បទពិសោធន៍​អ្នកជម្ងឺ​ស្ទះសរសៃ​ឈាម​បេះដូង

ការ​ឈឺ​ចុកចាប់​នៃដើមទ្រូង​នៅពេល​ដែល​លោកអ្នក​ធ្វើការ​ធ្ងន់ ហើយ​ឆាប់ហត់​នៅពេល​ដែល​លោកអ្នក​ធ្វើ​លំហាត់​ប្រាណ ឬ​មានការ​ឈឺចាប់​នៅពេល​ដែលឡើង​លើ​ជណ្ដើរ ទាំងនេះ​គឺអាច​បណ្ដាល​មកពី​លោកអ្នក​មានជម្ងឺ​ស្ទះ​សរសៃឈាម​បេះដូង។ ជម្ងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង គឺជា​ជម្ងឺមួយ​ប្រភេទ​ដែល​តែងតែ​គំរាម​ដល់ជីវិត​លោកអ្នក​បាន​គ្រប់ពេល​វេលា។ ជម្ងឺនេះ​បណ្ដាល​មកពីការ​រួមតូច​នៃវិជ្ជមាត្រ​របស់​សរសៃ​ឈាម​បេះដូង​ដែល​បណ្ដាល​មកពី​កំណក​ខ្លាញ់​នៅក្នុង​ស្រទាប់​សរសៃឈាម​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​នាងកញ្ញា​បានជ្រាប​អំពី​បទពិសោធន៍​របស់​អ្នកជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមក​ហើយ។ ជាមួយ​គ្នានេះ​ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​អ្នកស្រី រ ស រស់នៅ​កំពង់​ចាម អាយុ​៥៦ឆ្នាំ អំពី​ជម្ងឺស្ទះ​សរសៃ​ឈាម​បេះដូង​ដើម្បី​ឱ្យលោកអ្នក​នាងកញ្ញា​បានជ្រាប​បន្ថែមទៀត​អំពី​ផលវិបាក​នៃជម្ងឺ​នេះ។

អ្នក​ស្រី រ ស បាន​រៀបរាប់​ឱ្យដឹង​ថា អ្នកស្រី​មិនដឹង​ខ្លួនថា​កើតជម្ងឺ​នេះ​តាំងពី​ពេលណា​នោះទេ។ ប៉ុន្ដែ​នៅក្នុង​រយៈពេល​ជាង១ឆ្នាំ​មកនេះ អ្នកស្រី​ចេះមាន​អារម្មណ៍​មានការ​ឈឺចាប់​នៅនឹង​កណ្ដាល​នៃដើម​ទ្រូង ជាពិសេស ស្មា ក ថ្គាម និង​ខ្នង។ ហើយ​អាការ​ឈឺចាប់​នេះមាន​រយៈពេល​ខ្លី គឺមាន​តែរយៈពេល​ពី៣​ទៅ៥នាទី ហើយ​ក៏បាត់​ទៅវិញ​ដោយ​ឯងៗ។ ចំពោះការ​ឈឺចាប់នេះគឺ​នៅពេល​ដែលអ្នក​ស្រី​ធ្វើការ​ធ្ងន់ៗ ឬ​ក៏ឡើង​ជណ្ដើរ ពេលរត់ និង​ពេលដើរ​ទៅកន្លែង​ឆ្ងាយៗ។

អ្នកស្រី​បាន​រម្លឹក​បន្ថែមទៀត​ថា អ្នកស្រី​ធ្លាប់​ធ្វើការ​ព្យាបាល​ដោយ​ទិញថ្នាំ​នៅតាម​ឱសថស្ថាន​យកមក​ប្រើប្រាស់​ដែរ តែ​នៅតែ​មិនបាន​ធូរស្បើយ។ ដោយ​អាការ​នេះចេះតែ​ធ្វើទុក្ខ​អ្នកស្រី​កាន់តែ​ខ្លាំងឡើងៗ ដូចនេះ​ហើយ​ទើបអ្នកស្រី​សម្រេច​ចិត្ដមក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​តែម្ដង។ នៅពេល​ដែល​ពិនិត្យ​ឃើញថា អ្នកស្រី​កើតមាន​ជម្ងឺ​ស្ទះសរសៃ​ឈាម​បេះដូង​ដែល​ជាហេតុ​ធ្វើឱ្យ​អ្នកស្រី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ម្ដាយ​របស់​អ្នកស្រី​ក៏បាន​បាត់បង់​ជីវិត​ដោយសារ​តែជម្ងឺ​ស្ទះសរសៃ​ឈាម​នៅក្នុង​បេះដូង​នេះ​ដែរ។ នៅពេល​នេះអ្នក​ស្រី​កំពុងតែ​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ ដោយមាន​ការ​ណែនាំ​ពីគ្រូពេទ្យ​ឯកទេស។ ចំពោះ​ការ​ទទួលទាន​អាហារ​គឺ​អ្នកស្រី​បានតម​អាហារ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​ខ្លាញ់ អ្នកស្រី​បាន​ធ្វើលំហាត់​ប្រាណ​ជាប្រចាំ​ទៅតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ផងដែរ អ្នកស្រី​មិនដែល​ធ្វេសប្រហែស​ចំពោះ​ការ​ថែរក្សារ​សុខភាព​នោះទេ។ អ្នកស្រី​ក៏សង្ឃឹម​ថា អ្នកស្រី​នឹងអាច​ជាពីជម្ងឺ​នេះនាពេល​ឆាប់ៗ។

យោបល់​របស់​អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធាន​ផ្នែកជម្ងឺ​ទូទៅ​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ​បានមាន​ប្រសាសន៍​ថា កត្ដា​ដែលបង្ក​ឱ្យមាន​ជម្ងឺនេះ​គឺបណ្ដាល​មកពី​លោកអ្នក​ដែល​កើតមាន​ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺ​លើសឈាម ធាត់លើស​ទម្ងន់ តំណ​ពូជ ឬ​អាយុច្រើន មនុស្ស​ប្រុស​ចាប់ពី​៦៥ មនុស្សស្រី​ចាប់ពី​៥៥​ឡើងទៅ ទាំងនេះ​ក៏ជា​ហេតុធ្វើ​ឱ្យលោកអ្នក​កើតជម្ងឺ​ស្ទះ​សរសៃឈាម​បេះដូង។ ចំពោះ​អ្នកដែល​មិនសូវ​ធ្វើ​ពលកម្ម​ឬក៏​ធ្វើលំហាត់​ប្រាណ​ដើម្បីឱ្យ​ចេញញើស ហើយ​ពិសាបារី និង​ទទួលទាន​ស្រា​ក៏ជា​ចំណុច​មួយ​ដែលអាច​ធ្វើឱ្យ​លោកអ្នក​ងាយនឹង​កើតជម្ងឺ​នេះផង​ដែរ។ សម្រាប់​លោកអ្នក​ដែមាន​ជម្ងឺស្ទះ​សរសៃឈាម​បេះដូង លោកអ្នក​ត្រូវតែ​ឧស្សាហ៍​មកពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ឱ្យបាន​ញឹកញាប់​ដើម្បី​តាមដាន​ពីស្ថានភាព​ជម្ងឺ ព្រោះជម្ងឺ​នេះអាច​កើតឡើង​បាន​គ្រប់​ពេលវេលា។ វិធី​ដែលល្អ​បំផុត គឺ​មានតែ​ការ​ការពារ​ដោយ​អនុវត្ដ​តាមវិធី​ខាងលើ​ទើបអាច​ជួយ​លោកអ្នក​ចៀសផុត​ពីការ​កើតជម្ងឺ​នេះបាន។ ជម្ងឺស្ទះ​សរសៃឈាម​បេះដូង​អាចធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​ជីវិតបាន​គ្រប់ពេលវេលា​ទាំងអស់។ នៅពេល​ដែល​សរសៃឈាម​ដែលមាន​ជាតិខ្លាញ់​នោះប្រេះ រហែក បាក់ វាធ្វើ​ឱ្យមាន​កកឈាម​នៅក្នុង​សរសៃឈាម​បេះដូង ហើយ​កាលណា​ឈាមកក ជាហេតុ​ធ្វើឱ្យ​ស្ទះ​សរសៃ​ឈាម​បេះដូង ហើយ​ធ្វើឱ្យ​លោកអ្នក​មានអាការ​ធ្ងន់ធ្ងរ​ដែលអាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់ជីវិត​គ្រប់​ពេលវេលា។ លោកអ្នក ត្រូវតែ​គិតដល់​ស្ថានភាព​នេះ ប្រសិន​បើការ​ឈឺចាប់​មាន​សភាព​ញឹកញាប់​ជាងមុន ឬ​ការឈឺចាប់​មាន​សភាព​ធ្ងន់ធ្ងរ និង​មាន​រយៈពេល យូរជាង​មុនលើស​ពី២០​ទៅ៣០​នាទី ឬ​ក៏ការ​ឈឺចាប់​នេះមិន​ធូរស្រាន​ឬគ្មាន​ប្រសិទ្ធភាព​ដោយសារ​ប្រើថ្នាំ​ដែល​លោកអ្នក​ធ្លាប់ប្រើ​កន្លងមក លោកអ្នក​គួរតែ​អញ្ជើញ​ទៅមន្ទីរពេទ្យ​ជាបន្ទាន់។ បើមិន​ដូច្នេះទេ​អាចធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​ជីវិត​គ្រប់ពេល​វេលា​ទាំងអស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative