ត្រៀម​ចាប់ផ្តើម​ស្រាវជ្រាវ​របេង​សកម្ម​នៅតាម​ការិយាល័យ​សុខាភិបាល​ស្រុកប្រតិបត្តិ ចំនួន​១៥​នៅចុង​ឆ្នាំនេះ

ដើម្បី​ពន្លឿន​ការងារ​ស្រាវជ្រាវ និង​ព្យាបាល​ជំងឺ​របេង​ទាន់​ពេលវេលា មន្រ្តីមជ្ឈ​មណ្ឌល​​ជាតិ​កំចាត់​រោគរបេង ត្រៀមចុះ​ធ្វើការ​ស្រាវជ្រាវ​ជំងឺ​របេង​សកម្ម នៅតាម​ការិយាល័យ​​សុខា​ភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន១៥ និង​នៅតាម​ពន្ឋនាគារ​ប្រមាណ​៥កន្លែង​ទៀត​នៅចុង​ឆ្នាំនេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ទីប្រឹក្សា​អមក្រសួង​សុខាភិបាល និង​ជាប្រធាន​មជ្ឈមណ្ឌ​លជាតិ​កំចាត់​រោគរបេង និង​ហង់សិន​បានមាន​ប្រសាសន៍​ឲ្យដឹង​តាមទូរស័ព្ទ​ទី៧ កញ្ញា​កន្លងមក​​ថា កម្មវិធី​ជាតិ​កំចាត់​រោគរបេង ត្រៀម​ចាប់ផ្តើម​ការងារ​ស្រាវ​ជ្រាវ​​រកជំងឺ​របេង​​នៅតាម ការិ​យា​ល័យ​​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន១៥ និង​ពន្ឋធនាគារ​ចំនួន​៤​ទៅ៥​កន្លែង​ទៀត ដើម្បី​ធ្វើ​​យ៉ាងណា​យើងអាច​ស្រាវជ្រាវ​រក​ជំងឺរបេង​បាន​កាន់តែ​ច្រើន និង​អាច​ព្យាបាល​​អ្នក​ជំងឺ​បាន​ទាន់​​ពេលវេលា និង​ទប់ស្កាត់​ការឆ្លង​ទៅអ្នក​ដទៃពី​សំណាក់​អ្នកមាន​ជំងឺ​​របេង។ លោ​ក​​បន្តថា លើសពី​​នេះនៅឆ្នាំ​២០១៣​ខាងមុខ កម្មវិធី​ជាតិ​កំចាត់​រោគ​របេង​គ្រោង ពង្រី​ក​ការ​ស្រាវ​ជ្រាវ​ជំងឺ​របេង​សកម្ម នៅតាម​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ថ្មីចំនួន១៥​​ផ្សេងទៀត។

លោក​បន្តថា“ការ​ស្រាវជ្រាវ​ជំងឺ​របេង​សកម្ម គឺ​មន្រ្តី​របស់យើង​ចុះទៅដល់​ទីកន្លែង​​ដោយ​​នាំ​​ឧបករណ៍​ត្រូតពិនិត្យ​រកមេរោគ​របេង​ទៅ​ជាមួយ ហើយ​បើយើង​រកឃើញ​អ្នកជំងឺ​​យើង​​ផ្តល់​ការ​ព្យាបាល​នៅនឹង​កន្លែង ខុសពីការ​ស្រាវជ្រាវ​អកម្ម​ដែល​គ្រូពេទ្យ ត្រូវ​រង់ចាំ​អ្នកជំងឺ​​មក​រកដោ​យ​ខ្លួនឯង ”។

ការ​ស្រាវជ្រាវ​រកជំងឺ​របេង​ក្នុង​រយៈពេល​៦ខែដើម​ឆ្នាំនេះ បាន​រកឃើញ​ជំងឺ​របេង​សកម្ម​​ចំនួន​២០០៩០​ករណី គឺ​មានចំនួន​ប្រហាក់​ប្រហែល​គ្នាកាល​ពីឆ្នាំមុន។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បាន​បន្តថា “ការ​ស្រាវជ្រាវ​រកករណី​ជំងឺ​របេង​បានចំនួន​​ប្រហែល​នឹងឆ្នាំ​មុន មានន័យថា​មន្រ្តី​កម្មវិធី​ជាតិជំងឺ​របេង​កំពុង​ធ្វើការ​បានល្អ ព្រោះ​អត្រា​ប្រេវ៉ាទ្បង់​ជំងឺ​របេង​បានធ្លាក់​ចុះយ៉ាង​ច្រើន ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ”។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative