បទពិសោធន៍​អ្នកជម្ងឺ​ខ្សោយ​តម្រង​នោម

លោកអ្នក​មួយចំនួន​មិនទាន់​ជ្រាប​ច្បាស់​អំពី​ជម្ងឺ​ខ្សោយ​តម្រង​នោះ​នៅឡើយ​ទេ ខណៈពេល​ដែល​អាការ​មួយចំនួន​បាន​បង្ហាញ​ពីភាព​ចុះខ្សោយ​នូវ​ភារកិច្ច​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុងខ្លួន​យើង។ ហើយ​ការ​ថយចុះ​មានពីរ​យ៉ាង គឺការ​ថយចុះ​បន្ដិចម្ដង និង​ការ​ថយចុះ​យ៉ាង​ឆាប់រហ័ស។ ការ​ថយចុះ​នៃ​តម្រង​នោម​នេះហើយ​ទើប​គេហៅ​ថា ជម្ងឺ​ខ្សោយ​តម្រង​នោម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ចូលរួម​ចែក​រំលែក​នូវ​បទពិសោធន៍​ដែល​ធ្លាប់តែ​ជួប​ប្រទះ​ចំពោះ​ផល​លំបាក ដែល​កើតចេញ​ពីជម្ងឺ​ខ្សោយ​តម្រង​នោម​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ស៊ាន វិសាល ភេទ​ប្រុស អាយុ​៥៨ឆ្នាំ ជាមន្ដ្រី​រាជការ​រស់នៅ ឃុំផ្អាវ ស្រុកបាយ ខេត្ដកំពង់ចាម បាន​រៀបរាប់​ពីផល​លំបាក​ដែល​កើតមាន​ជម្ងឺ​ខ្សោយ​តម្រង​នោមនេះ។ លោក ស៊ាន វិសាល បាន​រៀបរាប់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា លោក​គ្រូពេទ្យ​បាន​និយាយ​ប្រាប់​គាត់ថា គាត់មាន​ជម្ងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ ដោយសារ​មុនដំបូង​នោះ​នៅពេល​ដែល​លោក​បញ្ចេញ​ទឹកនោម​មាន​អាការ​ខ្សោយ​ហើយ​នោម​មិនចេញ ពិបាក​នោម​ហើយ​មាន​អាការ​ផ្សាៗ នោម ស្ទះ។ ខណៈ​នោះ​លោក​បាន​ទៅជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅក្នុង​ស្រុក​របស់គាត់។ តែ​នៅពេល​ទៅដល់​គ្រូពេទ្យ​បាន​ត្រឹមតែ​ឱ្យថ្នាំ​លេប​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ ដោយ​បញ្ជាក់​ថាក្រោយ​ពេល​លេបថ្នាំ​នេះមាន​អាការ​ធូរឡើង​វិញ​ហើយ។ លោក ស៊ាន វិសាល បាន​បន្ដថា នៅពេល​ដែល​លោកបាន​ទទួលទាន​ថ្នាំ​នោះហើយ អាការ​មិន​ថយចុះ​ដូច​ការ​អះអាង​របស់គ្រូពេទ្យ​ឡើយ។ លុះ​នៅថ្ងៃ​មួយ​ត្រូវនឹង​ថ្ងៃច័ន្ទ លោក​បានមក​ពិនិត្យ​នៅមន្ទីរ​កាល់ម៉ែត ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា លោក​មាន​ជម្ងឺ​ខ្សោយតម្រង​នោម​រ៉ាំរ៉ៃ។ គ្រូពេទ្យ​បាន​បញ្ជាក់​ទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកមាន​ជម្ងឺ​រលាក​ប្លោក​នោម មាន​ដុំគីស​នៅក្នុង​តម្រង​នោម មាន​ដំបៅ​ក្នុង​តម្រង​នោម និង​មានដុំ​ខ្ទុះ​នៅក្នុង​តម្រង​នោម​ផងដែរ។ បន្ទាប់មក​លោក​បានដេក​ព្យាបាល​ជម្ងឺនេះ​នៅមន្ទីរ​ពេទ្យ​រហូត ក្រោយ​ពេល​មាន​អាការ​ធូរស្រាល​ឡើង​វិញ លោក​នៅតែ​បន្ដ​លេបថ្នាំ​ដដែល​ដើម្បី​ព្យាបាល​ផ្សះមុខ​របួស​មួយចំនួន​ទៀត។ លោក ស៊ាន វិសាល បាន​បញ្ជាក់ទៀតថា មុនដំបូង​លោក​មាន​អាការ​រាករូស​យ៉ាងខ្លាំង​ដូចមាន​ជម្ងឺ​អាសន្នរោគ ហើយ​មាន​អារម្មណ៍​ក្ដៅខ្លួន​ស្ទិញៗ​ផងដែរ ហើយ​ពិបាក​ទ្រាំទៀត​ផង​ពេលខ្លះ។

ដំបូន្មាន​អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេស​ជម្ងឺ​តម្រង​នោម​នៃមន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា ជម្ងឺ​ខ្សោយ​តម្រង​នោម​នេះគឺ​បណ្ដាល​មកពី​អ្នក​ជម្ងឺមួយ​ចំនួន​មានជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើស​ឈាម ជម្ងឺ​លើសឈាម​រ៉ាំរ៉ៃ និង​ដុំសាច់​មួយ​ចំនួន​ដែលមាន​តាំង​ពីកំណើត​ហើយ​មានការ​រីកធំ​នៅក្នុង​សាច់​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់សរសៃ​ឈាម ដែលមាន​តួនាទី​សំខាន់​សម្រាប់​នាំជាតិ​ទឹក​ដើម្បី​បង្គ្រប់​ទឹកក្នុង​តម្រង​នោម។ ប៉ុន្ដែ​ជម្ងឺ​តម្រងនោម​នេះ ប្រសិនបើ​កើតឡើង​មាន​អាការ​រ៉ាំរ៉ៃ​អាច​នៅមាន​ទឹកនោម​ខ្លះអាច​ស្មើនឹង​៤០០​ទៅ៥០០​មីលីលីត្រក្នុ​ងមួយ​ថ្ងៃ។ ដើម្បី​ការពារ​ជម្ងឺ​ខ្សោយតម្រង​នោម​រ៉ាំរ៉ៃនេះ គឺ​ជំហាន​ដំបូង​ត្រូវ​ការពារ​ជម្ងឺ​ទឹកនោមផ្អែម​ឱ្យបាន​ជាមុន​សិន ព្រោះ​ជម្ងឺនេះ​គឺជា​ដើមចម​ធ្វើឱ្យ​តម្រងនោម​ចុះខ្សោយ​តែម្ដង។ ប្រសិន​បើមាន​ជម្ងឺ​ខ្សោយ​តម្រង​នោម​ហើយ មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ វានឹង​ផ្ដល់ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ និង​អាចដល់​អាយុ​ជីវិត​ផងដែរ។ ព្រោះការ​បញ្ចេញ​នូវ​ជាតិពុល​នៅក្នុង​ខ្លួនយើង​មិនបាន​គ្រប់គ្រាន់​ទេនោះ ធ្វើឱ្យ​ប្លោកនោម​មាន​អាការ​ហើម​ប៉ោង​ខុសប្លែក​ពីធម្មតា ក្នុង​តម្រងនោម​នេះមាន​សារជាតិ​៣យ៉ាង គឺជាតិ​អ៊ុយរ៉េ ជាតិ​ក្រេអាតេនីន និង​ប៉ូតាស្យូម។ ជាចុង​ក្រោយ​លោក​វេជ្ជបណ្ឌិត លឹម វឌ្ឍនា បាន​បញ្ជាក់​ថាលោកអ្នក​ដែលមាន​អាការ​ក្អួតចង្អោរ និង​រាករូស​ជាញឹក​ញាប់​នោះ គួរតែ​ទៅឱ្យ​គ្រូពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​រករោគ​សញ្ញា។ ជាពិសេស​លោកអ្នក​ដែលមាន​អាការ​បែបនេះ​ត្រូវ​ទៅជួប​គ្រូពេទ្យ​ផ្នែក​តម្រង​នោម ព្រោះ​ថាបើ​ជួប​បញ្ហា​ដូច ខាងលើ​នេះ ប្រាកដ​ជាមាន​បញ្ហា​តម្រង​នោម​ជាមិនខាន​ឡើយ។ គួរ​ឆាប់​រួសរាន់​ទៅជួប​គ្រូពេទ្យ​ដើម្បី​ទទួល​ថ្នាំមក​ការពារ ចៀសវាង​ជម្ងឺនេះ​កាន់តែ​ធ្ងន់​ទៅមុខ និង​មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative