វិធី​កម្ចាត់​ក្លិន​នៅក្នុង​ទូអាហារ

ស្ដ្រី​គ្រប់រូប​តែងតែ​មាន​បំណង​ប្រាថ្នា​ចង់ឱ្យ​ផ្ទះ​របស់ខ្លួន​មាន​សណ្ដាប់​ធ្នាប់ មាន​របៀប​រៀបរយ និង​ប្រកប​ដោយ​ផាសុខភាព។ ដូច្នេះ​ហើយ​បានជា​ស្ដ្រី​ទាំងឡាយ​ខិតខំ​រិះរក​គ្រប់វិធី ដើមី្ប​តុបតែង​កន្លែង និង​របស់​របរ​ផ្សេងៗ ជាពិសេស​ទូដាក់​អាហារ​ធ្វើ​បែបណា​មិនឱ្យ​មាន​ក្លិន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយក​សាលា​សាពណ៌ ម៉ូឌែលលីង​អេជេនស៊ី ទទួល​យកការ​បកស្រាយ​វិធី​កម្ចាត់​ក្លិន​ក្នុង​ទូអាហារ ដើម្បី​ឱ្យ​ស្ដ្រី និង​បុរស​មេផ្ទះ​គ្រប់រូប​បាន​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

ការ​កម្ចាត់​ក្លិន​នៅក្នុង​ទូអាហារ

ការ​កម្ចាត់ក្លិន​គឺជា​ការ​ធ្វើឱ្យ​បាត់ក្លិន​អាក្រក់ ស្អុយ ឆ្អាប ផ្អួរផ្ដុស​របស់​អាហារ​ដែល​ទុក​រយៈពេល​យូរ។ ព្រោះ​កុំឱ្យ​បង្កឱ្យ​អាហារ​ថ្មី​ឆាប់មាន​ក្លិនខូច។ លោកអ្នក​ជាមេផ្ទះ​គ្រប់រូប​ត្រូវ​ខិតខំ​រិះរក​វិធី​កម្ចាត់​ក្លិន​ឱ្យមាន​ប្រសិទ្ធភាព​ល្អប្រពៃ ដោយសារ​អនាម័យ​ជាកត្ដា​ចម្បង។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ក្លិន​នៅក្នុង​ទូអាហារ

គឺ​បណ្ដាល​មកពី​ការ​រៀបចំ​ទុកដាក់​ពុំមាន​អនាម័យ​គ្រប់គ្រាន់ ខ្ជិល​ច្រអូស អូសបន្លាយ​ពេលវេលា​ក្នុងការ​ទុកដាក់​អាហារ ដែល​នៅសល់​មាន​ក្លិន និង​ខ្វះការ​សម្អាត​ថែទាំ​ផ្ទៃខាង​ក្នុងទូ​ឱ្យបាន​ស្ងួត​ជាប្រចាំ ក្នុងនោះ​គឺ​បណ្ដាល​មកពី​អាហារ​ហូបសល់​ទុកយូរ​លើសពី​១២ម៉ោង។

វិធី​កម្ចាត់ក្លិន​នៅក្នុង​ទូអាហារ

បច្ចុប្បន្ន​នេះ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​ភាពទាន់​សម័យ​ប្រកបដោយ​អនាម័យ​ខ្ពស់​មានការ​រីកលូតលាស់។ ដូច្នេះ​ស្ដ្រី​ទាំងឡាយ​គួរ​ខិតខំ​ស្វែងរក​គ្រឿង​សង្ហារិម​ក្នុងផ្ទះបាយ​ងាយស្រួល​ទុកដាក់​ម្ហូប​អាហារ ដើម្បី​ចៀសវាង​ក្លិន ត្រូវ​កម្ចាត់​ដូចជា​ត្រូវយក​ថង់ផ្លាស្ទិក រុំស្រោប ឬ​ប្រអប់ជ័រ​ដែលមាន​គម្រប​គ្របបិទ​ជិតដាក់​ក្នុងទូ​ដែល​លាង​សម្អាត​ជារៀង​រាល់ថ្ងៃ ដោយ​ទឹកសាប៊ូ​ធម្មតា​ដុស​និងប៉ុងស្នោ​ទន់ រួច​សម្អាត​ជាមួយ​ម្សៅ​សូដា​(Soda powder) បន្ទាប់​មកជូត​ជាមួយ​ក្រណាត់ស្ងួត និង​ទុក​ចំហ​រយៈពេល​មួយម៉ោង​ទៅពីរ​ម៉ោង ដើម្បី​ឱ្យក្លិន​ម្ហូប​ចេញពី​ទូបាន​រហ័ស។

ការ​ទប់ស្កាត់​មិនឱ្យ​មានក្លិន​នៅក្នុង​ទូអាហារ

ជាទូទៅ​ដើម្បី​ទប់ស្កាត់​ក្លិន​នៅក្នុង​ទូអាហារ គប្បី​ត្រូវដុស​លាងទូ​ជារៀង​រាល់ថ្ងៃ និង​ប្រើប្រាស់​ជាប្រចាំ។ ប៉ុន្ដែ​នៅពេល​ឈប់​ប្រើ សូម​បើក​ចំហ​ឱ្យខ្យល់​ចេញចូល​បាន។ ព្រោះ​ជាធម្មតា​បន្ទាប់​ពីយក​ម្ហូប​ពីទូអាហារ​អស់ ទម្លាប់តែ​បិទទ្វារ​ទូជិត​វិញ ក្លិនក៏​កើតមាន​ឡើង។ ដើម្បីកម្ចាត់​ក្លិន ចំណុច​សំខាន់គឺ​ចំហទូ​នៅពេល​ណាមិន​ប្រើប្រាស់​វា។ ប៉ុន្ដែ​ឥឡូវ​មិនសូវ​និយម​ប្រើទូអាហារ​នេះទេ ច្រើន​ប្រើទូ​ទឹកកក​វិញ ព្រោះ​អី​នៅក្នុង​ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ។ ពេលណា​ត្រូវការ​ពិសា ទើបយក​មក​កម្ដៅ។ ស៊ុប​ឬ អាហារ​ផ្សេងៗ​គ្របឱ្យ​បាន​ស្អាត ឬយក​ប្រអប់ជ័រ​មាន​គម្រប​គ្របជិត​ដាក់ក្នុង​ថង់ផ្លាស្ទិក​រក្សាក្នុង​ទូទឹកកក។ បើទុក​នៅក្នុង​ទូរយៈពេល លើសពី​១២ម៉ោង ពេល​ដែល​ដកម្ហូប​ចេញ​ត្រូវជូត​រាល់យប់។ ក្រោយពី​ហូបអាហារ​ពេល​ល្ងាច​រួច ត្រូវ​សម្អាត​ភ្លាម មិនត្រូវ​ទុក​ឆ្លងដល់ ថ្ងៃស្អែក​ទេ រួច​ចំហ​វាមួយ​យប់ ទើបថ្ងៃ​បន្ទាប់​ឥតមាន​ធុំក្លិន​អ្វីទេ។ វិធី​មួយទៀត​គឺសាជូរ​ដាក់ក្នុង​ទូ​មាន​បរិមាណ​ត្រឹមតែ​មួយដុំ​ឬពីរ ដុំតូច​អាចរក្សា​បាន និង​ទទួលបាន​ផលល្អ។ មិនត្រូវ​បិទជិត​១០០%​ទេ ត្រូវ​ចំហ​ទុកនៅ​សល់ពី៣០%​ទៅ៤០% ដើម្បី​ឱ្យមាន​ខ្យល់ អាកាស​ចេញចូល ចៀសផុត​មានក្លិន​កើតឡើង។

ផល​ប៉ះពាល់​ពីក្លិន​នៅក្នុង​ទូអាហារ

បរិស្ថាន​ដែលមាន​នៅជុំវិញ​តែងតែ​មាន​គុណ​សម្បត្ដិ និង​គុណវិបត្ដិ​ក្លិនអាច​ប៉ះពាល់ដល់​មនុស្ស​ផង​ទាំងឡាយ ជាពិសេស​ខាងផ្នែក​ផ្លូវ​ដកដង្ហើម។ ក្លិនជូរ​ផ្អូមធ្វើ​ឱ្យអារម្មណ៍​កើត​ក្ដីមួម៉ៅ​ក្ដៅក្រហាយ មិនចង់​ធ្វើ​ការងារ ឬ​កើតជម្ងឺ​ច្រមុះ។ វាធ្វើ​ឱ្យគ្មាន​ផាសុកភាព​សម្រាប់​សមាជិក​គ្រួសារ នៅពេល​ចូលផ្ទះ​បាយ​ការដក​ដង្ហើម​ដូចជា​ថប់ឈ្លក់ កណ្ដាស់ ឈឺក្បាល មាន​ជម្ងឺស្ដ្រេស​កើតឡើង រហូត​ឈានដល់​មានជម្ងឺ​មហារីក​ផ្លូវដង្ហើម ឬ​រលាក​ច្រមុះ​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ឬបុរស​ជាមេផ្ទះ​គ្រប់រូប​មាន​បំណង​ចង់ឱ្យ​ការទុក​ដាក់​អាហារ​ប្រកប​ដោយ​សុវត្ថិភាព អនាម័យ​ល្អ យកចិត្ដ​ទុកដាក់​លើម្ហូប​ដែល​សល់នោះ​គ្រប​ឱ្យជិត ការពារ​សត្វរុយ​ចម្លងរោគ​ទៅជា​ឈឺ​រាករូស​ឬកើត​ជម្ងឺ​អាសន្នរោគ​ផ្សេងៗ។ ដូច្នេះ​មេផ្ទះ​ដែលមាន​ទូទឹកកក សូម​ទុកដាក់ក្នុង​ទូទឹកកក តែលើស​ពីពីរថ្ងៃ​ត្រូវ​បោះចោល។ ទូ​ដាក់ម្ហូប​អាហារ​ត្រូវតែ​សម្អាត​ជារៀង​រាល់ថ្ងៃ នៅពេល​ដែលឈប់​ប្រើប្រាស់​លាង​ជម្រះ​ជាប្រចាំ បើក​ចំហ​ឱ្យមាន​ខ្យល់​ចេញចូល ដើម្បី​ឱ្យអារម្មណ៍​គិតថា​គ្មានក្លិន​ប៉ះពាល់។ សំខាន់​គឺត្រូវ​សម្អាត​ឱ្យមាន​អនាម័យ និង​ខិតខំ​ស្វែងយល់ឱ្យ​បានល្អ​ប្រសើរ​ថែមទៀត ក្នុង​នាមស្ដ្រី​ឬបុរស​មេផ្ទះ​ដ៏ប៉ិនប្រសប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative