រយៈពេល​​​នៃការ​​​បំបៅដោះ និង​​​ការផ្ដាច់ដោះ​​​ទារក

ជាការពិតណាស់​ការបំបៅដោះកូន​ដោយទឹកដោះម្ដាយ​បានផ្ដល់នូវផលប្រយោជន៍​ជាច្រើនសម្រាប់ទារក និងម្ដាយ។ យ៉ាងណាមិញ​ការផ្ដាច់ដោះទារក​ក៏មិនអាចចៀសផុតបានដែរ។ ការផ្លាស់ប្ដូរ​ឱ្យទារកដែលកំពុងបៅទឹកដោះម្ដាយ​ឱ្យមកបៅទឹកដោះ គោម្សៅវិញ​នោះ វាមិនមែន​ជារឿងងាយនោះទេ ហើយក៏មិនមែនចេះតែផ្ដាច់​ទៅតាមការនឹកឃើញដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយ​លោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារ​នៃមន្ទីរពេទ្យកុមារជាតិ ដើម្បី ប្រាប់អំពី​រយៈពេលនៃការបំបៅដោះ និងការផ្ដាច់ដោះទារក។

រយៈពេលនៃការ​បំបៅដោះ

រយៈពេលនៃការបំបៅដោះ​អាស្រ័យទៅលើសមត្ថភាព និងភាពទំនេររបស់ម្ដាយ។ ប៉ុន្ដែត្រូវចងចាំថា ការបំបៅដោះកូន ដោយទឹកដោះម្ដាយ​គឺមានសារៈប្រយោជន៍បំផុត​សម្រាប់ទារក ទោះបីជាការបំបៅ​ដោយទឹកដោះម្ដាយ​នេះមានរយៈពេលខ្លីក៏ដោយ។ ការបំបៅដោះតែមួយមុខសុទ្ធ​គឺគ្រប់គ្រាន់សម្រាប់​រយៈពេល៦ខែដំបូង។ បន្ទាប់ពី៦ខែ មាតាឬបិតា​គ្រប់រូបអាចបញ្ចូលបន្ថែមនូវ អាហារផ្សេងៗដោយរក្សាទុក​ការបំបៅដោះតែ២ឬ៣ដង​ប៉ុណ្ណោះក្នុង១ថ្ងៃ។ ប៉ុន្ដែនឹងគ្មាន​ផលប៉ះពាល់អ្វីឡើយ ប្រសិនបើម្ដាយមាន បំណងក្នុងការបន្ដការបំបៅដោះ​ឱ្យបានយូរជាងនេះ។

វិធីផ្ដាច់​ដោះទារក

ការផ្ដាច់ដោះ​គឺជាអំឡុងពេលមួយដែល​មានលក្ខណៈធម្មជាតិ និងមិនអាចចៀសវាងបាន​ក្នុងពេលលូតលាស់របស់កុមារ។ ការផ្ដាច់ដោះ​អាចមានន័យថា​ជាការបញ្ឈប់ភ្លាមៗ និងជារៀងរហូត​នៃការបំបៅដោះ ប៉ុន្ដែក៏ជាការចាប់ផ្ដើម​នៃការបញ្ចូលបន្ថែម សន្សឹមៗនូវអាហារ​ផ្សេងៗទៀត(ក្នុងនោះមានអាហារ​ធ្វើពីទឹកដោះគោ​សម្រាប់ទារក)ទៅក្នុងរបបចំណីអាហារ​របស់ទារក។ ដូច្នេះ ការបញ្ចូលអាហារ​ផ្សេងៗក្រៅពីទឹកដោះម្ដាយ​គឺជាការចាប់ផ្ដើម​ការផ្ដាច់ដោះ​រួចទៅហើយ។ ការផ្ដាច់ដោះ​មានពីរប្រភេទដូចតទៅ ៖

១ – ការផ្ដាច់ដោះដោយការរៀបចំ​ទុកជាមុន ៖ ក្នុងនោះម្ដាយ​បានសម្រេចចិត្ដថា​ត្រូវផ្ដាច់ដោះកូនដោយសារមូលហេតុ ផ្សេងៗ។ ម្ដាយត្រូវជួបពិគ្រោះ​ជាមួយគ្រូពេទ្យ​ដើម្បីបានជាដំបូន្មាន និងរៀបចំគម្រោងផ្ដាច់ដោះ។ ការផ្ដាច់ដោះ​ត្រូវធ្វើឡើងដោយ សន្សឹមៗ និងត្រូវចេះសម្របសម្រួល។ ថេរៈវេលាដែលសមរម្យបំផុត​គឺត្រូវប្រើពេលពី១ទៅ២សប្ដាហ៍ ដោយត្រូវជំនួសដោះម្ដាយ ដោយកំប៉ុងទឹកដោះគោម្សៅ​ម្ដងរាល់២ឬ៣ថ្ងៃ។ ក្នុងការអនុវត្ដន៍​វិធីខាងលើនេះ មិនងាយស្រួលដូចការ​និយាយទេ ព្រោះថា ជួនកាលម្ដាយ​មានការលំបាកដោយសារ​ការឡើងដោះធំ និងឈឺ ជួនកាលទារកដែលធ្លាប់បៅដោះ​មិនព្រមបៅកំប៉ុងទឹកដោះគោ។ ដូច្នេះគេ អាចឱ្យដំបូន្មាន​ឱ្យធ្វើការផ្ដាច់ដោះ​តាមបែបទី២។

២ – ការផ្ដាច់ដោះរហ័ស ៖ ក្នុងនោះតម្រូវឱ្យមានការផ្ដាច់ចេញ​ពីគ្នាដោយមិនព្រាងទុក និងក្នុងរយៈពេលយូរ​ប្រៀបដូច ករណីម្ដាយមាន​ជម្ងឺធ្ងន់ធ្ងរណាមួយ។

ការផ្ដាច់ដោះរបៀបនេះ​អាចបង្កើតឱ្យមានផលរំខាន​ខ្លះៗចំពោះម្ដាយ ជាពិសេសបើការផ្ដាច់ដោះ​ធ្វើឡើងក្នុងខែដំបូងៗ នៃការបំបៅដោះ។ ម្ដាយអាចប្រើ​ថ្នាំប៉ារ៉ាសេតាម៉ុល ដើម្បីបន្ថយការឈឺចាប់​ដោយសារការឡើងដោះ ត្រូវច្របាច់ទឹកដោះចេញ ឱ្យល្មមតែបាត់ឈឺបានហើយ មិនបាច់ច្របាច់ចេញឱ្យអស់នោះទេ។ ការប្រើថ្នាំកុំឱ្យចេញទឹកដោះ​ជាការមិនចាំបាច់ឡើយ។ ចំពោះទារក ដែលត្រូវផ្ដាច់ដោះភ្លាមៗបែបនេះ​អាចនឹងមិនបៅកំប៉ុងទឹកដោះគោ​អាហារដែលផ្ដល់ដោយម្ដាយឡើយ។ ដូច្នេះលោកអ្នកអាចបញ្ចុក ដោយស្លាបព្រា ដោយមនុស្សផ្សេងមួយរូប​ដែលចេះមើលថែកុមារ ហើយមានការអត់ធ្មត់ល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើត្រូវជ្រើសរើស​ទឹកដោះគោប្រភេទណា​សម្រាប់ប្រើបន្ដពីការ​ផ្ដាច់ដោះ?

ប្រសិនបើការបំបៅដោះ​ត្រូវបានជ្រើសរើសដោយម្ដាយ ប្រការដែលល្អបំផុត​គឺត្រូវបំបៅដោះបន្ដ​រហូតដល់៦ខែ។

១ – ករណីត្រូវផ្ដាច់ដោះ​មុន៦ខែ

– បើគ្មានប្រវត្ដិប្រតិកម្មអាលែហ្ស៊ីទេ ត្រូវជ្រើសរើសទឹកដោះគោម្សៅ​ដែលធ្វើពីទឹកដោះគោ និងគួរយករូបមន្ដដែលមាន ផ្ទុកជាតិសាច់តិច។

– បើទារកក្នុងគ្រួសារដែលមាន​ប្រវត្ដិអាលែហ្ស៊ី(ឪពុក ម្ដាយ ឬបងប្អូនណាម្នាក់​មានអាលែហ្ស៊ី) ត្រូវជ្រើសរើសទឹកដោះ គោម្សៅ​ដែលមានរូបមន្ដ​អាលែហ្ស៊ីតិច។

២ – ករណីត្រូវផ្ដាច់ដោះ​ក្រោយអាយុ៦ខែ

– ទោះជាទារកមានឬគ្មានប្រវត្ដិ​អាលែហ្ស៊ីក៏ដោយ ចូរជ្រើសរើសយករូបមន្ដ​ដែលមានសាច់តិច។

– ចំពោះរូបមន្ដអាលែហ្ស៊ីតិច មិនចាំបាច់ឡើយ​សម្រាប់ទារកអាយុនេះ។

ដំបូន្មាន​អ្នកជំនាញ

ចំពោះមាតាគ្រប់រូបដែលចង់​ធ្វើការផ្ដាច់ដោះកូន គួរតែទៅពិភាក្សាជាមួយ​គ្រូពេទ្យជាមុនសិន និងត្រូវជ្រើសរើសយក ទឹកដោះគោម្សៅ​ទៅតាមការណែនាំ​របស់គ្រូពេទ្យជំនាញ។ ជាពិសេសត្រូវប្រើស្លាបព្រាវាល់​ដែលគេដាក់មកជាមួយម្សៅទឹកដោះគោ មិនត្រូវយករបស់អ្វីផ្សេងៗមកវាល់​ក្រៅពីស្លាបព្រាម្សៅទឹកដោះគោនោះទេ។ ត្រូវគោរពក្បួនច្បាប់អនាម័យ​ក្នុងការរៀបចំលាយ ម្សៅទឹកដោះគោ​ឱ្យបានត្រឹមត្រូវ។ ត្រូវគោរពពេលវេលា​នៅក្នុងការរក្សាទឹកដោះគោ។ ជាពិសេសមិនត្រូវទុកឱ្យទារកដេក​បៅទឹកគោ តែឯងនោះទេ ព្រោះអាចធ្វើឱ្យកូនឈ្លក់ កូនថប់ដង្ហើម មាតាបិតាមិនដឹងអាចបង្ក​ឱ្យមានគ្រោះថ្នាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative