លទ្ធផល​វិជ្ជមាន​នៃកម្មវិធី​អប់រំ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់

រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​បានជួប​ជុំគ្នា កាលពី​ថ្ងៃទី១៣ ខែ​តុលា​នេះ ដើម្បី​បង្ហាញ​អំពី​លទ្ធផល​អប់រំ​ស្ដីពីការ​កាត់បន្ថយ​គ្រោះថ្នាក់​នៃការ​ប្រើប្រាស់​ថ្នាំជក់​ជាវិជ្ជមាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក កែវ គ្រឹស្នា មន្ដ្រី​គម្រោង​ថ្នាំជក់​ឬ​សុខភាព​នៃអង្គការ​អាដដ្រា​កម្ពុជា​បាន​ប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពី​ថ្ងៃទី១៣ ខែតុលា​ថា បន្ទាប់​ពីមាន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ជាច្រើន​លើក​នៅតាម​ភោជនីយដ្ឋាន វត្ដអារាម សាលារៀន មណ្ឌល​សុខភាព កន្លែង​ធ្វើការ ​ព្រមទាំង​ទីសាធារណៈ​ផងនោះ មាន​មនុស្ស​ជាច្រើន​បាន​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃការ​ជក់បារី។ លោក​ថ្លែងថា ៖ មកដល់​ពេលនេះ យើងបាន​ចុះអនុវត្ដ​យុទ្ធនាការ​ផ្សព្វផ្សាយ​គ្មានផ្សែង​បារីបាន​ចំនួន​៨០កន្លែង​រួច​ហើយ ក្នុងនោះ​មាន​ប្រជាជន​ជាច្រើន​ពាន់នាក់​បាន​ចូលរួម​ជាមួយ​កម្មវិធី​យើង។ លោក​បញ្ជាក់​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ យុទ្ធនាការ​អប់រំ​ស្ដីពី​កន្លែង​គ្មានផ្សែង​បារី​ក៏បាន​ចុះអនុវត្ដ​ទៅលើ​ស្ថាប័នរដ្ឋ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ផងដែរ។

យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​កន្លែង​គ្មានផ្សែង​បារី​ត្រូវបាន​ចាប់ផ្ដើម​អនុវត្ដ​នៅក្នុង​ឆ្នាំ២០០៧

លោក មុំ គង់ នាយក​ប្រតិបត្ដិ​អង្គការ​ចលនា​សុខភាព​កម្ពុជា​បានប្រាប់​ឱ្យដឹង​ថា យុទ្ធនាការ​អប់រំ​នេះត្រូវ​បាន​ចាប់ផ្ដើម​អនុវត្ដ​នៅក្នុង​អំឡុង​ឆ្នាំ២០០៧-​២០០៨ ហើយវា​ត្រូវបាន​ទទួលការ​គាំទ្រ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ រដ្ឋាភិបាល ព្រមទាំង​ស្ថាប័ន​សង្គម​ស៊ីវិល​ផងដែរ។ ដូច្នេះ​នៅពាក់​កណ្ដាល​ខែក្រោយ​នេះ យើង​នឹងចុះ​ធ្វើការ​អង្កេត​ទៅតាម​តំបន់​ជាគោលដៅ ដើម្បី​ស្ទាបស្ទង់​លើ​កម្រិត​យល់ដឹង​របស់​ពួកគេ​ជុំវិញ​យុទ្ធនាការ​កន្លែង​គ្មានផ្សែង​បារី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្ដរ​ក្រសួង​លើកទី១៥​បានឱ្យ​ដឹងថា ការ​ប្រើប្រាស់​ថ្នាំជក់​ផ្ដល់​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព សេដ្ឋកិច្ច និង​បរិស្ថាន ដូច្នេះ​ការ​អប់រំ និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់​គឺជា​ភារកិច្ច​ទាំងអស់​គ្នា។ លោក​ថ្លែងថា ៖ “ដើម្បី​សម្រេច​តាម​ផែនការ​ក្រសួង​បានអនុវត្ដ​សកម្មភាព​ការងារ​ជាច្រើន ដូចជា​អនុសញ្ញា​ស្ដីពីការ​ត្រួតពិនិត្យ​ថ្នាំជក់ អនុក្រឹត្យ​ស្ដីពីការ​បោះពុម្ព​សារព្រមាន​សុខភាព​លើកញ្ចប់​បារី សេចក្ដី​ព្រាងច្បាប់​ស្ដីពីការ​ត្រួតពិនិត្យ​ថ្នាំជក់ សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពីការ​ហាមឃាត់ ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ និង​សេចក្ដី​ព្រាង​ផែនការ​យុទ្ធសាស្ដ្រ​ក្នុងការ​អប់រំ-​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ឆ្នាំ២០១១-​២០១៥។

កម្ពុជា​មិនទាន់​មានតួលេខ​ថ្មីស្ដីពីការ​ប្រើប្រាស់​ថ្នាំជក់​នៅឡើយ​ទេ ប៉ុន្ដែ​កម្ពុជា​អាច​ប្រើប្រាស់តួលេខ​ឆ្នាំ២០០៥ សម្រាប់​អនុវត្ដ​នៅក្នុង​ប្រទេស​បាន​ផងដែរ

លោក Pieter JM Van Maaren តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍​ថា តាមការ​សិក្សា​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ២០០៥​បាន​បង្ហាញថា ៤០ភាគរយ​នៃ​បុរស និង​៣.៦​ភាគរយ​នៃស្ដ្រី​បាន​ប្រើប្រាស់​ថ្នាំជក់ រីឯ​១៧ភាគរយ​នៃស្ដ្រី និង​១ភាគរយ​នៃបុរស​គឺជាអ្នក​ចុកថ្នាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative