បណ្តុះ​បណ្តាល​មន្រ្តីពេទ្យ​ពីការ​ប្រើប្រាស់​ទិន្នន័យ​កុំព្យូទ័រ​ដើម្បី​ចុះបញ្ជីរ​គណៈគ្រូពេទ្យ

ក្រុម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បានបើក​វគ្គ​បណ្តុះបណ្តាល​ដល់​សមា​ជិក​​គណៈ​គ្រូពេទ្យ​កម្ពុជា​នៅតាម​បណ្តាខេត្ត​ពីរបៀប​ប្រើប្រាស់​ទិន្នន័យ និង​ការ​ចុះ​បញ្ជីរ​ការ​​សមា​ជិក​គណៈ​គ្រូពេទ្យ ដោយ​ប្រើប្រាស់​ប្រព័ន្ឋ​ព៌តមាន​វិទ្យា។

រូបភាពគេហទំព័រសុខភាពកម្ពុជា


លោក​សាស្រ្តា​ចារ្យ ធា គ្រុយ រដ្ឋលេ​​ខា​ធិការ​ក្រសួង​សុខាភិបាល និង​ជាប្រធាន​ក្រុម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា បានមាន​ប្រសាសន៍​ក្នុងពិធី​បើកវគ្គ​បណ្តុះ​បណ្តាល​ក្រុម​គ្រូពេទ្យ​នា​ព្រឹក​ថ្ងៃ​ព្រហស្បត៍​ទី៣០​សីហា​កន្លងមក​ថា គណៈ​គ្រូពេទ្យ​បានឈាន​មួយ​ជំហ៊ាន​យ៉ាងវែង បន្ទាប់ពី​​ស្ងប់ស្ងាត់​មួយរយៈ​មក ក្នុងពេល​ដែល​គណៈ​គ្រូពេទ្យ​មាន​តួនាទី និងការ​ទទួលខុស​ត្រូវ​​សំខាន់​ណាស់ ក្នុងការ​ចុះបញ្ជីរ​ការ​របស់​គ្រូពេទ្យ ដើម្បីផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យគ្រូពេទ្យ​អាចបើក​ពិនិត្យ​ព្យា​បាល​ជំងឺ និង​គោរព​តាម​ក្រមសីលធ៌ម​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក​បន្តថា “សារជាតិ​មនុស្ស​ពិតជា​ពិបាក​ណាស់ ពួកគេ​មានការ​លោភលន់ មាន​ការធ្វេស​ប្រហែស ហើយ​ពេលខ្លះ​ធ្វើអ្វី​លើសពី​សារជាតិ​របស់​ខ្លួន ដោយ​ប្រាសចាក​ក្រម​សីលធ៌ម​វិជ្ជាជីវៈ​របស់​ខ្លួន ហេតុនេះ​ទើប​គណៈ​គ្រូពេទ្យ​ខិតខំ​ធ្វើយ៉ាង​ណា រៀបចំ​ផ្លូវឲ្យ​គ្រូពេទ្យ​ដើរ កុំឆ្វេង​​ពេក និង​កុំស្តាំពេ​ក”។

លោ​ក​សាស្រ្តាចារ្យ ធា គ្រុយ បាន​បន្តថា ការ​បណ្តុះ​បណ្តាល​នេះ​ដើម្បី​ចុះបញ្ជីរ​ការ និង​​សមាជិក​គណៈ​គ្រូពេទ្យ​តាម​ប្រព័ន្ឋ​ព៌ត​មាន​វិទ្យា ក៏ដូចជា​ដើម្បី​គ្រប់គ្រង​គ្រូពេទ្យ​នៅទូទាំង​​ប្រ​ទេស​និងការ​គ្រប់គ្រង​ថវិការ​សមាជិក ដែលបាន​បង់ជូន​គណៈ​គ្រូពេទ្យ​ឲ្យបាន​ច្បាស់លាស់ ដើ​ម្បី​ជៀសវាង​នូវការ​ចំណាយ​គ្មាន​តម្លាភាព។ លោក​បន្តថា អង្គការ​URC​កំពុង​ជួយ​ឧបត្ថម្ភ​ដល់​ការងារ​របស់​គណៈ​គ្រូពេទ្យ ហេតុនេះ​យើង​សំណូមពរ​ឲ្យអង្គការ​នេះ បន្តជួយ​យើង​មួយរយៈ​ទៀត ដើម្បី​យើងអាច​ធ្វើការ​ដោយ​រ៉ឹងដៃ​រ៉ឹងជើង​សិន។

ទន្ទឹម​នឹងការ​បណ្តុះ​បណ្តាល​ក្រុមមន្រ្តី ដែលជា​សមាជិក​គណៈ​គ្រូពេទ្យ​មកពី​ទូទាំង​ប្រទេ​ស គណៈ​គ្រូពេទ្យ​ជាតិកម្ពុជា​បានផ្តល់​កុំព្យូទ័រ​ម្នាក់មួយ​គ្រឿង ដល់​មន្រ្តី​នៅតាម​បណ្តា​ខេត្ត​ទាំង​នោះ​ផងដែរ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក គ្រីស នាយក​អង្គការ​URC​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍​ថា ការ​ផ្តល់កុំព្យូទ័រ​ដល់​​មន្រ្តី​គ្រូពេទ្យ ជាសមាជិក​គណៈ​គ្រូពេទ្យ​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឲ្យពួកគាត់​យកទៅ​ប្រើ​ប្រាស់​សម្រាប់​ដំណើរការ​ការងារ​របស់​គណៈ​គ្រូពេទ្យ​ឲ្យមាន​ដំណើរការ​ទៅមុខ។ លោក​បន្តថា បើ​យើងជា​បុគ្គលិក​ក្នុង​រដ្ឋាភិបាល រដ្ឋាភិបាល​មានច្បាប់​បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​យើង ប៉ុន្តែ​យើង​ជាគណៈ​គ្រូពេទ្យ​ក៏ត្រូវ​មាន​បទបញ្ញត្តិ គ្រប់គ្រង​វិជ្ជាជីវៈ​របស់​យើង​ផងដែរ។

លោក​បន្តថា “ខ្ញុំ​រីករាយ​ដែលបាន​ធ្វើការ​ជាមួយ​ក្រុម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា ដើម្បី​ធ្វើឲ្យ​​ប្រសើរ​ទ្បើងនូវ​សមត្ថភាព និង​ក្រម​សីលធ៌ម​របស់​គណៈ​គ្រូពេទ្យេ​កម្ពុជា​នៅពេល​អនាគត ”។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative