ខ្ញុំ​ចុកទ្រូង

ចុកទ្រូង​គឺជា​រោគសញ្ញា​នៃជម្ងឺ​មួយ​ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​សរសៃ​ឈាម​បេះដូង។ មូលហេតុ​ជាច្រើន​ដែល​បង្កឱ្យ​មានការ​ឈឺ​ចុកចាប់​ទ្រូង​ដែល​បណ្ដាល​មកពី​ការស្ទះ​សរសៃសឈាម​បេះដូង បង្កឡើង​ដោយការ​លើសជាតិ​ខ្លាញ់ បណ្ដាល​មកពី​កើតមាន​ជម្ងឺទឹកនោម​ផ្អែម ជម្ងឺ​លើសឈាម​ជាដើម។ ចុកទ្រូង​បាន​បង្កឱ្យ​មានផល​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អាយុជីវិត​របស់​អ្នកជម្ងឺ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ឈី ប្រកប អនុ​ប្រធាន​ផ្នែកជម្ងឺ​ទូទៅ​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ បកស្រាយ​អំពី​មូលហេតុ​ចុកទ្រូង ដើម្បី​ឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប​ឱ្យ​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

ចុក​ទ្រូង

ចុកទ្រូង​គឺជាការ​ឈឺចាប់​នៅនឹង​កណ្ដាល​ដើមទ្រូង​ខាងក្រោយ​ឆ្អឹង​សន្ទះ​ទ្រូង ហើយ​ការ​ឈឺចាប់​នេះអាច​រាលដាល​ទៅកន្លែង​ផ្សេងៗ​ទៀត ដូចជា​ស្មា ក ថ្គាម និងដៃ​ជាដើម ដែលមាន​រយៈពេល​មិនលើស​ពី១០នាទី។ ចំពោះ​ការ​ឈឺចាប់​នេះ​បណ្ដាល​មកពី លោកអ្នក​ធ្វើចលនា ធ្វើ​ការងារ​ធ្ងន់ៗ ឬមួយ​ក៏មាន​ការ​ភ័យខ្លាច ឬក៏​រំភើប​ខ្លាំងពេក​ជាដើម។ ប៉ុន្ដែ​ការ​ឈឺចុកចាប់​នេះនឹង​បាត់ទៅ​វិញ នៅពេល​ដែល​លោកអ្នក​សម្រាក​នៅស្ងៀម​មួយ​កន្លែង ឈប់​ធ្វើការងារ ឬក៏​ទទួលទាន​ថ្នាំ​ពង្រីក​សរសៃឈាម​ជាដើម។

មូលហេតុ​ដែល​បណ្ដាល​ឱ្យចុក​ទ្រូង

មូលហេតុ​ចម្បង​ដែល​ធំជាងគេ​គឺបណ្ដាល​មកពី​ការ​ជ្រាបចូល​នៃជាតិ​ខ្លាញ់​នៅក្នុង​ស្រទាប់សរសៃឈាម​បេះដូង ដែលជា​ហេតុធ្វើ​ឱ្យ​សរសៃឈាម​បេះដូង​រួមមាឌ​តូច ជាហេតុ​ធ្វើឱ្យ​បេះដូង​មិនអាច​ទទួល​ឈាម​បាន​គ្រប់គ្រាន់ ហើយ​បង្កឱ្យ​កើតមាន​ការ​ឈឺចុកចាប់​ទ្រូង​តែម្ដង។ ចំពោះ​កត្ដា​មួយចំនួន​ដែល​ជំរុញ​ឱ្យ​លោកអ្នក​មានជម្ងឺ​ចុកទ្រូង​នោះគឺ អ្នក​ដែល​កើតមាន​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើសឈាម ឬ​ក៏អាច​បណ្ដាល​មកពី​អ្នកដែល​ធាត់លើស​ទម្ងន់ តំណ​ពូជ កត្ដាដែល​មានអាយុ​ច្រើន មនុស្ស​ប្រុស​ចាប់ពី​៦៥ មនុស្ស​ស្រី​ចាប់ពី​៥៥​ឡើងទៅ ទាំងនេះ​ក៏ជា​ហេតុ​ធ្វើឱ្យ​លោកអ្នក​ចុកទ្រូង​ដែរ។ លោកអ្នក​មួយចំនួន​ដែល​មិនសូវ​ធ្វើ​ពលកម្ម​ឬក៏​ធ្វើ​លំហាត់ប្រាណ ពិសា បារី និង​ទទួលទាន​ស្រា ក៏ជា​ចំណុច​មួយ​ដែលអាច​ធ្វើឱ្យ​លោកអ្នក​ងាយនឹង​កើត​បញ្ហា​ចុកទ្រូង​នេះ​ផងដែរ។

រោគសញ្ញា​ចុកទ្រូង

រោគសញ្ញា​នៃការ​ចុកទ្រូង​ដែល​លោកអ្នក​គួរតែ​ចាប់អារម្មណ៍​គឺការ​ឈឺចាប់​នៅនឹង​កណ្ដាល​ដើមទ្រូង ណែនទ្រូង ថប់ ដង្ហើម ធ្ងន់ៗ​នៅនឹង​ដើមទ្រូង ជួនកាល​អាច​ឈឺក្ដៅ​ក្រហាយ អាច​ច្រឡំ​ជាមួយ​ជម្ងឺ​ក្រពះ។ ការ​ឈឺចាប់​នេះអាច​មានការ​រាលដាល​ទៅកន្លែង​ផ្សេងទៀត ដូចជា​ឆ្អឹង​ថ្គាម ដៃ ម្រាមដៃ ស្មា ក ឬខ្នង នេះជា​ការ​រាលដាល​នៃការ​ឈឺចាប់។ រយៈពេល​ឈឺចាប់ មាន​រយៈពេល​ខ្លី​គឺមិន​លើសពី​១០នាទី​ក៏បាត់ទៅ​វិញ​ដោយ​ឯងៗ។ ចំពោះ​ការ​ឈឺចាប់នេះគឺ​ឈឺចាប់​នៅពេល​ដែល​លោកអ្នក​ធ្វើការងារ​ធ្ងន់ៗ​ឬក៏​ឡើង​ជណ្ដើរ ពេលរត់ ពេលដើរ​ទៅកន្លែង​ឆ្ងាយៗ ហើយ​នៅពេល​ដែល​លោកអ្នក​ឈប់​សម្រាក ការ​ឈឺចាប់​ក៏រសាយ​បាត់ ទៅវិញ​ម្ដងបន្ដិចៗ។

ការធ្វើ​វិនិច្ឆ័យ​រោគ

បើសិនជា​ជម្ងឺ​ស្ដែងឡើង​នូវការ​ឈឺចាប់​ច្បាស់លាស់ ដូចជា​មានការ​ឈឺចាប់​នៅកណ្ដាល​ដើមទ្រូង ហើយ​ជាការ​ឈឺចាប់​មួយ ដែលបង្ក​ឡើង​នៅពេល​ធ្វើ​ចលនា ឬក៏​ធ្វើ​ការងារ វានឹង​បាត់ទៅ​វិញ​នៅពេល​ដែល​លោកអ្នក​សម្រាកស្ងៀម​នៅមួយ​កន្លែង ឬក៏​ទទួលទាន​ថ្នាំពង្រីក​សរសៃឈាម​បេះដូង។ ជាទូទៅ​ការធ្វើ​រោគវិនិច្ឆ័យ​មិនមាន​អ្វីជា​ធំដុំ​នោះទេ បើសិន​ជាលោកអ្នក​មាន​រោគសញ្ញា ដូច​ដែលបាន​រៀបរាប់​ខាងលើ​នេះ។ ប៉ុន្ដែ​នៅក្នុង​ករណី​ខ្លះរោគ​សញ្ញា​អាចមិន​ច្បាស់លាស់ ដោយ​មានការ​ច្រឡំ​ជាមួយ​នឹងរោគ​ក្រពះ អាច​ច្រឡំ​ជាមួយ​ជម្ងឺថ្លើម ជម្ងឺស្ដ្រេស​ដោយមាន​ការ​ពិបាកចិត្ដ​ហើយ​បង្កឱ្យ​កើតមាន​ថប់ដង្ហើម។ ដូចនេះ​ទាមទារ​ការ​ពិនិត្យ​ច្បាស់​លាស់ ដើម្បី​ជ្រើសរើស​នូវការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវមក​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​វាស់ចង្វាក់​បេះដូង ពិនិត្យ​មើល​អេកូ​បេះដូង តាមដាន​ចង្វាក់​បេះដូង​នៅពេល​អ្នកជម្ងឺ​ធ្វើចលនា​ជាដើម។

ផល​ប៉ះពាល់​នៃជម្ងឺ​ចុកទ្រូង

ជម្ងឺ​ចុកទ្រូង​នេះអាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​អាយុជីវិត​របស់​អ្នកជម្ងឺ។ បើសិនជា​ការ​ឈឺចាប់​នេះ នៅតែ​មិនបាន​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ថ្ងៃណា​មួយ​ដុំខ្លាញ់​វាកាន់​តែរីក​ធំទៅៗ អាចធ្វើ​ឱ្យរហែក និង​បាក់ដុំ​ខ្លាញ់ ហើយ​បណ្ដាល​ឱ្យមាន​កកឈាម​នៅក្នុង​សរសៃឈាម​បេះដូង។ នេះជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែលអាច​ធ្វើឱ្យ​ស្ទះសរសៃ​ឈាម​បេះដូង និង​អាចធ្វើ​ឱ្យអ្នកជម្ងឺ​បាត់បង់​ជីវិត។ លោកអ្នក​ត្រូវតែ​គិតដល់​ស្ថានភាព​នេះ ប្រសិន​បើការ​ឈឺចាប់​មានសភាព​ញឹកញាប់​ជាងមុន ឬការ​ឈឺចាប់​មាន​សភាព​ធ្ងន់ធ្ងរ និងមាន​រយៈពេល​យូរ​ជាងមុន​លើសពី​២០ទៅ​៣០នាទី ឬ​ក៏ការ​ឈឺចាប់​នេះមិន​ធូរស្រាល ឬគ្មាន​ប្រសិទ្ធភាព​ដោយសារ ប្រើថ្នាំ​ដែល​លោកអ្នក​ធ្លាប់ប្រើ​កន្លង​មក។ ដូចនេះ​លោកអ្នកគួ​រតែ​អញ្ជើញ​ទៅមន្ទីរពេទ្យ​ជាបន្ទាន់ បើមិន​ដូច្នេះទេ​អាចធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​ជីវិត​គ្រប់ពេល​វេលា​ទាំងអស់។

វិធី​ព្យាបាល​ជម្ងឺ​ចុកទ្រូង

បើសិនជា​លោកអ្នក​មានជម្ងឺ​ចុកទ្រូង លោកអ្នក​គួរតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ការ​ព្យាបាល​ភាគច្រើន​គឺ​គ្រូពេទ្យ តែងតែ​ឱ្យអ្នក​ជម្ងឺ​ទទួលទាន​ថ្នាំ ហើយ​ករណីខ្លះ​ត្រូវ​ព្យាបាល​ដោយ​ការ​ពង្រីក​សរសៃ​ឈាម ដើម្បី​បើកផ្លូវ​ឱ្យឈាម​ហូរ​ទៅចិញ្ចឹម​បេះដូង​បាន។ ចំពោះ​លោកអ្នក​មួយចំនួន​ដែលមាន​ការ​ឈឺចុកចាប់​នៅនឹង​ដើមទ្រូង មុននឹង​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំ លោកអ្នក គួរតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុនសិន ដើម្បី​ដឹងថា​តើ​លោកអ្នក​ត្រូវប្រើ​ថ្នាំអ្វី​ឱ្យសម​នឹងសភាព​នៃជម្ងឺ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​ចុកទ្រូង

ជម្ងឺនេះ​កើតឡើយ​ដោយមាន​មូលហេតុ​មួយ​ចំនួន។ មូលហេតុ​ទាំងនេះ​មានច្រើន​ដូចជា លោកអ្នក​មានជម្ងឺ​ទឹកនោម​ផ្អែម ឬជម្ងឺ​លើសឈាម ទាំងនេះ​គឺ​សុទ្ធតែ​ជាធាតុ​បង្ក​ដែលអាច​ឱ្យ​លោកអ្នក​កើតមាន​នូវ​អាការ​ចុកទ្រូង។ ដូចនេះ​នៅពេល​ដែល​លោកអ្នក កើតនូវ​ជម្ងឺ​ទាំងនេះ លោកអ្នក​គួរតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។ នៅពេល​ដែល​លោកអ្នក​ធាត់លើស​ទម្ងន់ លោកអ្នក​គួរតែ​ព្យាបាល​ដោយ​បញ្ចុះ​ជាតិខ្លាញ់។ លោកអ្នក​គួរតែ​ឈប់​ទទួលទាន​ស្រា និង​បារី ហើយ​ត្រូវធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​៣០នាទី​ក្នុងមួយ​ថ្ងៃ។ លោកអ្នក​គួរតែ​ទទួលទាន​សាច់ត្រី​ឱ្យបាន​ច្រើន ត្រូវ​ចៀសវាង​ការ​ទទួលទាន​សាច់​ដែលមាន​ជាតិខ្លាញ់ ដូចជា​សាច់មាន់ សាច់គោ សាច់ជ្រូក​ជាដើម។ លោកអ្នក​ត្រូវ​ទទួលទាន​អាហារ​ណា​ដែលអាច​ជួយ​ការពារ សុខភាព​របស់​លោកអ្នក ដូចជា​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ទាំងនេះ​គឺជាការ​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ចុកទ្រូង​បាន។

ដំបូន្មាន​អ្នក​ជំនាញ

ចំពោះ​លោកអ្នក​ដែលមាន​អាការ​ចុកទ្រូង​ដូចដែល​បាន​រៀបរាប់​ខាងលើ លោកអ្នក​ត្រូវតែមក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មានបញ្ហា​នេះ។ អ្វីដែល​ល្អ​បំផុត​នោះ លោកអ្នក​គួរតែ​ចៀសវាង​នូវការ​ទទួលទាន​អាហារ​ដែលមាន​សារជាតិ​ខ្លាញ់​ច្រើន ប័រ​ច្រើន ដោយ​ត្រូវ​ប្ដូរមក​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ជាពិសេស​ត្រូវតែ​អនុវត្ដ តាម​វិធី​ខាងលើ​ទើបជា​ការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative