ស្បែកខ្ញុំ​មាន​ប្រតិកម្ម

ប្រតិកម្ម​ដែល​បង្កឡើង​ឱ្យមាន​កន្ទួល​រមាស់​លើស្បែក​អាច​បង្កឡើង​ដោយ​មូលហេតុ​ច្រើន​យ៉ាង ដោយ​រាប់បញ្ចូល​ទាំង​ចំណីអាហារ បរិស្ថាន និង​ជម្ងឺ​របស់​សរីរាង្គ​ណាមួយ​នៅក្នុង​រាងកាយ​ដែល​បង្កឡើង​ដោយ​ពពួក​បាក់តេរី និង​វីរុស។ បើសិនជា​និយាយ​ពី​ប្រតិកម្ម​ស្បែក​ធ្វើឱ្យ​មាន​កន្ទួល​រមាស់​គឺ​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន​យ៉ាងផ្សេងៗ​គ្នា។ ដូចនេះ​ចាំបាច់​លោកអ្នក​ត្រូវ​ពិនិត្យ​រកមើល​មូលហេតុ​ឱ្យ​ច្បាស់លាស់​មុននឹង​ធ្វើការ​ព្យាបាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ថៃ គា ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ បាន​បកស្រាយ​អំពី​មូលហេតុ​ស្បែក​មាន​ប្រតិកម្ម​តាមរយៈ​កិច្ចសម្ភាស​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

អ្វីទៅជា​ស្បែក​មាន​ប្រតិកម្ម?

ស្បែក​ដែលមាន​ប្រតិកម្ម​គឺជា​ស្បែក​ដែលលេច​ឡើងឱ្យ​ឃើញ ដូចជា​កន្ទួល​តូចធំ ក្រហមៗ រមាស់ របក ឬឡើង​ក្រហម ក្រហាយ​ជាដើម បើ​និយាយ​ឱ្យចំគឺ​សុខភាព​ស្បែក​ដែលមាន​អាការ​ខុស​ធម្មតា។ ករណី​ស្បែក​ដែលមាន​ប្រតិកម្ម​នេះ លោកអ្នក​មិនអាច​មើល​នឹងភ្នែក​ដឹងថា​វាបណ្ដាល​មកពី​អ្វីនោះទេ គឺ​ចាំបាច់​បំផុត​ទាមទារ​ឱ្យ​លោកអ្នក​ទៅជួប​ពិគ្រោះ​រោគសញ្ញា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យ​ច្បាស់លាស់។

មូលហេតុ​ដែល​បណ្ដាល​ឱ្យស្បែក​មាន​ប្រតិកម្ម

ស្បែក​មាន​ប្រតិកម្ម​មានកត្ដា​រួមផ្សំ​ជាច្រើន​ដែល​ពិបាក​រកឱ្យ​ឃើញ​នូវ​មូលហេតុ​បំផុត។ ការ​ពិនិត្យ​រកឃើញ​នូវ​មូលហេតុ​គឺ ទាមទារ​ឱ្យអ្នក​ជម្ងឺ​ព្យាយាម​ស្វែងរក​មូលហេតុ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាល់តែឃើ​ញ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។ មូលហេតុ​ដែល​បណ្ដាល​ឱ្យស្បែក​មាន​ប្រតិកម្ម​មាន​កត្ដា​ជាច្រើន​ដូចជា

1 . ចំណី​អាហារ ៖ សារធាតុ​ក្នុង​ចំណី​អាហារ​គ្រប់ប្រភេទ និង​អាហារ​សមុទ្រ​ក៏ជាកត្ដា​មួយរួម​ចំណែក​ឱ្យស្បែក​ប្រតិកម្ម​ផងដែរ។ បើនិយាយ​ចំពោះ​អាហារ​សមុទ្រ​វិញ មាន​លោកអ្នក​មួយចំនួន​យល់ឃើញ​ថា ការ​ដែល​ស្បែក​មាន​ប្រតិកម្ម​កន្ទួល​រមាស់​គឺមក​ពីការ​ទទួល​អាហារ​សមុទ្រ​ទាំងអស់។ នោះគឺជា​ពាក្យ​មិនពិត​នោះទេ ព្រោះ​លោកអ្នក​មិនមាន​ហេតុផល​ណាមួយ​ទេ ថាមក​ពីការ​ទទួលទាន​គ្រឿង​សមុទ្រ​បង្កឱ្យ​មាន​កន្ទួល​រមាស់​នោះ។ ដូចនេះ​យើងត្រូវ​រកហេតុផល​ឱ្យឃើញ​ថា​បណ្ដាល​មកពី​អាហារ​សមុទ្រ​ឬយ៉ាង​ណា ដោយយើង​រាប់បញ្ចូល​ទាំង​អាហារ​សមុទ្រ​ស្រស់ និង​ក្រៀម ដូចជា​ក្ដាមសមុទ្រ បង្កង បង្គា ឬមឹក​ជាដើម។ បើសិនជា​លោកអ្នក​ចង់ដឹង​កាន់តែ​ច្បាស់ថា​ស្បែក​មាន​ប្រតិកម្ម​ជាមួយ​អាហារ​សមុទ្រ​យ៉ាងណា​នោះ លោកអ្នក​អាចធ្វើ​ពិសោធន៍​បានដោយ​ខ្លួនឯង ដោយ​លោកអ្នក​យក​អាហារ​សមុទ្រ​ប្រភេទ​ណាមួយ​ក៏បាន​មក​ស្ងោរ រួចយក​មកញ៉ាំ​ដោយ​មិនចាំបាច់​មាន​លាយឡំ​គ្រឿង​ទេសនោះ​អ្វីទេ។ រួចចាំ​សង្កេត​មើលថា ពីមួយ​ទៅពីរ​ម៉ោង​ក្រោយមក​នៅពេល​ដែលវា​ជ្រាបសព្វ​ទៅដល់​ក្រពះ​វាមាន​ចេញ​កន្ទួល​រមាស់​ឬទេ។ បើសិន​ជាវាមាន​ចេញនោះ​បង្ហាញ​ឱ្យឃើញ​ច្បាស់​ហើយ​ថា គឺមក​ពីអាហារ​សមុទ្រ​ដែលបាន​យកមក​ពិសោធន៍។ ចំពោះ​ស្បែក​ដែលមាន​ប្រតិកម្ម ជាមួយ​អាហារ​សមុទ្រ មិនប្រាកដ​គ្រប់​អាហារ​សមុទ្រ​ទាំងអស់​បង្កឱ្យ​មាន​ប្រតិកម្ម​នោះទេ វាអាច​បណ្ដាល​មកពី​ប្រភេទ​ណាមួយ ដូចជា​បង្គា ក្ដាម បង្កង ឬមឹក។ បើដឹង​ថាមាន​ប្រតិកម្ម​ជាមួយ​គ្រឿង​សមុទ្រ​ប្រភេទ​នោះ​ហើយ គឺត្រូវ​តមប្រភេទ​អាហារ​នោះ។ ដូចនេះ​ភាគច្រើន​កន្ទួល​រមាស់​លើស្បែក​គេ​កម្ររក​ឃើញ​ពីមូលហេតុ​ច្បាស់លាស់​ណាស់ មានតែ​ការ​តាមដាន​ពិនិត្យ​រក​មូលហេតុ​ជាមួយ​គ្រូពេទ្យ​ជំនាញ​តែ​ប៉ុណ្ណោះ។

2 . បរិស្ថាន ៖ បរិស្ថាន​ជាកត្ដា​រួមផ្សំ​ផងដែរ នៅពេល​លោកអ្នក​ស្ថិត​នៅក្នុង​អាកាសធាតុ​ក្ដៅស្អុះ​ស្អាប់ ពោរពេញ​ទៅដោយ ធូលី​ដី ហើយ​គួបផ្សំ​ទាំងការ​ខ្វះ​អនាម័យ​សម្អាត​ខ្លួន​ទាំងនោះ គឺ​ងាយធ្វើ​ឱ្យស្បែក​មាន​ប្រតិកម្ម​ណាស់ ទៅជា​កន្ទួល​រមាស់​ឡើង​ក្រហម អុចៗ​ជាដើម។ មិន​ត្រឹមតែ​កត្ដា​បរិស្ថាន​ប៉ុណ្ណោះ​ទេ សូម្បី​តែការ​ប្រើប្រាស់​ផលិតផល​សម្អាង​ខុស ក៏​បង្កឱ្យ​មាន​ប្រតិកម្ម​ផងដែរ ហើយ​ការ​ប្រើប្រាស់​ឱសថ​មួយចំនួន​ក៏អាច​បង្កឱ្យ​មាន​ប្រតិកម្ម​លើស្បែក​មាន​រមាស់​ផងដែរ។

3 . ជម្ងឺ​ផ្សេងៗ​ក្នុង​រាងកាយ ៖ ក្រៅពី​កត្ដា​ខាងលើ​ដែលអាច​បង្កឱ្យ​ស្បែក​មាន​ប្រតិកម្មហើយ​នោះ លោកអ្នក​ត្រូវ​ផ្ដោតទៅ​លើ​រោគសញ្ញា​ថ្លើម និង​សត្វល្អិត។ សត្វល្អិត​ភាគច្រើន​យើង​សំដៅ​ទៅលើ​សត្វល្អិត​នៅក្នុង​ពោះវៀន ប៉ុន្ដែ​មាន​មនុស្ស​មួយចំនួន​និយាយ ពីសត្វល្អិត​ក្នុង​ឈាម ហើយ​នាំគ្នា​ទៅពិនិត្យ​ឈាម​រកសត្វ​ល្អិត ឱ្យតែ​មាន​រមាស់​គឺមាន​សត្វល្អិត​ក្នុង​ឈាម តាមពិត​វាគ្មាន​សត្វល្អិត​នៅក្នុង​ឈាម​នោះទេ។ ដូចនេះ​លោកអ្នក​គប្បី​ពិនិត្យ​រកមើល​សត្វល្អិត និងជម្ងឺ​ថ្លើមផង ទើបជាការ​ប្រសើរ នៅពេល​ដែល​មិនទាន់​រកមូលហេតុ​នៃការ​ចេញ​កន្ទួល​រមាស់​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ស្បែក​មាន​ប្រតិកម្ម

ការ​ព្យាបាល​ស្បែក​ដែលមាន​ប្រតិកម្ម​គឺគ្រូពេទ្យ​ធ្វើការ​ព្យាបាល​ទៅតាម​រោគ​សញ្ញា និង​មូលហេតុ​ដែល​ច្បាស់លាស់។ មុន​ព្យាបាល គ្រូពេទ្យ​ត្រូវរក​ឱ្យឃើញ​មូលហេតុ​ច្បាស់លាស់ ហើយ​ត្រូវ​បំបាត់​មូលហេតុ​នោះ គឺ​ចៀសវាង​ការ​ប្រើប្រាស់ ឬ​ប៉ះពាល់​ជាមួយ​វត្ថុ ចំណី​អាហារ ឬ​របស់​អ្វីមួយ​ដែល​ធ្វើឱ្យ​មាន​ប្រតិកម្ម​ស្បែក​របស់​លោកអ្នក ដូចជា​ជាតិដែក​ក្បាល​ខ្សែ​ក្រវាត់ គ្រឿង​កាឡៃ ឬ​ខ្សែ​នាឡិកា​ដែលធ្វើ​ពីដែក។ ដូចនេះ​ត្រូវ​ចៀសវាង​ពាក់គ្រឿង​ដែលមាន​ជាតិដែក​ទាំងអស់​នេះ ហើយ​មុនធ្វើ​ការ​ព្យាបាល​ត្រូវ​សិក្សា​តាមរោគ​សញ្ញា និង​តាម​ព័ត៌មាន​ពីអ្នក​ជម្ងឺ​ប្រាប់មក​គ្រូពេទ្យ ដូចនេះ​ទើបអាច​ធ្វើការ​វិនិច្ឆ័យ ហើយ​ប្រើថ្នាំ​ដើម្បី​ទប់ស្កាត់។ ពេលដែល​ប្រើថ្នាំ​អាច​បំបាត់​កន្ទួល​រមាស់​បាន​រាប់ខែ តែវា​នឹងអាច​ចេញមក​ម្ដងទៀត។ បើសិន​ប្រតិកម្មជា​ប្រភេទ​ខ្សោយ​គឺមិនមាន​គ្រោះថ្នាក់​អ្វីទេ គ្រាន់ចេញ​កន្ទួល​រមាស់​ធ្វើឱ្យ​រំខាន​តែប៉ុណ្ណោះ វាមិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។ ករណី​កម្រណាស់​ដែលមាន​ប្រតិកម្ម​ជាមួយ​ចំណីអាហារ​ដែលធ្វើ​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ព្យាបាល​ស្បែក​ដែលមាន​កន្ទួល​រមាស់ លោកអ្នក​គប្បី​ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ដឹងពី​មូលហេតុ​ច្បាស់លាស់​ក្នុងការ​ព្យាបាល មិនត្រូវ​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​តាមការ​និយាយ​តៗគ្នា​នោះទេ។ ដើម្បី​កុំឱ្យ​ខាតបង់​ពេលវេលា និង​ចៀងវាង​បង្កឱ្យ​មានផល​ប៉ះពាល់​ទាំងឡាយ​នៅពេល​ដែលធ្វើ​ការ​ព្យាបាល​ផ្ដេសផ្ដាស​ដោយ​មិនបាន​ស្វែងរក​មូលហេតុ​ច្បាស់លាស់​នោះ សូម​ស្វែងរក​ការ​ព្យាបាល​មួយដ៏​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative