មូលហេតុ​កុមារ​ដុះធ្មេញ​មិនត្រង់​ជួរ

ធ្មេញ​ស្អាត និងមាន​សុខភាពល្អ​អាចជួយ​លើក​សោភ័ណភាព​យើង​បានមួយ​កម្រិត​ថែមទៀត។ ប៉ុន្ដែ​បើធ្មេញ​ដុះមក​មិនស្អាត​មិនត្រង់​ជួរល្អ សោភណ័ភាព​ក៏​បាត់បង់​ទៅតាម​នឹងដែរ។ ដូចនេះ​ធ្មេញ​មានសារៈ​ប្រយោជន៍​ណាស់ ជាពិសេស​គឺ​ទាក់ទង​ទៅនឹង​សុខភាព និង​សោភ័ណភាព​បាន។ ធ្មេញ​ដែលដុះ​មិនត្រង់​ជួរ​ងាយ​ទទួលរង​នូវ​ផលវិបាក​ជាច្រើន ជាពិសេស​អាច​ប្រឈម​មុខនឹង​ជម្ងឺ​ពុកធ្មេញ ជម្ងឺ​អញ្ចាញ​ធ្មេញ ជម្ងឺ​សន្លាក់​ថ្គាម​ជាដើម។ ព្រោះ​កាលណា​ធ្មេញ​ដុះមិនត្រង់​ជួរ នៅពេល​ដែលធ្វើ​ការ​សម្អាត​ធ្មេញ គឺ​មិនអាច​សម្អាត​បាន​គ្រប់កន្លែង​នោះទេ ជាហេតុ​ដែលអាច​ធ្វើឱ្យ​ធ្មេញ​កើតមាន​បញ្ហា ការ​ទំពារ​មានផល​វិបាក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ទន្ដបណ្ឌិត ពឹង ពិសិដ្ឋ អនុបណ្ឌិត​វិទ្យាសាស្ដ្រ​សុខភាព​មាត់ធ្មេញ​និង​ពត់ធ្មេញ​នៃ​គ្លីនិកធ្មេញ​អន្ដរជាតិ ពន្យល់​ដើម្បី​ឱ្យលោកអ្នក​បាន​ជ្រាប​ឱ្យកាន់តែ​ច្បាស់​អំពី​មូលហេតុ​កុមារ​ដុះធ្មេញ​មិនត្រង់​ជួរ។

ធ្មេញដុះ​មិនត្រង់​ជួរ

ធ្មេញដុះ​មិនត្រង់ជួរ​គឺជា​ធ្មេញ​ដែលដុះ​ចេញមក​ខាងក្រៅ​ខ្លាំង​ឬដុះ​ចូល​ទៅខាង​ក្នុងខ្លាំង ដោយមើល​ទៅខុស​ប្លែកពីធ្មេ​ញ​ដទៃទៀត។

មូលហេតុ​ធ្មេញ​ដុះ​មិនត្រង់​ជួរ

មូលហេតុ​កុមារ​ដុះធ្មេញ​មិនត្រង់​ជួរនេះ មិនទាន់​មាន​អ្នក​ឯកទេស​ណា​ម្នាក់ អាច​ធ្វើការ​សណ្ឋាន​ឱ្យបាន​ច្បាស់លាស់​នោះទេ ក៏ប៉ុន្ដែ​បើតាម​ការ​សង្កេត​មើល​គឺ​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន​ដូចជា ៖

  • កើតឡើង​ដោយសារ​កុមារ​តូចៗ​ចូលចិត្ដ​បៀម​ក្បាលដោះ​ជ័រ
  • កុមារ​ដែល​ចូលចិត្ដ​បៅ​ទឹកដោះ​គោយូរ​ឆ្នាំ
  • កុមារ​ដែល​ចូលចិត្ដ​យក​អណ្ដាត​មកទល់​ធ្មេញ​អាចធ្វើ​ឱ្យធ្មេញ​ចំហ និង​ដុស​មិនត្រង់​ជួរ ព្រោះតែ​អណ្ដាត​កុមារ​ធំ
  • កើតឡើង​ពីតំណ​ពូជ ដោយ​ម្ដាយ​ឪពុក​ដុះធ្មេញ​មិនត្រង់​ជួរ​ដែរ
  • ធ្មេញ​បាត់ ហើយ​មិនបាន​ដាក់ធ្មេញ​ក៏អាច​ធ្វើឱ្យ​ដុះមក​មិន​ត្រង់ជួរ​បានដែរ
  • ធ្មេញ​បាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬក៏​កើតឡើង​ដោយ​ហេតុការណ៍​អ្វីមួយ​នៅពេល​ដែល​ធ្មេញដុះ​មកក៏​អាច​មិនត្រង់​ជួរបាន​ដែរ។

ផល​ប៉ះពាល់​ចំពោះ​កុមារ​ដុះធ្មេញ​មិន​ត្រង់ជួរ

ធ្មេញដុះ​មិនត្រង់​ជួរ​បាន​បង្កឱ្យ​មានផល​ប៉ះពាល់​ច្រើន​ដូចជា ៖

  • ធ្មេញ​ដែលដុះ​មិនត្រង់​ជួរ ពិតជា​ពិបាក​សម្អាត​ណាស់​ជាពិសេស​នៅកន្លែង​កៀនៗ​ធ្មេញ។ បើសិនជា​ដុស​មិនបាន​សម្អាត សព្វគ្រប់​ទីកន្លែង​នោះ​អាចធ្វើ​ឱ្យមាន​ជម្ងឺ​អញ្ចាញ​ធ្មេញ មាន​ជម្ងឺ​ពុកធ្មេញ ធ្វើឱ្យ​ឈឺ​ធ្មេញ ធ្វើខូច​សោភ័ណភាព​ធ្មេញ ឬ​ធ្វើឱ្យ​ជាលិកា​ធ្មេញ​មិនល្អ។
  • បើធ្មេញ​ដុះមិន​ត្រង់ជួរ ចេញ​ចង្កូម​មកមុខមើ​ល​ទៅដូចជា​សត្វសេះ ត្រូវ​មិត្ដភក្ដិ​បង្អាប់ រិះគន់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​អារម្មណ៍ ធ្វើឱ្យ​កុមារ​មិនចង់​ចូលរួម​នៅក្នុង​សង្គម​ឬ​មិនចង់ទៅ​សាលារៀន ជាពិសេស​ធ្វើឱ្យ​កុមារ​មានភាព​អៀនខ្មាស​មិនមាន​ភាព​ក្លាហាន។ នៅពេល​ដែល​មិនបាន​ចូលរួម​នៅក្នុង​សង្គម​បានច្រើន​ធ្វើឱ្យ​ចំណេះដឹង​មិន​រីកចម្រើន​នោះទេ។
  • ទាក់ទង​ទៅ​នឹង​ការងារ កាលបើ​ឪពុកម្ដាយ​មិនបាន​យកចិត្ដ​ទុកដាក់​ចំពោះ​កូនៗ​ដែលមាន​ធ្មេញ​មិនត្រង់​ជួរ​នោះ នៅពេល​ដែល​ពេញវ័យ​ទៅ ជាពេល​វេលា​ដែលត្រូវ​ធ្វើ​ការងារ​រកប្រាក់​ចិញ្ចឹម​ខ្លួន អាច​ធ្វើឱ្យ​ការងារ​បរាជ័យ​ព្រោះ​ធ្មេញ​មិនស្អាត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ធ្មេញ​ដុះមិន​ត្រង់ជួរ

វិធី​ព្យាបាល​ធ្មេញដុះ​មិនត្រង់​ជួរ គឺ​ត្រូវតែ​ធ្វើការ​វះកាត់​ធ្មេញ ឬក៏​ពត់ធ្មេញ​ដើម្បី​តម្រង់​ធ្មេញ​ឱ្យបាន​ស្អាត​ឡើងវិញ។ វិធី​វះកាត់​គឺ​ត្រូវតែ​ធ្វើការ​វះកាត់​ជាមួយ​ទន្ដបណ្ឌិត​ដែលមាន​ជំនាញ​ពិតប្រាកដ និង​មានការ​ទទួលស្គាល់​ពីអ្នក​ឯកទេស។ ការ​ពត់ធ្មេញ​នេះ គឺជា​វិធី​ដ៏ល្អមួយ​ដែល​មាតាបីតា​គួរតែ​ជ្រើសរើស​ដើម្បី​ធ្វើឱ្យ​ធ្មេញកូន​របស់​លោកអ្នក​មាន​សុខភាព​ល្អ និងមាន​សោភណ័ភាព​ឡើងវិញ។

វិធី​ការពារ​កុំឱ្យ​កុមារ​ដុះធ្មេញ​មិន​ត្រង់ជួរ

ដើម្បី​ការពារ​កុំឱ្យ​កូន​របស់​លោកអ្នក​ដុះធ្មេញ​មិន​ត្រង់ជួរ លោកអ្នក​គួរតែ​អនុវត្ដ​ទៅតាម​វិធី​ខាងក្រោម ៖

  • ឪពុកម្ដាយ​គ្រប់រូប​ត្រូវ​បញ្ឈប់​នូវទម្លាប់​ដែល​តែងតែ​ឱ្យកូន​របស់​លោកអ្នក​បៀម​ក្បាលដោះ​ជ័រ​យូរពេក ឬ​ដោះ ទឹកដោះ​គោ​យូរពេក
  • ត្រូវនាំ​កូន​របស់​លោកអ្នក​ទៅជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ធ្មេញ ដើម្បី​ធ្វើការ​ពិនិត្យ​និងវាយត​ម្លៃ​អំពីផ្ទៃ​ទំពារ​របស់​ធ្មេញ
  • នៅពេល​ដែល​ធ្មេញ​បាក់ ត្រូវតែ​ដាក់​ធ្មេញ
  • នៅពេល​ដែល​ធ្មេញបាក់​ដែល​កើតឡើង​ដោយ​ហេតុការណ៍​អ្វីមួយ គឺ​ត្រូវមក​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឱ្យ​គ្រូពេទ្យ ពិនិត្យ​និង​ធ្វើការ​ព្យាបាល​ធ្មេញ
  • ត្រូវដុស​សម្អាត​ធ្មេញ​ឱ្យបាន​ទៀងទាត់
  • រាល់៦ខែ ត្រូវនាំ​កូនៗ​របស់​លោកអ្នក​មកជួប​គ្រូពេទ្យ​ធ្មេញមួ​យដង។

ដំបូន្មាន​អ្នក​ជំនាញ

សម្រាប់​ឪពុកម្ដាយ​ដែលមាន​កូន​ហើយ​ធ្មេញ​កូន​របស់​លោកអ្នក​ដុះ​មិនត្រង់​ជួរ ត្រូវនាំកូន​របស់​លោកអ្នក​មកជួប​គ្រូពេទ្យ ធ្មេញ​ដែលមាន​ជំនាញ​ពិតប្រាកដ ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យធ្មេញ​សម្រាប់​ធ្វើការ​វះកាត់​ធ្មេញ​ឬពត់​ធ្មេញ ព្រមទាំង​ពន្យល់​អំពី​របៀប​ដុះធ្មេញ​ឱ្យបាន​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative