ខ្យល់គ

ខ្យល់គ​គឺជា​រោគសញ្ញា​នៃជម្ងឺ​មួយ។ លោកអ្នក​នាងកញ្ញា​ដែលមាន​សភាព​វិលមុខ ងងឹតមុខ ចង់ក្អួត​ចង្អោរ ត្រជាក់​ចុងដៃ ចុងជើង បែកញើស​ខ្លាំង​ខុសពី​ធម្មតា នេះគឺជា​អាការ​ដំបូង​នៃ​ខ្យល់គ។ ខ្យល់គ​អាច​កើតឡើង​ដោយ​ងាយ​បំផុត ជាពិសេស​ពេល​លោកអ្នក​ធ្វើ​ដំណើរ ជួបនឹង​អាកាសធាតុ​មិនល្អ ក្ដៅខ្លាំង បរិយាកាស​មិន​បរិសុទ្ធ អាប់អួ ហេតុការណ៍​ចម្លែក​ជាដើម។ ជាពិសេស ខ្យល់គ អាចមាន​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​អ្វីមួយ​ប្រចាំកាយ​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត សូ សាភី ប្រធាន​អគារ​សណ្ដំ​សង្គ្រោះ​បន្ទាន់ ប្រពោធនកម្ម និង​ជាប្រធាន​ផ្នែក​ប្រពោធនកម្ម​នៃមន្ទីរ​ពេទ្យ​ព្រះកុសុមៈ ដើម្បី​បកស្រាយ​អំពី​មូលហេតុ​ខ្យល់គ។

ខ្យល់គ

ខ្យល់គ​គឺជា​ពាក្យ​ដែល​ប្រជាជន​ខ្មែរយើង​តែងតែ​និយាយ​តៗគ្នា​មក។ ជាភាសា​វេជ្ជសាស្ដ្រ​ខ្យល់គ​មាន​ឈ្មោះថា សាំងគុប (Syncope)។ ខ្យល់គ​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ស្មារតី ដូចជា​ការ​សន្លប់ និង​ពេលខ្លះ​គ្រាន់តែ​ងងឹតមុខ​ដួល​ដោយ​ប៉ះពាល់​ស្មារតី​បន្ដិច​បន្ដួច។ ឧទាហរណ៍ បើសិនជា​លោកអ្នក​ធ្វើ​ដំណើរ​ឬអង្គុយ​នៅក្នុង​បរិស្ថាន​មិនល្អ បរិយាកាស​អាប់អួ ពេល​កំពុង​ព្យាបាល​ធ្មេញ ឬពេល​ធ្វើ​តេស្ដ​ឈាម អាចធ្វើ​ឱ្យ​លោកអ្នក​ងងឹត​មុខ ហើយ​ក៏ដួល​សន្លប់​បាត់បង់​ស្មារតី​តែម្ដង។

ប្រភេទ​នៃរោគ​ខ្យល់គ

ខ្យល់គ ឬក៏​សាំងគុប​នេះត្រូវបាន​ចែកចេញ​ជាបី​ស្ថានភាព​ទៅតាម​ស្មារតី​របស់​អ្នកជម្ងឺ ៖

1 . ខ្យល់គ​កម្រិត​ស្រាល ៖ មានការ​ប៉ះពាល់ស្មារតី។ ជាឧទាហរណ៍​បុគ្គល​ខ្លះ​ដែល​កំពុងតែ​ធ្វើដំ​ណើរ​នៅក្នុង​ផ្សារ ឬ​នៅក្នុង​បរិយាកាស​មិនល្អ ក្ដៅ​ខ្លាំង អាប់អួ ស្រាប់តែ​ងងឹត​មុខ ហើយក៏​ដួល​សន្លប់​បាត់បង់​ស្មារតី​មួយ​រំពេច។ នៅពេល​ដែល បាត់បង់​ស្មារតី ប្រជាជន​ដែល​នៅជុំវិញ​នោះក៏​បានធ្វើ​ការ​ម៉ាស្សា ច្របាច់​ដៃជើង រឹត​ដើមទ្រូង និង​រឹត​ប្រេងខ្យល់ ដើម្បី​ឱ្យ​បុគ្គល ដែល​បាត់បង់​ស្មារតី​នោះបាន​ដឹងខ្លួន​ឡើង​វិញ។ នេះគឺជា​ឥរិយាបថ​ដែល​ប្រជាជន​ខ្មែរ​តែងតែ​ធ្វើនៅ​ទីប្រជុំជន។ ប៉ុន្ដែ​បើនិយាយ​តាមក្បួន​វិជ្ជា​ពេទ្យ​វិញ ចំពោះ​បុគ្គល​ដែល​បាត់បង់​ស្មារតី​ដោយសារ​ខ្យល់គ​នេះ គ្រូពេទ្យ​ស្វែងរក​មូលហេតុ​នៃការ​បាត់បង់​ស្មារតី ឬក៏​ហៅដាស់​បុគ្គល​ដែល​បាត់បង់​ស្មារតី​ឱ្យដឹងខ្លួន​ឡើងវិញ។ រោគសញ្ញា​នៃអាយុ​ជីវិត ដូចជា​ដង្ហើម ជីពចរ និង​ចង្វាក់បេះដូង​ដើរធម្មតា ទាំងអស់​មិនធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិតទេ។ មួយ​សន្ទុះ​ក្រោយមក​បុគ្គល​ប្រភេទនេះ​ក៏ដឹងខ្លួន​ឡើងវិញ នេះគឺជា​ការ​បាត់បង់​ស្មារតី កម្រិត​ស្រាល។

2 . ខ្យល់គ​កម្រិត​មធ្យម ៖ ស្មារតី​ចុះខ្សោយ អ្នកជម្ងឺ​ដែល​សន្លប់​អាចដឹង​ខ្លួន​ឡើងវិញ​ដោយ​ការធ្វើ​រំញោច​ឱ្យឈឺ (ប៉ុន្ដែ​មិនត្រូវ​ធ្វើឱ្យ​ហួសហេតុ​រហូត​ដល់មាន​របួស​ស្នាម​នោះទេ)។ ចំណែកឯ​រោគសញ្ញា​នៃអាយុ​ជីវិត​គឺអាច​មានការ​ប្រែប្រួល​ខ្លះដែរ ដូចជា ដង្ហើម​ដើរ​ញាប់ ប៉ុន្ដែ​សម្ពាធឈាម​បេះដូង​ឬក៏​ជីពចរ​មិន​ប្រែប្រួល​នោះទេ។ បើសិនជា​បុគ្គល​ដែល​បាត់បង់​ស្មារតី​មាន​សភាព​បែបនេះ ត្រូវតែ​បញ្ជូន​ទៅមន្ទីរពេទ្យ​ដើម្បី​ការពារ​កុំឱ្យ​មាន​ប្រកាច់​និង​អាការ​ផ្សេងៗទៀត។ នេះជា​កម្រិត​ដែលត្រូវ​យកចិត្ដ​ទុកដាក់។

3 . ខ្យល់គ​កម្រិត​ធ្ងន់ ៖ ចំពោះ​បុគ្គល​ដែល​កើតមាន​ខ្យល់គ​កម្រិត​ធ្ងន់ ហើយ​បានដួល​សន្លប់​បាត់បង់​ស្មារតី ទោះបីជា​ធ្វើអ្វី​ក៏មិនដឹង​ខ្លួន​វិញដែរ។ រោគ​សញ្ញា​នៃអាយុ​ជីវិត​មាន​សភាព​ធ្ងន់ធ្ងរ ដូចជា​គាំងបេះដូង​ឬបាត់​ដង្ហើម អ្នកជម្ងឺ​ប្រភេទនេះ​ត្រូវ​ធ្វើការ​សង្គ្រោះ​បឋម។ ដូចនេះត្រូវតែ​នាំអ្នក​ជម្ងឺ​ទៅមន្ទីរពេទ្យ​ជាបន្ទាន់ ឬក៏​ទូរស័ព្ទ​ហៅឡាន​ពេទ្យ ចៀសវាង​កើតមាន​ដំណាក់​កាល​ធ្ងន់ធ្ងរ​ជាងនេះ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ខ្យល់គ

មូលហេតុ​ដែល​បណ្ដាល​ឱ្យខ្យល់គ​ធំៗ​មាន​ដូចជា ៖

  • ជម្ងឺ​ផ្លូវចិត្ដ
  • អារម្មណ៍​ឆាប់​ភ័យខ្លាច ជាពិសេស​ករណី​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​ផ្លូវចិត្ដ ដោយ​មានការ​ភ័យខ្លាច​ខ្លាំងពេក​នៅពេល​ដែល​ជួបជាមួយ​នឹង​ហេតុការណ៍​ដែល​មិនដែល​ជួប​ប្រទះ ដែល​ធ្វើឱ្យ​រន្ធត់ខ្លាំង។
  • ព្រមទាំង​ជម្ងឺ​ដទៃទៀត ជម្ងឺ​សរសៃ​ឈាម​បេះដូង ជម្ងឺ​ពកក គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ឬ​ជម្ងឺ​ទឹកនោម​ផ្អែម​ជាដើម នេះជា​ករណី​ធ្ងន់ធ្ងរ​ដែលអ្នក​ជម្ងឺ​មិនអាច​ដឹងខ្លួន​មកវិញ​ដោយឯងៗ​នោះទេ។

រោគសញ្ញា​ខ្យល់គ

នៅពេល​ភ្លាមៗ​អ្នកជម្ងឺ​មិនទាន់​បាត់​ស្មារតី អ្នកជម្ងឺ​អាចមាន​អារម្មណ៍​ថាត្រជាក់​ចុងដៃចុងជើង។ បន្ទាប់​មកទៀត​គឺ​សង្កេតឃើញ​ពណ៌​សម្បុរ​ប្រែប្រួល ដូចជា​ស្លេកស្លាំង ឡើង​ប្រផេះ បបូរមាត់​ស្លេកឡើង​ពណ៌ស្វាយ និង​បែកញើស​ខ្លាំង។ អ្នកជម្ងឺ​មាន​អារម្មណ៍ ភ័យខ្លាច មិនស្រួល​នៅក្នុង​ខ្លួន ចង់ក្អួត​ចង្អោរ​ជាដើម មាន​អ្នកជម្ងឺ​ខ្លះមាន​អាការ​វិលមុខ ងងឹតមុខ​ជាដើម។ ក្នុង​លក្ខណៈ​កម្រិត​ស្រាល អ្នកជម្ងឺ​អាចដឹង​ខ្លួន​មកវិញ តែ​នៅក្នុង​កម្រិត​ធ្ងន់ អ្នកជម្ងឺ​មិនអាច​ដឹងខ្លួន​មកវិញ​ដោយ​ឯងៗ​នោះ។ ទោះបីជា​ខំរកវិធី​ជួយ​សង្គ្រោះ យ៉ាងណា​ក៏ដោយ ករណី​បែបនេះត្រូវតែ​នាំអ្នក​ជម្ងឺ​ទៅមន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើការ​សង្គ្រោះ​ចង្វាក់​បេះដូង និង​ផ្លូវដង្ហើម​របស់ អ្នកជម្ងឺ។

វិធី​ជួយ​សង្គ្រោះ​បុគ្គល​ខ្យល់គ

វិធី​ជួយ​សង្គ្រោះ​បុគ្គល​ខ្យល់គ​គឺជួយ​ទៅតាម​សភាព​របស់​អ្នកជម្ងឺ។

  • ត្រូវជួយ​ទៅលើ​ផ្លូវដង្ហើម និង​បេះដូង គឺត្រូវ​ផ្លុំដង្ហើម​បុគ្គល​ដែលកើត​ខ្យល់គ និងត្រូវ​ស្ទាបជីពចរ ឬក៏​ធ្វើការ​ម៉ាស្សា និង​ប្រើ​ប្រេងខ្យល់​ជំនួយ។ បើ​អ្នកជម្ងឺ​មាន​សភាព​កាន់តែ​ខ្លាំង ត្រូវនាំទៅ​មន្ទីរពេទ្យ ដើម្បី​ឱ្យគ្រូពេទ្យ​ជួយ​សង្គ្រោះ និងរក​មូលហេតុ​របស់​ជម្ងឺ។
  • បើសិន​ជាអ្នក​ជម្ងឺ​កើតមាន​ខ្យល់គ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ ដូចជា​មន្ទីរពេទ្យ​ធ្មេញ​ឬនៅកន្លែង​បូមឈាម គឺ​ត្រូវតែ​បញ្ឈប់​សកម្មភាព​ទាំងនេះ​សិន ហើយ​ត្រូវ​ព្យាយាម​និយាយ​កុំឱ្យ​អ្នកជម្ងឺ​ភ័យខ្លាច ហើយ​ត្រូវ​សម្រួល​ឥរិយាបថ​ឡើងវិញ។
  • ចំពោះ​ប្រជាជន​ខាងក្រៅ ដូចជា​នៅ​ទីផ្សារ កន្លែង​ប្រជុំជន កន្លែង​ក្ដៅខ្លាំង ឬ​បរិស្ថាន​អាប់អួ កាលណា​បើអ្នក​ជម្ងឺ​ខ្យល់គ​ត្រូវនាំ​អ្នកជម្ងឺ​មកកន្លែង​ដែលមាន​បរិយាកាស​ល្អ ហើយ​ត្រូវធ្វើចលនា​ទ្រូង ម៉ាស្សា​បន្ដិច​បន្ដួច យក​ប្រេងខ្យល់ ឬ​ប្រេងក្រឡា​ឱ្យអ្នក​ជម្ងឺ​ហិត ដើម្បី​ឱ្យដង្ហើម​ដើរ​បានស្រួល។ មិនត្រូវ​នាំគ្នា​រោមមើល​នោះទេ ព្រោះអាច​ធ្វើឱ្យ​បរិយាកាស​អាប់អួ​កាន់តែ​ខ្លាំង។
  • នៅក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​នាំមក​ជួប​គ្រូពេទ្យ។ នៅពេល​នោះ​គ្រូពេទ្យ​បានពិនិត្យ​ទៅលើ​សរីរាង្គ​មួយចំនួន ដូចជា​ពិនិត្យ​មើល​ប្រស្រីភ្នែក ពិនិត្យ​សម្ពាធ​ឈាម ជីពចរ និង​ស្វែងរក​ជម្ងឺ​ផ្សេងៗ​ដែល​បណ្ដាល​ឱ្យកើត​មាន​ខ្យល់គ។ បើសិនជា​លោកអ្នក​ចេះអនុវត្ដ​គួរតែ​ធ្វើការ​សង្កត់​បេះដូង និង​ផ្លុំខ្យល់​ចូលសួត រង់ចាំ​ឡានពេទ្យ​មក​ដឹកអ្នក​ជម្ងឺ​ទៅមន្ទីរពេទ្យ។

វិធី​ការពារ​អ្នកជម្ងឺ​ខ្យល់គ

ខ្យល់គ​អាច​ការពារ​បាន​ចំពោះ​អ្នកជម្ងឺ​មួយចំនួន​ដូចជា ៖

  • ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ការ​ប្រើថ្នាំ​ទឹកនោម​ផ្អែម​ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​មាន​ស៊ាំគុប ដោយសារ​ការចុះ​ជាតិស្ករ លោកអ្នក​គួរ​ទទួលទាន​អាហារ​ពេលព្រឹក និង​ធ្វើឱ្យ​មាន​លំនឹង​ស្ករក្នុង​ឈាម។
  • លោកអ្នក​នាងកញ្ញា​ដែល​តែងតែ​ឧស្សាហ៍​ងងឹតមុខ​ឬក៏​ខ្យល់គ គួរតែ​កុំធ្វើ​ដំណើរ​ទៅកន្លែង​ដែលមាន​បរិយាកាស​អាប់អួ គ្មានខ្យល់​បរិសុទ្ធ ព្រោះ​ងាយនឹង​កើតមាន​បញ្ហា​ខ្យល់គ។ ជាពិសេស​ចំពោះ​លោកអ្នក​មួយចំនួន​ដែល​ងងឹតមុខ​នៅពេល​ឃើញ​ឈាម ឬ​សកម្មភាព​រន្ធត់គួរឱ្យ​ខ្លាច ត្រូវតែ​ចៀសវាង​កុំទៅ​កន្លែង​នោះ។
  • ពាក់ព័ន្ធ​នឹង​ជម្ងឺ​ផ្លូវចិត្ដ និង​រូបរាងកាយ គួរតែ​កុំឱ្យ​កើតមាន​រឿងភ័យ​រន្ធត់​ឬឈឺចាប់​ចំពោះ​បុគ្គល​ប្រភេទ​នេះ។
  • បើសិនជា​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​សរសៃ​ឈាម​បេះដូង ក្រពេញ​ទីរ៉ូអ៊ីត និង​សរសៃ​ឈាម​ខួរក្បាល ត្រូវតែ​ធ្វើការ​ព្យាបាល​អ្នកជម្ងឺ​ឱ្យបាន​ទាន់ពេល​វេលា ទើបអាច​ចៀសផុត​ពីភាព​សន្លប់​ឬខ្យល់គ​នេះបាន។

ដំបូន្មាន​អ្នក​ជំនាញ

ចំពោះ​អ្នក​ដែលមាន​អារម្មណ៍​ថាមិនសូវ​ល្អ ហើយ​ប្រព័ន្ធ​ផ្លូវចិត្ដ និង​ផ្លូវកាយ​ចុះ​ខ្សោយ ត្រូវតែ​មានការ​ប្រយ័ត្ន។ សម្រាប់​ប្រជាជន​ខ្មែរយើង កាលណា​ដែល​ឃើញ​បុគ្គល​ណាម្នាក់​ដួល​បាត់បង់​ស្មារតី គួរតែ​មានអ្នក​ណាម្នាក់​ជួយ​សង្គ្រោះ មិនត្រូវ​ទៅរោម​មើល​ច្រើនគ្នា​នោះទេ ព្រោះ​អាចធ្វើ​ឱ្យ​បរិយាកាស​អាប់អួ ជាហេតុ​ធ្វើឱ្យ​អ្នកជម្ងឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ។ បើសិន​ជាសភាព​ដែល​សន្លប់ នៅតែ​មិនបាន​ដឹងខ្លួន​ទៀតនោះ គួរតែ​នាំអ្នក​ជម្ងឺ​ទៅមន្ទីរពេទ្យ។ បើសិនជា​លោកអ្នក​មាន​លទ្ធភាព នៅពេល​ដែលអ្នក​ជម្ងឺ​ដឹងខ្លួន​វិញ ហើយ គួរតែ​សួរនាំ និង​ហៅញាតិមិត្ដ​បងប្អូន​របស់​អ្នកជម្ងឺ​ឱ្យមក​ទទួលយក​អ្នកជម្ងឺ​ត្រឡប់​ទៅផ្ទះ​វិញ មិនត្រូវ​បណ្ដោយ​ឱ្យអ្នក​ជម្ងឺ​ធ្វើដំណើរ​ទៅផ្ទះ​តែម្នាក់​ឯង​នោះទេ។

ចំពោះ​លោកអ្នក​ដែលមាន​ការ​ភ័យខ្លាច មុន​ធ្វើការ​ព្យាបាល​ជម្ងឺ​ឬអ្វីមួយ​(ដូចជា​ដកធ្មេញ ឬ​បូមឈាម) គ្រូពេទ្យ​ត្រូវតែ​ពន្យល់​អ្នកជម្ងឺ​នូវ​ការងារ​ដែល​អនុវត្ដ​ទៅលើ​អ្នកជម្ងឺ​ឬក៏​ថ្នាំ​បំបាត់​ភ័យខ្លាច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative