ក្បួន​​​ថែរក្សា​​​គភ៌ ៖ ការពិនិត្យ​​​​ផ្ទៃពោះ(ត)

ការពិនិត្យផ្ទៃពោះមុនសម្រាល គឺជា​ប្រការ​សំខាន់​ណាស់ដែល​ស្ដ្រីមាន​ផ្ទៃពោះ​គ្រប់រូប​ត្រូវ​អនុវត្ដ​ឱ្យ​ខាង​តែបាន​​ដើម្បី​សុខភាព​ខ្លួនឯងផ្ទាល់់ និងទារក​ដែលនៅ​ក្នុងផ្ទៃ។ បើមាន​ការយក​ចិត្ដ​ទុកដាក់​បាន​ត្រឹមត្រូវ​នៅពេល​តាំងគភ៌ ការសម្រាល​ ​អាចប្រព្រឹត្ដ​ទៅបាន​សុវត្ថិភាព​ សុខសប្បាយ។ ទស្សនាវដ្ដី សុខភាពយើង ចង់ចូល​រួមលើក​កម្ពស់​សុខភាព​លោកស្រី​អ្នកនាង ​តាមរយៈ​ការផ្ដល់​ព័ត៌មាន​អំពីក្បួន​ថែទាំ​សុខភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រីអ្នកនាងបានជ្រាបរួចមក​ហើយ​អំពី​ការ​ពិនិត្យ និងតាម​ដាន​ផ្ទៃពោះ​តាំង​ពីពេល​តាំងគភ៌​រហូតដល់​ខែទី៩​ដែលជា​ខែ​ប្រសូត​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ។ នៅលើ​ទំព័រលេខនេះ លោកស្រី​អ្នកនាង​សូមបន្ដ​ជ្រាប​ជាមួយ​ការត្រួត​ ពិនិត្យ​អមវេជ្ជសាស្ដ្រ​មុនពេល​សម្រាល ឬជាការ​ពិនិត្យ​តាមដាន​បន្ថែមដោយ​ការឆ្លុះ​អេកូសាស្ដ្រ ការវិភាគ​ទឹកភ្លោះ និងការឆ្លុះ​មើលទារក។ ការពិនិត្យ​មុនសម្រាល​បន្ថែម​នេះជួយ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់​ដំណើរ​ការនៃគភ៌ និងកាត់​បន្ថយ​គ្រោះថ្នាក់​សម្រាប់​អនាគតមាតា​ និងទារក។​

អេកូសាស្ដ្រ

ការពិនិត្យអេកូសាស្ដ្រនេះ​គឺជា​ទីពេញ​និយម​សម្រាប់​អ្នកជំនាញ​ខ្មែរ និងប្រជាពលរដ្ឋ​ខ្មែរ។ បើគេ​និយាយ​អំពីការ​តាមដាន ផ្ទៃពោះ និងចង់ដឹង​ភេទរបស់ទារក គឺមានតែមធ្យោបាយ​អេកូ​នេះទេ​ដែលប្រើ​ជាអាទិភាព​នៅ​ប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន។

ពេលនេះ ទារករបស់លោកស្រីអ្នកនាង​គឺជា​តារា​ដែល​កំពុង​លេចមុខ​បង្ហាញខ្លួន​ពេញ​អេក្រង់​អេកូ​តែម្ដង។ គ្រូពេទ្យ ឬឆ្មប យកក្បាល​ឆ្លុះភ្ជាប់​ខ្សែទុយោ​សម្រាប់​បញ្ជូន​អ៊ុលត្រាសុង​មិនមាន​ការឈឺចាប់ និងមិនមាន​ផលប៉ះពាល់។ ក្បាលឆ្លុះ និងខ្សែទុយោ​ដែល ភ្ជាប់​ជាមួយ​ឧបករណ៍អេកូ បានបញ្ចូល​ត្រឡប់​ទៅវិញ​ទៅលើ​អេក្រង់​អេកូ​នូវ​ឧបសគ្គ​ទាំងឡាយ​ដែល​អ៊ុលត្រាសុង​បានជួប គឺ​សារពាង្គ កាយ​របស់ទារក។ ការពិនិត្យ​នេះមាន​សារៈ​សំខាន់​សម្រាប់​ត្រួតពិនិត្យ និងតាមដាន​ការ​លូតលាស់​របស់​ទារក​ក្នុងអាយុ​ចន្លោះពី​២ខែ ទៅ៩ខែ។     នៅក្នុងក្រឹត្យ​ក្រមនៃការ​ពិនិត្យ​អេកូនេះ មានអនុសាសន៍​មួយបានលើក​ឡើងគឺដើម្បី​សម្រួល​ដល់ការឆ្លុះ សូមស្ដ្រី​មានផ្ទៃ ពោះចៀស​ប្រើប្រាស់ឡេ និងប្រេងលាប​ពីលើពោះ ក្នុងរយៈពេល​២ថ្ងៃមុន​ពិនិត្យឆ្លុះ។

ថ្មីៗនេះនៅប្រទេសជឿនលឿន​បានបង្កើត​នូវ​អេកូសាស្ដ្រ​ទំនើប តាំងពីស​ខ្មៅមក​ជាពណ៌​ធម្មជាតិ ឆ្លុះពី​លើពោះ​មកឆ្លុះ តាម​ទ្វារមាស។ ដោយឡែក​នៅប្រទេស​កម្ពុជា​ឃើញមានតែ​អេកូ​ដែលឆ្លុះ​នៅលើពោះ​នៅឡើយទេ​ដែលកំពុង​ប្រើប្រាស់។ សូម​បញ្ជាក់ថា​ រូបភាព​នៃការឆ្លុះ​អេកូ​ដែលបាន​មកពី​អេកូឆ្លុះ​តាមទ្វារមាស​ផ្ដល់រូបភាព​ស្អាតជាង និងច្បាស់ជាង​ការឆ្លុះ​អេកូ​ធម្មតា។

ទាក់ទងនឹងបរិមាណឬចំនួននៃការឆ្លុះអេកូ គឺ​មិនទាន់​បានកំណត់​ច្បាស់លាស់​ទេថា ត្រូវធ្វើ​ប៉ុន្មានដង​មុន​សម្រាល។ នៅ ប្រទេស​ជឿនលឿន ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវទទួល​ការពិនិត្យ​ឆ្លុះ​អេកូសាស្ដ្រ​ឱ្យបាន​៣ដងយ៉ាង​តិចបំផុត​មុនពេល​សម្រាល​ដោយមិន​បង់ ប្រាក់​ដោយស្ដ្រី​មាន​ផ្ទៃពោះ​ឡើយ។ ក្នុងករណី​តាមដាន​ពិសេស​ណាមួយ គ្រូពេទ្យ​អាចតម្រូវ​ឱ្យពិនិត្យ​អេកូ​បន្ថែមទៀត។ ហេតុនេះ​ស្ដ្រី មានគភ៌​អាចទៅ​ពិនិត្យអេកូ​ផ្ទៃពោះ​បានដល់​ទៅ៣ដង​ទៅតាម​លទ្ធភាព​ក្នុងការ​បង់​សេវាកម្ម ឬតម្រូវ​ការ​ជាក់ស្ដែង។

១ . ការពិនិត្យអេកូលើកទី១

ការពិនិត្យអេកូលើកទី១ គួរធ្វើ​នៅចន្លោះ​ពីសប្ដាហ៍​ទី៧ទៅទី១២​នៃការ​មានគភ៌ ពោលគឺ​នៅខែ​ទី២និងទី៣។ ពិតជា​រំភើប ខ្លាំងណាស់​សម្រាប់អនាគត​ឪពុកម្ដាយ ដែលបាន​ឃើញ​បេះដូងរបស់​ទារក​ចាប់ផ្ដើម​ច្របាច់លោត​តឹកតាក់ៗ។ ការពិនិត្យ​អេកូ​លើកទី១ អាចផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ ៖

– ស្គាល់កាន់តែច្បាស់អំពីការ​តាំង​គភ៌​ពិត​ប្រាកដ ព្រមទាំង​អាចគណនា​ថ្ងៃខែ​នៃការ​សម្រាល និងកំណត់​បាននូវ​ការលូតលាស់​របស់ទារក​ក្នុងផ្ទៃ។

– ដឹងបានថា ទារកមាន​តែម្នាក់ ឬមាន​ច្រើននាក់។ ករណី​កូនភ្លោះ​ពីរនាក់ បីនាក់ ឬបួននាក់​តម្រូវឱ្យ​មានការ​តាមដាន ពិសេស​មួយ។

– ត្រួតពិនិត្យបានលឿននូវ​ស្ថានភាព​ជីវិត​របស់ទារក។ ភាពវឌ្ឍនា​លូតលាស់​របស់ទារក​យឺតយាវ​ជា​យថាហេតុ និង​ជម្ងឺពី កំណើត​មួយចំនួន​ធំអាច​ត្រូវមើល​ឃើញដោយ​ការឆ្លុះ​នេះ។

– តាមដានចង្វាក់​បេះដូង​របស់​ទារក។

២ . ការពិនិត្យអេកូ​លើកទីពីរ

ការពិនិត្យអេកូលើកទី២​តម្រូវ​ឱ្យធ្វើ​នៅចន្លោះ​ពីសប្ដាហ៍​ទី២០ទៅទី២៤ គឺខែទី៥​ទៅខែទី៦។ ការឆ្លុះ​នៅចន្លោះ​នេះអាចឱ្យ​លោកស្រី​អ្នកនាង​បានឃើញ​ក្បាល ដើមដៃ និងប្រអប់ដៃ​របស់ទារក។ ការឆ្លុះ​មើល​រូបរាង​ទារកនេះ គឺពិតជា​គួរជាទី​ព្រឺព្រួច​ណាស់ ជាពិសេស​លោកស្រី​អ្នកនាង​ដែលចង់​ដឹងអំពី​រូបរាង​របស់ទារក គឺភេទរបស់​ទារកផ្ទាល់​តែម្ដង។ ជារួម​អេកូឆ្លុះលើក​ទី២នេះអាច​ប្រាប់ ពីតុល្យភាព​សុខភាព​របស់ទារក​ទាំងអស់ គឺប្រវែង​ដៃជើង ដំណើរ​សរីរាង្គ ការលូតលាស់​នៃគ្រោង​ឆ្អឹងដង​ខ្លួនជាដើម។ ការពិនិត្យ​ក៏អាច​វាយតម្លៃ​ផងដែរ ពីទំហំ ឬបរិមាណ​ទឹកភ្លោះ និងសុក។

ទោះបីជាការពិនិត្យអេកូលើកទី២នេះអាចឱ្យ​ឪពុកម្ដាយ​របស់ទារក​ដឹងអំពី​ភេទ​របស់​ទារកក្ដី ប៉ុន្ដែមិនមែន​មើលឃើញ ​ដោយស្វ័យ​ប្រវត្ដិ​នោះទេ។ ពោលបើ​លោកអ្នក​ចង់ដឹង​អំពីភេទ​របស់ទារក​ត្រូវប្រាប់​គ្រូពេទ្យ​ជាមុន​សិន​អំពី​គោលបំណង។ ការដែល មិនចង់​ដឹងអំពី​ភេទរបស់​ទារកមិនព្រម​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​អេកូសាស្ដ្រ​គឺជាការ​មិនត្រឹមត្រូវ ហើយ​ម្យ៉ាងទៀត​ការដែល​យល់ឃើញ ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែលថា​ការពិនិត្យ​អេកូ​គឺ​សំដៅស្គាល់​តែអំពី​ភេទនោះ គឺជាការ​យល់ខុស។ ហេតុនេះ​អ្វីដែល​សំខាន់​បំផុត​ មុនឱ្យ​គ្រូពេទ្យ​ឆ្លុះអេកូ អនាគត​ឪពុកម្ដាយ​ត្រូវដឹង​ច្បាស់អំពី​បំណង​របស់ខ្លួន អ្វីខ្លះដែល​ចង់ដឹង ត្រូវពិភាក្សា​គ្នាតែពីរ​នាក់ប្ដីប្រពន្ធ​ជាមុន​ មុនពេល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បីប្រាប់​ពីបំណង​របស់ខ្លួន។

៣ . ការពិនិត្យអេកូលើកទី៣

អេកូលើកទី៣ធ្វើឡើង​នៅចន្លោះ​ពីសប្ដាហ៍​ទី៣២ទៅទី៣៤ គឺនៅចន្លោះ​ពីខែទី៨។ ការពិនិត្យ​លើកនេះ ប្រើសម្រាប់​ត្រួត ពិនិត្យ​ឡើងវិញ​នូវការ​វិត្ដន៍​លូតលាស់ ចលនា ការដកដង្ហើម​របស់ទារក។ល។ វាអាច​ផ្ទៀងផ្ទាត់​ផងដែរ អំពី​ស្ថានភាព ផ្សេងៗ​ដែល​ទាក់ទង​នឹងការ​ត្រៀម​សម្រាល ដូចជាទីតាំង និងទំហំ​របស់ទារក កន្លែងតាំង​នៅនៃសុក មិនមាន​ទងសុក​រុំព័ទ្ធ​ជុំវិញ ​កជាដើម។

សរុបជារួមមក អេកូ​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់។ សំខាន់​បំផុត​អេកូ​អាចជួយ​បុរសស្ដ្រី​ពីរនាក់​ប្ដីប្រពន្ធ​បង់ក្លាយខ្លួន​ ប្ដូរ អារម្មណ៍ និងការគិត​ទៅជា​អនាគត​ឪពុកម្ដាយ។ បើអាច​ធ្វើទៅបាន បុរសជា​ដៃគូ​គួរតែ​នាំ​ភរិយា​ទៅពិនិត្យ​ផ្ទៃពោះ​ដោយផ្ទាល់ ​ពី​ព្រោះថា​វត្ដមាន​របស់​ប្ដីសំខាន់​ណាស់​សម្រាប់​ភរិយា នៅពេល​ពិនិត្យ​ផ្ទៃពោះ។ សូមបញ្ជាក់​ឡើងវិញថា គោលបំណង​ធំបំផុត​នៃ ការឆ្លុះ​អេកូ គឺតាមដាន​សុខភាព និងការលូត​លាស់​របស់​ទារក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការវិភាគទឹកភ្លោះ

ការវិភាគទឹកភ្លោះ ហាក់ដូចជា​មិនទាន់​ឃើញមាន​អនុវត្ដ​នៅឡើយ​ទេនៅ​កម្ពុជា ព្រោះវា​ពុំមែន​ជាការ​វិភាគ​ជាចាំបាច់​ទូទៅ​ នោះទេ។ ដោយឡែក​ការវិភាគ​នេះច្រើន​តែធ្វើ​ឡើងសម្រាប់​ស្ដ្រីដែល​មាន​ផ្ទៃពោះ​ចាប់ពី​អាយុ៣៨ឆ្នាំ​ឡើងទៅ។ បច្ចេកទេស​នេះ អាច​រកឃើញ​តែករណី​ជម្ងឺពី​កំណើត​មួយចំនួន​របស់ទារក ដូចជា​ជម្ងឺ​ម៉ុងហ្គោលី​(ឬទ្រីសូមី) និងជម្ងឺ​តពូជ​មួយចំនួន។ ការវិភាគ ​នេះអាច​ប្រាប់​ឱ្យ​ដឹងអំពី​ភាពមិន​ស៊ីចង្វាក់​គ្នានៃប្រភេទ​ឈាម​រវាងម្ដាយ និងទារក។ ការវិភាគ​នេះអាច​ធ្វើឡើង​នៅរង្វង់​សប្ដាហ៍ទី១៦ និងទី១៨ ម្ដុំខែ​ទី៤នៃការ​មានគភ៌។ ចំពោះរបៀប​របប​នៃការ​ធ្វើ គឺគ្រូពេទ្យ​ចាក់បញ្ចូល​ម្ជុលឆ្មារ​មួយចូល​កាត់តាម​ពោះ ក្រោមការ​ឆ្លុះ មើលតាម​ដានការ​ចាក់ដោយ​អេកូសាស្ដ្រ។ ពេលនេះ​គ្រូពេទ្យ​អាចបូម​យកទឹកភ្លោះ​តែបន្ដិច​ប៉ុណ្ណោះ​យកមក​វិភាគ។ សូមបញ្ជាក់​ថា ការបូម​វិភាគនេះ​មិនមាន​ការ​ឈឺចាប់​នោះទេ។

ការឆ្លុះមើលទារក

ការឆ្លុះមើលទារកគឺជា​វិធីមួយ​ដែលប្រើ​ប្រាស់ទុយោ ឬបំពង​ទីបឆ្មារមួយ ដែលភ្ជាប់​ទៅដោយ​កញ្ចក់អុបទិក និងអំពូល​ពន្លឺ​ ស៊កបញ្ចូល​ទៅក្នុងស្បូន។ រូបភាព​នៃ​កាមេរ៉ាមី​ក្រូទស្សន៍​នេះអាច​បង្ហាញតាម​ប្រពន្ធ័អេក្រង់​អេកូ។ ការឆ្លុះ​មើលទារក​អាចផ្ទៀងផ្ទាត់​ ការ​លូតលាស់​មិនប្រក្រតី​របស់ទារក។ ការឆ្លុះ​នេះត្រូវ​ធ្វើឡើង​ដោយ​ប្រើប្រាស់​ថ្នាំស្ពឹក​រយៈពេល​៣០នាទី និងតម្រូវ​ឱ្យមាន​ការ សម្រាក​ពេទ្យ​ជាច្រើន​ថ្ងៃទៀតផង។ ការពិនិត្យ​នេះអាច​ធ្វើឡើង​តែក្នុងករណី ដើម្បីបញ្ជាក់​អះអាង​ភាពមិន​ប្រក្រតី​របស់ទារក ដែល​អេកូសាស្ដ្រ​មិនអាច​ប្រាប់បាន។

បណ្ដាំផ្ញើ ៖ លោកស្រីអ្នកនាងបានជ្រាបអំពីការ​ពិនិត្យ​ផ្ទៃពោះ​អមវេជ្ជសាស្ដ្រ​ទាំងបី​រួចមក​ហើយ។ ពិតជា​មិនទាន់​គ្រប់គ្រាន់​នោះទេ​ នៅមាន​ការត្រួត​ពិនិត្យ​តាមដាន​ផ្សេងៗទៀត គ្រាន់តែ​វាតម្រូវ​ឱ្យប្រើ​បច្ចេកវិទ្យា​លំបាក​ជាងនេះ។ សូមអភ័យ​ទោស​ដែល​យើងខ្ញុំ ​មិនបាន​លើកយក​មកបង្ហាញ​ជូនលោក​អ្នកទាំងអស់ ទុកតួនាទី​ទាំងនេះ​ជូនគ្រូពេទ្យ និងឆ្មប​ក្នុងការ​ពិភាក្សា​ទៅតាម​ករណី​ជាមួយ ​លោកអ្នក។ ​

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១


Google Analytics Alternative