ្ងៃ ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​ខ្សែទឹក។

បណ្ដាំ​ផ្ញើ

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ជាព្រឹត្ដិការណ៍​មួយឆ្នាំ​មានម្ដង ដូចនេះ​ថ្ងៃដែល​ពិសេស​ពិតជាមាន​ការ​ប្រព្រឹត្ដ​ទៅដោយ​ភាព​សប្បាយ​រីករាយ និង​អធិកអធម ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម​ក្នុង​ឱកាស​នេះ។ ទីក្រុង​ភ្នំពេញ​ជាកន្លែង​មាន​សោភ័ណភាព សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​អន្ដរជាតិ​មក​កម្សាន្ដ ដូចនេះ​សូម​លោកអ្នក​ដែលបាន​ចូលរួម​ពិធី​ដ៏អស្ចារ្យនេះ សូម​មេត្ដា​ជួយថែរក្សា​នូវ​បរិស្ថាន ដើម្បី​ឱ្យ​ទីក្រុង​នៅតែ​មាន​សោភ័ណ​ភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative