អនុវត្តន៍​វិធី​សាស្រ្ត​បីយ៉ាង​ជួយ​កាត់បន្ថយ​ជំងឺទ្បើង​សម្ពាធ​ឈាម

ខណៈ​និន្នាការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​​មានការ​ផ្លាស់ប្តូរ​ ក៏ជា​ពេល​ដែល​ជំងឺ​ទ្បើង​សម្ពាធ​​ឈាម​មាននិន្នាការ​កើនទ្បើង ដើម្បី​កាត់បន្ថយ​ហានិភ័យ​នេះ លោក​វេជ្ជបណ្ឌិត ​MAURITS VANTEL ប្រធាន​អង្គការ​មណ្ឌល​ព៌តមាន​គ្រប់គ្រង​ជំងឺ​​បាន​ជំរុញឲ្យ​ប្រជាពលរដ្ឋ​​កម្ពុជា​​អនុវត្តន៍​វិធីសាស្រ្ត​មួយចំនួន ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោកបាន​មាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ព្រឹកថ្ងៃច័ន្ទ ទី៣ កញ្ញា កន្លងមក​ថា ជំងឺទ្បើង​​សម្ពាធ​ឈាម​កំពុង​មាន​និន្នាការ​កើនទ្បើង​លើ​ប្រជាពលរដ្ឋ​នៅកម្ពុជា ហេតុនេះដើម្បី​កាត់​បន្ថយ​​ហានិភ័យ​នេះ ប្រជាពលរដ្ឋ​គួរ​អនុវត្តន៍​តាម​វិធី​សាស្រ្ត​មួយចំនួន​ដូចជា ទី១ ត្រូវ​ហាត់ប្រាណ​ជា​ប្រចាំ ឬ​ធ្វើពលកម្ម​ឲ្យបាន​ច្រើន​ពីកន្លះ​ម៉ោង រហូត​លើស​កន្លះម៉ោង​ប្រសិនជា​ចង់កាត់​​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ទី២​ត្រូវប្រើ​ប្រេង​ផ្កាឈូក ឬ​ប្រេង​សណ្តែក ដែលមាន​គុណភាព​ល្អ​ជៀសវាង​ការ​ប្រើប្រេង​ធ្វើពី​ត្នោត និង​ទី៣ កុំទទួល​ទានខ្លាញ់​ច្រើន​ទាំងខ្លាញ់​គោ និង​ខ្លាញ់ជ្រូក ព្រោះ​វាធ្វើ​ឲ្យមាន​ការ​កើនទ្បើង​នូវ​សារជាតិ​ខ្លាញ់ក្នុង​សសៃ​ឈាម។

លោក MAURITS VANTEL បានបន្ត​ឲ្យដឹង​ទៀតថា “នៅពេល​ណាឃើញ​កំណក​ប្រេង​ក្នុង​ដូងប្រេង សូម​កុំ​ប្រើប្រាស់​វាត​ទៅទៀត ព្រោះ​ខ្លាញ់​ទាំងនោះ​វានឹង​កកក្នុង​សសៃឈាម​របស់​​យើង ដូច​នៅខាង​ក្រៅដែរ ”។ លោក​បន្តថា “គេហៅ​ប្រេង ឬ​ខ្លាញ់​ទាំងនោះ​ហៅថា ខ្លាញ់​ឆ្អែត ហើយ​ខ្លាញ់​ប្រភេទ​នេះ បង្កផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាង​ធ្ងន់ធ្ងរ ”។

អ្វីជា​មូលហេតុ​បណ្តាល​ឲ្យកើត​ជំងឺ​លើស​សម្ពាធ​ឈាម អ្នក​ជំនាញ​រូបនេះ​បាន​បន្តថា ទម្លាប់​នៃការ​ទទួលទាន​អាហារ​មាន​រសជាតិ​ប្រៃ ការ​មិនសូវ​ហាត់ប្រាណ​ឬធ្វើពលកម្ម​ការទ្បើ​ង​ទម្ងន់ និង​ដុះក្បាល​ពោះ ព្រមទាំង​ភាព​ដំណពូជ​មួយចំនួន សុទ្ឋតែ​ជាមូលហេតុ​បណ្តាល​ឲ្យកើត​ជំងឺនេះ​។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាមការ​អង្កេត​សុខភាព​របស់​ក្រសួង​សុខាភិបាល សហការ​ជាមួយ​អង្គការ​សុខ​ភាព​​ពិភព​​​លោក​កាលពី​ឆ្នាំ២០១០​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​ចន្លោះពី​២៥​ដល់​៦៥ឆ្នាំ​ មានជំងឺ​ទ្បើង​សម្ពាធ​ឈាម​១០ភាគរយ។

លោក MAURITS VANTEL បាន​ឲ្យដឹង​បន្តថា តាមរយៈ​ការចុះ​ស្រាវជ្រាវ​និង​ចុះឈ្មោះ អ្នកមាន​ជំងឺទ្បើង​សម្ពាធ​ឈាម ដែល​អង្គការ​របស់​លោកបាន​ធ្វើនៅ​រាជធានី ខេត្ត ដូចជា រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយ​មានជ័យ កំពង់ធំ តាកែវ និង​ខេត្ត​កំពង់ស្ពឺ​បានរក​ឃើញថា ចំនួនអ្នក​មកចុះ​ឈ្មោះ​ដើម្បី​ទទួលការ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​លើសសម្ពាធ​ឈាម កើនពី​២០ទៅ​៣០​ភា​គរយ​​ក្នុង​ឆ្នាំនេះ ធៀបនឹង​ឆ្នាំ២០១១​កន្លងមក។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative