គៀត សុវណ្ណ​ផាន់ណាឡាង ត្រូវ​គិតគូរ​ពីសុខភាព និង​សម្រស់

តារា​សម្ដែង​ទន់ភ្លន់​គួរឱ្យ​ស្រឡាញ់ និង​កំពុងតែ​ពេញនិយម​នៅក្នុង​ស្រទាប់​យុវវ័យ​ទាំង​ស្រីប្រុស​នោះ គឺ​កញ្ញា គៀត សុវណ្ណផាន់ណាឡាង។ កញ្ញា គៀត សុវណ្ណ​ផាន់ណាឡាង បាន​ប្រឡូក​នៅក្នុង​វិស័យសិល្បៈ​ជាង២ឆ្នាំ​ហើយ ពេលនេះ​កញ្ញា​កំពុងតែ មានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​មហាជន។ ឥឡូវនេះ​ណាឡាង​កំពុង​តែមាន​ការ​មមាញឹក​នឹង​ការងារ​ជាច្រើន ដូចជា​ការសម្ដែង​ ជាខារ៉ាអូខេ និង​សម្ដែង​រឿង​ជាច្រើន ប៉ុន្ដែ​ណាឡាង​ក៏មិនដែល​ភ្លេច​ឡើយ​នូវការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ណាឡាង​បាន​ចូលមក​បកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ជាមួយ​នឹង​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់​ពីវិធី​សាស្ដ្រ ថែរក្សាសម្រស់​និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺមិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​ចូលសិល្បៈ

មុននឹង​ឈានចូល​សិល្បៈ កញ្ញា គៀត សុវណ្ណ​ផាន់ណាឡាង ធ្លាប់ជា Freshie girl ឆ្នាំ២០០៨​នៅស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥។ នៅដើម​ឆ្នាំ២០០៩​ណាឡាង​បានថ​តស្ពត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Cell card បន្ទាប់​មកទៀត​ណាឡាង​ក៏ត្រូវ​បានគេ​ទាក់ទង​ឱ្យទៅថត​ម៉ូត​សម្លៀក​បំពាក់​សម្រាប់​ទស្សនាវដ្ដី និង​ថតខារ៉ាអូខេ​ជាដើម។ ចំពោះ​បទចម្រៀង​ដែល​សម្ដែង​ដំបូង​គេនោះ គឺជា​បទ ផលិតកម្មហង្សមាស មិនចេះ​អានពាក្យ​បែក។ បន្ទាប់មក​ទៀត​គឺថត​ឱ្យ​ផលិកម្ម​សាន់ដេ ផលិតកម្ម​ Bigmen​CaedIm។ ក្រៅពី​នេះ ណាឡាង​បានថត​ជាខ្សែ​ភាពយន្ដ​មួយចំនួន ដូចជា​រឿង​អបរំ រឿង​ល្បិចស្រី ដោយ​កញ្ញា​ដើរតួ​ធ្វើជា​ប្អូនស្រី​តួឯងប្រុស រឿង​ស្នេហាមួយ​នៅវិទ្យាល័យ​សម្ដែង​ជាតួឯក រឿង​ទឹកចិត្ដ​បងស្រី​សម្ដែង​ជាតួ​ប្អូនស្រី។ សព្វថ្ងៃ​ណាឡាង​ជាពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នៅក្នុង​កម្មវិធី​សម្រស់ និង​សុខភាព​ស្ដ្រី។ ក្រៅពី​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​ហើយ​ណាឡាង​ក៏ជា​សិស្ស​នៅវិទ្យាស្ថាន​ប៊ែលធី ថ្នាក់ទី​១២ ជាពិសេស​ណាឡាង​ក៏បាន​បើក​ហាងលក់​សម្លៀក​បំពាក់​ផងដែរ។

វិធី​ថែរក្សា​សម្រស់

មានការ​មមាញឹក​ច្រើន​នឹង​ការងារ ដូចជា​ថតសម្ដែង​នៅតាម​ខេត្ដ​ជាដើម តែ​ទោះបីជា​មានការ​មមាញឹក​ច្រើនយ៉ាង​ណាក៏ដោយ​ក៏ណា​ឡាង​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់​ក៏ដូចជា​ការ​ថែរក្សា​សុខភាព​របស់​សោភា​ផងដែរ។ ខាងក្រោម​នេះ​គឺជាវិធី​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា គៀត សុវណ្ណ​ផាន់ណាឡាង ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សាសក់ ៖ ក្នុងនាម​ជាអ្នក​សិល្បៈ​មួយរូប​ណាឡាង​តែងតែ​ធ្វើសក់​ជារៀង​រាល់ថ្ងៃ ជាពិសេស​គ្រប់ពេល​ដែលសម្ដែង និង​ត្រូវ​ផ្លាស់ប្ដូរ​ម៉ូតសក់​ញឹកញាប់។ ដូចនេះ​នៅពេល​ដែល​មកដល់​ផ្ទះ ណាឡាង​តែងតែ​កក់សក់​ចេញ និង​បន្ទន់សក់​ផងដែរ ជួនកាល​ណាឡាង​បានយក​ស្រាបៀរ​មក​កក់សក់​ដើម្បី​ការពារ​កុំឱ្យ​សក់ជ្រុះ។ នៅក្នុង​មួយ​សប្ដាហ៍ ណាឡាង​អប់សក់​២ដង។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ណាឡាង​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការ​ថែរក្សា​ស្បែកមុខ ព្រោះ​ស្បែកមុខ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ណាឡាង។ ណាឡាង​តែងតែ​ប្រើឡេ​ការពារ​នៅពេល​ថ្ងៃ និង​ពេលយប់ ដើម្បី​ឱ្យ​ស្បែកមុខ​មាន​សំណើម គ្មាន​មុន។ នៅពេល​ដែល​ចេញទៅ​ក្រៅម្ដងៗ ណាឡាង​មិនដែល​ភ្លេចឡើយ​ចំពោះ​ការ​ប្រើឡេ​ការពារ​ពន្លឺថ្ងៃ។ នៅពេល​ដែល​សម្ដែងចប់​ណាឡាង​តែងតែ​យកទឹក​បាញ់មុខ​ហើយ​និងយក​កន្សែងស្អាត​ប្រើ​សម្រាប់​ជូតម្សៅ​ចេញភ្លាមៗ ដើម្បី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ណាឡាង​តែងតែ​ប្រើឡេ​ដែលមាន​កម្រិតខ្ពស់ ដើម្បី​ការពារ​ពន្លឺ​ព្រះអាទិត្យ។ ហើយ​ពេល យប់ ណាឡាង​លាបឡេ​ការពារ​ពេលយប់​និងផ្ដល់​សំណើម​ដល់ស្បែក។ ណាឡាង​តែងតែ​ប្រើសាប៊ូ​ដុសខ្លួន​ដែលមាន​ក្លិនក្រអូប និង​ផ្ដល់សំណើម​ដល់​ស្បែក ជាពិសេស​សាប៊ូ​កម្ចាត់​មេរោគ។
  • ការ​ថែរក្សា​ធ្មេញ ៖ ចំពោះ​សុខភាព​មាត់ធ្មេញ​ណាឡាង​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ប៉ុន្មាន​នោះទេ។ ណាឡាង​តែងតែ​ធ្វើការ​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃពី​បីដង​ទៅ៤ដង ព្រឹក ថ្ងៃ និង​មុនពេល​ចូលគេង ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​អាហារ​ហើយ។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ការ​ថែរក្សា​ភ្នែក ណាឡាង​ក៏មិនសូវ​ជាយកចិត្ដ​ទុកដាក់​ប៉ុន្មាន​ដែរ។ ប៉ុន្ដែ​ណាឡាង​មិនដែល ធ្វេសប្រហែស​ឡើយ គឺ​នៅពេល​ដែលធ្វើ​ដំណើរ​ទៅណា​មកណា​ម្ដងៗ ណាឡាង​តែងតែ​មាន​វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ ជាពិសេស​រាល់ពេល​ដែលសម្ដែង​ចប់ ឬ​មានបញ្ហា​ភ្នែក​ណាឡាង​តែងតែ​ប្រើថ្នាំ​បន្ដក់ភ្នែក​ជានិច្ច។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះ​ចិញ្ចើម​ណាឡាង​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ដិតដល់​នោះ ទេ ព្រោះ​ចិញ្ចើម​របស់​ណាឡាង​ក្រាស់ស្រាប់។ នៅពេល​ដែល​សម្ដែង​ណាឡាង​មិនដែល​គូសចិញ្ចើម​នោះទេ យ៉ាងច្រើន​យកខ្មៅ​ដៃគូស​ចិញ្ចើម​បន្ដិច​នៅលើ​ចិញ្ចើម​តែប៉ុណ្ណោះ។ ចំពោះ​ការកោរ​ចិញ្ចើម​ណាឡាង​មិនសូវ​ជាកោរ​ញឹកញាប់​ពេកនោះ​ទេ តែបើ​កោរគឺ​កោរនៅពេល​ដែល​ចាំបាច់​តែប៉ុណ្ណោះ។ បើ​និយាយ​ចំពោះ​រោមភ្នែក ណាឡាង​មិនសូវ​លាប​ម៉ាស្ការ៉ា​ច្រើន​ពេក​នោះទេ ហើយ​នៅពេល​ដែល​សម្ដែង​ចប់ណាឡាង​តែងតែ​ធ្វើការ​សម្អាត​រោមភ្នែក​ដោយ​ជូតម៉ាស្ការ៉ា​ចេញ​ដើម្បី​ការពារ​កុំឱ្យ​រោមភ្នែក​ជ្រុះ។ ចំពោះ​បបូរមាត់ ណាឡាង​មិន​ចូលចិត្ដ​លាបក្រែម​នោះទេ លើកលែង​តែពេល​សម្ដែង​ទើបលាប។
  • ការ​ថែរក្សា​ក្រចកដៃ​ក្រចកជើង ៖ ណាឡាង​មិន​ចូលចិត្ដ​លាបពណ៌​ក្រចក​នោះទេ ព្រោះខ្លាច​ធ្វើឱ្យ​ក្រចក​ខូច។ ណាឡាង តែងតែ​ធ្វើការ​សម្អាត​ក្រចកដៃ និង​ក្រចកជើង​យ៉ាងហោច​ណាស់​៣ដង​នៅក្នុង​មួយសប្ដាហ៍ ដូចជាការ​កាត់សាច់ និង​កាត់​តម្រឹម​ក្រចក ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

ណាឡាង​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ទទួលទាន​ដំណេក ព្រោះការ​ទទួលទាន​ដំណេក​គឺមាន​សារៈសំខាន់​ណាស់ ចំពោះ​ណាឡាង ប៉ុន្ដែ​មិនសូវ​ជាទៀងទាត់​នោះទេ ដោយសារ​តែមាន​ការ​មមាញឹក និង​ការងារ​ច្រើន។ ចំណែក​ឯការ​ទទួលទាន​អាហារ​វិញ ណាឡាង​មិនមាន​ជាពេល​កំណត់​ឱ្យបាន​ទៀងទាត់​នោះទេ។ ចំណែក​ឯការ​ហាត់ប្រាណ​វិញ​ណាឡាង​មិនសូវ​ជាធ្វើ​នោះទេ។

គោល​បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាតារា​សម្ដែង និង​បើកហាង​លក់​សម្លៀកបំពាក់​ហើយ ណាឡាង​ចង់​បើក​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​បន្ថែម​ទៀត។

បណ្ដាំ​ផ្ញើ

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ។ នៅពេល​ដែល​មកពី​កម្មវិធី​អ្វី មួយ​ត្រូវតែ​ប្រញាប់​ធ្វើការ​លាងសម្អាត​ឱ្យបាន​ស្អាត ដើម្បី​ចៀសវាង​ការ​កើតមាន​បញ្ហា​ចំពោះ​ស្បែកមុខ។ ជាពិសេស​គឺត្រូវ​គិតគូរ​ពីសុខភាព​ឱ្យបាន​ច្រើន​ទើបជាការ​ប្រសើរ ហើយអ្វី​ដែលល្អ​បំផុតនោះ​គឺការ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោចណាស់​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​១៥នាទី​ទើប​ជាការ​ល្អ។

ខាងលើនេះ​គឺជា​យល់ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា កញ្ញា គៀត សុវណ្ណ​ផាន់ណាឡាង តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ គៀត សុវណ្ណ​ផាន់ណាឡាង
  • អាយុ ៖ ១៨ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំកំណើត ៖ ១០, ០៤, ១៩៩២
  • កម្ពស់ ៖ ១,៦៥​ម៉ែត្រ
  • ទម្ងន់ ៖ ៤៧​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៦ ២៧ ៣២
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • បងប្អូន ៖ ៤នាក់​(ប្រុស​៣នាក់ ស្រី១នាក់) ជាកូន​ទីពីរ
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ តារា​សម្ដែង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative