កូនខ្ញុំ​លាប់​កញ្ជ្រឹល

ជម្ងឺ​កញ្ជ្រឹល​មិនធ្វើ​ឱ្យកុមារ​កើតម្ដង​ទៀតទេ​បន្ទាប់ពី​ជាសះ​ស្បើយ។ នៅពេល​កុមារ​មានអាការ​ឈឺ​ធ្ងន់ម្ដង​ទៀត វា​មិនមែន​ជាការ​លាប់ឡើង​វិញ​នោះទេ តែគឺជា​ផលវិបាក​ដែល​បង្កឡើង​ដោយ​ជម្ងឺ​កញ្ជ្រឹល​ដែល​ប្រជាពលរដ្ឋ​និយម​ហៅថា​លាប់​កញ្ជ្រឹល។ ធម្មតា​កុមារ​ដែល​កើតមាន​ជម្ងឺ​កញ្ជ្រឹល​ប្រហែល​ជាពី​ប្រាំពីរ​ទៅប្រាំបី​ថ្ងៃវានឹង​ជាសះស្បើយ​ទៅវិញ តែមាន​កុមារ​មួយចំនួន​ក្រោយ​ពីជាសះស្បើយ​ហើយ​ស្រាប់តែ​ធ្វើទុក្ខ​ឡើងវិញ។ ការ​ធ្វើទុក្ខ​ឡើងវិញ​នេះ​ហើយគឺជា​ផលលំបាក​នៃជម្ងឺ​កញ្ជ្រឹល។ ដូចនេះ​សូម​អាណា​ព្យាបាល​ទាំងអស់​គប្បី​យកចិត្ដ​ទុកដាក់​ចំពោះ​បញ្ហានេះ​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ហុង សុខឃាង អ្នក​ឯកទេស​ផ្នែក​បេះដូង​កុមារនៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បានធ្វើ​ការ​បកស្រាយ ពី​មូលហេតុ​ដែលធ្វើ​ឱ្យកុមារ​មានផល​វិបាក​នៃជម្ងឺ​កញ្ជ្រឹល​នេះ តាមរយៈ​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ផល​វិបាក​នៃជម្ងឺ​កញ្ជ្រឹល

ធម្មតា​មេរោគ​កញ្ជ្រឹល​ចូលមក​ក្នុងខ្លួន​ក្នុងកំឡុង​ពីបួន​ទៅដប់​ថ្ងៃ បានធ្វើ​ឱ្យមាន​ចេញរោគ​សញ្ញា​ក្ដៅខ្លួន​ពី៣៩​ទៅ៤០​អង្សា។ បន្ទាប់មាន​ចេញ​រោគសញ្ញា​ផ្សេងៗ​នៃជម្ងឺ​កញ្ជ្រឹល។ ការចេញ​កន្ទួល​លើស្បែក​ចាប់ចេញ​ពីក្បាល មុខ ក ខ្លួន រហូត​ដល់ជើង នៅពេល​ចេញដល់​ជើង​លែងសូវ​ក្ដៅ មាន​កម្ដៅ​ធម្មតា​វិញ។ តែមួយ​ផ្នែក​តូចបាន​ធ្វើឱ្យ​កុមារ​មានផល​លំបាក ដែលមាន​មេរោគ​ចូលថ្មី​មកទៀត ជាហេតុ​ធ្វើឱ្យ​កម្ដៅ​ចាប់ផ្ដើម​ក្ដៅឡើង​វិញ។ មេរោគ​ថ្មីដែល​ជាបាក់តេរី​ចូលមក​នេះអាច​បណ្ដាល​ឱ្យទៅជា​រលាក​សួត និង​រលាក​បំពង់​សម្លេង​ជាដើម។ ដូចនេះ​ហើយ​ទើបធ្វើ​ឱ្យយល់​ច្រឡំ​ថាជាការ​លាប់​កញ្ជ្រឹល តាមការ​ពិតជា​ជម្ងឺ​ដែល​បង្កឡើង​ដោយ​មេរោគ​ផ្សេង ដែលជ្រៀត​ចូលនៅ​ពេលដែល​ជម្ងឺ​កញ្ជ្រឹល​ជិតជា​សះស្បើយ។ ផលវិបាក​នៃជម្ងឺ​កញ្ជ្រឹល​នេះអាច​កើតមាន​បន្ទាប់ពី​ជាសះស្បើយ​ជម្ងឺកញ្ជ្រឹល​ក្នុងរយៈពេល​ខ្លី ប៉ុន្ដែ​មាន​ផលវិបាក​មួយចំនួន​អាចនៅ​រយៈពេល​យូរចំពោះ​កុមារ។

មូលហេតុ​លាប់​កញ្ជ្រឹល

ដូចបាន​រៀបរាប់​ជូន​ខាងលើ​ហើយ​ថា ពាក្យលាប់​កញ្ជ្រឹល​គ្រាន់តែ​ជាពាក្យ​ដែល​ប្រជាពលរដ្ឋនិយម​ហៅតៗ​គ្នាតែ​ប៉ុណ្ណោះ តាមពិត​ជាផល​វិបាក​នៃជម្ងឺ​កញ្ជ្រឹល​ដែល​បណ្ដាល​មកពី​មេរោគ​ដទៃ។ មូលហេតុ​នៃផលវិបាក​ជម្ងឺ​កញ្ជ្រឹល​បណ្ដាល​មកពី​កត្ដា​មួយចំនួន ដែល​សុទ្ធតែ​បង្កឱ្យ​កុមារ​ប្រឈម​មុខនឹង​ផលវិបាក​ធ្ងន់ធ្ងរ។ រាល់ពេល​ដែលកុមារ​រៀប​ជាសះស្បើយ​ពីជម្ងឺ​មួយក៏​ដូចជា​ជម្ងឺ​កញ្ជ្រឹល​នេះដែរ គឺប្រព័ន្ធ​ការពារ​រាងកាយ​របស់​កុមារ​នៅមាន​សភាព​ទន់ខ្សោយ ដូចនេះ​មេរោគ​ផ្សេងៗ​ដែល​នៅជុំវិញ​ខ្លួន​ងាយនឹង​ធ្វើឱ្យ​កុមារ​មានផល​វិបាក​ផ្សេងៗ ដែល​បណ្ដាល​មកពី​មេរោគ​ទាំងអស់​នោះ។ ការលាប់​កញ្ជ្រឹល​គឺបណ្ដាល​មកពី​មេរោគ​ដែលកើត​មានឡើង​បន្ទាប់ ពីជម្ងឺ​កញ្ជ្រឹល មាន​ដូចជា​មេរោគ​រលាក​បំពង់​សម្លេង រលាក​ផ្លូវដង្ហើម រលាក​សួត រលាក​កែវភ្នែក ខ្វាក់ភ្នែក ឬ​មេរោគ​ធ្វើឱ្យ​រលាក​ខួរក្បាល​ជាដើម។ ការ​រលាក​បំពង់​សម្លេង​គឺបង្កឡើង​ដោយ​វីរុស​នៃជម្ងឺ​កញ្ជ្រឹល វា​មិនសូវ​ជាធ្ងន់ធ្ងរ​ទេ តែបើ​បង្កដោយ​មេរោគ វីរុស​ឬបង្ក​ដោយបាក់តេរី​ផ្សេង​គឺអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​កុមារ។ ការ​រលាកសួត​គឺបណ្ដាល​មកពី​បាក់តេរី ដែល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​របស់​កុមារ បើមិន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​នោះទេ អាចធ្វើ​ឱ្យកុមារ​គ្រោះថ្នាក់​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ការពារ​ផលវិបាក​នៃជម្ងឺ​កញ្ជ្រឹល

វិធី​ការពារ​ផលវិបាក​នៃជម្ងឺ​កញ្ជ្រឹល​នេះ គឺ​មិនមាន​ការ​ការពារ​ណាមួយ​ទប់ស្កាត់​មិនឱ្យ​កើតមាន​ចំពោះ​កុមារ​នោះទេ ព្រោះ​នេះជាការ​វិវឌ្ឍន៍​របស់​ជម្ងឺ តែអ្វី​ដែល​សំខាន់​បំផុតនោះ​គឺគប្បី​ការពារ​កុមារ​ដោយការ​ចាក់ថ្នាំ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​ជាមុន។ ក្រៅពីនេះ​គឺ​ទាមទារ​ឱ្យ​ឪពុកម្ដាយ​តាមដាន​ពីសុខភាព​របស់​កូន ឱ្យដឹង​ពីសភាព​កូនថា​បន្ទាប់​ពីចុះ​កម្ដៅ​ធម្មតា​ហើយ កុមារ​មានអាការ​លេង និង​ញ៉ាំធម្មតា​ឬទេ។ ប៉ុន្ដែ​បើសិន​ជាកម្ដៅ​ក្មេង​ចាប់ផ្ដើម​ឡើងវិញ ហើយ​ពិបាកដក​ដង្ហើម មាន​ហត់ ដង្ហក់ខ្លាំង ដកដង្ហើម​ឮសូរញាប់ និង​មានឈឺ​ភ្នែក​មើល​មិនសូវ​ឃើញ​ពេល​ងងឹត ទាំងនេះ​សុទ្ធតែ​ជាសញ្ញា​អាចបង្ហាញ​ឱ្យដឹង​ថាមាន​បញ្ហានៃ​ផលវិបាក​របស់​ជម្ងឺ​កញ្ជ្រឹល ហើយ។ ដូចនេះ​នៅពេល​ដែល​ឃើញ​កុមារ​មានបង្ហាញ​សញ្ញា​ដូចដែល​បាន​រៀបរាប់​នេះ ត្រូវ​ប្រញាប់​នាំកុមារ​ទៅជួប​ពិនិត្យ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទាន់ពេល​វេលា។ ការ​តាមដាន​សុខភាព​របស់​កុមារ​បន្ទាប់ពី​ជាសះស្បើយ​ពីជម្ងឺ​កញ្ជ្រឹល គឺជា​ការ​ការពារ​ដ៏ប្រសើរ​បំផុត ដែល​អាច​តាមដាន​ដឹងពី​អាការ​រោគនៃ​ផលវិបាក​ទាំងអស់​នោះ ដើម្បី​កុំឱ្យ​កុមារ​ឈានដល់​ដំណាក់​កាល ធ្ងន់ធ្ងរ​នៃផល​វិបាក ដែល​បង្កឡើង​ដោយ​មេរោគ​ដទៃ បន្ទាប់​ពីការ​ជាសះស្បើយ​ជម្ងឺ​កញ្ជ្រឹល។

ប្រការ​គួរ​ប្រតិបត្ដិ​ចំពោះ​អាណាព្យា​បាល

ប្រការ​ដែល​ល្អជាង​នេះទៅ​ទៀត អាណា​ព្យាបាល​គប្បី​ថែទាំ និង​ការពារ​សុខភាព​របស់​កុមារ​ឱ្យបាន​ល្អ ព្រោះ​ថាកាល​ណា កុមារ​កើតមាន​ជម្ងឺ​កញ្ជ្រ៉ឹល គឺ​ធ្វើឱ្យ​តម្រូវការ​នៃវីតាមីន​អាមាន​ការកើន​ឡើងខ្ពស់។ ដូចនេះ​បើសិន​ជាមិន​បានផ្ដល់​វីតាមីនអា​ឱ្យកុមារ​បាន​គ្រប់គ្រាន់​នោះ កុមារ​អាចកើត​មានជម្ងឺ​កង្វះ​វីតាមីនអា​ទៅជា​រលាក​កែវភ្នែក ឈឺភ្នែក ឬ​ភ្នែកក្រហម ហើយ​អាច​បណ្ដាល​ឱ្យកុមារ​ពិការ​ភ្នែកបាន បើសិនជា​មិនមាន​ការ​ព្យាបាល​នោះ។

ដំបូន្មាន​អ្នក​ជំនាញ

អ្វីដែល​គួរ​យកចិត្ដ​ទុកដាក់​ជាងគេ​សម្រាប់​ឪពុកម្ដាយ​ចំពោះ​កូននោះ គឺត្រូវ​តាមដាន​មើល​សភាព​ជម្ងឺ​របស់កូន​ឱ្យបាន​ល្អ។ បើសិន​ជាមាន​រោគសញ្ញា​ណាមួយ​ដូចដែល​បាន​រៀបរាប់​ជូនខាង​លើ សូម​ប្រញាប់​នាំកុមារ​ទៅមន្ទីរពេទ្យ​ឱ្យបាន​ទាន់ពេល​វេលា ព្រោះ​ផលវិបាក​បន្ទាប់ជម្ងឺ​កញ្ជ្រឹល​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​កុមារ បើមិន​​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលាទេ គឺអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​អាយុ​ជីវិត​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative