ផល​ប៉ះពាល់​នៃការ​ប៉ះទង្គិច​ផ្លូវចិត្ដ

ហេតុការណ៍​នានា​ដែលបាន​កើតមាន​ឡើង​អាច​ជះឥទ្ធិពល​ទៅដល់​អារម្មណ៍ និង​ផ្លូវចិត្ដ​របស់​មនុស្ស​ម្នាក់ៗ ទាំង​ព្រឹត្ដិការណ៍ សប្បាយ​រីករាយ និង​ហេតុការណ៍​ដ៏អាក្រក់​គួរ​តក់ស្លុត​និង​ភ័យខ្លាច។ ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ចំពោះ​ហេតុការណ៍​មិនល្អ​មិនមែន​ជារឿង​ដែល​ប្រសើរ​នោះទេ វានឹង​មានផល​ប៉ះពាល់​ចំពោះ​សុខភាព​ផ្លូវចិត្ដ តាមរយៈ​ការប៉ះ​ទង្គិច​ផ្លូវចិត្ដ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ នឹង​ចូលរួម​បកស្រាយ​ឱ្យកាន់តែ​ជ្រាប​ច្បាស់​បន្ថែម​ទៀត តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ហេតុការណ៍​ដែលធ្វើ​ឱ្យប៉ះ​ទង្គិចនឹង​ផ្លូវចិត្ដ

ហេតុការណ៍​មួយដែល​ធ្វើឱ្យ​បុគ្គល​ម្នាក់មាន​ការ​ភ័យខ្លាច​ក្នុង​ជីវិត​ឬបណ្ដាល​ឱ្យមាន​ទុក្ខ​ព្រួយ​ផ្លូវចិត្ដ​គឺហៅ​ថាហេតុការណ៍​ប៉ះទង្គិច​ផ្លូវចិត្ដ។ ហេតុការណ៍​នៃការ​ប៉ះទង្គិច​ផ្លូវចិត្ដ​មានច្រើន​ប្រភេទ ៖

1 . ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ផ្ទាល់ខ្លួន ៖ នេះជា​ហេតុការណ៍​មួយ​ដែលមាន​ការ​គម្រាម​កំហែង​ទៅដល់បុគ្គល​ណាម្នាក់ ដូចជា ត្រូវបាន​គេចាប់​រំលោភ ការ​បាត់បង់​មនុស្ស​ជាទីស្រឡាញ់ ការសោកសង្រេង ការ​រងគ្រោះ​ដោយ​អំពើ​ឧក្រិដ្ឋកម្ម​ អំពើ​ឃោរឃៅ ចាប់​ជំរិត ឬ​ការមាន​គ្រោះថ្នាក់​ចរាចរ។ ទាំងនេះ​សុទ្ធសឹង​តែជា​បញ្ហា​គួរឱ្យ​ភ័យខ្លាច និង​ទុក្ខព្រួយ​បំផុត ដែល​ធ្វើឱ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ដ​របស់​លោកអ្នក។

2 . សង្គ្រាម ៖ ការ​ភ័យខ្លាច​តក់ស្លុត​ក្នុង​សង្គ្រាម​អាចជា​មូលហេតុ​នៃការ​ប៉ះទង្គិច​ផ្លូវចិត្ដ ដោយសារ​តែបុគ្គល​ទាំងនោះ​ជួបនូវ​ព្រឹត្ដិការណ៍​ដ៏គួរ​ឱ្យ​ភ័យ​រន្ធត់​តក់ស្លុត​ជាច្រើន​ក្នុង​ព្រឹត្ដិការណ៍​ដែលអាច​ធ្វើឱ្យ​មានការ​ភិតភ័យ​ស្ទើរតែ​ជារៀង​រហូត។

3 . មហន្ដ​រាយធំៗ ៖ ការជួប​ព្រឹត្ដិការណ៍​ដូចជា​ធ្លាក់​យន្ដហោះ ភ្លើងឆេះផ្ទះ និង​ការ​រញ្ជួយដី គឺអាច​បណ្ដាល​ឱ្យមាន​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ដល់​មនុស្ស​ជាច្រើន​នាក់​ក្នុងពេល​តែមួយ។

ទំនាក់​ទំនង​រវាង​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ និងជ​ម្ងឺ​បាក់ស្បាត

ជម្ងឺ​បាក់ស្បាត​មាន​អាការ​បីយ៉ាង​ដែលមាន​ទំនាក់​ទំនង​នឹងការ​ប៉ះទង្គិច​ផ្លូវចិត្ដ ៖

1 . ទទួល​រងការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ម្ដងហើយ​ម្ដងទៀត តាមរយៈ​ការ​ឃើញ​ហេតុការណ៍​អាក្រក់​កើតមាន​ឡើង ការ​យល់​សប្ដិ​អាក្រក់ និងការ​ស្រមៃ​ឃើញ​ព្រឹត្ដិការណ៍​អាក្រក់​ឡើងវិញ។

2 . មាន​អារម្មណ៍​នៅដាច់​ឆ្ងាយ​ពីអ្នក​ដែលនៅ​ជុំវិញ​ខ្លួន និងមាន​អារម្មណ៍​ឆាប់​ភ្ញាក់ផ្អើល និង​ភិតភ័យ ហើយ​មានការ​រំខាន​ក្នុងការ​ទទួលទាន​ដំណេក មាន​អារម្មណ៍​រកាំចិត្ដ មានការ​លំបាក​ក្នុងការ​ផ្ចង់​អារម្មណ៍ និង​ងាយភ្ញាក់​ផ្អើល ព្រមទាំង​ងាយ​ភិតភ័យ។ អាការ​ទាំងនេះ​ក៏អាច​នឹង​ធ្វើឱ្យ​អ្នកជម្ងឺ​ប្រឈម​មុខនឹង​ជម្ងឺ​តក់ស្លុត។

3 . លើសពី​នេះទៅ​ទៀតអ្នក​ជម្ងឺ​បាក់ស្បាត​ច្រើន​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ដ មាន​អារម្មណ៍​អស់កម្លាំង ឬ​មានការ​ឈឺ​ចុកចាប់ និងមាន​អារម្មណ៍​ចង់ធ្វើ​អត្ដឃាត។ លោកអ្នក​ដែលមាន​ជម្ងឺ​បាក់ស្បាត​ច្រើន​ជួប​ប្រទះ​នូវការ​លំបាក​ក្នុង​ការងារ ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ និង​លំបាក​ក្នុងការ​សិក្សា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​ចំពោះ​សុខភាព​នៅពេល​មានការ​ប៉ះទង្គិច​ផ្លូវចិត្ដ

ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​អាចមក​ពីការ​បណ្ដាល​ឱ្យមាន​របួស​ផ្លូវកាយ ដូចជា​ការបាក់​ជើង​ដោយសារ​គ្រោះថ្នាក់​ចរាចរ ឬការ​ឆេះ រលាក​បន្ទាប់​ពីការ​ផ្ទុះមួយ ដូចជា​ការផ្ទុះ​គ្រាប់បែក​ជាដើម។ ហេតុការណ៍​បែបនេះ​អាច​បណ្ដាល​ឱ្យមាន​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរ​ផងដែរ​ដល់​សុខភាព​ផ្លូវចិត្ដ។ សូម្បីតែ​បុគ្គល​ដែល​គ្រាន់តែ​ឃើញ​ហេតុការណ៍​ដែលបាន​កើតឡើង​ប៉ុណ្ណោះ ដូចជា​អ្នកដែល​ធ្វើ​ដំណើរ​តាមផ្លូវ​ហើយ ប្រទះ​ឃើញ​គ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ​មួយ ក៏អាច​ទទួលរង​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ដបាន​ដែរ។ លោកអ្នក​ជាច្រើន​ដែល​ទទួលរង​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​នឹងជួប​ប្រទះ​នូវការ​ប្រតិកម្ម​ផ្លូវចិត្ដ។ ប្រតិកម្ម​ទាំងនេះ​អាចរាប់​បញ្ចូល​ទាំងការ​មាន​អារម្មណ៍​ស្លុត ឬ​ភាំងស្មារតី ភ័យខ្លាច លំបាក​ក្នុងការ​គេង នឹកឃើញ​ហេតុការណ៍​ឡើងវិញ ឆាប់ខឹង យល់សប្ដិ​អាក្រក់ និង​ពិបាក​ផ្ចង់​អារម្មណ៍​ក្នុងការ​គិត​ពិចារណា​អ្វីមួយ។ នេះជា​ប្រតិកម្ម​ធម្មតា​មួយ​ចំពោះ​ហេតុការណ៍​ប៉ះទង្គិច​ផ្លូវចិត្ដ​ដែល​កើតមាន​ក្នុង​រយៈពេល​ខ្លីពី​២ទៅ៤​សប្ដាហ៍។ ទោះជា​យ៉ាងនេះ​ក្ដី លោកអ្នក​មួយចំនួន​អាចមាន​ប្រតិកម្ម​ទាំងនេះ​បន្ដរាប់​ខែ ឬ​អាចរាប់​ឆ្នាំ បន្ទាប់​ពីមាន​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ។

ដំណោះ​ស្រាយ​ចំពោះការ​ប៉ះទង្គិច​ផ្លូវចិត្ដ

វិធីដ៏​សំខាន់​មួយក្នុង​ការ​ដោះស្រាយ​ជាមួយ​ហេតុការណ៍​ប៉ះទង្គិច​ផ្លូវចិត្ដ​គឺជាការ​ចែករំលែក​ហេតុការណ៍​ទាំងនោះ​ប្រាប់អ្នក​ដទៃឱ្យ​បានដឹង ជាពិសេស​គឺមនុស្ស​ជាទី​រាប់អាន​របស់​ខ្លួន។ ការ​លើកទឹក​ចិត្ដឱ្យ​បុគ្គល​ដែលមាន​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​និយាយ​ពីបញ្ហា​ដែលបាន​កើតឡើង​គឺជា​ដំណោះ​ស្រាយ​ដ៏ប្រសើរ ៖

គប្បី​ពន្យល់ និង​ព្យាយាម​លើកទឹក ចៀសវាង​ការ​បញ្ចេញ​យោបល់​ឱ្យយល់​ថាបញ្ហាដែល​កំពុង​កើតមាន​ឡើងកា​ន់តែ​ធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​នោះ។ ធ្វើការ​ពិភាក្សា​ជាក្រុម ដែលនេះជា​ផល​ប្រយោជន៍​មួយដ៏​សំខាន់ កាលណា​ហេតុការណ៍​ប៉ះទង្គិច​ផ្លូវចិត្ដ​នោះបាន ប៉ះពាល់​ដល់មនុស្ស​ជាច្រើន​គ្នា ដូចជា​ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​ធ្លាប់ជួប​ស្ថានភាព​ក្នុង​របប​ខ្មែរក្រហម។ ការ​ពិភាក្សា​បែបនេះ​នឹងអាច​ធ្វើឱ្យ​មានការ​យល់ថា មិនមែន​មានតែ​ម្នាក់ឯង​ដែល​ធ្លាប់តែ​ជួបបញ្ហា​បែបនេះ​នោះទេ។

ចៀសវាង​ឱ្យបុគ្គល​ដែលមាន​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​នៅតែ​ម្នាក់ឯង គប្បី​នៅ​ជាមួយ​សាច់ញាតិ ឬ​មិត្ដភក្ដិ​ដែល​យល់ចិត្ដ និង ផ្ដល់ការ​ទុកចិត្ដ​ខ្ពស់។ បើសិន​ជាអ្នក​ជម្ងឺ​មាន​សភាព​កាន់តែធ្ងន់ធ្ងរ​ចាំបាច់​គឺត្រូវ​ទៅជួប​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ឱ្យបាន​ទាន់​ពេលវេលា។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​គឺ​មិនអាច​ចៀសផុត​ពីលោកអ្នក​នោះទេ ដូចជា​ការ​ប្រទះឃើញ​ហេតុការណ៍​តក់ស្លុត ព្រឺព្រួច និង​មាន លោកអ្នក​ខ្លះជួប​ប្រទះ​ហេតុការណ៍​ដ៏គួរ​ឱ្យភ័យ​ខ្លាច​នោះផ្ទាល់​តែម្ដង។ ដូចនេះ​ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជារឿង​ដែល​លោកអ្នក​យកចិត្ដ​ទុកដាក់​ស្ទើរតែមួយ​ជីវិត។ ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ប្រសើរ​ក៏ជា​ប្រយោជន៍​សំខាន់​មួយ​សម្រាប់​សុខភាព​រាងកាយ​របស់​លោកអ្នក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative