ជប៉ុន​ផ្ដល់​ជំនួយ​ឥតសំណង​លើ​កម្មវិធី​សេវា​សុខភាព​មាតា និង​ទារក​ក្នុង​ខេត្ដកំពង់ធំ

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​កាលពី​ព្រឹកថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០១០ បានបើក​ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ឥតសំណង​ជាទឹកប្រាក់​ប្រមាណ​៨៥.៨០៧​ដុល្លារ​អាមេរិក​ទៅដល់​អង្គការ​មូលនិធិ​ភីអេចស៍​របស់​ជប៉ុន​ប្រចាំ​នៅកម្ពុជា សម្រាប់​គម្រោង​លើក​កម្ពស់ សេវា​សុខភាព​មាតា និង​ទារក​នៅក្នុង​ខេត្ដកំពង់ធំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ម៉ាសាហ្វ៊ូមី គូរ៉ូគី ឯកអគ្គ​រាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ស្ថានទូតជប៉ុន​ថា គម្រោង​សម្រាប់​លើកកម្ពស់​សេវា​សុខភាព​មាតា និង​ទារក ដែលមាន​ទឹកប្រាក់​ចំនួន​៨៥.៨០៧​ដុល្លារ​អាមេរិក​នេះ គឺផ្ដល់​ឱ្យសម្រាប់​វគ្គបណ្ដុះ​បណ្ដាល​ឆ្មប និង​បុគ្គលិក​ក្នុង​មណ្ឌល​សុខភាព​ចំនួន​៤ និង​សម្រាប់​អ្នក​ស្ម័គ្រចិត្ដ​ធ្វើការ​ផ្នែក​សុខភាព​ផងដែរ ដើម្បី​លើកកម្ពស់​ចំណេះដឹង និង​ជំនាញ​ផ្នែក​សេវា​សុខភាព​មាតា និង​ទារក​របស់​នៅក្នុង​​តំបន់​គោលដៅ​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្ដិ​បារាយ-សន្ទុក ខេត្ដ​កំពង់ធំ។ លោក​ថ្លែងថា ៖ យើង​សង្ឃឹម​ថា នៅចុង​បញ្ចប់​នៃគម្រោង​នេះ​ប្រជាជន​ជាង​៤៨.០០០នាក់ និង​ទទួលបាន​សេវា​សុខភាព​មាតា និង​ទារក​បានយ៉ាង​ល្អ​ប្រសើរ។

អង្គការ​មូនិធិ​ជប៉ុន​ភីអេចស៍​បាន​ចាប់ផ្ដើម​គម្រោង​របស់ខ្លួន​នៅឆ្នាំ​២០០៨​ដោយ​ជ្រើសរើស​យក​មណ្ឌល​សុខភាព ចំនួន​៤ដែល​ស្ថិតនៅ​ក្រោម​ការិយាល័យ​ស្រុក​ប្រតិបត្ដិ​បារាយ​សន្ទុកខេត្ដ​កំពង់ធំ ក្នុងនោះ​បានធ្វើ​ការ​គ្របដណ្ដប់ ប្រជាជន​ចំនួន​៤៧០០០នាក់

លោកស្រី ណាកា តាយូស៊ិមី ប្រធាន​អង្គការ​មូលនិធិ​ជប៉ុន​ភីអេចស៍​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍​ថា តាមរយៈ​ការ​ផ្ដល់​សេវា​សុខភាព​ដ៏​សមស្រប​មួយដល់​ស្ដ្រី​នៅក្នុង​អំឡុង​ពេលមាន​ផ្ទៃពោះ​និង​សម្រាល គឺ​ជាការ​ចូលរួម​លើកកម្ពស់​សុខភាព​មាតា និង​ទារក ដែល​នេះគឺជា​កត្ដាមួយ​ចម្បង​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ដល់​ពួកគេ​ឱ្យមាន​សុវត្ថិភាព។ លោកស្រី​ថ្លែងថា ៖ បច្ចុប្បន្ន​នេះការ​ផ្ដល់​សេវា​សុខភាព​មាតា​និង​ទារក នៅតែ​ជាបញ្ហា​លំបាក​នៅឡើយ​ទេ​សម្រាប់​អ្នក​រស់នៅ​ជនបទ​ដាច់​ស្រយាល ដែល​ត្រូវការ​ទទួលយក​សេវា​ក្នុង​ពេលវេលា​មួយដ៏​ចាំបាច់​នោះ។ ហើយ​ផល​លំបាក​ទាំងអស់​នោះ​វាបាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​កម្រិត​យល់ដឹង របស់​ប្រជាជន​នៅមាន​ការ​ទន់ខ្សោយ ការផ្ដល់​សេវា និង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅមាន​កម្រិត ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅមាន​ការ​ខ្វះខាត។ ដូច្នេះ​គោល​បំណង​របស់អង្គការ​ជប៉ុន​ភីអេចស៍​គឺជំរុញ​ឱ្យ​ប្រជាជន​នៅតំបន់​ដាច់​ស្រយាល​មានការ​យល់ដឹង​ឱ្យបាន​ច្រើន ដើម្បី​ឱ្យ​ពួកគេ​ងាកមក​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព ជាពិសេស​សេវា​ថែទាំ​សុខភាព​មាតា និង​ទារក។

លោក ស្រី ស៊ីន ប្រធាន​រដ្ឋបាល​ពេទ្យ​ខេត្ដ​កំពង់ធំ​បានមាន​ប្រសាសន៍​ឱ្យដឹង​ថា ឥឡូវនេះ​នៅក្នុង​ខេត្ដ​របស់​លោក ស្ថានភាព​មាតា​ដែលមក​ទទួល​សេវាកម្ម​នៅមណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​កាន់តែ​មានភាព​ល្អប្រសើរ​ឡើង។ លោក​ថ្លែងថា ៖ “យើង​តែងតែ​មាន​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ទៅកាន់​ស្ដ្រី​នៅតាម​សហគមន៍ ដើម្បី​ជំរុញ​ឱ្យពួកគេ​ដឹងអំពី​បញ្ហា​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ជាច្រើន​នៅពេល​សម្រាល​កូន”។ លោក​ថា ៖ “ក្នុង​១ខែ​មានមាតា​ចំនួន​៧០-៨០នាក់​បានមក​សម្រាលកូន​នៅមន្ទីរពេទ្យ​ខេត្ដ ប៉ុន្ដែ​ក្នុងនោះ​មានទារក​ត្រឹមតែ​៣-៤​ប៉ុណ្ណោះបាន​ស្លាប់​ដោយសារ​ការ​សម្រាល​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative