របួស​វះកាត់ និង​រោគមុន

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត។ ខ្ញុំ​ធ្លាប់បាន​ឃើញ​លោក​វេជ្ជបណ្ឌិត​ជាញឹកញាប់​នៅលើ​កញ្ចក់​ទូរទស្សន៍​ស្ទើរតែ​គ្រប់ប៉ុស្ដិ៍។ ខ្ញុំ​ចូលចិត្ដ​កិច្ចសម្ភាសន៍​របស់​លោក​ខ្លាំង​ណាស់ ជាពិសេស​ខ្ញុំមាន​ចំណាប់​អារម្មណ៍​លើបញ្ហា​សុខភាព​ជាខ្លាំង។ ខ្ញុំ​ឧស្សាហ៍​អាន​សៀវភៅ ទស្សនាវដ្ដី សុខភាពយើង របស់​លោក​វេជ្ជបណ្ឌិត​ផងដែរ ជាអត្ថបទ​ដ៏មាន​សារៈ​សំខាន់​ជាច្រើន។ ខ្ញុំ​ដឹងថា​លោក​វេជ្ជបណ្ឌិត រវល់​នឹង​ការងារ​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​បានជា​ខ្ញុំ​សម្រេច​ចិត្ដសរសេរ​អ៊ីម៉ែល​ទៅជូន​លោក​វេជ្ជបណ្ឌិត​វិញ។ ឥឡូវ​ខ្ញុំមាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​សាកសួរ ៖

  • ខ្ញុំ​ធ្លាប់មាន​ការ​វះកាត់​ម្ដង កាលពី​ខ្ញុំ​អាយុ​បាន១៧​ឆ្នាំ។ សព្វថ្ងៃ​នេះ​ខ្ញុំមាន​អាយុ២០​ឆ្នាំ​ហើយ។ ស្នាម​វះកាត់​នេះបាន​ធ្វើឡើង​នៅលើ​ពោះ​របស់​ខ្ញុំត្រង់​ម្ដុំក្រពះ វាមាន​ប្រវែង​វែង​ដល់​ទៅ៤អ៊ីង​ឯណោះ។ តើ​ខ្ញុំអាច​លើកវត្ថុ ឬ​អ្វីមួយ​ដែលមាន​ទម្ងន់​ធ្ងន់​ដល់ទៅ​៤០-៥០​គីឡូក្រាម​បានដែរ​ឬទេ?
  • កាល​ពីមុន ខ្ញុំ​មិនធ្លាប់​មាន​រោគមុន​នៅលើ​ផ្ទៃមុខ​ខ្ញុំ​នោះទេ។ ប៉ុន្ដែ​ឥឡូវនេះ​មានមុន​លេចចេញ​នៃផ្នែក​ខ្លះនៃ​ផ្ទៃមុខ​របស់​ខ្ញុំ ជាពិសេស​នៅម្ដុំ​ចង្កា ក្រោម​ត្រចៀក និង​ម្ដុំក។ តើ​ខ្ញុំអាច​ព្យាបាល​វាជា​ដោយ​វិធី​ណាទៅ? ខ្ញុំ​ធ្លាប់​ព្យាបាល​ម្ដងកាល​ពីពីរ​ខែមុន ប៉ុន្ដែ​មិនមាន​ប្រសិទ្ធភាព​ឡើយ។

ពិតណាស់​ខ្ញុំ​ផ្ដល់ការ​គាំទ្រ​ដល់អ្វី​ដែល​លោក​វេជ្ជបណ្ឌិត​បាន​និងកំពុង​ធ្វើ។ ជាពិសេស​ការ​ពន្យល់​របស់​លោក​ពិតជាមាន​តម្លៃ មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ទៅទៀត​គឺការ​អភិវឌ្ឍន៍​សង្គមជាតិ​ទៅមុខ​មួយ។

សូម​ថ្លែង​អំណរគុណ​ដល់​ជំនួយ​របស់​លោក​វេជ្ជបណ្ឌិត​ជាមុន និង​សូម​ទទួល​សេចក្ដីស្រឡាញ់​អំពី​ខ្ញុំ។
ឃ. ដ. រ អាយុ​២០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូម​ជម្រាប​សួរ។ អរគុណ​ប្អូន​ផងដែរ​ដែលបាន​គាំទ្រ​ការងារ សកម្មភាព និង​ស្នាដៃ​របស់​ខ្ញុំបាទ ខ្ញុំបាទ​រំភើប​ខ្លាំង​ណាស់ នូវ​សម្ដី​គាំទ្រ​ទាំងឡាយ​របស់​ប្អូន ដែល​សុទ្ធតែ​ជាបំណង និង​គោលដៅ​របស់​ខ្ញុំ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គម​ជាតិខ្មែរ។ តាមរយៈ​អ៊ីម៉ែល​របស់​ប្អូន ខ្ញុំបាទ​ពិបាក​ដឹងថា​តើជា​ស្ដ្រី​ឬ​បុរស តែបើ​តាមឈ្មោះ​ប្រហែល​ជាប្អូនស្រី​ហើយ។ ការ​ដឹង​អំពី ភេទ​របស់ប្អូន​និង​ព័ត៌មាន​ដទៃទៀត ពិតជា​មាន​សារៈ​សំខាន់​ណាស់សម្រាប់​ឆ្លើយ​ទៅនឹង​សំណួរ​នានា​របស់​ប្អូន។ បើតាម​ការ​រៀបរាប់​របស់​ប្អូន គឺប្អូន​ធ្លាប់​ជាមនុស្ស​ទទួល​រងនូវ​ជម្ងឺ​ធ្ងន់ធ្ងរ​រហូត​ដល់​វះកាត់ ហើយ​ថ្មីៗនេះ​ប្អូន​ចាប់មាន​រោគ​ផ្សេង​ទៀត ដូចជារោគ​មុន ប្អូន​ជាមនុស្ស​ដែលយក​ចិត្ដទុក​ដាក់​នឹង​សុខភាព។ ខ្ញុំសូម​ធ្វើការ​ឆ្លើយ​នឹង​សំណួរ​ប្អូន​ទាំងពីរ​ម្ដងមួយ​ដូចតទៅ ៖

  • តាម​ធម្មតា ការ​វះកាត់​មាន​របៀប​ផ្សេងៗ​គ្នា និង​ទំហំ​ប្រវែង​ខុសៗគ្នា​ផងដែរ។ សព្វថ្ងៃ​នេះ មាន​វិធី​វះកាត់​ទំនើប ដែល​ទំហំ​វះមាន​ប្រវែង​ខ្លី ឬ​ស្ទើរតែ​មើល​មិនឃើញ​តែម្ដង ក្រោយ​ពេល​ព្យាបាល​រួច។ ករណី​ប្អូន​ស្រី ៤អ៊ីង​(ប្រហែល​១តឹក)ជាប្រវែង​មួយធំ​មែនទែន មិនដឹង​ថាតើប្អូន​វះកាត់​នេះដោយ​សារករណី​អ្វី​នោះទេ។ ការពិត​ទំហំ​នៃការ​វះកាត់​នេះមិន​ប៉ះពាល់​ដល់ការ​ធ្វើការ និង​ជីវិត​រស់នៅ​ធម្មតា​របស់ប្អូន​ក្រោយពី​ការ​វះកាត់​នោះប៉ុន្មាន​ទេ លើកលែង​តែមាន​ការ​កាត់សាច់​ដុំពោះ​មួយចំនួន​ដែល​ពិបាក​ដល់ការ​ប្រឹងលើក​អ្វីមួយ​ដែល​ធ្ងន់។ ប៉ុន្ដែ​ប្អូនអាច​មាន​របៀប​លើកមួយ​ដោយ​មិនសូវ​ប្រើប្រាស់​ក្បាល​ពោះ ឬ​សាច់ដុំ​ពោះ​បានខ្លះ​ដែរ។ ហេតុនេះ​ករណីប្អូន​ប្រហែល​ជាអាច​លើក​ទម្ងន់​ប៉ុណ្ណឹង​បាន ប៉ុន្ដែ​សូមប្អូន​ជួប​គ្រូពេទ្យ​ផ្នែក​វះកាត់​បន្ថែម​ផងដើម្បី​បញ្ជាក់ ព្រោះវា​អាស្រ័យ​ទៅលើ​ស្ថានភាព​វះកាត់​នេះ តើជា​ថ្នេរ​បណ្ដោយ ឬ​ក៏ទទឹង​ពោះ។
  • រោគមុន​នៅលើ​ផ្ទៃមុខ​របស់ប្អូន​គឺជា​ករណី​រោគមុន​ដែល​បណ្ដាល​មកពី​អរម៉ូន ដែល​ខ្មែរ​យើង​និយម​ហៅថា មុនឡើង​ខ្លួន មុន​កម្លោះ ឬមុន​ក្រមុំ​នោះឯង។ ការ​ព្យាបាល​ពិបាក​នឹងធ្វើ​ឱ្យវា​ជាដាច់​ណាស់ ព្រោះវា​នឹងបាត់​ដោយ​ខ្លួនឯង​នៅពេល​វ័យរាង​ជ្រាល​បន្ដិច។ ប៉ុន្ដែ​មានវិធី​ព្យាបាល​អាច​ទប់ស្កាត់​មិនឱ្យ​ធ្ង្ងន់ធ្ងរ ដែល​ឈានដល់​ការ​បង្ក​រោគ​បាន។ សម្រាប់​ប្អូនបើ​ជាស្ដ្រី វាអាច​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ថែម​ទៀត នៅមុន​ពេលមក​រដូវ មាន​ន័យថា​មុន​រឹតតែ​ឡើង​ខ្លាំង។ ប្អូនមិន​អាច​ព្យាបាល​រោគមុន​ដោយ​ខ្លួនឯង​នោះទេ មានតែ​គ្រូពេទ្យ​ជំនាញ​នោះទេ ប៉ុន្ដែអាច​ថែទាំ​ខ្លួន​ទប់ស្កាត់ និង​ទប់ទល់​បានដោយ​អនុវត្ដ​វិធី​សាស្ដ្រ​ថែទាំ ដូចជា​លាងសម្អាត​មុខ​ជាប្រចាំ កម្ចាត់​មេរោគ​ពីលើ​ផ្ទៃមុខ និង​មិនត្រូវ​ញេច​ឬច្របាច់​ផ្ដេសផ្ដាស ដែល​នាំឱ្យ​ក្លាយ​រោគ​នោះទេ។

សង្ឃឹម​ថាប្អូន​ពេញចិត្ដ​នូវរាល់​ចម្លើយ​ទាំងអស់​នេះ។ បើនៅ​មាន​ចម្ងល់ ប្អូនអាច​សរសេរ​សំបុត្រ​មកខ្ញុំ​បាទជា​ថ្មីម្ដង​ទៀត។ សូមជូន​ពរប្អូន​មាន​សុខភាព​ល្អ សម្រស់​ស្អាត និង​សំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *