វិធី​​តុបតែង​​មុខស្អាត​​ដូច​​ធម្មជាតិ

ការ​តុបតែង​មុខឱ្យ​មានភាព​ស្រស់ស្អាត​ជាទី​គយគន់​គួរឱ្យ​ស្រឡាញ់ ​ជារឿង​មួយដែល​ស្ដ្រី​គ្រប់រូប​ប្រាថ្នា​ចង់បាន​បំផុត។ ប៉ុន្ដែ​ពេលខ្លះ​សុភាព​នារី​មានភាព​ខ្វល់ខ្វាយ​ពី​ស្បែកមុខ​របស់ខ្លួន​ជ្រុល ដោយ​មើល​ទៅមិន​មានភាព​ស្រស់ស្អាត ស្រអាប់ ជាំ ​និងមាន​មុន​នៅលើ​ស្បែកមុខ​ជាដើម ដែល​ពិបាក​នៅក្នុង​ការ​តុបតែង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាមួយគ្នា​នេះដែរ ទស្សនាវដ្ដី សុខភាពយើង បាន​ស្វែងរក​នូវអ្វី​​ដែលល្អ​ហើយ​​ថ្មី សម្រាប់​មិត្ដនារី​​ដែលចង់​បាននូវ​ការ​តុបតែង​មុខ​ឱ្យស្អាត​តាមបែប​ធម្មជាតិ។

ប្រការល្អ​គួរ​យល់ដឹង​នៅក្នុង​ការ​តុបតែង​មុខ

មុនពេល​ចាប់ផ្ដើម​តុបតែង​មុខ សុភាពនារី​គ្រប់រូប​គួរតែ​រៀបចំ​ឧបករណ៍​សម្រាប់​តុបតែង​ឱ្យបាន​សព្វគ្រប់​ទាំងអស់ ដែល​រួមមាន ហ្វូម​លាងមុខ ឡេ​សម្រាប់​ការពារ​ស្បែកមុខ ឡេ​ជំនួយ​ស្បែកមុខ ម្សៅស្អិត ម្សៅផាត់មុខ ម្សៅពណ៌​ផាត់ថ្ពាល់ និង​ត្របកភ្នែក ខ្មៅដៃ​គូសចិញ្ចើម ម៉ាស្ការ៉ា អាយលិននើ​គូសភ្នែក និង​ក្រេមលាប​បបូរមាត់​ជាដើម។ ចំពោះ​ការ​តុបតែង​មុខក៏​តម្រូវ​ទៅលើ​ពន្លឺ​ផងដែរ ដូច្នេះ​ស្ដ្រី​ទាំងឡាយ​គួរ​ជ្រើសរើស​កន្លែង​តុបតែង​ណាដែល​មាន​ពន្លឺថ្ងៃ​គ្រប់គ្រាន់ មិន​ងងឹតពេក ដើម្បី​ងាយស្រួល​ក្នុងការ​តុបតែង ចៀសវាង​លាប​ទៅមើល​ឃើញ​សឬក្រាស់​ពេក។

វិធី​តុបតែង​មុខ

ការ​តុបតែង​មុខបែប​ធម្មជាតិ ភាគច្រើន​ផ្ដោត​ជាសំខាន់​ទៅលើ​ភ្នែក។ ជាដំបូង​ត្រូវ​ចាប់ផ្ដើម​ធ្វើការ​លុបលាង​មុខ​ជាមុនសិន ​ជាមួយ​ហ្វូម​លាងមុខ ហើយ​ជូតមុខ​ឱ្យស្អាត​ដោយ​ប្រើដៃ​ថ្នមៗ។ បន្ទាប់មក​ត្រូវលាប​ឡេការពារ​ផ្ទៃមុខ ដើម្បី​ឱ្យ​ស្បែកមុខ​មាន​សំណើម និង​សម្លាប់​មេរោគ បន្ទាប់មក​ត្រូវ​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃលាប​ឱ្យសព្វ​ពេញផ្ទៃមុខ​ទុកឱ្យ​ស្ងួតបន្ដិច ហើយ​ត្រូវ​ប្រើម្សៅ​ស្អិត មក​បន្ដក់នៅលើ​ថ្ពាល់​សងខាង ថ្ងាស ចង្កា និង​ច្រមុះ មិនត្រូវ​ប្រើច្រើន​នោះទេ ត្រូវ​បន្ដក់​បន្ដិចៗ។ បន្ទាប់មក​ត្រូវប្រើ​ប៉ុងលាប​ម្សៅ ស្អិតលាប​ឱ្យសព្វ​ពេញ​ផ្ទៃមុខ។ រួចហើយ​ត្រូវប្រើ​ម្សៅផាត់​ដោយ​ជ្រើសរើស​ពណ៌ឱ្យ​សមទៅ​នឹង​ផ្ទៃមុខ ដោយប្រើ​ប៉ុងផាត់​ស្អាតមកតប់​នៅលើ​ផ្ទៃមុខ​ដោយប្រើ​ដៃថ្នមៗ មិនត្រូវ​តប់ក្រាស់​ពេកនោះ​ទេ។ បន្ទាប់​មកទៀត​ត្រូវប្រើ​ជក់ផាត់​ត្របកភ្នែក​ដោយ​ប្រើពណ៌​ស្រាល​លាប​នៅលើ​ត្របកភ្នែក ត្រូវ​ជ្រើសរើស​ពណ៌សូកូឡា​ឬក៏ពណ៌ខ្មៅ​លាប​នៅចុងៗ​ត្របកភ្នែក តែ​មិនត្រូវ​ប្រើដិត​ពេកនោះ​ទេ។ បន្ទាប់​មកទៀត​ត្រូវ​ប្រើពណ៌​ផ្កាឈូក​ឬពណ៌​ដែល​សុភាពនារី​ស្រឡាញ់​យកមក​លាប​នៅលើ​ស្រទាប់ភ្នែក ដោយ​លាប​ឱ្យដិត​បន្ដិច។ រីឯការ​គូស​ចិញ្ចើម​ត្រូវ​ប្រើពណ៌​សូកូឡា ដោយគូស​ទៅតាម​ទម្រង់​ចិញ្ចើម រួចហើយ​ត្រូវលាប​ម៉ាស្ការ៉ា លាបរោមភ្នែក ហើយត្រូវ គូស​អាយលិននើ​គូសយក​កន្ទុយ​ភ្នែក។ បន្ទាប់​មកទៀត​ត្រូវប្រើ​ពណ៌ផាត់​នៅលើ​ផ្ទៃមុខ ដោយប្រើ​ពណ៌ស្រាល​ហើយ​ផាត់​ជាអក្សរស៊ី និង​ត្រូវយក​ទៅផាត់​នៅលើ​ចង្កាខ្លះដែរ តែផាត់​ឱ្យឃើញ​ប្រឿងៗ។ ជាចុងក្រោយ​ត្រូវលាប​ក្រែម​ពណ៌​ស្រាលៗ​ឬក៏ជា​ពណ៌​ដែល​សុភាពនារី​ចូលចិត្ដ បន្ទាប់មក​ពិនិត្យ​មើល​ឱ្យសព្វ​ជាការ​ស្រេច។ ចំពោះ​ការ​តុបតែង​មុខបែប​ធម្មជាតិ​នេះអាច​ចូលរួម​បានគ្រប់​កម្មវិធី ដូចជា​ពិធី​ជប់លៀង និង​ពិធី​មង្គលការ​ជាដើម ហើយ​អាច​ប្រើបាន​សម្រាប់​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល។

ដំបូន្មាន​អ្នក​ជំនាញ

ការ​តុបតែង​មុខជា​រឿងមួយ​ដែល​សំខាន់​សម្រាប់​ស្ដ្រី​គ្រប់រូប។ បើសិនជា​សុភាពនារី​ចេះ​វិធី​តុបតែង​មុខដោយ​ខ្លួនឯង​វាជាការ​ប្រសើរ​បំផុត ព្រោះអាច​ចំណេញ​ទាំង​ពេលវេលា​រួមទាំង​ថវិកា​ផងដែរ។ ប៉ុន្ដែ​ស្ដ្រី​គ្រប់រូប​មិនត្រូវ​ឧស្សាហ៍​តុបតែង​មុខជា​រៀងរាល់​ថ្ងៃពេក​នោះទេ ព្រោះ​ការផាត់​មុខ​ជារៀង​រាល់ថ្ងៃ​អាចធ្វើ​ឱ្យ​ស្បែកមុខ​មាន​បញ្ហា ដូចជា​កើតមុន និង​ឆាប់ជ្រួញ​ជាដើម។ ជាពិសេស​ត្រូវ​ជ្រើសរើស​ផលិតផល​សម្រាប់​តុបតែង​មុខ​ដែលមាន​គុណភាព​ល្អ មិនត្រូវ​សម្រេចចិត្ដ​ជ្រើសរើស​ផលិតផល​ដែល​មិនមាន​ការ​ទទួលស្គាល់​ពីអ្នក​ជំនាញ​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative