ទាស់ដំណេក

ក្រោយពេលសម្រាលកូន ស្ដ្រីមួយចំនួនបានជួប ប្រទះនូវ​បញ្ហាផ្សេងៗ​ខុស​ប្រក្រតី ដែលខ្មែរ​យើងនិយម​ហៅថា​ទាស់។​ មិត្ដនារី​​មួយចំនួន​អាចមាន​បញ្ហាទាស់ រីឯ​ស្ដ្រីខ្លះទៀត​ក៏មិនមាន​ការទាស់​នេះដែរ។ ទាំងនេះ​បណ្ដាលមក​ពី​ហេតុអ្វី? តើការ​ទាស់នេះជាជម្ងឺ​អ្វីពិត​ប្រាកដ? មានវិធី​ព្យាបាល​ឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឱ្យប្រជាពលរដ្ឋបាន​យល់ជ្រាប​កាន់តែ​ច្បាស់ពី​ជម្ងឺទាស់​​ដំណេកនេះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើការ​សម្ភាស​ជា មួយ​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី ឯកទេស​ព្យាបាល​ជម្ងឺទូទៅ នៃសមាគម​ថែទាំ​សុខភាព​កម្ពុជា​ហៅកាត់ថា​(រ៉ាក់)។​

សុខភាពស្ដ្រីក្រោយសម្រាលកូន

– ត្រូវការរបបអាហារសម្រប ៖ មានគ្រប់​រសជាតិ សាច់ បន្លែ ត្រី ស៊ុត ផ្លែឈើ ដើម្បីមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ ដោះ​ទារក។

– ត្រូវសម្រាកពីការងារ មិនថា​ការងារធ្ងន់ ឬស្រាល​អ្វីឡើយ

– ត្រូវការតាមដានផ្នែកវេជ្ជសាស្ដ្រ ៖ ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​ទៅតាម​កាលកំណត់​ទុករបស់​អ្នកផ្ដល់​សេវា​សុខាភិ បាល ដើម្បីបញ្ជាក់​ពីការ​ជាសះនូវ​របួស​ស្នាមពេល​សម្រាលកូន និងដើម្បី​បញ្ជាក់​ពីការ​វិលមក​រកសភាព​ប្រក្រតី​ឡើងវិញ​នៃសុខភាព​ របស់គាត់

– មិនទាន់មានចំណង់រួមភេទភ្លាមៗទេ ដោយសារ​ឈឺចាប់​តាមផ្លូវ​បន្ដពូជ បណ្ដាលមក​ពីការ​ដាច់រលាត់​នៅពេល​សម្រាលកូន​

– ត្រូវការ​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​មើលថែទាំ​កូនតូច

– ការថែទាំសុខភាពស្ដ្រីក្រោយ​ពេលសម្រាល​កូនមាន​សារៈសំខាន់ខ្លាំង ដែលតម្រូវ​ឱ្យមាន​ការចូលរួម​ពីមនុស្ស​នៅជុំវិញ ​ជាពិសេស​គឺស្វាមី​របស់គាត់។

ជំនឿចាស់បុរាណចំពោះស្ដ្រីក្រោយសម្រាលកូន

– ទម្លាប់មិនល្អ ៖ ស្ដ្រីក្រោយសម្រាលកូន​មិនអាច​ទទួលទាន​​អាហារ​បានច្រើន​ប្រភេទ​នោះទេ ព្រោះបណ្ដាល​ឱ្យទាស់

– ទម្លាប់ល្អ ៖ ស្ដ្រីក្រោយ​សម្រាលកូន​មិនទាន់​អាចធ្វើ​ការងារ​អ្វីបាន​ភ្លាមៗ​នោះទេ រួមទាំង​ការរួម​ភេទ​ផងដែរ នឹងអាច​ បណ្ដាលឱ្យ​ទាស់ ព្រោះសរសៃ​នៅខ្ចី​(ជំនឿចាស់បុរាណ)។

ជំនឿចាស់បុរាណមិនមែនខុស​ទាំងអស់​នោះទេ ដូច្នេះសុំ​មេត្ដា​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​អនុវត្ដតាម ឬត្រូវចៀស​វាង។

ទាស់ដំណេក

ជាធម្មតាក្រោយ​​ពេល​សម្រាល​កូនរយៈ​ពេល៦សប្ដាហ៍ ស្ដ្រីត្រូវ​មក​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​សារ​ជាថ្មី ដើម្បីឱ្យ​ប្រាកដ​ ថារាង​កាយរបស់​គាត់វិល​មក​សះស្បើយ ដូចសភាព​ដើមវិញ​ហើយឬនៅ។ បើការ​ពិនិត្យទៅ​ឃើញថា​មិនមាន​បញ្ហាអ្វី​ទេនោះ ស្ដ្រីអាច​ បំពេញ​ការងារ​ដូចដើម​វិញ អាច​ធ្វើកិច្ច​ការផ្សេងៗ​ដូចអ្នក​ធម្មតា អាចរួម​ដំណេក​ជាមួយ​ស្វាមី អាចមាន​កូនមួយ​ទៀតបាន​ជាដើម។ ផ្ទុយទៅ​វិញបើ​ស្ដ្រីនោះ​ធ្វើការ​រួមភេទ​ក្រោមរយៈពេល​៦សប្ដាហ៍ ជាពេល​ដែលសរីរាង្គ​បន្ដពូជ​របស់គាត់​មិនទាន់​ជាសះស្បើយ​នោះទេ បណ្ដាលឱ្យ​មានការ​ក្លាយរបួស​កើតចេញ​ជាអាការៈ​ផ្សេងៗ ដែលខ្មែរ​យើង​និយម​ហៅថា​ទាស់​ដំណេក។ សរុប​មកមិន​មានរោគ​ទាស់ដំ​ ណេកទេ ដូច្នេះសូម​ងាកទៅ​រកការ​ថែទាំ​សុខភាព​ស្ដ្រីក្រោយ​ពេល​សម្រាល​កូនវិញ។ ចាស់បុរាណ​មិនបាន​ដឹងអំពី​រយៈពេល​នៃការរួម ភេទទើប​មាន​សុវត្ថិភាព។ ទាំងនេះ​មានន័យថា​គឺជាការ​ថមថយ​ខាងផ្នែក​សុខភាព ដោយសារ​តែ​កង្វះខាត​អាហារូបត្ថម្ភ​​រាងកាយ ធ្វើ ឱ្យស្បែក​ស្ងួតបែក​ស្រកា​ដែល​កើតឡើង​ពីការ​តមចំណី។ ស្ដ្រីបាន​សម្រាលកូន​ហើយមាន​ការដាច់​រលាត់នៅ​តាមផ្លូវ​ទ្វារមាស ឬស្នាមគេ​ កាត់ដើម្បី​សម្រាលកូន និងនូវមាន​ការឈឺចាប់​ជាមួយ​ស្នាម​របួស​ដែលមិន​អាចធ្វើការ​រួមភេទ​បានឆាប់​ភ្លាម​នោះទេ លុះត្រា​តែកន្លែង​ ប្រដាប់ភេទ​ជាសះស្បើយ គួបផ្សំ​នឹងចំណង់ផ្លូវ​ភេទរបស់​ខាងស្ដ្រី​ទៀតផង។ ស្ដ្រីខ្លះ​កំពុង​បំបៅ​ដោះកូន​បន្ដមាន​រយៈ​ពេលយូរ ទើបមាន​ ចំណង់ផ្លូវ​ភេទ​ឡើងវិញ និងដោយ​សារតែ​មមាញឹក​ក៏មិន​អាចមាន​ចំណង់​រួមភេទ​ភ្លាមដែរ។ ហើយបើ​បង្ខំឱ្យ​រួមភេទ​នោះធ្វើ​ឱ្យគាត់ មានបញ្ហា​សុខភាព​ផ្លូវចិត្ដ ទាំងនេះ​ក៏មិនមែន​ជាជម្ងឺ​ទាស់​ដំណេក​ដែរ តែដោយ​សារ​ប្រជាពលរដ្ឋ​មិនយល់​ក៏​ហៅថា​ជម្ងឺ​ទាស់​ដំណេកដូច​ គ្នាតែ​ម្ដងទៅ។

ដូចម្ដេចដែលហៅថារោគទាស់ដំណេក?

តាមជំនឿបុរាណដែលបានកំណត់ថាស្ដ្រី​មានរោគ​ទាស់​ដំណេក គឺស្ដ្រី​មាន​បញ្ហា​សុខភាព​បន្ទាប់ពី​បាន​រួមភេទ​ជាមួយ​ស្វាមី ​របស់គាត់ បន្ទាប់ពី​បាន​សម្រាល​កូនរួច​ដោយមិន​បានកំណត់​ឱ្យបាន​ច្បាស់លាស់​ថា តើរយៈ​ពេលប៉ុន្មាន​ថ្ងៃ ឬខែ ដែល​ស្ដ្រីមាន​បញ្ហានេះ​ ទើបអាច​កំណត់ថា​មានរោគ​ទាស់​ដំណេក​នោះទេ។ ជំនឿ​បុរាណ​ដែលមាន​បន្ដ​រហូតដល់​បច្ចុប្បន្ននេះ មិនមាន​កំណត់​ត្រា​ជា​ឯកសារ​ផ្លូវ ការ​នោះទេ គឺគ្រាន់តែ​ជាការ​និយាយតៗ​គ្នាតែ​ប៉ុណ្ណោះ។

យោងតាមការលើកឡើងខាងលើ សូមប្រិយ​មិត្ដរបស់​ទស្សនាវដ្ដី សុខភាពយើង ទាំងអស់​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ថែរក្សា​​សុខភាព​ស្ដ្រី​ក៏ដូចជា​បាន​ចូលរួម​ថែរក្សា​សុខភាព​សង្គមទាំង​មូលផងដែរ។

តាមក្បួនវេជ្ជសាស្ដ្រទំនើប ស្ដ្រីក្រោយ​សម្រាល​កូនរួច​អាច​រួមភេទ​បានចាប់​ពី៤-៦សប្ដាហ៍​ក្រោយ ឬយូរជាង។ ហេតុផល ដែលមិន​អាច​រួមភេទ​បានភ្លាម​មានដូចជា ៖​

– របួសមិនទាន់សះ ដែលបណ្ដាល​ឱ្យ​មានការ​ឈឺចាប់​នៅពេល​បុរស​ស៊កលិង្គ​បញ្ចូល

– ស្ដ្រីមិនទាន់មានចំណង់​រួមភេទ។ ដូច្នេះ​បើ​ស្វាមី​មិនយល់ ឬធ្វើជា​មិនយល់ វានឹង​ក្លាយទៅ​ជារឿង​រំលោភ​ឬចាប់បង្ខំ​​ ហើយនាំ​ឱ្យស្ដ្រី​មានការ​ខ្លាចរអា​នឹងការ​រួមភេទ​ជាមួយ​ស្វាមី​របស់គាត់។ ចុងក្រោយ​អាចមាន​ការមិន​យោគយល់​គ្នារវាង​ប្ដី និងប្រពន្ធ។

ដូច្នេះ​ការ​បំពាន​នឹងការ​រៀបរាប់​ខាងលើ​នេះហើយ​ដែលបណ្ដាល​ឱ្យស្ដ្រី​ក្រោយ​សម្រាល​កូន​តែងតែ​មាន​បញ្ហា​សុខភាព ហើយសាច់​ ញាតិអ្នក​ជិតខាង​ក៏បាន​ទម្លាក់​កំហុស​ទៅលើ​ការ​រួមភេទ ដោយបង្កើត​បានជា​រោគវិនិច្ឆ័យ​ថាជម្ងឺ ឬរោគ​ទាស់ដំណេក។

មូលហេតុទាស់ដំណេក

ទាស់ដំណេកកើតឡើងដោយសារ​តែការ​មិនយល់ ឬចំណេះដឹង​មានកម្រិត​របស់ស្វាមី ដោយគិត​ថាបន្ទាប់​ពីសម្រាល​កូនរួច ហើយអាច​រួមភេទ​តាមធម្មជាតិ​បានហើយ ឬបុរស​គាត់មាន​ចំណង់​រួមភេទ​ច្រើន គាត់ក៏​អាចចាប់​បង្ខំ​ប្រពន្ធ​របស់​គាត់​រួមភេទ ដោយ មិន​បានគិត​ថា ស្ដ្រីនោះ​មានអារម្មណ៍​ចង់រួមភេទ ឬក៏អត់ទេ។

មូលហេតុដែលបង្កឡើងគឺ​ដោយសារ​តែការ​តម​អាហារ​តាមចាស់​បុរាណ​ជាកត្ដា​ដ៏សំខាន់។ ស្ដ្រីខ្លះ​តមចំណី​រហូត​ដល់ស្គម ​រីងរៃ។​ ជាធម្មតា​នៅពេល​ដែល​ខ្សោះ​ចំណី​អាហារ​ហើយស្បែក​គឺឡើង​ស្ងួត រាងដូច​បែកស្រកា នេះហើយ​ដែលគេ​និយម​ហៅថា ទាស់ដំណេក។ ប៉ុន្ដែធាតុ​ពិតមក​ពីខ្វះ​អាហារូបត្ថម្ភ នឹងមួយ​ទៀតទាក់​ទងទៅនឹង​ស្បូនដោយ​សារការ​រួមភេទ នៅពេល​ផ្លូវបន្ដពូជ​ស្ដ្រី មិនទាន់​បានជា​សះស្បើយ ជាឱកាស​នាំមេរោគ​ចូលទៅ​ធ្វើឱ្យ​បង្ក​មេរោគ​នៅក្នុង​ស្បូន​ធ្វើឱ្យ​មាន​កម្ដៅ​កើនឡើង ការពិត​ជាការក​រោគ ខាងរាងកាយ។ មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយទៀត​ហូតដល់ការ​បាត់បង់​ជីវិត តែក្នុង​ករណី​កម្រនៅ​ពេលចលនា​រួមភេទអាច​បញ្ចូលខ្យល់ ទៅក្នុង​ស្បូន​របស់ស្ដ្រី ងាយចូល​ទៅក្នុង​សរសៃឈាម ព្រោះសរសៃ​ឈាម​កំពុងតែ​ចំហកើត​ទៅជា​កំណកខ្យល់ បណ្ដាលឱ្យ​ស្ទះសរសៃ ឈាមអាច​ធ្វើឱ្យ​ស្ដ្រីស្លាប់​បាន ទាំងនេះ​ហើយដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ហៅថា​ជម្ងឺ​ទាស់ដំណេក។

រោគសញ្ញាទាស់ដំណេក

ស្ដ្រីច្រើនមានសភាពដូចជាស្គមរីងរៃ ស្បែកស្ងួត​​បែកស្រកា ក្ដៅខ្លួន រងាញាក់​ស្រៀវស្រាញ ក្ដៅរងា មានការ​ធ្លាក់ទឹក ចិត្ដពី​ការចាប់​បង្ខំនៅពេល​ស្ដ្រីមិន​មាន​ចំណង់​រួមភេទ ធ្វើឱ្យ​គាត់​តានតឹង​អារម្មណ៍ និងបាក់​ទឹកចិត្ដ។ មានអាការៈ​មួម៉ៅ​ឆាប់ឆេវឆាវ​ជាដើម។

វិធីការពារជម្ងឺទាស់ដំណេក

ដោយពឹងលើស្ដ្រីមាន​ចំណង់​រួមភេទផង យ៉ាងហោច​ណាស់ពី​៤ទៅ៦សប្ដាហ៍​ក្រោយពេល​សម្រាលកូនរួច​ ទើប​រួមភេទ​បាន។ មិនមែន​សម្រាល​កូនបានតែ​៤ទៅ៦សប្ដាហ៍​រួមភេទ​ក៏ចេះតែ​រួមភេទ វាក៏មិន​ត្រឹមត្រូវដែរ។ ដូច្នេះ​ត្រូវរង់ចាំ​ឱ្យបានពី​៤ទៅ៦សប្ដាហ៍ អាចយូរ​ជាងនេះ​កាន់តែល្អ ហើយបូក​ផ្សំជាមួយ​ស្ដ្រីមាន​ចំណង់​រួមភេទ​ផង បើ​មិនមាន​ចំណង់​រួមភេទ​ទេត្រូវ​រង់ចាំ​យូរជាង​នេះ​មិនកំណត់​ពេល​វេលា​ឡើយ។ ទាក់ទង​ទៅនឹង​អាហារូបត្ថម្ភ មិនត្រូវតម​អាហារ​ពេកទេ។ បើសិន​ជាចង់​ដឹងច្បាស់​ថាស្ដ្រី​គួរញ៉ាំ​ចំណី​អ្វីខ្លះ បាន សូមកុំ​ជឿចាស់​បុរាណពេក ត្រូវអញ្ជើញ​ទៅមន្ទីរពេទ្យ ដែលគ្រូពេទ្យ​អាចអនុញ្ញាត​ឱ្យញ៉ាំ​អ្វីបាន និងអ្វី​មិនបាន។

វិធីការពារងាយបំផុត គឺបុរសជាស្វាមី​ត្រូវយក​ចិត្ដទុក​ដាក់ឱ្យបាន​ច្រើនដល់​ភរិយា​ដែលទើប​នឹងសម្រាល​កូនរួច ជាពិសេស ការ​រួមភេទ​មិនត្រូវ​ចាប់បង្ខំ​ឡើយ។

វិធីព្យាបាលជម្ងឺទាស់ដំណេក

គប្បីបញ្ជូនស្ដ្រីទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើ​ការពិនិត្យ និងព្យាបាល​តាមក្បួន​វេជ្ជសាស្ដ្រ​​ទំនើប។

ដំបូន្មានរបស់អ្នកជំនាញ

សូមឱ្យស្វាមី ឬម្ដាយទាំងឡាយ​ក្រឡេក​មើលការ​រីកចម្រើន​នូវវិស័យ​វេជ្ជសាស្ដ្រ​ទំនើប​បច្ចុប្បន្ន​ថាមាន​ការរីកចម្រើន​ដល់កម្រិត​ណាហើយ។ សូមគិត​ទាំងអស់​គ្នាថា ការទាស់​បណ្ដាលមក​ពីការ​ទទួលទាន ឬពីការ​រួមភេទ។ បើការ​ទទួលទាន ឬការរួម ភេទនោះ​ប្រព្រឹត្ដដោយ​សមស្រប និងត្រឹមត្រូវ​តាមក្បួន​វេជ្ជសាស្ដ្រ គឺប្រាកដជា​មិនមាន​រោគទាស់​ចំពោះស្ដ្រី​ក្រោយ​សម្រាល​ទៀតឡើយ។

ការយល់ចិត្ដគ្នារវាងប្ដីប្រពន្ធ​គឺអាចជួយ​ឱ្យគ្រួសារ​មួយមាន​សុខភាព​ល្អ​យូរអង្វែង និងក៏​អាចជួយ​ជំរុញ​កម្ពុជា​រដ្ឋ​ឱ្យ​មានតែភាព​សុខសាន្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative