វិធី​សាស្ដ្រ​ក្នុងការ​ពាក់អាវ​ទ្រនាប់​ឱ្យបាន​ត្រឹមត្រូវ

ការរីក​លូតលាស់​នៃសុដន់​របស់​ស្ដ្រី​មិនដូចគ្នា​នោះទេ។ ធម្មជាតិ​បង្កើត​មនុស្ស​លោក​មកមាន​ទាបមាន​ខ្ពស់ មាន​ល្អ អាក្រក់ ចំណែក​ឯសុដន់​ក៏ដូចគ្នា​ដែរ។ ការ​ថែរក្សា​សុដន់​ក៏មិនខុស​ពីការ​ថែរក្សា​ខ្លួនដែរ ស្ដ្រី​គ្រប់រូប​ត្រូវតែ​ធ្វើអនាម័យ​ឱ្យបាន​ល្អ​ជានិច្ច​ចំពោះ​សុដន់។ ស្ដ្រី​គ្រប់រូប​ទោះបីជា​មាន​គ្រួសារ​ហើយ​ក្ដី ឬ​មិនទាន់​មាន​គ្រួសារ​ក្ដី ការ​ថែរក្សា​សុដន់​គឺដូចគ្នា។ អ្វីដែល​ល្អបំផុត​នោះគឺ​ត្រូវពាក់​សម្លៀក​បំពាក់​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​គឺត្រូវតែ​ប្រុងប្រយ័ត្ន​បំផុត​នៅពេល​ពាក់អាវ​ទ្រនាប់​តែម្ដង ព្រោះ​កាលណា​ដែល​មិត្ដនារី មិនបាន​ប្រុងប្រយ័ត្ន​នៅពេល​ពាក់អាវ​ទ្រនាប់​នោះគឺ​អាច​បណ្ដាល​ឱ្យមាន​បញ្ហា​ជាការ​បង្ករោគ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី អ៊ូ សារឿន ឆ្មប​រដ្ឋបម្រើការ​នៅមជ្ឈ​មណ្ឌលជាតិ​គាំពារ​មាតា និង​ទារក បកស្រាយ​អំពី​ប្រការ​គួរ​ប្រុងប្រយ័ត្ន​ពេល​ពាក់អាវ​ទ្រនាប់ ដើម្បីឱ្យ​ស្ដ្រី​គ្រប់រូប​បានយល់​នឹង​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

អាវ​ទ្រនាប់

អាវទ្រនាប់​គ្រាន់តែ​ជាប្រដាប់​មួយ​សម្រាប់​ទ្រទ្រង់​សុដន់​ឱ្យមាន​ភាពស្រស់​ស្អាត​មិនយារ​ធ្លាក់។ ជាធម្មតា​សាច់អាវ​ទ្រនាប់ ឬ​សាច់អាវ​ដែល​ពាក់​ធម្មតា​មិនខុស​គ្នា​នោះទេ ឱ្យ​តែមាន​ជាតិ​អំបោះ ងាយស្រួល​ពាក់ តែបើ​ស្ដ្រី​ពាក់អាវ​ដែលមាន​ជាតិ​កៅស៊ូ ឬ​នីឡុង​នោះ វាធ្វើឱ្យ​ក្នុងខ្លួន​មាន​បញ្ហា ដូចជា​ស្អុះស្អាប់​ជាដើម។

វិធី​សាស្ដ្រ​ក្នុងការ​ពាក់អាវ​ទ្រនាប់​ឱ្យបាន​ត្រឹមត្រូវ

មិត្ដនារី​មួយចំនួន​មិនបាន​ដឹងនោះ​ទេថា ការ​ពាក់អាវ​ទ្រនាប់​មិនបាន​ត្រឹមត្រូវ​អាច​បណ្ដាល​ឱ្យកើត​មាន​បញ្ហា។ សុភាពនារី គួរតែ​ស្វែងយល់​អំពីការ​ប្រុងប្រយ័ត្ន​នៅពេល​ពាក់អាវ​ទ្រនាប់​ដូចតទៅ ៖

  • ចំពោះ​មិត្ដនារី​វ័យ​ដែល​មិនទាន់​មាន​គ្រួសារ សរីរាង្គ​របស់​សុដន់​មិនងាយ​នឹងយារ​ធ្លាក់​នោះទេ។ ការ​ពាក់អាវ​ទ្រនាប់ វាជារឿង​ធម្មតា​នោះទេ ដោយ​គ្រាន់តែ​មិត្ដនារី​មិនត្រូវ​ពាក់អាវ​ទ្រនាប់​តឹង​ឬរឹបពេក​នោះទេ គឺ​គ្រាន់តែ​ពាក់វា​ឱ្យល្មម​ទៅតាម​ខ្នាត​របស់​សុដន់។ ជាពិសេស​ស្ដ្រី​គ្រប់រូប​មិន​ចាំបាច់​ពាក់អាវ​ណាដែល​កល់បំប៉ោង​ឱ្យមាន​ភាព​ធំ​នោះទេ ព្រោះវា​អាច​បណ្ដាល​ឱ្យមាន​បញ្ហា។ អ្វីដែល​ល្អ​បំផុត គឺ​ត្រូវពាក់​អាវ​ទ្រនាប់​ធម្មតា ហើយ​មានជាតិ​អំបោះ។
  • សម្រាប់​ស្ដ្រី​ដែលមាន​គ្រួសារ និង​ទើបតែ​សម្រាល​បុត្រ​នោះ មិនត្រូវ​លែងខ្លួន​ឱ្យទទេ គឺ​ត្រូវពាក់​អាវ​ទ្រនាប់ ដើម្បី​ទ្រនូវ​សាច់ដុំ​ដែល​កំពុង​តែផលិត​ទឹកដោះ បើមិន​ដូច្នេះទេ​វាអាច​ធ្វើឱ្យសាច់ដុំ​យារធ្លាក់។ បើសិនជា​ស្ដ្រី​ពាក់អាវ​ទ្រនាប់​អាច​ទ្រសាច់ដុំ​ដោះ មិនយារ​ធ្លាក់​បានដែរ។ ជាពិសេស​ត្រូវពាក់​អាវ​ដែល​ល្មម និងត្រូវ​ទៅតាម​ខ្នាត​របស់​សុដន់។

សារៈ​ប្រយោជន៍​នៃការ​ពាក់អាវ​ទ្រនាប់

ការ​ពាក់អាវ​ទ្រនាប់​សារៈ​ប្រយោជន៍​ដែលធំ​បំផុត​នោះគឺអាច​ការពារ​នូវ​អាថ៌កំបាំង​ដែលមាន​នៅក្នុង​ខ្លួនស្ដ្រី​យើង អាច​ការពារ​សុដន់​មិនឱ្យ​យារធ្លាក់ និងអាច​ទ្រទ្រង់​នូវភាព​ស្រស់ស្អាត​របស់​សុដន់​បាន។

ផល​ប៉ះពាល់​នៅពេល​ពាក់អាវ​ទ្រនាប់​មិនបាន​ត្រឹមត្រូវ

ជាធម្មតា​ប្រពន្ធ័​សុដន់​គឺតែងតែ​មាននូវ​កោសិកា មាន​ក្រពេញ មាន​សរសៃ និង​មាន​បំពង់សម្រាប់​ផលិត​ទឹកដោះ​សម្រាល​កូន។ ដូចនេះ​បើសិន​ជាស្ដ្រី​ដែលជា​មាតា​ពាក់អាវ​ទ្រនាប់​តឹង​ពេកនោះ វាធ្វើ​ឱ្យក្រពេញ​នៃការ​រីកលូតលាស់​នោះ​មិនល្អ ដែល​ធ្វើឱ្យ​ការ​ផលិត​ទឹកដោះ​ក៏មិនល្អ​ដែរ ព្រោះ​វាអាច​ធ្វើបំពង់​នីមួយៗ​រួមតូច អាចធ្វើ​ឱ្យមាន​បញ្ហា។ អ្វីដែល​មិនល្អ​ជាងនេះនោះ​គឺកាលណា​ដែលស្ដ្រី​ពាក់អាវ​ទ្រនាប់​មិនបាន​ត្រឹមត្រូវ ដូចជា​ពាក់​តឹងពេក ឬ​រឹតពេក។ ជួនកាល​អ្នកខ្លះ​មិនល្អ​នោះគឺ​អាច​បណ្ដាល​ឱ្យកើត​មានបញ្ហា​មួយចំនួន​ដូចជា អាច​ធ្វើឱ្យ​រលាក​សាច់ដោះ អាច​ធ្វើឱ្យ​មាន​កមរមាស់ ឬ​អាឡែកស៊ី​ជាដើម។

វិធី​ការពារ​នៅពេល​ពាក់អាវ​ទ្រនាប់

សម្រាប់​ស្ដ្រី​នៅតាម​ជនបទ​មួយចំនួន​តែងតែ​ពាក់អាវ​ទ្រនាប់​មួយច្រើន​ថ្ងៃ គឺវា​មិនល្អនោះទេ។ អ្វីដែល​ល្អ​បំផុតនោះ​គឺត្រូវតែ​ផ្លាស់ប្ដូរ​អាវទ្រនាប់​នៅក្នុង​មួយថ្ងៃ​ម្ដង ជាពិសេស​មិនត្រូវ​ទុកអាវ​ទ្រនាប់​នៅក្នុង​កន្លែង​ដែល​មិនល្អ​នោះទេ ព្រោះអាច​បង្កនូវ​មេរោគ។ ហើយត្រូ​​វតែ​ឧស្សាហ៍​បោកអាវ​ទ្រនាប់​ឱ្យបាន​ញឹកញាប់ និង​ត្រូវហាល​ឱ្យត្រូវ​ពន្លឺថ្ងៃ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ថែរក្សា​សុដន់​ឱ្យបាន​ល្អ គឺត្រូវ​សម្អាត​ខ្លួនប្រាណ​ឱ្យបាន​ល្អជា​ប្រចាំ មិនត្រូវ​ពាក់អាវ​ទ្រនាប់​តឹងពេក​នោះទេ។ ចំពោះ​ម្ដាយវិញ​នៅពេល​ដែល​សម្រាល​កូន​ហើយ សូម​ធ្វើការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ផ្ទាល់ ព្រោះ​អាច​កាត់បន្ថយ​នូវ​បញ្ហា​ជាច្រើន និង​អាចធ្វើ​ឱ្យមាន​រំញោច នេះ​ហើយ​អាចធ្វើ​ឱ្យស្បូន​កន្ដ្រាក់។ រំញោច​នេះមាន​ពីរ រំញោចមួយ​ធ្វើឱ្យ​ផលិត​ទឹកដោះ និង​រំញោច​មួយទៀត​អាចធ្វើ​ឱ្យស្បូន​កន្ដ្រាក់ ដែលអាច​កាត់​បន្ថយ​នូវការ​ធ្លាក់ឈាម​របស់​ម្ដាយ ជាពិសេស​អាចធ្វើ​ឱ្យមាន​ភាព​ស្និទ្ធស្នាល​ចំពោះ​ម្ដាយ និង​ទារក។ ហើយ​អ្វីដែល​ពិសេស​ជាងនេះ​ទៀតនោះ​គឺកាត់​បន្ថយ​នូវជម្ងឺ​មហារីក​ដោះ និង​អត្រា​នៃជម្ងឺ​មហារីក​អូវែរ។ ដូចនេះ​ស្ដ្រីគ្រប់រូប​គួរតែ​ឱ្យកូន​បៅដោះ​ម្ដាយ យ៉ាងតិច​ណាស់​ក៏បាន​៦ខែដែរ ហើយ​ការ​ពាក់អាវ​ទ្រនាប់​គឺត្រូវតែ​ពាក់​មិនត្រូវ​លែងខ្លួន​ឱ្យទទេ​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative