សុខ សំណាង អាជីព​ជារឿង​បន្ទាប់ពី​សុខភាព

សុខ សំណាង ជាពិធីករ​រូបរាង​ខ្ពស់​សង្ហា និងមាន​ប្រជាប្រិយ​ភាព​មួយរូប​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ហើយ​ក៏បាន​ទទួលការ​ចាប់អារម្មណ៍​ពីសំណាក់​ទស្សនិកជន​មួយចំនួន​ដែល​ធ្លាប់បាន​សម្ដែង​ជាតួឯក​នៅក្នុង​រឿង​នាងសុនីតា​ផងដែរ។ នេះជា​ស្នាដៃ​ទីមួយ ដែល​កំលោះសង្ហារូប​នេះបាន​ចាប់ផ្ដើម​បង្ហាញ​ពីទេព​កោសល្យ​របស់ខ្លួន ធ្វើឱ្យ​មានការ​គាំទ្រ​ច្រើន​គួរកត់សម្គាល់​រហូត​មកដល់​សព្វថ្ងៃនេះ​ពី​ទស្សនិកជន។ បច្ចុប្បន្ន​លោក​កំពុងតែ​រវល់​នឹងការ​ថត​សម្ដែង និង​ធ្វើជា​ពិធីករ​នានា​ក្នុង​កម្មវិធី​ទូរទស្សន៍​បាយ័ន។ ទោះបីជា​សព្វថ្ងៃ​សំណាង​មានការងារ​មមាញឹក​ច្រើនក៏​លោក​ចាត់ទុក​អាជីព​នេះជា​រឿង​បន្ទាប់​សុខភាព​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេលនេះ សុខ សំណាង បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែទាំ​សុខភាព និង​សម្រស់​របស់លោក​ផ្ទាល់ ដើម្បី​ឱ្យ​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ទទួល​ជ្រាប​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ប្រវត្ដិ​មុនចូល​សិល្បៈ

សុខ សំណាង បានចូល​ធ្វើការ​ប្រឡង​ស្រីស្រស់​ប្រុសស្អាត​នៅក្នុង​ឆ្នាំ២០០៥។ បន្ទាប់មក​នៅចុងឆ្នាំ​២០០៥ លោក​ក៏បាន​ចូលបម្រើ​ការងារ​នៅស្ថានីយ​ទូរទស្សន៍​បាយ័ន។ នៅពេល​នោះលោក​ក៏បាន​ចាប់ផ្ដើម​ធ្វើជាពិធីករ​នៅក្នុង​កម្មវិធី​សំណួរ​ចម្លើយ​រហូត​មកដល់​សព្វថ្ងៃ ព្រមទាំង​ជាពិធីករ​សម្រាប់​កម្មវិធី​ដទៃទៀត​ផងដែរ។ ក្រោយមក​ទៀត​នៅក្នុង​អំឡុង​ពាក់កណ្ដាល​ឆ្នាំ២០០៦ លោក​ក៏បាន​ចាប់ផ្ដើម​ថតខ្សែ​ភាពយន្ដ​សម្រាប់​ស្ថានីយទូរទស្សន៍​បាយ័ន​គឺរឿង​នាង​សុនីតា។ សព្វថ្ងៃនេះ​តួនាទី​របស់​លោក​គឺជា​ពិធីករ​ផង និង​ជាអ្នក​រៀបចំ​កម្មវិធី​ផង ហើយ​ក៏កំពុង​បន្ដការ​សិក្សា​នៅសកល​វិទ្យាល័យ​ផងដែរ។ ថ្មីៗនេះ​លោកក៏​បាន​ទទួល​ធ្វើជា​ពិធីករ​ក្នុងកម្មវិធី​មរតក​វប្បធម៌ខ្មែរ និង​កម្មវិធី​ម្សិលម៉ិញ​ថ្ងៃនេះ នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ទៀតផង។

ការ​ថែរក្សា​សម្រស់

សុខភាព និង​សម្រស់​សម្រាប់​អ្នកសិល្បៈ​គឺជា​រឿង​សំខាន់​ណាស់។ ខាងក្រោម​នេះគឺជា​វិធី​នៃការ​ថែទាំ​សុខភាព និង​សម្រស់ របស់​ពិធីករ​រូបរាង​ស្រស់​សង្ហា សុខ សំណាង ដែល​លោកបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​ស្បែកមុខ ៖ បញ្ហា​ស្បែកមុខ​ជារឿង​ដែលត្រូវ​យកចិត្ដ​ទុកដាក់​ចំពោះ​សំណាង ព្រោះវា​ក៏ជា​ផ្នែកមួយ​នៃការ​ទាក់ទាញ​ផងដែរ។ រាល់ពេល​មាន​បញ្ហា​ម្ដងៗ​ដូចជា​កើតមុន​ជាដើម លោក​តែង​ប្រើប្រាស់​ផលិតផល​ដែលមាន​ការ​ណែនាំ​ពីអ្នក​ឯកទេស​នៅ​មជ្ឈមណ្ឌល​ថែរក្សា​សម្រស់។ ជារៀង​រាល់ពេល​ត្រឡប់​មកពី​ធ្វើការ លោក​តែង​ប្រើប្រាស់​ផលិតផល​លាង​សម្អាតមុខ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ សំណាង​ថែទាំ​ស្បែក​ដងខ្លួន​យ៉ាង​យកទុក​ដាក់ផង​ដែរ។ ជារៀង​រាល់ពេល​ដែល​ចេញក្រៅ​ម្ដងៗ ដើម្បី​ការពារ​នឹង​ពន្លឺថ្ងៃ​ខ្លាំង លោក​តែង​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ជាប្រចាំ។
  • ការ​ថែរក្សា​សក់ ៖ តារា​សម្ដែង សុខ សំណាង ត្រូវបាន​មហាជន​មួយចំនួន​បានចាប់​អារម្មណ៍ទៅលើ​ការ​លេងម៉ូត​សក់​របស់លោក។ រយៈពេល​កន្លងមក​លោកបាន​ធ្វើ​ម៉ូតសក់​ជាលក្ខណៈ​រួញៗ ធ្វើឱ្យ​មានការ​ច្រឡំ​ថាជាសក់​កំណើត​របស់​លោក ផ្ទុយ​ទៅវិញ​នេះ ជាការ​លេងម៉ូត​សក់របស់​តារារូប​នេះទេ។ រយៈពេល​ដែល​លោក​ធ្វើសក់​រួញ​គឺមាន​ការ​ងាយស្រួល​បំផុត គ្រាន់តែកក់​សក់ឱ្យ​បាន​ញឹកញាប់​តែប៉ុណ្ណោះ ហើយ​ពេលនេះ​លោក​ក៏បាន​ប្ដូរម៉ូដ​សក់​បែបថ្មី​ទៀតដែរ។
  • ការ​ថែរក្សា​ភ្នែក ៖ សុខភាព​ភ្នែក​ជារឿង​ចោទយ៉ាង​សំខាន់​បើសិនជា​បង្កឱ្យ​មាន​បញ្ហា។ ចំពោះ​សំណាង​មកដល់​ពេលនេះ​សុខភាព​ភ្នែក​មិនទាន់​ជាមាន​បញ្ហា​នោះទេ ទោះបីជា​សព្វថ្ងៃលោក​ធ្វើការ​នៅមុខ​អេក្រង់​កុំព្យូទ័រ​ស្ទើរតែ​គ្រប់ម៉ោង​ធ្វើការ​ក៏ដោយ ។ ទោះបី​មិនមាន​បញ្ហា​អ្វីក៏ដោយ​ក៏សំណាង​មិន​ប្រហែស​ឱ្យកើត​ជាបញ្ហា​ធំនោះ​ទេ។
  • ការ​ថែរក្សា​ធ្មេញ ៖ បញ្ហា​មាត់ធ្មេញ​មិនដែល​ចោទជា​បញ្ហា​អ្វីនោះ​ទេចំពោះ​សំណាង ដោយ​សារតែ​លោកមាន​សុខភាព​មាត់ធ្មេញ​ដ៏ល្អ​រួមជាមួយ​នឹង​ទម្លាប់​ជាប្រចាំ គឺការ​ដុសសម្អាត​ធ្មេញ​មួយថ្ងៃ​ពីរដង។ ជាពិសេស​រៀងរាល់​ពេល៦​ខែម្ដង លោកតែង​ទៅ​ពិនិត្យ និង​ធ្វើការ​សម្អាតធ្មេញ​ដោយ​ទន្ដពេទ្យ​ដែលមាន​ឯកទេស។

ការ​ថែទាំ​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ សំណាង​គេង​មិនសូវ​ជាបាន​គ្រប់គ្រាន់​នោះទេ ដោយសារ​តែមាន​ភាព​មមាញឹក​នឹង​ការងារ ព្រមទាំង​ការ​សិក្សា​ផង។ ទោះជាយ៉ាង​ណាលោក​នៅតែ​ព្យាយាម​រកពេល​ទំនេរ​សម្រាក​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដើម្បី​ចៀសផុត​ពីបញ្ហា​ទាំងឡាយ។
  • ការ​ទទួលទាន​អាហារ ៖ សំណាង​កំពុង​ជួប​បញ្ហា​ធាត់ ដូចនេះ​លោក​កំពុងតែ​ធ្វើការ​គ្រប់គ្រង​ក្នុងការ​ទទួលទាន​អាហារ គឺលោក​កំណត់​ការ​ទទួលទាន​ក្នុង​កម្រិត​មួយដែល​សមស្រប​សម្រាប់​ក្រពះ​លោក​ក្នុងមួយ​ពេលតែ​ប៉ុណ្ណោះ ដោយ​មិនឱ្យ​ជ្រុល​ឆ្អែត​លើសលប់​នោះទេ។
  • លំហាត់​ប្រាណ ៖ ទោះបីជា​ពេលខ្លះ​លោក​មិនអាច​ទប់អារម្មណ៍​ទទួលទាន​អាហារ​ដ៏ឆ្ង្ងាញ់​បាន លោក​ក៏មាន​វិធី​មួយទៀត ដើម្បី​កាត់​បន្ថយ​ភាពធាត់​ដែរ គឺជា​រៀងរាល់​ពេលល្ងាច​លោក​តែងឆ្លៀត​ពេល​ដើម្បី​ទៅលេង​ប៉េងប៉ុង ដែលចាត់​ទុកជា​ការ​ហាត់កីឡា​ផងដែរ។ នេះមិន​ត្រឹមតែ​អាចជួយ​កាត់បន្ថយ​ធាត់​ទេ ក៏អាច​ជួយឱ្យ​មាន​សុខភាព​ល្អ​ទៀតផង។

បំណង​ទៅថ្ងៃ​អនាគត

សព្វថ្ងៃ​លោក​ក៏កំពុង​ធ្វើជា​គ្រូបង្រៀន និង​កំពុង​សិក្សា​ផងដែរ។ ដូចនេះ​ក្រៅពីអាជីព​ជាអ្នក​សិល្បៈ​ហើយ​នោះ គឺលោក​មាន​គោលបំណង​ចង់បង្កើត​អនាគត​មួយដោយ​យក​សមត្ថភាព និង​បទពិសោធន៍​ក្នុង​ការងារ​សិល្បៈ​បូក​ជាមួយ​សមត្ថភាព​សិក្សា និង​ចំណង់​ចំណូល​ចិត្ដ​របស់​លោក ដើម្បី​បើក​កន្លែង​អប់រំ​មួយដ៏​ធំ ដូចជា​សកល​វិទ្យាល័យ ឬក៏ជា​វិទ្យាស្ថាន​មួយ​ផ្ទាល់ខ្លួន។

បណ្ដាំ​ផ្ញើ​របស់ សុខ សំណាង

បើទោះ​បីជាមាន​ការ​មមាញឹក​នឹង​ការងារ ឬ​ការសិក្សា​ច្រើនយ៉ាង​ណា សូម​លោកអ្នក​ចំណាយ​ពេលវេលា​ថែទាំ​សុខភាព​ឱ្យបាន​ល្អ។ បើសិន​ជាមាន​សុខភាព​មិនល្អ​នោះ គ្រប់​កិច្ចការ​ទាំងអស់​ក៏មិនអាច​សម្រេច​ដូច​បំណង​ដែរ។ សុខភាព​ជារឿង​ដំបូង​បង្អស់​មុននឹង​អាច​សម្រេច​កិច្ចការ​ទាំងឡាយ​បានដោយ​ភាព​ជោគជ័យ ទាំង​ការងារ និង​ការ​សិក្សា។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សុខ សំណាង
  • អាយុ ៖ ២៥ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ៣០ វិច្ឆិកា ១៩៨៥
  • ទីកន្លែង​កំណើត ៖ ខេត្ដ​កណ្ដាល
  • កម្ពស់ ៖ ១,៨០ម៉ែត្រ
  • ទម្ងន់ ៖ ៧៨​គីឡូក្រាម
  • បងប្អូន ៖ ៤នាក់ ប្រុស​៣នាក់ ស្រី១នាក់​(ជាកូនទី៤)
  • កម្រិត​វប្បធម៌ ៖ អនុបណ្ឌិត​ភាសា​អង់គ្លេស​នៃសកល​វិទ្យាល័យ​បញ្ញាសាស្ដ្រ​កម្ពុជា
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នកសិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative