សារៈប្រយោជន៍​នៃសារជាតិ​ដែក​ចំពោះ​ស្ដ្រី

ស្ដ្រី​ទូទៅ​ហាក់បី​ដូចជា​មិនសូវ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សា​សារជាតិ​ដែក​នៅក្នុង​ខ្លួនប៉ុន្មាន​ឡើយ ខណៈពេល​មាន​ផ្ទៃពោះ​ដើម្បី​ចិញ្ចឹម​ទារក​ក្នុងផ្ទៃ​ឬជា​ជំនួយ​ដល់​សុខភាព​ខ្លួនផ្ទាល់។ សារជាតិ​ដែក​ជួយ​សុខភាព​ទារក​ក្នុងផ្ទៃ ភាព​រឹងប៉ឹង សុខភាព​ល្អ ក្រោយពេល​សម្រាល និង​ទទួល​បាននូវ​ថាមពល​គ្រប់គ្រាន់​ក្នុងការ​ការពារ​ជម្ងឺ​ឈឺថ្កាត់​ផ្សេងៗ​ដោយ​ជាតិដែក​ក្នុង​រាងកាយ​ម្ដាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត វង្ស វណ្ណៈ អនុប្រធាន​ផ្នែក​គាំពារ​មាតា និង​ទារក នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ប្រឹក្សា​ចំពោះ​ស្ដ្រី​គ្រប់រូប​ក្នុងការ​ថែរក្សា​ជាតិដែក​នៅក្នុង​ខ្លួន។

សារជាតិ​ដែក

ដើម្បី​រក្សា​សារជាតិ​ដែក​ឱ្យមាន​លំនឹង​នៅក្នុង​ខ្លួន លុះត្រា​តែមាន​អេម៉ូក្លូប៊ីន។ អេម៉ូក្លូនប៊ីន​គឺជា​សារជាតិ​ដែក​រ៉ែខនិជ និង​ជាមីក្រូ​សារជាតិ​ម្យ៉ាង​សម្រាប់​បង្កើត​កោសិកា​គ្រាប់ឈាម​ក្រហម និង​ជួយផ្ដល់​ថាមពល​សរីរាង្គកាយ​របស់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ផងដែរ។ ស្ដ្រី​មួយចំនួន​ហាក់បី​ដូចជា​បង្ហាញ​អាការ​ស្លេកស្លាំង គឺ​បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ​ដែលកើត​ជាទូទៅ និងច្រើន​ជាងគេ​នៅលើ​ពិភពលោក ដែល​បណ្ដាល​មកពី​កង្វះ​បរិមាណ​អេម៉ូក្លូប៊ីន​នៅក្នុង​ឈាម ព្រោះ​សារជាតិ​នេះដើរ​តួយ៉ាង​សំខាន់​នៅក្នុង​គ្រាប់ឈាម ហើយ​ក៏ជាសារ​ជាតិ​ដឹកនាំ​អុកស៊ីសែន​ទៀតផង។

មូលហេតុ​ដែល​បណ្ដាល​ឱ្យខ្វះ​ជាតិដែក

ស្ដ្រី​មួយចំនួន​ដែលខ្វះ​ជាតិដែក​បណ្ដាល​មកពី​ពួកគេ​ទទួលទាន​អាហា​រូបត្ថម្ភ​មិនបាន​គ្រប់គ្រាន់ និង​អាហារ​បំប៉ន​ទាំងនោះ​មិនមែន​ជាអាហារ​ដែលមាន​សារៈ​ប្រយោជន៍​ខ្ពស់​ជួយដល់​សុខភាព និង​រាងកាយ។ កង្វះ​ជាតិដែក​អាចកើត​ឡើង​ដោយសារ​កោសិកា​ឈាម មិន​ធម្មតា ជម្ងឺ​គ្រុនចាញ់ ការ​បាត់បង់​ឈាម​ពេលមាន​ឈាម​រដូវ និង​ពេល​សម្រាល។ ស្ដ្រី​មួយចំនួន​អាចមាន​កូនញឹក ហើយ​សុខភាព​ទ្រុឌទ្រោម និង​ភាព​ស្លេកស្លាំង។

រោគ​សញ្ញា​ស្ដ្រីខ្វះ​ជាតិដែក

ស្ដ្រី​ដែល​ពុំមាន​ជាតិដែក​គ្រប់គ្រាន់​នោះ បានបង្ហាញ​ឱ្យឃើញ​ពីអាការ ដូចជា​មុខ បបូរមាត់ ត្របកភ្នែក​មានភាព​ស្លេកស្លាំង រាងកាយ​គ្មាន​កម្លាំង ខួរក្បាល​មិន​ចងចាំ និងមាន​រាងកាយ​ស្គម​ស្គាំង ប្រឈម​មុខនឹង​គ្មាន​ទឹកដោះ​ឱ្យទារក​ក្រោយពេល​សម្រាល​ផងដែរ។ ស្ដ្រី​អាច​ស្លាប់​បើ​ស្លេកស្លាំង​ធ្ងន់ធ្ងរ។

សារៈ​ប្រយោជន៍​នៃជាតិ​ដែក

ប្រសិន​បើស្ដ្រី​គ្រប់រូប​មាន​សារជាតិ​ដែក​គ្រប់គ្រាន់​នៅក្នុង​ខ្លួន ឬក្នុង​គ្រាប់​ឈាម អាចជួយ​ឱ្យស្ដ្រី​គ្រប់រូប​ដូចជា ៖

  • កាត់​បន្ថយ​អត្រាឈឺ និង​ស្លាប់​របស់​ម្ដាយ និង​កុមារ
  • ជួយឱ្យ​រាងកាយ​មាន​ថាមពល​គ្រប់គ្រាន់​ទប់ទល់​ប្រឆាំង​នឹងជម្ងឺ​ផ្សេងៗ
  • ធ្វើឱ្យប​ញ្ហា​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅចិញ្ចឹម​គ្រប់​សារពាង្គកាយ​បានល្អ
  • ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវទៅ​ជួប​គ្រូពេទ្យ​ឱ្យបាន​ញឹកញាប់ ដើម្បី​យកថ្នាំ​មក​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ និង​ក្រោយពេល​សម្រាល​សម្រាប់​សុខភាព​ទារក និង​ម្ដាយ​ការពារ​ភាព​ស្លេកស្លាំង។
  • លើក​កម្ពស់​ការ​បរិភោគ​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​សេ ព្រោះ​វាអាច​ជួយ​បំពេញ​នូវសារជាតិ​ដែក​បាន​មួយចំនួន​ធំ និង​កាត់បន្ថយ​ភាព​ស្លេកស្លាំង។
  • ទទួលទាន​ថ្នាំទ​ម្លាក់​ព្រូន ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល ព្រោះ​ព្រូន​ជាសត្វល្អិត​ម្យ៉ាង​ធ្វើឱ្យ​មានការ​រាំងស្ទះ​ចំពោះការ​វិវឌ្ឍន៍​នូវជាតិ​ដែក​ក្នុងខ្លួន។
  • មិនត្រូវ​ទទួលទាន​អាហារ​ជាតិដែក​ជាមួយ​តែ និង​កាហ្វេ​ឡើយ ព្រោះ​ជាតិដែក​ដែល​ទទួលទាន​ចូល​នោះ នឹង​មិនបាន​ផ្ដល់ផល​ប្រយោជន៍​ឱ្យយើង​បានគ្រប់​១០០ភាគរយ​ឡើយ ដោយ​សារ​មានការ​ទប់ស្កាត់​ពីសារជាតិ​តែ និង​កាហ្វេ។
  • ធ្វើការ​ព្យាបាល​ជម្ងឺ​គ្រុនចាញ់ ប្រសិន​បើមាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​ទប់ស្កាត់​កង្វះ​ជាតិដែក

ដើម្បី​កាត់បន្ថយ​នូវភាព​ស្លេកស្លាំង និង​រក្សាជាតិ​ដែក​ឱ្យបាន​ត្រឹមត្រូវ​នោះ ស្ដ្រី​គ្រប់រូប​គួរធ្វើ​ដូចតទៅ ៖

  • ត្រូវ​លេបថ្នាំ​ទម្លាក់​ដង្កូវព្រូន​ឱ្យបាន​ត្រឹមត្រូវ
  • ជ្រើសរើស​យក​អាហា​រូបត្ថម្ភ​ណាដែល​ផ្ដល់នូវ​សារជាតិ​កាល់ស្យូម និង​អាហារ​មួយចំនួន​ដែលអាច​ផ្ដល់នូវ​អត្ថប្រយោជន៍ សម្រាប់​សុខភាព ដោយ​មានការ​ណែនាំ​ពីក្រុម​គ្រូពេទ្យ​ជាដើម
  • ទទួលទាន​អាហារ​ដែលមាន​ជាតិដែក ដូចជា​សាច់ ត្រី មាន់ ស៊ុត ថ្លើម ឈាម តៅហ៊ូ​ជាដើម
  • ទទួលទាន​បន្លែ​មានស្លឹក​ពណ៌​បៃតង ដូចជា​ត្រកួន ស្លឹកផ្ទី ស្លឹកស្ពៃ​ជាដើម
  • ទទួល​ទាន​សណ្ដែក​សៀង សណ្ដែកដី
  • បរិភោគ​អាហារ​សម្បូរ​ជីវជាតិ​សេឱ្យ​បានច្រើន ព្រោះ​ងាយ​បឺតស្រូប​យកជាតិ​ដែក​បានល្អ ដូចជា​សម្លម្ជូរ​ត្រកួន​ជាដើម
  • ចំពោះ​ស្ដ្រី​ឋិតក្នុង​វ័យបន្ដពូជ​វិញ ត្រូវ​លេបថ្នាំ​ជាតិដែក​១គ្រាប់​ក្នុងមួយ​សប្ដាហ៍ បាន​ន័យថា​១ខែ​៤គ្រាប់
  • ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ ត្រូវ​លេបថ្នាំ​មាន​សារជាតិ​ដែក​ឱ្យបាន​៩០គ្រាប់​រយៈពេល​៣ខែ មាន​ន័យថា​១ថ្ងៃ​លេប១​គ្រាប់ឱ្យបាន​ទៀងទាត់។

ផល​ប៉ះពាល់​របស់​ស្ដ្រី​ដែលខ្វះ​ជាតិដែក

ស្ដ្រី​ដែលខ្វះ​ជាតិដែក​មានផល​ប៉ះពាល់​ជាច្រើន​ដូចជា ៖

  • ការ​អភិវឌ្ឍន៍​រាងកាយ ផ្លូវចិត្ដ​របស់​កុមារ​ដែល​ជាកូន​មិនអាច​រីកចម្រើន និង​មានការ​ធ្លាក់ចុះជា​លំដាប់
  • ចំពោះ​ស្ដ្រី​ធ្លាក់ឈាម​ច្រើន​ពេល​សម្រាល​កូន អាច​ចម្លង​រោគ និង​មាន​មរណភាព​មាតា​ជុំវិញ​កំណើត
  • កូន​កើតមាន​ទម្ងន់​មិនគ្រប់​គីឡូ ក្រឡា​ភ្លើង
  • កាត់​បន្ថយ​នូវ​សមត្ថភាព​ការងារ​រហូតដល់​៣០ភាគរយ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​រក្សា​ជាតិដែក​នៅក្នុង​គ្រាប់ឈាម ឬ​ក្នុងខ្លួន​ឱ្យបាន​ល្អ ស្ដ្រី​គ្រប់រូប​ត្រូវ​ជ្រើសរើស​យក​ចំណី​អាហារ​ណាដែល​ទទួល​បាននូវ​សារៈប្រយោជន៍​ខ្ពស់​សម្រាប់​ទ្រទ្រង់​សុខភាព។ ជាពិសេស​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​នៅត្រីមាស​ទី២ ត្រូវ​ទទួលទាន​សាច់ ត្រី មាន់ ស៊ុត និង​បន្លែ​ដែលមាន​ស្លឹក​ពណ៌បៃតង​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​បង្ការ​ដល់ទារក​ក្នុង​ផ្ទៃឱ្យ​មាន​សុខភាព​ល្អ ហើយ​អាហារ​ទាំងនេះ ក៏អាច​ជួយឱ្យ​មាតាទាំ​ងអស់​មាន​ទឹកដោះ​ល្អ​សម្រាប់​ទារក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative