ជម្ងឺ​គ្រុនឈាម​បានសម្លាប់​មនុស្ស​៣០នាក់​ក្នុង​រយៈពេល​១០ខែ

យ៉ាង​ហោចណាស់​មានកុមារ​ច្រើនជាង​១ម៉ឺននាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យទូទាំង​ប្រទេស និង​៣០នាក់​ផ្សេងទៀត ត្រូវបាន​ស្លាប់​ដោយសារ​ជម្ងឺ​គ្រុនឈាម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ង៉ាន់ ច័ន្ទថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុនចាញ់​បាន​ប្រាប់ ទស្សនាវដ្ដី សុខភាពយើង កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១០​ថា ភាគច្រើន​កុមារអាយុ​ក្រោម​១៥ឆ្នាំ​ត្រូវបាន​ស្លាប់​ដោយសារ​ជម្ងឺ​នេះ។ លោក​បន្ដថា បើទោះ​បីជា​ក្នុង​រយៈពេល​ថ្មីៗនេះ មាន​កុមារ​រហូតដល់​ទៅ៣០នាក់​ត្រូវបាន​ស្លាប់​ក៏ពិតមែន ប៉ុន្ដែ​អត្រា នេះ​វាមិនទាន់​ឈានដល់​ស្ថានភាព​ធ្ងន់ធ្ងរទេ។ លោក​ថ្លែងថា ៖ “បើទោះ​បីជា​បែបនេះ​ក៏ដោយ យើង​នៅតែ​អង្កេត​តាមដាន​ស្ថានភាព​ជាប្រចាំ​ដែរ​ដើម្បី​ចៀសវាង​ការ​ប្រែប្រួល​វីរុស​ដាំង​របស់មេរោគ​គ្រុនឈាម ដូច្នេះ​ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្ន​ទេ វាអាច​បណ្ដាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​មិនអាច​សង្គ្រោះ​បាន។

យោងតាម​របាយការណ៍​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុនឈាម​បានឱ្យ​ដឹងថា គិតត្រឹម​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១០​នេះ អ្នក​ឆ្លងជម្ងឺ​គ្រុនឈាម​មាន​១០៨១២​នាក់ ក្នុងនោះ​ស្លាប់​៣០នាក់។ ចំនួននេះ​បើធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០០៩ អ្នកឆ្លង​ជម្ងឺ​គ្រុនឈាម​បានកើន​ឡើង​ដល់ទៅ​២៨២​ករណី រីឯការ​ស្លាប់បាន​ថយចុះ​ត្រឹម​៣នាក់។ លោក ច័ន្ទថា ថ្លែងថា ៖ “ការ​ថយចុះ​នៃចំនួន​អ្នកស្លាប់​គឺ​បណ្ដាល​មកពី​ប្រជាពលរដ្ឋ​បានយក​កូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យទាន់​ពេលវេលា”។

ខេត្ដ​កំពង់ចាម​គឺជា​តំបន់​ដែលមាន​អត្រា​ស្លាប់ និង​ករណី​ឆ្លងជម្ងឺ​គ្រុនឈាម​ខ្លាំង​ជាងគេ

លោក ង៉ាន់ ច័ន្ទថា បន្ថែមថា នៅកម្ពុជា​តំបន់​ដែល​ងាយរង​គ្រោះ​ដោយសារ​ជម្ងឺ​គ្រុនឈាម​មាន ដូចជា​ខេត្ដក​ណ្ដាល ទីក្រុង​ភ្នំពេញ ខេត្ដ​បន្ទាយមានជ័យ កំពង់ស្ពឺ និង​សៀមរាប ដោយឡែក​ខេត្ដ​កំពង់ចាម​គឺជា​តំបន់​ដែលបាន​រងគ្រោះ​ខ្លាំង​ជាងគេ ដោយ​អត្រា​ឈឺបាន​ឈានរហូតដល់​ទៅ១៨៥៥​នាក់ ក្នុងនោះ​ស្លាប់​៣នាក់។ លោក ច័ន្ទថា បញ្ជាក់​ថា ភាគច្រើន​តំបន់​ទាំងនេះ​មាន​ដង់ស៊ីតេ​ប្រជាជន​រស់នៅ​ច្រើន​កុះករ រីឯ​ស្ថានភាព​អនាម័យ​នៅទីនោះ​ក៏មិន​អំណោយ​ផលល្អ​ដែរ ដូច្នេះ​ការ​ពង្រឹង​លើកម្មវិធី​អប់រំ តាម​សហគមន៍​គឺជា​គោលការណ៍​ចម្បង។

អ្នកស្រី ជេត អ៊ួន អាយុ​៣០ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ភូមិទ្រនូង ឃុំទ្រនូង ស្រុក​មេមត់ ខេត្ដ​កំពង់ចាម បាន​ប្រាប់ឱ្យ​ដឹងថា អ្នកស្រី​មានកូន​ប្រុស​ម្នាក់ អាយុ​៣ឆ្នាំ​ត្រូវបាន​ស្លាប់​ដោយសារ​ជម្ងឺ​គ្រុនឈាម​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០០៩។ អ្នកស្រី​ថ្លែងថា ៖ “នៅពេល​វា​ចាប់ផ្ដើម​ក្ដៅខ្លួន​រយៈពេល​៣ថ្ងៃ ខ្ញុំបាន​គិតថា ប្រហែល​នេះគឺជា​ជម្ងឺ​ធម្មតា​របស់​ក្មេងទេ ដូច្នេះ​គ្រាន់តែ​ឱ្យ​គ្រូពេទ្យ ផ្សំ​ថ្នាំ​ទៅតាម​អាការ​របស់វា​ហ្នឹង រហូត​ជម្ងឺ​គ្រុនក្ដៅ​នេះបាន​បន្ដ​អស់​រយៈពេល​៨ថ្ងៃ​ខ្ញុំក៏បាន​យកវា​ទៅមន្ទីរពេទ្យ​បាន​ត្រឹមតែ​១ថ្ងៃ ប៉ុណ្ណោះ​វាក៏​ស្លាប់តែ​ម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative